ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុទ្ធសាស្ត្រ​ទាក់ទាញ អ្នក​វិនិយោគ​ទៅ​អភិ​​វឌ្ឍន៍ តំបន់​ច្រកព្រំដែន​ត្រពាំង​ផ្លុ​ង

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក​ឧកញ៉ា លឹ​ម ហុង​ឈាង ជា​វិនិយោគិន​មួយ​រូប​ក្នុង​ចំណោម​វិនិយោគិន​ដទៃ​ទៀត​ដែល​បាន​កៀរគរ​ឱ្យ​មានការ​វិនិយោគ​នៅ​តាម​ច្រកព្រំដែន ជា​ពិសេស វិនិយោគ​លើ​វិស័យ​ដីធ្លី​នៅ​តំបន់​ច្រក​ទ្វារ​ព្រំដែន​ត្រពាំង​ផ្លុ​ង

រាជធានី​ភ្នំពេញ ៖ លោក​ឧកញ៉ា លឹ​ម ហុង​ឈាង ជា​វិនិយោគិន​មួយ​រូប​ក្នុង​ចំណោម​វិនិយោគិន​ដទៃ​ទៀត​ដែល​បាន​កៀរគរ​ឱ្យ​មានការ​វិនិយោគ​នៅ​តាម​ច្រកព្រំដែន ជា​ពិសេស វិនិយោគ​លើ​វិស័យ​ដីធ្លី​នៅ​តំបន់​ច្រក​ទ្វារ​ព្រំដែន​ត្រពាំង​ផ្លុ​ង ប៉ុន្តែ​ក្នុង​ជំហាន​ដំបូង​ត្រូវធ្វើ​យ៉ាងណា ឱ្យ​តំបន់​នោះ​ក្លាយទៅជា​តំបន់​ដែល​មានការ​ចាប់អារម្មណ៍​ពី​សំណាក់​ប្រជាពលរដ្ឋ ។

តាម​ប្រភព​មួយ​ឱ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ លោក​ឧកញ៉ា​បាន​បង្កើត​ផ្សារ​នៅ​ច្រកព្រំដែន​ត្រពាំង​ផ្លុ​ង ហើយ​ផ្សារ​នោះ​លក់ទំនិញ​យក​តែ​ថ្លៃដើម​ប៉ុណ្ណោះ គឺ​មិន​យក​ប្រាក់​ចំណេញ​ទេ ហើយ​បើ​មាន​បុគ្គលិក​ណា​នៅ​ក្នុង​ផ្សារ លក់​លើស​ពី​តម្លៃ​ដែល​បាន​កំណត់ នឹង​ត្រូវ​ទទួល​ពិន័យ​ពី​លោក​ផ្ទាល់​ផង​ដែរ ឬ​ក៏​អាច​បញ្ឈប់​ពី​ការងារ​តែ​ម្ដង ។ នេះ​ជា​យុទ្ធសាស្ត្រ​មួយ​ដើម្បី​ស្រូប​យក​ប្រជាពលរដ្ឋ​ទៅ​រស់នៅ​ទីនោះ​ឱ្យ​កាន់តែ​ច្រើន​ឡើង ។

លោក​ឧកញ៉ា លឹ​ម ហុង​ឈាង អគ្គនាយក​ក្រុមហ៊ុន​លឹ​ម ហុង​ឈាង អីុ​ម​ផត​អិុ​ច​ផត បាន​មាន​ប្រសាសន៍​ថា ៖ « ការ​រកស៊ី​នៅ​តាម​តំបន់​ព្រំដែន ប្រៀប​បាន​នឹង​ឧបករណ៍​នេសាទ​ម្យ៉ាង​ឈ្មោះ​ថា «​លប​» ដែល​មាន​ប្រឹស​ពីរ​អីចឹង​ដែរ មាន​ន័យ​ថា រាល់​ទំនិញ​ចេញចូល​ឆ្លង​ប្រទេស គឺ​ត្រូវ​ឆ្លងកាត់​ច្រកព្រំដែន​ទាំងអស់​។ ម្យ៉ាងទៀត ព្រំដែន​កម្ពុជា​យើង​មាន​ប្រវែង​ប្រមាណ​ជាង​២​ពាន់​គីឡូម៉ែត្រ ក្នុង​នោះ​មាន​ច្រកព្រំដែន​ទ្វារ ព្រំដែន​អន្តរជាតិ ច្រក​ទ្វារ​តំបន់ និង​ច្រក​ទ្វារ​ទ្វេភាគី តែ​មិន​មាន​ច្រើន​នោះ​ទេ » ។

