ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ស្ថិត​នៅ​ក្នុង​ចំណោម​២២ប្រទេស​ដែល​មាន​ជំងឺ​របេង​ធ្ងន់​ធ្ងរ

15 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ របាយ​ការណ៍​ស្តី​ពី​ជំងឺ​របេង​ឆ្នាំ​២០១០​របស់​ក្រសួង​សុខា​ភិ​បាល​បាន​ឱ្យ​ដឹង​ថា កម្ពុជា​គឺ​ជា​ប្រទេស​មួយ​ដែល​ស្ថិត​នៅ​ក្នុង​ចំណោម​ប្រទេស​ចំនួន​២២​ដែល​មាន​ជំងឺ​របេង​ធ្ងន់​ធ្ងរ​ក្នុង​ពិភព​លោក​។ ចំនួន​ករណី​របេង​បាន​កើន​ដល់​៤១.៦២៨នាក់​ ក្នុង​ឆ្នាំ​២០១០​ ហើយ​ជំងឺ​របេង​​ អេដស៍​ក៏​នៅ​តែ​​ជា​កង្វល់​ដ៏​ធំ​ធេង​សំរាប់​ប្រទេស​កម្ពុជា​។ ទិស​ដៅ​ជា​រួម​របស់​កម្ម​វិធី​ជាតិ​សំរាប់​ឆ្នាំ​២០១១-២០១៥​ គឺ​ធានា​​នូវ​សម​ធម៌​ និង​ការ​ទទួល​យក​បាន​នូវ​សេវា​របេង​ជា​សាកល​ប្រកប​ដោយ​គុណ​ភាព​​រក្សា​អត្រា​ជា​សះ​ស្បើយ​ជំងឺ​របេង​សួត​វិជ្ជ​មាន​​បេកា​ឱ្យ​លើស​ពី​៨៥​ភាគ​រយ​ និង​កាត់​បន្ថយ​ពាក់​កណ្តាល​នូវ​អត្រា​ប្រេ​វ៉ា​ឡង់​ និង​ស្លាប់​ដោយ​សារ​ជំងឺ​របេង​គ្រប់​សណ្ឋា​ន​ទាំង​អស់​ដើម្បី​ចូល​រួម​ចំណែក​ក្នុង​ការ​សំរេច​គោល​ដៅ​អភិវឌ្ឍ​ន៍​សហ​ស្ស​វត្ស​នៅ​ឆ្នាំ​២០១៥​។

របាយ​ការណ៍​នោះ​ត្រូវ​បាន​គេផ្សព្វ​ផ្សាយ​នៅ​ក្នុង​សន្និ​បាត​ស្តី​ពី​ការ​ងារ​កំចាត់​រោគ​របេង​ប្រចាំ​ឆ្នាំ​លើក​ទី​១៦​ដែល​ធ្វើ​ឡើង​នៅ​មជ្ឈ​មណ្ឌល​​វប្ប​ធម៌​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១៧ និង​១៨ មីនា ក្រោម​អធិបតី​ភាព​លោក​សាស្ត្រា​ចារ្យ​អេង ហួត រដ្ឋ​លេខា​ធិការ​ក្រសួង​សុខា​ភិ​បាល​។

លោក​អេង​ ហួត បាន​ថ្លែង​ថា ឆ្នាំ​២០១០ កម្ម​វិធី​ជាតិ​កំចាត់​រោគ​របេង​សំរេច​បាន​នូវ​សមិទ្ធ​ផល​ថ្មីៗ ​គួរ​ឱ្យ​កត់​សំគាល់​ថែម​ទៀត​​ដែល​មាន​​ជា​អាទិ៍​ ការ​រក្សា​​បាន​នូវ​អត្រា​ជា​សះ​ស្បើយ​​លើស​ពី​៨៥%​ អត្រា​ស្រាវ​ជ្រាវ​ករណី​ជំងឺ​របេង​សួត​វិជ្ជ​មាន​បេកា​បាន​៦៦% អត្រា​គ្រប​ដណ្តប់​សេវា​ដូតស៍​១០០%​នៅ​ថ្នាក់​មណ្ឌល​សុខ​ភាព​ និង​ពង្រីក​ដូត​ស៍​សហ​គមន៍​បាន​ដល់​៨៧%​នៅ​ចុង​ឆ្នាំ​២០១០​ ។ ជា​លទ្ធ​ផល​​នាំ​ឱ្យ​អត្រា​ឈឺ​ និង​អត្រា​ស្លាប់​ដោយ​សារ​​ជំងឺ​របេង​​មាន​ការ​ចុះ​ថយ​យ៉ាង​ខ្លាំង​គួរ​ឱ្យ​កត់​សំគាល់។​

