ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្វែង​យល់​ជុំវិញ​ជំងឺភ្នែកឡើងបាយ​ចែក​ចេញ​ជា​4​ប្រភេទ​និង​បង្ការ​6​ចំ​ណុច

7 ឆ្នាំ មុន

ជំងឺភ្នែកឡើងបាយ​គឺជា​ដុំ​ពណ៌​ស​ដែល​បាំង​កែវភ្នែក ។ សម្រាប់​អ្នក​ដែល​មាន​ជំងឺ​នេះ ការ​មើលឃើញ​ដោយ​ដុំ​សគឺ​ប្រៀប​បាន​ដូច​ជា​ការ​សម្លឹង​មើល​កាត់​បង្អួច​ដែល​មាន​ចុះ​អ័ព្ទ។ ភាព​ស្រអាប់​នៃ​ការ​មើលឃើញ​របស់​ភ្នែក​

ជំងឺភ្នែកឡើងបាយ​គឺជា​ដុំ​ពណ៌​ស​ដែល​បាំង​កែវភ្នែក ។ សម្រាប់​អ្នក​ដែល​មាន​ជំងឺ​នេះ ការ​មើលឃើញ​ដោយ​ដុំ​សគឺ​ប្រៀប​បាន​ដូច​ជា​ការ​សម្លឹង​មើល​កាត់​បង្អួច​ដែល​មាន​ចុះ​អ័ព្ទ។ ភាព​ស្រអាប់​នៃ​ការ​មើលឃើញ​របស់​ភ្នែក​ដែល​បណ្តាល​មក​ពី​ការ​ឡើងបាយ​នេះ អាច​បង្ក​ការ​លំបាក​ខ្លាំង​ក្នុង​ការ​អាន​សៀវភៅ បើកបរ​យានយន្ត និង​ជា​ពិសេស​នៅ​ពេល​យប់ ។ ភាគច្រើន​នៃ​ជំងឺ​នេះ​វិ​វ​ឌ្ឍ​ទៅ​មុខ​យឺត​ៗ ហើយ​មិន​រំខាន​ដល់​ការ​មើលឃើញ​របស់​អ្នក​ពី​ដំបូង​នោះ​ឡើយ ។ ប៉ុន្តែ​បើ​ទុក​យូរ​មិន​ព្យាបាល វា​នឹង​រំខាន​ដល់​ការ​មើលឃើញ​របស់​អ្នក ។ គេ​អាច​ដោះស្រាយ​បញ្ហា​នេះ​ដោយ​ការ​ពាក់​វ៉ែនតា តែបើ​អាកា​រៈ​កាន់តែ​ធ្ងន់ អ្នក​ចាំបាច់​ត្រូវ​ធ្វើការ​វះកាត់​។ ជា​សំណាងល្អ ការ​វះកាត់​ភ្នែក​ឡើងបាយ​ជា​ទូទៅ​តែង​ទទួល​បាន​ជោគជ័យ និង​សុវត្ថិភាព ។

ជំងឺភ្នែកឡើងបាយ​ចែក​ចេញ​ជា​៤​ប្រភេទ ៖
១-​ជំងឺភ្នែកឡើងបាយ​ដែល​ប៉ះពាល់​លើ​ផ្នែក​កណ្តាល​របស់​កែវភ្នែក (Nuclear Cataracts) ៖ ជំងឺ​ប្រភេទ​នេះ​ដំបូង​អាច​ធ្វើ​ឱ្យ​អ្នកជំងឺ​មិន​អាច​មើលឃើញ​ឆ្ងាយ ប៉ុន្តែ​បន្តិច​ម្តងៗ កែវភ្នែក​ប្រែ​ពណ៌​លឿង​ហើយ​ការ​មើលឃើញ​កាន់តែ​ស្រអាប់​ទៅ​ៗ ។ មាន​ពេល​ខ្លះ វា​ធ្វើ​ឱ្យ​អ្នកជំងឺ​ព្រិល​មើលឃើញ​រូបភាព​មួយ​បែក​ជា​ចេញ​ជា​២​ឬ​ច្រើន ។

