ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-​ថៃ​គ្រោង​ចាប់​ដៃគូ​ធ្វើ​ពាណិជ្ជកម្ម​ថ្នាក់​មហាសេដ្ឋី​នៅ​ទីក្រុង​បាងកក

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដើម្បី​ពង្រឹង​ទំនាក់ទំនង និង​ពង្រីក​ការ​ធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​កម្ពុជា និង​ថៃ ខាង​អគ្គនាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម​អន្តរជាតិ​នៃ​ក្រសួង​ពាណិជ្ជ​កម្ម​​ថៃ និង​សហព័ន្ធ​កីឡា​យានយន្ត​កម្ពុជា

រាជធានី​ភ្នំពេញ ៖ ដើម្បី​ពង្រឹង​ទំនាក់ទំនង និង​ពង្រីក​ការ​ធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​កម្ពុជា និង​ថៃ ខាង​អគ្គនាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម​អន្តរជាតិ​នៃ​ក្រសួង​ពាណិជ្ជ​កម្ម​​ថៃ និង​សហព័ន្ធ​កីឡា​យានយន្ត​កម្ពុជា នឹង​រៀបចំ​ដំណើរ​កម្សាន្ត​ជា​លក្ខណៈ​មិត្តភាព​តាម​ផ្លូវគោក (KARALLY) ទៅ​កាន់​ប្រទេស​ថៃ នៅ​ថ្ងៃ​ទី​២៦ ដល់​ថ្ងៃ​ទី​៣០ ឧសភា ខាង​មុខ​នេះ ហើយ​ក្នុង​ឱកាស​នោះ​ដែរ នឹង​មាន​បង្កើត​ជា​វេទិកា​ចាប់​ដៃគូ​ពាណិជ្ជករ​លំដាប់​អ្នកជំនួញ​មហាសេដ្ឋី​នៃ​ប្រទេស​ទាំង​ពីរ​នៅ​ក្នុង​ទីក្រុង​បាងកក ដើម្បី​ធ្វើ​ពាណិជ្ជកម្ម​រួម​គ្នា ។

លោកស្រី ជី​រ៉ា​ណា​ន់ វង្ស​មង្គល អគ្គ​ទីប្រឹក្សារ​ពាណិជ្ជកម្ម​នៃ​ស្ថានទូត​ថៃ​ប្រចាំ​កម្ពុជា បាន​មាន​ប្រសាសន៍​ក្នុង​សន្និសីទ​សារព័ត៌មាន កាលពី​ថ្ងៃ​ទី​១៩ ឧសភា នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​២ ថា ៖ « នៅ​ក្នុង​ដំណើរ​កម្សាន្ត​ជា​លក្ខណៈ​មិត្តភាព​តាម​ផ្លូវគោក​នេះ គឺ​គ្រោង​នឹង​ចាប់ផ្តើម​នា​ពេល​ខាង​មុខ ដោយ​បែងចែក​កម្មវិធី​សំខាន់​ៗ​ជា​២​គឺ ៖ ១-​ជា​កិច្ចសហការ​វាង​សហព័ន្ធ​កីឡា​យានយន្ត​កម្ពុជា​-​ថៃ និង​២-​នៅ​ថ្ងៃ​ទី​២៨ ឧសភា យើង​នឹង​អញ្ជើញ​ថ្នាក់ដឹកនាំ និង​អ្នកជំនួញ​ថ្នាក់​មហាសេដ្ឋី​នៅ​កម្ពុជា ដើម្បី​ចូលរួម​ក្នុង​វេទិកា​ចាប់​ដៃគូ​ពាណិជ្ជកម្ម​រវាង​ថ្នាក់​មហាសេដ្ឋី​នៃ​ប្រទេស​ទាំង​ពីរ​ឱ្យ​បាន​ស្គាល់គ្នា ដើម្បី​មានឱកាស​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​គ្នា ក្នុង​ន័យ​បង្កើន និង​ពង្រឹង​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​ផង​ដែរ » ។

លោកស្រី​បន្ត​ថា ៖ « កាលពី​ឆ្នាំ​២០១៥ កន្លង​ទៅ ទំហំ​ពាណិជ្ជកម្ម​ថៃ​-​កម្ពុជា មាន​ទឹកប្រាក់​ចំនួន​៥,៣​លាន​ដុល្លារ ក្នុង​នោះ​ប្រទេស​ថៃ​បាន​នាំ​ចូល​មក​កម្ពុជា​មាន​ទឹកប្រាក់​៤,៧​លាន​ដុល្លារ ហើយ​កម្ពុជា​បាន​នាំ​ចូល​ទៅ​ថៃ​វិញ ស្មើនឹង​ទឹកប្រាក់​៥០០​លាន​ដុល្លារ ហើយ​បៀ​ប​ធៀប​នឹង​ឆ្នាំ​២០១៤ គឺ​កើនឡើង​ប្រមាណ​១៥% ។ ដោយឡែក ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​ក្នុង​រយៈពេល​៤​ខែ​ដើមឆ្នាំ​នេះ បាន​កើនឡើង​ប្រហែល​១១% បើ​ធៀប​នឹង​ឆ្នាំ​២០១៥ ហើយ​នៅ​ពេល​ដំណាច់ឆ្នាំ​២០១៦ នឹង​មាន​កំណើន​ខ្ពស់​ជាង​នេះ​បន្ថែម​ទៀត » ។