ទន្ទឹម​នឹង​សមិទ្ធ​ផល​​ដែល​ទទួល​បាន​គួរ​ជា​ទីមោទនៈ​នេះ​ក៏​នៅ​មាន​ការ​លំបាក​មួយ​ចំនួន​ដែល​កម្ម​វិធី​ជាតិ​ត្រូវ​ពុះ​ពារ​ដើម្បី​មាន​លទ្ធ​ភាព​សំរេច​បាន​ទិស​ដៅ​ឆ្នាំ​២០១០​ និង​ឆ្នាំ​បន្ត​ក៏​ដូច​ជា​តម្រង់​ទិស​សំដៅ​សំរេច​បាន​គោល​ដៅ​អភិវឌ្ឍ​ន៍​សហ​ស្ស​វត្ស​នៅ​ដំណាច់​ឆ្នាំ​២០១៥​។ ការ​លំបាក​ទាំង​នោះ​មាន​ជា​អាទិ៍​ ការ​ដែល​អត្រា​​ប្រេ​វ៉ា​ឡង់​ និង​អាំង​ស៊ី​ដង់​នៃ​ជំងឺ​របេង​នៅ​ខ្ពស់​នៅ​ឡើយ​ ធន​ធាន​ដើម្បី​ធានា​ដំណើរ​ការ​នៃ​សេវា​ដូតស៍​ដែល​មាន​ស្រាប់​ដ៏​ច្រើន​កន្លែង​ បញ្ហា​ធានា​គុណ​ភាព ធន​ធាន​ដើម្បី​ពង្រីក​អន្តរា​គមន៍​ថ្មីៗ​ ដូច​ជា​ការ​ព្យា​បាល​​​ករណី​ជំងឺ​របេង​ស៊ាំនឹង​ថ្នាំ​ ការ​ថែ​ទាំ​ព្យា​បាល​ជំងឺ​របេង​កុមារ ការ​ពង្រឹង​ការ​ងារ​មន្ទីរ​ពិសោធន៍​ ព្រម​ទាំង​ការ​កសាង​សមត្ថ​ភាព និង​ការ​លើក​ទឹក​ចិត្ត​បុគ្គ​លិក​ជា​ដើម​។ ដើម្បី​សំរេច​បាន​ទិស​ដៅ​នេះ​ចាំ​បាច់​​យើង​ទាំង​អស់​គ្នា​ត្រូវ​សហ​ការ​ជំនះ​ដោះ​ស្រាយ​ឱ្យ​បាន​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ទំហំ​ដ៏​ធំ​នៃ​តម្រូវ​ការ​របស់​ប្រជា​រាស្ត្រ​ពាក់​ព័ន្ធ​នឹង​ការ​ប្រយុទ្ធ​នឹង​ជំងឺ​របេង​។

លោក​អេង ហួត ផ្តាំ​ដល់​​មន្ត្រី​សុខាភិ​បាល​​ទាំង​អស់​ពេល​ត្រឡប់​ទៅ​កាន់​មូល​ដ្ឋាន​រៀងៗ​ខ្លួន​វិញ​នាំ​គ្នា​បំពេញ​ការ​ខ្វះ​ខាត​ដែល​នៅ​សេស​សល់​ និង​បន្ត​ជំរុញ​​ការ​ងារ​ថ្មី​ឆ្នាំ​២០១១ និង​បណ្តា​ឆ្នាំ​ខាង​មុខ​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធ​ភាព និង​ទទួល​បាន​ជោគ​ជ័យ​ជា​បន្ត​បន្ទាប់​ថែម​ទៀត​។

លោករដ្ឋ​លេខា​ធិការ​លើក​ឡើង​ថា សំរាប់​ឆ្នាំ​២០១១​ចូរ​ខិត​ខំ​ធ្វើ​យ៉ាង​ណា​​រក្សា​ឱ្យ​បាន​នូវ​អត្រា​ជា​សះ​ស្បើយ​លើស​ពី​៨៥%​ និង​ពិសេស​សំរេច​ការ​ស្រាវ​ជ្រាវ​ករណី​ជំងឺ​របេង​គ្រប់​សណ្ឋា​ន​ឱ្យ​បាន​យ៉ាង​តិច​៤០.០០០​ករណី​ស្រប​តាម​ទិស​ដៅ​ថ្មី​របស់​កម្ម​វិធី​ជាតិ​ និង​អន្តរ​ជាតិ​ ពោល​គឺ​ការ​ទទួល​បាន​សេវា​ជំងឺ​របេង​ជា​សកល​។ ការ​ងារ​នេះ​ទាម​ទារ​ឱ្យ​មាន​ការ​ចូល​រួម​យ៉ាង​ជិត​ស្និទ្ធ​បន្ថែម​ទៀត​ពី​អាជ្ញា​ធរ និង​សហគមន៍​មូល​ដ្ឋាន​ ស្ថាប័ន​សុខា​ភិ​បាល​ពាក់​ព័ន្ធ​ផ្សេង​ទៀ​ត​ ព្រម​ទាំង​ស្ថាប័ន​មិន​មែន​សុខា​ភិ​បាល​ផ្សេង​ទៀត​ផង​ដែរ​​។ ត្រូវ​ជំរុញ​កសម្ម​ភាព​​ចលនា​កៀង​គរ​ធន​ធាន​បន្ថែម​ឱ្យ​បាន​ខ្លាំង​ក្លា​ដើម្បី​អនុវត្ត​ផែន​ការយុទ្ធ​សាស្ត្រ​ប្រយុទ្ធ​នឹង​ជំងឺ​របេង​ឆ្នាំ​២០១១-២០១៥​ឱ្យ​បាន​ជោគ​ជ័យ ៕