២-​ជំងឺភ្នែកឡើងបាយ​ដែល​ប៉ះពាល់​លើ​គែម​កែវភ្នែក (Cortical Cataracts)៖ ជំងឺ​ប្រភេទ​នេះ​ចាប់ផ្តើម​ដោយ​ដុំ​ស្រអាប់​កាត់​ទទឹង​ឬ​ស្នាម​ឆូត​វែង​លើ​គែម​ខាងក្រៅ​នៃ​ស្រទាប់​កែវភ្នែក ។ ខណៈ​ដែល​វា​វិ​វ​ឌ្ឍ​ទៅ​មុខ​យ៉ាង​យឺត​ៗ ស្នាម​ឆូត​វែង​ចូល​ដល់​ចំណុចកណ្តាល​ហើយ​រំខាន​ដល់​ដំណើរ​ពន្លឺ​ដែល​រត់​កាត់​ចំណុចកណ្តាល​របស់​កែវភ្នែក ។ សម្រាប់​អ្នក​ដែល​កើត​ជំងឺ​ប្រភេទ​នេះ បញ្ហា​ចោទ​គឺ​ចាញ់​ពន្លឺ ។

៣-​ភ្នែក​ឡើងបាយ​ដែល​ប៉ះពាល់​លើ​ផ្នែក​ខាងក្រោយ​នៃ​កែវភ្នែក​(Posterior Subcapsular Cataracts) ៖ ប្រភេទ​ទី​៣​នេះ​ចាប់ផ្តើម​ក្នុង​នាម​ជា​ដុំ​តូច​មួយ​ដែល​ធម្មតា​កើត​មាននៅ​ក្បែរ​ផ្នែក​ខាងក្រោយ​នៃ​កែវភ្នែក ពោល​គឺ​នៅ​ចំ​ផ្លូវ​ពន្លឺ​ចូល​ទៅ​កាន់​ផ្នែក​បញ្ជូន​ពន្លឺ​និង​រូបភាព​ទៅ​កាន់​ខួរក្បាល​របស់​ភ្នែក (Retina) ។ ផល​រំខាន​ជា​ញឹកញាប់​របស់​វា​ធ្វើ​ឱ្យ​ពិបាក​ក្នុង​ការ​អាន និង​ចាញ់​ពន្លឺ ។

៤-​ភ្នែក​ឡើងបាយ​ពី​កំណើត (Congenital Cataracts)៖ មនុស្ស​មួយ​ចំនួន​កើត​ជំងឺភ្នែកឡើងបាយ​តាំងពី​កំណើត​ឬ​ក្នុង​វ័យ​កុមារភាព ។ នេះ​អាច​មក​ពី​កត្តា​ម្តាយ​កើត​ជំងឺឆ្លង​ណាមួយ​អំឡុង​ពេល​មានគភ៌ ។

រោគ​សញ្ញា​មួយ​ចំនួន ៖ ជំងឺភ្នែកឡើងបាយ​មាន​រោគ​សញ្ញា​សំខាន់​ៗ៧​ចំណុច​ដូច​តទៅ ៖
-​ភ្នែក​ឡើង​ព្រិល ស្រអាប់​មើល​អ្វី​មិនសូវ​ច្បាស់
-​កាន់តែ​មើល​អ្វី​មិន​ច្បាស់​ជា​ពិសេស​នៅ​ពេល​យប់
-​ចាញ់​ពន្លឺ​ថ្ងៃ
-​មើលឃើញ​ពន្លឺភ្លើង​ពេល​យប់​ដូច​ថ្ងៃ​បាំងឆត្រ
– ផ្លាស់​ប្តូរ​វ៉ែនតា​និង​កែវ​ដាក់​ភ្នែក​ញឹកញាប់
– ភ្នែក​ឡើង​ពណ៌​លឿង​ឬ​ស្រអាប់
– ព្រិល​មើល​វត្ថុ​មួយ​បែក​ជា​២

