ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដុតកម្ទេច​ជ័រ​​និងកំណាត់​ធ្វើឱ្យ​មាន​ផ្សែង​បំពុល​បរិស្ថាន

15 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ កម្លាំង​ចម្រុះ​រួមមាន​​អាជ្ញាធរ​ខណ្ឌ​ដង្កោ​​ ​លោកអភិបាល​រង​ហែម ដារិទ្ធិ និង​មន្ត្រី​មន្ទីរ​បរិស្ថាន​រាជធានីភ្នំពេញ​ និង​ការិយាល័យ​​បរិស្ថាន​​ខណ្ឌ​ដង្កោ​ បាន​ចុះទៅ​ត្រួត​ ពិនិត្យ​ទីតាំង​ឆេះ​កាកសំណល់​បង្ក​ជា​ផ្សែង​ពុល​ ធ្វើ​ឱ្យ​ប្រជា​ពលរដ្ឋ​ប្តឹង​ចោទ​ប្រកាន់​​ពីការ​ដុត​​កម្ទេច​កាកសំណល់​​ចោល​ឥត​សណ្តាប់​ធ្នាប់​ ​ធ្វើ​ឱ្យ​​ប្រជា​លរដ្ឋ​​ដែល​មាន​លំនៅ​ឋាន​​ជិត​នោះ​ពិបាក​ទ្រាំ​នឹង​ក្លិន​សាយភាយ​​​នេះ​រក​កល់ចង់​​ពុល​និង​ថប់​ដង្ហើម​ ។

ក្រោយ​​ពេល​ទទួល​បាន​បណ្តឹង​ប្រជាពលរដ្ឋ​​​កម្លាំង​ចម្រុះបាន​ចុះ​ទៅ​​ពិនិត្យ​មើល​​កាលពី​​​ព្រឹក​ថ្ងៃទី​៤ ខែមីនា ឆ្នាំ​២០១១ ដល់ទីតាំង​ខាង​លើ​នៅ​តាម​បណ្តោយ​​ផ្លូវ​ជាតិ​លេខ​៣ ស្ថិត​ក្នុង​ភូមិ​ព្រៃព្រីងខាង​ត្បូង សង្កាត់​ចោម​​ចៅ ខណ្ឌ​ដង្កោ ។ ពេល​ចុះ​ទៅ​ដល់​​ គឺ​ឃើញ​មានការ​ដុត​ចោល​​នូវ​កម្ទេច​កាក​សំណល់​រោង​ចក្រ​​មែន ​ហើយ​ការ​ដុត​នោះ​​ធ្វើ​ឱ្យ​ផ្សែង​​ហុយ​ទ្រលោម​​និង​ជះក្លិន​អាក្រក់​ស្ទើរ​ទ្រាំ​មិនបាន​​ដូច​ការ​ដែល​ប្រជា​ពលរដ្ឋ​ប្តឹង​មែន ។ ​មន្ត្រី​អាជ្ញាធរ​​និយាយ​​ថា ​ម្ចាស់​ទីតាំង​ស្តុក​កម្ទេច​កាក​សំណល់​​រោង​ចក្រ​ខាង​លើ​ឈ្មោះ​ហេង ហ្វុត​ ប្រធាន​សេដ្ឋ​កិច្ច​សមាគមនិគម​ជន​វៀត​ណាម​នៅ​កម្ពុជា ហើយ​ពេល​ទៅ​ដល់​ស្ត្រី​ជា​ប្រពន្ធ​របស់​ម្ចាស់​​ទីតាំង​ខាង​លើ​បាន​បដិសេធ​ថា​ខ្លួន​មិន​បាន​ដុត​កាក​សំណល់​នេះទេ ​តែ​សារភាព​ថា​បាន​ចាក់​​ចោល​កាក​សំណល់​នៅទីនោះ​មែន​ និង​​ប្រហែល​​ជា​មាន​គេ​លួច​ដុត​​។​