លោកស្រី​បន្ថែម​ថា ៖ « តាម​ស្ថិតិ​របស់​ក្រសួង​អភិវឌ្ឍន៍​កម្ពុជា (CDC) ឃើញ​ថា នៅ​ដើមឆ្នាំ​២០១៦ ពាណិជ្ជករ​ថៃ​ដែល​មក​វិនិយោគទុន​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​ជាប់​ចំណាត់ថ្នាក់​លេខ​រៀង​ទី​១០ ក្នុង​ចំណោម​ប្រទេស​ផ្សេង​ទៀត ។ ទោះបីជា​យ៉ាងណា យើង​ចង់​ឲ្យ​វិនិយោគិន​ថៃ​មក​វិនិយោគ​នៅ​កម្ពុជា​បាន​ច្រើន​ជាង​នេះ​ទៀត គឺ​អាច​ស្ថិត​ក្នុង​លំដាប់ថ្នាក់​លេខ​ទី​៤ ឬ​ទី​៥ ដូច​កាលពី​១០​ឆ្នាំ​មុន ។ ឆ្លងកាត់​តាម​ការ​រៀបចំ​កម្មវិធី​ដំណើរ​កម្សាន្ត​រវាង​កម្ពុជា​និង​ថៃ​លើក​នេះ ខ្ញុំ​សង្ឃឹមថា ខាង​ភាគី​កម្ពុជា ជា​ពិសេស ពាណិជ្ជករ​កម្ពុជា​នឹង​មានឱកាស​បង្ហាញ​ដល់​ពាណិជ្ជករ​ថៃ​ឲ្យ​បានឃើញ​ពី​សក្តានុពល​នៃ​ប្រទេស​កម្ពុជា ដើម្បី​ឲ្យ​ពាណិជ្ជករ​ថៃ​បាន​យល់​ដឹង​កាន់តែ​ច្បាស់ និង​បាន​មក​វិនិយោគ​បន្ថែម​នៅ​កម្ពុជា » ។

ក្នុង​ឱកាស​នោះ​ដែរ លោក មៀ​ច សុ​ផា​ណា ប្រធាន​សហព័ន្ធ​កីឡា​យានយន្ត​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ៖ « ខ្ញុំ​ចាត់​ទុក​ថា ក្បួន​ដំណើរ​កម្សាន្ត​លក្ខណៈ​មិត្តភាព​តាម​ផ្លូវគោក (KARALLY) នេះ គឺជា​ក្បួន​និម្មិតរូប​នៃ​មិត្តភាព​រវាង​សហព័ន្ធ​កីឡា​យានយន្ត​កម្ពុជា​-​ថៃ ។ ក្បួន​នេះ វា​មិន​ត្រឹមតែ​ជា​ក្បួន​កីឡា​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​ក្បួន​នាំ​មក​នូវ​ទំនាក់ទំនង​ផ្នែក​ពាណិជ្ជកម្ម ទេសចរណ៍ និង​ជា​ក្បួន​និម្មិត​រូបល្អ​នៃ​ប្រទេស​ទាំង​ពីរ​ផង​ដែរ ដែល​យើង​នឹង​ប្រឹងប្រែង​ជំរុញ លើកតម្កើង​ឲ្យ​បាន​ខ្ពង់ខ្ពស់ » ។

លោក​បញ្ជាក់​ថា ៖ « ក្បួន KARALLY នឹង​ចាប់ផ្តើម​នា​ពេល​ខាង​មុខ ដោយ​មាន​រថយន្ត​ចំនួន​១៩​គ្រឿង ម៉ូតូ​១១​គ្រឿង ហើយ​មាន​កីឡាករ​បញ្ជា​យានយន្ត​ឆ្លាស់គ្នា​ចំនួន​៥៩​រូប​សំខាន់​ៗ​។ ក្បួន​លើក​ទី​១​នេះ យើង​សង្ឃឹមថា នឹង​ទទួល​បាន​ជោគជ័យ ដោយ​អាច​ប្រមូល​បាន​នូវ​បទ​ពិសោធន៍ ទំនាក់ទំនង និង​ឲ្យ​បាន​ស្គាល់គ្នា​បន្ថែម​ទៀត​រវាង​ពាណិជ្ជករ​នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ថៃ » ។

លោក Nuthavudh Photisaro ឯកអគ្គរាជទូត​ថៃ​ប្រចាំ​កម្ពុជា  បាន​ថ្លែង​ថា ៖ « នេះ​គឺជា​កម្មវិធី​ថ្មី​មួយ និង​ជា​លើក​ដំបូង​ផង​ដែរ ហើយ​មាន​សារសំខាន់​ក្នុង​ការ​រឹតចំណង​មិត្តភាព​រវាង​ប្រទេស​យើង​ទាំង​ពីរ ។ ខ្ញុំ​គិត​ថា ដំណើរ​កម្សាន្ត​លក្ខណៈ​មិត្តភាព​តាម​ផ្លូវគោក KARALLY នេះ នឹង​ជួយ​បង្កើន​នូវ​ទំនាក់ទំនង​មិត្តភាព​រវាង​ប្រជាជន និង​ប្រជាជន ដែល​ជា​មូលដ្ឋាន​គ្រឹះ​នៃ​ប្រទេស​ទាំង​ពីរ ។ ខ្ញុំ​ជឿជាក់​ថា ការ​រៀបចំ​កម្មវិធី​ដំណើរ​កម្សាន្ត​លក្ខណៈ​មិត្តភាព​រវាង​កម្ពុជា​-​ថៃ និង​កម្មវិធី Thai-Cambodia Business Networking នឹង​សម្រេច​បាន​ជោគជ័យ​ដូច​ការ​គ្រោងទុក » ៕