ដំបូង​ជា​ដុំ​ស​បង្ក​ដោយ​ភ្នែក​ឡើងបាយ​ប៉ះពាល់​កែវភ្នែក​របស់​អ្នកមួយ​ចំណែក​តូច​ប៉ុណ្ណោះ ហើយ​អាច​នឹង​ធ្វើ​ឱ្យ​អ្នក​មិនដឹង​ថា ខ្លួនឯង​បាត់បង់​ការ​មើលឃើញ​ទៀត​ផង ។ នៅ​ពេល​ដុំ​បាយ​ពណ៌​ស​ស្រអាប់​កាន់តែ​រីក​ធំ​ទៅ វា​អាច​នឹង​បាំង​កែវភ្នែក​របស់​អ្នក​កាន់តែ​ខ្លាំង ហើយ​ធ្វើ​ឱ្យ​ពន្លឺ​ដែល​ឆ្លងកាត់​ខ្សែ​ភ្នែក​មានការ​ផ្លាស់​ប្តូរ ។ ដំណាក់កាល​នេះ ជំងឺ​របស់​អ្នក​អាច​នឹង​បញ្ចេញ​រោគ​សញ្ញា​ដែល​អ្នក​អាច​សង្កេត​ឃើញ​បាន ។

ជំងឺភ្នែកឡើងបាយ​ភាគច្រើន​បំផុត​កើត​មាននៅ​ពេល​វ័យ​កាន់តែ​ចាស់​ទៅ តែ​ករណី​ខ្លះ​វា​បង្ក​ឡើង​ដោយ​ជំងឺតពូជ ។

កត្តា​ប្រឈម​មួយ​ចំនួន ៖ មាន​កត្តា​មួយ​ចំនួន​ដែល​ធ្វើ​ឱ្យ​អ្នក​ប្រឈម​នឹង​ការ​កើត​មាន​ជំងឺភ្នែកឡើងបាយ​ក្នុង​នោះ​មាន ៖
– អាយុ​កាន់តែ​ច្រើន
– កើត​ជំងឺ​ទឹកនោមផ្អែម
– ទទួលទាន​គ្រឿង​ស្រវឹង​ច្រើន
– បណ្តោយ​ឱ្យ​ភ្នែក​ត្រូវ​ពន្លឺ​ថ្ងៃ​ច្រើន​ពេក
– គ្រួសារ​មាន​ប្រវត្តិ​កើត​ជំងឺភ្នែកឡើងបាយ
– សម្ពាធ​ឈាម​ឡើង​ខ្ពស់
– ធាត់​លើស​ទម្ងន់
– ធ្លាប់​របួស​ឬ​រលាក​ភ្នែក​ពី​មុន​មក
– ធ្លាប់​ធ្វើការ​វះកាត់​ភ្នែក
– បន្ត​ប្រើ​ថ្នាំ​ដាក់​ភ្នែក Corticosteroid រយៈពេល​យូរ
– ជក់បារី

វិធី​បង្ការ​ទាំង​៦​ចំណុច ៖ វា​នៅ​តែ​មិន​ច្បាស់​១០០​ភាគរយ​ថា​តើ​អ្វី​ដែល​បង្ក​ឱ្យ​ភ្នែក​ឡើងបាយ​នោះ​ទេ ប៉ុន្តែ​បណ្តា​វេជ្ជបណ្ឌិត​គិត​ថា អស់លោក​អ្នក​អាច​កាត់​បន្ថយ​អត្រា​កើត​ជំងឺ​នេះ​បាន​តាម​រយៈ​វិធានការ​៦​ចំណុច​ដូច​ខាងក្រោម ៖

១-​ធ្វើ​លំ​ហាត់ប្រាណ​ឱ្យ​បាន​ទៀងទាត់​៖ លំ​ហាត់ប្រាណ​អាច​ជួយ​ឱ្យ​រក​ឃើញ​ជំងឺភ្នែកឡើងបាយ​នៅ​ដំណាក់កាល​ដំបូង ។ សូម​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​របស់​អ្នក ថា​តើ​វេលា​ណា​ដែល​អ្នក​គួរ​ប្រើ​ក្នុង​ការ​ហាត់ប្រាណ ។