​ទោះបីជា​បែប​ណា ​សមត្ថ​កិច្ច​មិន​បាន​ជឿ​ថា ​​​ម្ចាស់​ទីតាំង​នោះ​អត់​ដុត​នោះឡើយ​ព្រោះ​​ភ្លើង​​​ឆេះ​​កាក​សំណល់​នៅ​ក្នុង​ទីតាំង​​ខាង​លើ ។ មិនតែប៉ុណ្ណោះ​​​ ភ្លាមៗ​​នោះ​អាជ្ញាធរបាន​ហៅ​រថយន្ត​​ពន្លត់​អគ្គីភ័យ​ទៅ​បាញ់​ទឹក​ពន្លត់​​អស់​​២​​ស៊ីទែន​ នៅតែ​មិន​រលត់​ទៀត​ ហើយ​បន្ទាប់​​មក​​ម្ចាស់​ទី​តាំង​បាន​​ប្រើ​កម្មករ​របស់​ខ្លួន​ឱ្យ​យក​ម៉ាស៊ីន​បូម​ទឹក​បាញ់​ពន្លត់​។ ភ្លើង​ឆេះ​កាក​សំណល់​ខាង​លើ​មាន​រយៈ​ពេល​២​ថ្ងៃ​ហើយ ​ទើប​នៅ​​យប់​ថ្ងៃ​ទី​៣ មីនា ប្រជា​ពល​រដ្ឋ​បាន​ប្តឹង​លោក​ស្នង​ការ​រាជ​ធានី​ភ្នំពេញ​ ទើប​ពេល​នោះ​មាន​ការ​បញ្ជា​ឱ្យ​កម្លាំង​ចេញ​ដើរ​រក​ទាំង​យប់​​ ប៉ុន្តែ​ពុំ​ទាន់​មាន​វិធាន​ការ​ភ្លាមៗ​ទេ​។ លុះ​ដល់​ព្រឹក​ឡើង​ទើប​មាន​ការ​ប្តឹង​ទៅ​គណៈ​អភិ​បាល​ខណ្ឌ​ដង្កោ​ទៀត ​ទើប​លោក​អភិ​បាល​ខណ្ឌ​បញ្ជា​ឱ្យ​លោក​អភិ​បាល​រង​ហែម​ ដារិទ្ធ​ិ សហ​ការ​​ជាមួយ​មន្ត្រី​មន្ទីរ​បរិ​ស្ថាន​រាជ​ធានី​ភ្នំពេញ​ចុះ​ទៅ​ពិនិត្យ​មើល និង​ចាត់​វិធាន​ការ​ពន្លត់​ភ្លើង​នេះ​។

មន្ត្រី​បរិ​ស្ថាន​បាន​ឱ្យ​ដឹង​ថា ផ្សែង​ និង​ក្លិន​អាក្រក់​ខាង​លើ​អាច​នាំ​ឱ្យមនុស្ស​ថប់​ដង្ហើម​វិល​មុខ ងងឹត​មុខ ​បណ្តាល​ឱ្យ​មាន​​គ្រោះ​ថ្នាក់​ដល់​សុខ​ភាព​ខ្លាំង​ណាស់​ ជា​ពិសេស​ស្ត្រី​មាន​ផ្ទៃ​ពោះ​ និង​ស្ត្រី​​ទើប​សំរាល​កូន​រួច​ ។ ​​បន្ទាប់​ពី​ចុះ​ទៅ​ដល់​ក្រៅ​ពី​ពន្លត់​ភ្លើង​នោះ​គឺ​បាន​ធ្វើ​ការ​ណែនាំ​​និង​ផាក​ពិន័យ​ម្ចាស់​ទី​តាំង​​ទៅ​តាម​ច្បាប់​ ហើយ​​​ដោយ​មិន​អាច​ប្រកែក​បាន​ ម្ចាស់​ទី​តាំងក៏​ទទួល​ស្គាល់​ថា​ខ្លួន​ជា​អ្នក​បង្ក​ផង​ដែរ ៕​