ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រាក់ទ័រ​ដឹក​ដើម​ដំឡូង​មី​ពីមុខ មើលផ្លូវ​មិនឃើញ​បុក​អ្នក​ជិះ​ម៉ូតូ​របួសធ្ងន់

7 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ សេចក្ដីរាយការណ៍​ពី​ស្រុក​ភ្នំព្រឹក​បាន​ឲ្យ​ដឹង​ថា ស្ត្រី​ម្នាក់​បាន​រង​របួសធ្ងន់ រីឯ​បុរស​ម្នាក់​ទៀត​រង​របួសស្រាល ដោយសារ​ត្រាក់ទ័រ​បើក​បុក​ពីក្រោយ

ខេត្តបាត់ដំបង ៖ សេចក្ដីរាយការណ៍​ពី​ស្រុក​ភ្នំព្រឹក​បាន​ឲ្យ​ដឹង​ថា ស្ត្រី​ម្នាក់​បាន​រង​របួសធ្ងន់ រីឯ​បុរស​ម្នាក់​ទៀត​រង​របួសស្រាល ដោយសារ​ត្រាក់ទ័រ​បើក​បុក​ពីក្រោយ ពេល​កំពុង​ជិះ​ម៉ូតូ​ស្រប​ទិស​គ្នា លើ​ផ្លូវជាតិ​លេខ​៥៩ កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ ខែឧសភា ត្រង់​ចំណុច​ភូមិ​ភ្នំព្រឹក ឃុំ​ភ្នំព្រឹក ស្រុក​ភ្នំព្រឹក​។ មន្ត្រី​មូលដ្ឋាន​បាន​ប្រាប់​ថា ជន​រង​គ្រោះ​ទាំង​២​នាក់ ម្នាក់​ឈ្មោះ ហ៊ឹ​ម ស៊ី​ម ភេទ​ស្រី អាយុ​៣១​ឆ្នាំ របួសធ្ងន់ និង​ម្នាក់​ទៀត​ឈ្មោះ ប៊ុ​យ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ របួសស្រាល ដែល​រស់នៅ​ក្នុងភូមិ ឃុំ​កើតហេតុ​ខាងលើ​។

ដោយឡែក​អ្នកបើកបរ​ត្រាក់ទ័រ​មិន​ទាន់​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ទេ ខណៈ​សមត្ថកិច្ច​បាន​ឃាត់​ត្រាក់ទ័រ​ទុក​នៅ​កន្លែង​កើតហេតុ​។ មន្ត្រី​ដដែល​បាន​បញ្ជាក់​ថា ត្រាក់ទ័រ​ម៉ាក​ហ្វ​ត បាន​ដឹក​ដើម​ដំ​ឡូ​មី​យ៉ាងច្រើន​នៅ​ផ្នែក​ខាង​មុខ ធ្វើ​ឲ្យ​អ្នកបើកបរ​មើល​អ្នក​ជិះ​ម៉ូតូ​មិនឃើញ ក៏​បុក​ពេញទំហឹង​តែ​ម្ដង​។ អ្នកស្រុក​ភ្នំព្រឹក​បាន​និយាយ​ថា ជា​ទូទៅ​ត្រាក់ទ័រ​នៅ​តាម​តំបន់​ព្រំដែន តែង​ប្រើប្រាស់​ជា​មធ្យោបាយ​ដ៏​សំខាន់ សម្រាប់​ដឹក​ជញ្ជូន​កសិផល ដោយ​គេ​មិនសូវ​ប្រើ​រ៉ឺ​ម៉ក​សណ្ដោង​ទេ​។

ភាគច្រើន​គឺ​ពួក​គេ ត​រ៉ៃ​នៅ​ខាង​មុខ ដើម្បី​ដឹក​កសិផល ប៉ុន្តែ​ពេល​បើកបរ​ត្រូវ​មាន​មនុស្ស​ជិះ​នៅ​ខាង​មុខ ដើម្បី​ជួយ​មើលផ្លូវ ស៊ី​ញ៉ូ​ប្រាប់​អ្នកបើកបរ​។  ប្រភព​ដដែល​បញ្ជាក់​ថា ចំពោះ​ត្រាក់ទ័រ​ដឹក​ដើម​ដំឡូង​មី​ខាងលើ​នេះ មាន​តែ​តៃកុង គ្មាន​អ្នក​ជិះ​ខាង​មុខ​ជួយ​ស៊ី​ញ៉ូ​ផ្លូវ​ទេ ទើប​តៃកុង​មើល​មិនឃើញ​បុក​អ្នក​ជិះ​ម៉ូតូ​បែប​នេះ​។ នេះ​ជា​ការ​ធ្វេស​ប្រហែល​របស់​អ្នកបើកបរ​ត្រាក់ទ័រ ដែល​សមត្ថកិច្ច​គួរតែ​ចាត់វិធានការ​ឲ្យ​បាន​ធ្ងន់ធ្ងរ ទៅ​លើ​អ្នក​ប្រើប្រាស់​ត្រាក់ទ័រ​ដឹក​កសិផល​ខុស​បច្ចេកទេស បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​បែប​នេះ​។ មន្ត្រី​ម្នាក់​បាន​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​ថា ប្រជាពលរដ្ឋ ក៏​ដូច​ជា​មន្ត្រី​នានា ហាក់​កំពុង​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ពី​ការ​ប្រើប្រាស់​ត្រាក់ទ័រ​ដឹក​កសិផល​គ្មាន​លក្ខណៈ​ត្រឹមត្រូវ​លើ​ផ្លូវជាតិ​រាល់ថ្ងៃ​។ ជា​ពិសេស​ការ​រៀបចំ​ដឹក​កសិផល​នានា នៅ​ផ្នែក​ខាង​មុខ​ក្បាល​ត្រាក់ទ័រ​តែ​ម្ដង ដែល​មើលទៅ​ប្រឈម​នឹង​គ្រោះថ្នាក់​យ៉ាង​ខ្លាំង​ដល់​អ្នកដំណើរ​ទូទៅ​។

មន្ត្រី​ដដែល​និយាយ​ថា ករណី​គ្រោះថ្នាក់​ខាងលើ​នេះ គឺ​បណ្ដាល​មក​ពី​ការ​ដឹក​សំពីងសំពោង​ខាង​មុខ​ត្រាក់ទ័រ ទើប​អ្នកបើកបរ​មើលផ្លូវ​មិនឃើញ ក៏​បុក​អ្នក​ជិះ​ម៉ូតូ​យ៉ាង​ដូច្នេះ​។ ដូច្នេះ​សមត្ថកិច្ច​ឬ​អាជ្ញាធរ គួរតែ​មាន​វិធានការ​ចំពោះ​បញ្ហា​នេះ ចៀសវាង​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​បន្ថែម​ទៀត មិន​ត្រូវ​ឲ្យ​អ្នកមាន​ត្រាក់ទ័រ ដឹក​កសិផល​គ្មាន​របៀប​បែប​នេះ​តទៅ​ទៀត​ទេ​។ យ៉ាងនេះ​ក្ដី​បើ​តាម​សមត្ថកិច្ច​បាន​ប្រាប់​ថា ជន​រង​គ្រោះ​ទាំង​២​នាក់  ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​សំពៅ​លូន​ភ្លាម​ៗ​ដែរ​។ រីឯ​ម៉ូតូ និង​ត្រាក់ទ័រ​បង្កហេតុ ត្រូវ​បាន​នាំ​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្ដិ៍​នគរបាល​ភ្នំព្រឹក ដើម្បី​រង់ចាំ​ដោះស្រាយ​តាម​ផ្លូវច្បាប់​៕