ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​ក្នុង​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មានការ​ភ្ញាក់ផ្អើល​មិន​តិច​ទេ បន្ទាប់​ពី​គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​អន្តរជាតិ​បាន​សម្រេច​ចុង​ក្រោយ​ឱ្យ​កីឡាការិនី ចូ​វ សុធា​រ៉ា មក​ពី​ផ្នែក​ចំបាប់​បាន​ទៅ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​ថែម​មួយទៀត​នៅ​ក្នុង​ប្រទេស​ប្រេ​ស៊ី​ល

រាជធានី​ភ្នំពេញ ៖ មានការ​ភ្ញាក់ផ្អើល​មិន​តិច​ទេ បន្ទាប់​ពី​គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​អន្តរជាតិ​បាន​សម្រេច​ចុង​ក្រោយ​ឱ្យ​កីឡាការិនី ចូ​វ សុធា​រ៉ា មក​ពី​ផ្នែក​ចំបាប់​បាន​ទៅ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​ថែម​មួយទៀត​នៅ​ក្នុង​ប្រទេស​ប្រេ​ស៊ី​ល ទោះបី​នាង​ចេញ​ទៅ​ប្រកួត​ជម្រុះ​ហើយ​មិន​ទទួល​ជោគជ័យ ។ លទ្ធផល​ផ្លូវការ​ក៏​ជួយ​ឱ្យ​កម្ពុជា​មាន​បេក្ខភាព​ដល់​ទៅ​៦​រូប​នៅ​ក្នុង​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​ជា​ប្រវត្តិសាស្ត្រ​លើក​ដំបូង​ផង​ដែរ ។

ក្រោយ​ការ​ប្រកួត​ធ្លាក់​របស់​កីឡាការិនី ចូ​វ សុធា​រ៉ា និង​លោក ងួ​ន មក​រា លើ​វិញ្ញាសា​ចំបាប់ មន្ត្រីជាន់ខ្ពស់​របស់​គណៈ​ក​មា្ម​ធិ​ការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​បាន​អះអាង​ថា កម្ពុជា​នៅ​តែ​រក្សា​បេក្ខភាព​៥​រូប​ដដែល​ទេ​ដោយសារ​តែ​៤​រូប​ទទួល​បាន​ដោយ​សិទ្ធិ​អនុគ្រោះ​ក្នុង​នាម​ជា​សមាជិក និង​ម្នាក់​ទៀត​គឺ ស៊ន សៀវ​ម៉ី ទទួល​បាន​សិទ្ធិ​ដោយ​ស្វ័យប្រវត្តិ​តំណាង​ទ្វីបអាស៊ី​។ ប៉ុន្តែ​ក្រោយ​ការ​ប្រកាស​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ មន្ត្រី​គណៈ​ក​មា្ម​ធិ​ការ​អូ​ឡាំ​ពិ​ក​អន្តរជាតិ បាន​សម្រេច​ផ្ដល់​សិទ្ធិ​ដល់​កីឡាការិនី ចូ​វ សុធា​រ៉ា ថែម​ម្នាក់​ទៀត​ឱ្យ​ចេញ​ទៅ​ប្រកួត​នៅ​អូ​ឡាំ​ពិ​ក​ក្នុង​ប្រទេស​ប្រេ​ស៊ី​ល​នា​ខែសីហា​ខាង​មុខ​នេះ​។ ហេតុផល​ដែល​នាំ​ឱ្យ​មានការ​សម្រេច​នោះ គឺ​បន្ទាប់​ពី​កត់សម្គាល់​ឃើញ​ថា ចូ​វ សុធា​រ៉ា ថ្វី​ដ្បិតថា​មិន​បាន​ប្រកួត​ជម្រុះ​ឈ្នះ ប៉ុន្តែ​ថ្វីដៃ​របស់​នាង​គឺ​ត្រូវ​បាន​ទទួលស្គាល់​ដោយ​គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​អន្តរជាតិ និង​ចង់ឱ្យ​កម្ពុជា​បាន​សាកល្បង​ចេញ​ទៅ​ប្រកួត​លើ​វិញ្ញាសា​ចំបាប់​នៅ​ក្នុង​ព្រឹត្តិការណ៍​នោះ​ផង ទើប​សិទ្ធិ​អនុគ្រោះ​មួយ​ថ្មី​ត្រូវ​បាន​សម្រេច​ឡើង​ធ្វើ​ឱ្យ​មន្ត្រី​កម្ពុជា​ភ្ញាក់ផ្អើល ។