២-​បោះបង់​ការ​ជក់បារី ៖ អ្នក​អាច​ឆ្លៀតពេល​ជួប​ជាមួយ​វេជ្ជបណ្ឌិត​ដើម្បី​សុំ​ការ​ណែនាំ​ក្នុង​ការ​ផ្តាច់​បារី ។

៣-​ពាក់​វ៉ែនតា​ការពារ​ពន្លឺ​ថ្ងៃ ៖ ពន្លឺ​អ៊ុ​ល​ត្រា​ស្វាយ​បញ្ចេញ​ដោយ​ព្រះអាទិត្យ​អាច​បណ្តាល​ឱ្យ​កើត​ជំងឺភ្នែកឡើងបាយ​បាន ។ ដូច្នេះ​គ្រប់ពេល​ធ្វើ​ដំណើរ​ចេញ​ក្រៅ សូម​ពាក់​វ៉ែនតា​ដែល​អាច​ការពារ​កាំរស្មី Ultraviolet B (UVB) ។

៤-​យកចិត្តទុកដាក់​នឹង​បញ្ហា​សុខភាព​ផ្សេង​ទៀត ៖ សូម​អនុវត្ត​តាម​វិធី​ព្យាបាល​ឱ្យ​បាន​ត្រឹមត្រូវ​ប្រសិនបើ​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម​ឬ​ជំងឺ​ផ្សេង​ទៀត​ដែល​អាច​បង្កើន​អត្រា​កើត​មាន​ជំងឺភ្នែកឡើងបាយ ។

៥-​រក្សា​ទម្ងន់​ខ្លួន​ឱ្យ​នៅ​ថេរ ៖ ប្រសិនបើ​ទម្ងន់​ខ្លួន​របស់​អ្នក​ស្ថិត​ក្នុង​កម្រិត​សុខភាព​ហើយ សូម​បន្ត​រក្សា​វា​តាម​រយៈ​ការ​ហាត់ប្រាណ​ឱ្យ​បាន​យ៉ាងតិច​៥​ថ្ងៃ​ក្នុង​មួ​យស​ប្តា​ហ៍ ។ ប្រសិនជា​អ្នក​លើស​ទម្ងន់​វិញ សូម​ធ្វើ​កិច្ចការ​ដើម្បី​បញ្ចុះទម្ងន់​ដោយ​យឺត​ៗ​តាម​រយៈ​ការ​បន្ថយ​ការ​ទទួលទាន​អាហារ​ដែល​សម្បូរ​ដោយ​កាឡូរី ហើយ​បង្កើន​ការ​ហាត់ប្រាណ ។

៦-​សូម​ជ្រើស​យក​របប​អាហារ​ផ្តល់​នូវ​សុខភាព​ក្នុង​នោះ​រួម​មាន​បន្លែ​និង​ផ្លែ​ឈើ​ច្រើន​៖ ការ​បញ្ចូល​ផ្លែ​ឈើ​និង​បន្លែ​គ្រប់​ពណ៌​ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​អាច​ធានា​បាន​ថា អ្នក​ទទួល​បាន​វីតាមីន​និង​សារធាតុចិញ្ចឹម​គ្រប់គ្រាន់​។ ផ្លែ​ឈើ​និង​បន្លែ​សម្បូរ​ទៅ​ដោយសារ​ធាតុ​ប្រឆាំង​អុក​ស៊ី​ដ​កម្ម​ដែល​តាម​ទ្រឹស្តី​បញ្ជាក់​ថា វា​អាច​ជួយ​ទប់ស្កាត់​ការ​បំផ្លាញ​ចំពោះ​កែវភ្នែក ។ ការ​សិក្សា​ស្រាវជ្រាវ​ជា​ច្រើន​មិន​បាន​បង្ហាញ​ជា​ភស្តុ​តាង​ថា សមាសធាតុ​ប្រឆាំង​អុក​ស៊ី​ដ​កម្ម​ក្នុង​ទម្រង់​ជា​ថ្នាំ​គ្រាប់​ល្អិត​អាច​ជួយ​ការពារ​ជំងឺភ្នែកឡើងបាយ​បាន​ទេ ។ ផ្ទុយ​ពី​នេះ បន្លែ​និង​ផ្លែ​ឈើ​បាន​ផ្តល់​នូវ​អត្ថប្រយោជន៍​សុខភាព​យ៉ាងច្រើន​លើសលប់​ហើយ​វា​ជា​មធ្យោបាយ​សុវត្ថិភាព​មួយ​ដើម្បី​បង្កើន​ចំនួន​វីតាមីន​នៅ​ក្នុង​អាហារ​របស់​អ្នក ។