ទាក់ទង​នឹង​គម្រោង​ប្រកាស​លក់​ដី​ឡូត៍​នៅ​តំបន់​ច្រកព្រំដែន​ត្រពាំង​ផ្លុ​ង​របស់​លោក លឹ​ម ហុង​ឈាង ត្រូវ​បាន​វាយតម្លៃ​ដោយ​ក្រុមហ៊ុន​វាយតម្លៃ​អចលនទ្រព្យ​ចំនួន​៩ ដើម្បី​ឱ្យ​ប្រាកដ​ក្នុង​តម្លៃ​ដ៏​ត្រឹមត្រូវ ។ លោក​ឧកញ៉ា​មាន​ប្រសាសន៍​ថា ៖ « តម្លៃ​ដែល​យើង​បាន​ដាក់​លក់ គឺជា​តម្លៃ​អប្បបរមា ហើយ​ធាតុ​ពិត​ចំពោះ​តម្លៃ​ដីធ្លី​ថ្លៃ​ឬ​មិន​ថ្លៃ​នោះ គឺ​វា​អាស្រ័យ​ទៅ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​នៃ​តំបន់​នោះ​មាន​អ្វីខ្លះ ដូច​ជា​ផ្លូវ​ធំ​ទូលាយ ជាដើម ព្រោះថា នៅ​តាម​ព្រំដែន ការ​ធ្វើ​ពាណិជ្ជកម្ម​មិនមែន​សម្រាប់​តែ​ក្នុង​ប្រទេស​នោះ​ទេ តែ​វា​ជា​ការ​ធ្វើ​ពាណិជ្ជកម្ម​ជា​លក្ខណៈ​អន្តរជាតិ » ។

លោក​ឧកញ៉ា​បន្ថែម​ថា ៖ « សព្វ​ថ្ងៃនេះ ដី​ឡូត៍​នៅ​តំបន់​ច្រក​ទ្វារ​ត្រពាំង​ផ្លុ​ង មាន​អ្នក​វិនិយោគ​ចាប់អារម្មណ៍​ទៅ​ដាក់​ទុន​បណ្ដើរ​ៗ​ហើយ ហើយនឹង​មានការ​អភិវឌ្ឍ​ជា​ជំហាន​ៗ​តាម​ការ​វិនិយោគ​របស់​អតិថិជន​ផ្ទាល់ ។ យើង​ចង់​មានការ​វិនិយោគ​ភ្លាម​ៗ ក្នុង​ករណី​វិនិយោគិន​ទិញ​ដី​ហើយ​ចង់​សាងសង់ ឬ​ធ្វើ​អ្វីមួយ​ភ្លាម តែ​យើង​មិន​អាច​ទៅ​បង្ខំ​ពួក​គាត់​បាន​ទេ គឺ​ត្រូវ​ទុក​ពេល​ឱ្យ​ពួក​គាត់​ធ្វើ​អ្វី​ទៅ​តាម​ជំហាន​ៗ​របស់​ពួក​គាត់ ។ តែបើ​តាម​យុទ្ធសាស្ត្រ​របស់​យើង វា​នឹង​ទៅ​ជា​លំដាប់ ដោយ​រំពឹង​ថា ទីតាំង​ដែល​យើង​កំពុង​អភិវឌ្ឍន៍​នោះ​នឹង​ក្លាយជា​ទីតាំង​ល្អ ជា​ច្រក​ទ្វារ​ព្រំដែន ដែល​នឹង​ជាប់​លេខ​៣ បន្ទាប់​ពី​ប៉ោយ​ប៉ែ​ត និង​ច្រក​ទ្វារ​ព្រំដែន​បា​វិត » ។