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​បាន​អះអាង​ថា​នេះ​ជា​ប្រវត្តិសាស្ត្រ​លើក​ដំបូង​ដែល​កម្ពុជា​មាន​កីឡាករ​កីឡាការិនី​រហូត​ដល់​៦​នាក់​នៅ​ក្នុង​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក ។ លោក​ថា កន្លង​មក​ស្ថាប័ន​កីឡា​អន្តរជាតិ​ដ៏​ធំ​មួយ​នេះ ផ្ដល់​សិទ្ធិ​អនុគ្រោះ​ឱ្យ​តែ​បេក្ខភាព​មក​ពី​កីឡាហែលទឹក​២​រូប និង​មក​ពី​កីឡា​រត់ប្រណាំង​២​រូប​ប៉ុណ្ណោះ​។ ប៉ុន្តែ​អាច​មក​ពី ស៊ន សៀវ​ម៉ី ដណ្ដើម​បាន​សិទ្ធិ​ចេញ​ប្រកួត​លើក​ដំបូង ហើយ​បណ្ដាល​មក​ពី​គេ​កត់សម្គាល់​ឃើញ ចូ​វ សុធា​រ៉ា ក៏​ប្រឹង​អស់ពី​សមត្ថភាព​ក្នុង​ការ​ប្រកួត​ជម្រុះ​ដណ្ដើម​សិទ្ធិ​មុន​នោះ ទើប​នាំ​ឱ្យ​មានការ​ផ្ដល់​សិទ្ធិ​អនុគ្រោះ​បន្ថែម​ឱ្យ​នាង​ម្នាក់​ទៀត ។ លោក​ថា លទ្ធផល​ចុង​ក្រោយ​គឺ​កម្ពុជា​មាន​បេក្ខភាព​៦​រូប​ទៅ​កាន់​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​នៅ​ប្រេ​ស៊ី​ល​ក្នុង​ឆ្នាំ​២០១៦​នេះ ដោយ​រួម​មាន​កីឡាការិនី​តេ​ក្វា​ន់​ដូ ស៊ន សៀវ​ម៉ី​, កីឡាការិនី​ចំបាប់ ចូ​វ សុធា​រ៉ា​, កីឡាការិនី​ហែល​ទឹក ហែម​ថុ​ន វិ​ទិ​នី​, កីឡាករ ពូ សុវិជ្ជា ផ្នែក​ហែល​ទឹក​, កីឡាការិនី​អត្តពលកម្ម​ផ្នែក​ម៉ា​រ៉ា​តុ​ន លី ណា​រី និង​កីឡាករ​ជនជាតិ​ជប៉ុន​សញ្ជាតិ​ខ្មែរ លោក NEKO  ផ្នែក​រត់​ប្រ​ណាំ​ដូច​គ្នា​។  លោក វ៉ា​ត់ ចំរើន បញ្ជាក់​ថា កីឡាករ​-​កីឡាការិនី​ទាំង​៦​នាក់​សុទ្ធតែ​ត្រូវ​បាន​បញ្ជូន​ឱ្យទៅ​ហ្វឹកហាត់​ជាមួយ​គ្រូ​ជំនាញ​នៅ​បរទេស​រៀងខ្លួន ដើម្បី​ត្រៀម​ដណ្ដើម​មេដាយ​លើ​វិញ្ញាសា​ទាំង​៤​នៅ​ក្នុង​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​៕