ការ​ព្យាបាល​ជាមួយនឹង​ឱសថ ៖ ការ​ព្យាបាល​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​តែ​មួយ​គត់​ចំពោះ​ជំងឺភ្នែកឡើងបាយ​គឺ​ការ​វះកាត់​។ វា​អាស្រ័យ​លើ​អ្នក​និង​វេជ្ជបណ្ឌិត​ក្នុង​ការ​សម្រេចចិត្ត​ជ្រើស​ពេល​វះកាត់ ។ មនុស្ស​ភាគច្រើន​ពុំ​ប្រញាប់ប្រញាល់​វះកាត់​នោះ​ទេ ដ្បិត​ជា​ធម្មតា ភ្នែក​ឡើងបាយ​មិន​ធ្វើ​ឱ្យ​ខូច​គ្រាប់ភ្នែក​ឡើយ​។ ត្រូវ​ទុក​ពេល​ដើម្បី​ពិចារណា​ពី​អត្ថប្រយោជន៍ និង​អត្រា​ប្រថុយប្រថាន​នានា​ជាមួយ​វេជ្ជបណ្ឌិត​របស់​អ្នក ។

*​តើ​មាន​អ្វី​កើតឡើង​អំឡុង​ពេល​វះកាត់ ?
ការ​វះកាត់​ពាក់ព័ន្ធ​នឹង​ការ​ដក​យក​កែវភ្នែក​ឡើងបាយ​ចេញ​ហើយ​ជំនួស​មក​វិញ​ដោយ​កែវភ្នែក​ជ័រ (Plastic Lens)​។ កែវភ្នែក​ជ័រ​នេះ​គឺ​ដាក់​នៅ​ចំ​កន្លែង​ដែល​កែវភ្នែក​ពី​ធម្មជាតិ​របស់​អ្នក​ត្រូវ​បាន​យក​ចេញ ហើយ​វា​នឹង​ក្លាយជា​ចំណែក​មួយ​នៃ​ភ្នែក​របស់​អ្នក ។

សម្រាប់​មនុស្ស​មួយ​ចំនួន​ដែល​មាន​បញ្ហា​ភ្នែក​ផ្សេង​គឺ​មិន​អាច​ប្រើ​កែវ​ជ័រ​ជំនួស​បាន​ឡើយ​។ ក្នុង​ស្ថានភាព​នេះ ខណៈ​ដែល​ដុំ​ឡើងបាយ​ត្រូវ​បាន​វះកាត់​ចេញ ការ​មើលឃើញ​អាច​ត្រូវ​បាន​កែ​លំអ​ដោយ​ការ​ពាក់​វ៉ែនតា​ឬ​ពាក់​កែវ​ជំនួយ (Contact lens) ។

តាម​ធម្មតា ការ​វះកាត់​គឺ​ធ្វើ​ឡើង​តែ​លើ​ភ្នែក​ម្ខាង​ជា​មុន​សិន​ដោយ​ទុក​ចន្លោះ​ពេល​២-៣​ស​ប្តា​ហ៍​ទើប​អាច​វះកាត់​ភ្នែក​ម្ខាង​ទៀត ។ ជា​ទូទៅ ការ​វះកាត់​ភ្នែក​ឡើងបាយ​គឺ​មាន​សុវត្ថិភាព តែ​វា​ប្រឈម​នឹង​ជំងឺឆ្លង​ព្រមទាំង​ការ​ហូរ​ឈាម ៕