លោក ស៊ា ឆៃ​លី​ន អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ឆៃ​លី​ន​ស៊ា រៀល​ធី បាន​ថ្លែង​ថា ៖ « បើ​និយាយ​អំពី​សក្ដានុពល​នៃ​តំបន់​នោះ វា​ជា​តំបន់​ដែល​ត្រូវ​ដឹក​ទំនិញ​ចេញចូល និង​ការ​ធ្វើ​ចរាចរ​ផ្នែក​ទេសចរណ៍​ផង​ដែរ បន្ទាប់​ពី​សមាហរណកម្ម​អាស៊ាន​ចាប់ផ្ដើម​កាលពី​ចុងឆ្នាំ​២០១៥ កន្លង​មក » ។

លោក​អគ្គនាយក​ក្រុមហ៊ុន​បន្ត​ថា ៖ « កន្លង​មក បើ​តាម​ទស្សនៈ​យល់​ឃើញ​របស់​ប្រជាពលរដ្ឋ និង​អ្នក​វិនិយោគ​មួយ​ចំនួន គឺ​មិន​ដែល​ចាប់អារម្មណ៍​ទៅ​លើ​តំបន់​ខ្សែបន្ទាត់​ព្រំដែន​នោះ​ទេ ។ ប៉ុន្តែ​សម្រាប់​លោក​ឧកញ៉ា លឹ​ម ហុង​ឈាង គឺ​មាន​ទស្សនៈ​ប្លែក​ពី​គេ ដោយ​គិត​ថា តំបន់​ព្រំដែន​អាច​ធ្វើ​ឱ្យ​អ្នក​រស់នៅ​ក្នុង​តំបន់​នោះ ក៏​ដូច​ជា​អ្នក​រកស៊ី​ផ្សេង​ទៀត​អាច​ស្រូប​យក​ផលប្រយោជន៍​បាន​ច្រើន ។ តែ​ទោះជា​យ៉ាងណា ដើម្បី​ឱ្យ​តំបន់​នោះ​ក្លាយជា​តំបន់​មាន​ប្រយោជន៍  ចាំបាច់​ត្រូវ​តែ​ធ្វើ​សកម្មភាព​អ្វីមួយ ហើយ​ជាក់ស្ដែង គម្រោង​ព្រំដែន​ត្រពាំង​ផ្លុ​ង​បាន​ធ្វើ​សកម្មភាព​ទាក់ទាញ​រួច​ជា​ស្រេច​ហើយ » ។

លោក​អគ្គនាយក​ក្រុមហ៊ុន​បញ្ជាក់​ថា ៖ « សព្វ​ថ្ងៃនេះ តំបន់​ច្រកព្រំដែន​ត្រពាំង​ផ្លុ​ង​មាន​សកម្មភាព​អាជីវកម្ម​មួយ​ចំនួន​រួច​ទៅ​ហើយ​ដូច​ជា មាន​ផ្សារ កាស៊ីណូ សណ្ឋាគារ និង​សេវាកម្ម​មួយ​ចំនួន​ទៀត ។ នៅ​ក្នុង​ព្រឹត្តិការណ៍​អាស៊ាន​ដែល​កំពុង​កើតឡើង​នេះ វា​ក៏​ជា​កត្តា​មួយ​ជួយ​ជំរុញ​ឱ្យ​សកម្មភាព​វិនិយោគ​ក្នុង​តំបន់​នោះ​កាន់តែ​មាន​ភាព​រស់​រវើក​បន្ត​ទៀត » ៕