នៅក្នុងសង្គមខ្មែរយើង ឪពុកម្តាយតែងចង់ឱ្យកូនរៀបការតាំងពីអាយុនៅក្មេង ដោយបារម្ភថា ការរៀបការអាយុច្រើនពេក អាចនឹងនាំពិបាកដល់អនាគត ។ មានឪពុកម្តាយមួយចំនួនតូចប៉ុណ្ណោះ បានគិតថា កូនត្រូវតែមានសមត្ថភាពទិញផ្ទះសម្បែងរស់នៅដោយខ្លួនឯងមុនពេលរៀបការ ។
ភាគច្រើននៃប្តីប្រពន្ធថ្មីថ្មោងច្រើនទៅរស់នៅជាមួយឪពុកម្តាយខាងស្រី បន្ទាប់ពីរៀបការរួច ។ ប៉ុន្តែការរស់នៅជុំគ្នាច្រើននេះ ក៏នាំឱ្យមានបញ្ហាជាច្រើនកើតមានផងដែរ ។ វាពិបាកណាស់ទៅហើយ សម្រាប់ការធ្វើឱ្យមនុស្ស២នាក់មានចិត្តគំនិតដូចគ្នា ។ ដូច្នេះ វានឹងរឹងតែពិបាកទៅទៀត ដើម្បីធ្វីឱ្យមនុស្សច្រើននាក់ក្នុងគ្រួសារធំមួយ អាចរស់នៅជាមួយគ្នាដោយសុភមង្គល ។
ឪពុកម្តាយខាងស្រីច្រើនបារម្ភថា ខ្លាចប្តីរបស់កូនស្រីមិនអាចមើលថែទាំកូនស្រីរបស់គាត់បានល្អ បន្ទាប់ពីបានរៀបការរួច។ ហេតុផលផ្សេងទៀតនោះ គឺប្តីប្រពន្ធថ្មីថ្មោងមិនមានស្ថានភាពសេដ្ឋកិច្ចរឹងមាំនៅឡើយ សម្រាប់ការរស់នៅឆ្ងាយពីឪពុកម្តាយ ។ ប៉ុន្តែការរស់នៅជុំគ្នាច្រើននេះ ក៏បង្កបញ្ហាជាច្រើនដល់ប្តីប្រពន្ធថ្មីថ្មោង ។ ឧទាហរណ៍ ដូចជាបញ្ហា រវាងប្តីឬប្រពន្ធ ជាមួយឪពុកម្តាយក្មេក ដែលអាចកើតមានបណ្តាលមកពីគំនិតមិនសូវចុះសម្រុងគ្នា និងរបៀបរស់នៅខុសប្លែកគ្នាជាដើម ។ ដូច្នេះ ក៏មានប្តីប្រពន្ធវ័យក្មេងមួយចំនួនឈ្លោះគ្នា ឬក៏ឈានដល់ការបែកបាក់គ្នា ដោយសារតែជម្លោះរវាងប្តី ឬប្រពន្ធជាមួយនឹងឪពុកម្តាយក្មេក ។
ដើម្បីចៀសវាងការបែកបាក់ដែលមិនចាំបាច់នេះ ទាំងឪពុកម្តាយ និងយុវជន និងយុវតី គួរតែចាប់ផ្តើមគិតអំពីភាពចាំបាច់ ដែលត្រូវពង្រឹងសមត្ថភាពផ្នែកហិរញ្ញវត្ថុមុនពេលរៀបការ ។ ការដែលយុវជន និងយុវតីមានសមត្ថភាពអាចមានផ្ទះសម្បែងរស់នៅបែកពីឪពុកម្តាយនឹងមិនត្រឹមតែធ្វើឱ្យពួកគេអាចចៀសវាងជម្លោះផ្សេងជាមួយឪពុកម្តាយក្មេកទេ វាថែមទាំងអាចអោយពួកគេរៀនរស់ដោយឯករាជ្យ និងមានការអធ្យាស្រ័យដល់គ្នាទៅវិញទៅមក។
ដូច្នេះ ប្តីប្រពន្ធថ្មីថ្មោងនឹងមានពេលវេលាផ្ទាល់ខ្លួនរស់នៅជាមួយគ្នានឹងកាន់តែមានសុភមង្គលផងដែរ នៅពេលដែលពួកគេរស់នៅជាមួយគ្នាតែ២នាក់ ជាជាងការរស់នៅជាមួយឪពុកម្តាយ ៕
ចែករំលែកព័តមាននេះ