ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រំលឹក​ពី​ការ​ចែកផ្លូវ​របស់​គ្រូបង្វឹក​ល្បី​ៗ ជាមួយ​ក្លិប​បាល់ទាត់​ចំនួន​៦ ក្នុង​ឆ្នាំ​២០២១​នេះ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ការ​ប្រកួត​បាល់ទាត់ Metphone Cambodia នៅ​តែ​បញ្ចប់​ដោយ​ភាព​​អធិកអធម​ បន្ទាប់​ពី​មាន​ក្រុមបាល់ទាត់​

រាជធានីភ្នំពេញ ៖ ការ​ប្រកួត​បាល់ទាត់ Metphone Cambodia នៅ​តែ​បញ្ចប់​ដោយ​ភាព​​អធិកអធម​ បន្ទាប់​ពី​មាន​ក្រុមបាល់ទាត់​ជា​ច្រើន​ចូលរួម​ដូច​គ្មាន​ការ​ប៉ះ​ទ​ង្គិច​​ជាមួយបញ្ហា​ជំងឺ​​កូ​វីដ​១៩ ហើយ​នៅ​វគ្គ​ចុង​ក្រោយ​នៅ​តែ​ស្វែងរក​ឃើញ​ក្រុម​ខ្លាំង គឺ​ក្លិប​ភ្នំពេញ​ក្រោ​ន ដែល​មហាជន​ទទួលយក ក្លាយជា​ម្ចាស់​ពាន​។

យ៉ាងណា​ក៏​ដោយ​ អ្វី​ដែល​គេ​សម្គាល់​ឃើញ​គឺ​ក្លិប​បាល់ទាត់​រហូត​៦​ក្រុម​ផ្សេង​គ្នា ត្រូវ​គេ​ឃើញ​មានការ​បាក់បែក​ជាមួយ​គ្រូបង្វឹក​នៅ​ក្នុង​រដូវ​កាល​នៃ​ការ​ប្រកួត​មួយ​នេះ ដែល​អាច​ចាត់​ទុក​ថា​គឺ​ការ​កត់សម្គាល់​មួយ​ថ្មី ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់ ដែល​មាន​ក្រុមបាល់ទាត់​ច្រើន​បំផុត​ចែកផ្លូវ​ជាមួយ​គ្រូបង្វឹក​។

តាំងពី​ដើមរដូវ​កាល​រហូត​ដល់​ចុងបញ្ចប់​រដូវ​កាល គ្រូបង្វឹក​ដែល​បាន​ចែកផ្លូវ​ជាមួយ​ក្លិប​ទាំង​៦​នោះ​រួម​មាន ១-ក្លិប​សូល​ទី​ឡូ​អង្គរ​បាន​ប្រកាស​ចែកផ្លូវ​គ្នា​ជាមួយ​គ្រូបង្វឹក​លោក Darren Pomroy ហៅ Charlie ហើយ បន្ទាប់​ពី​លោក​បាន​ដឹកនាំ​ក្រុម​បរាជ័យ ៥​ប្រកួត​ជាប់​គ្នា​នា​ដើមរដូវ​កាល​ឆ្នាំ​២០២១​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រុម​មាន​មូលដ្ឋាន​នៅ​ខេត្តសៀមរាប មួយ​នេះ តាំងពី​ព្រឹក​ថ្ងៃ​ទី​០១ ខែកក្កដា ឆ្នាំ​២០២១​។ ជាមួយ​ការ​ចែកផ្លូវ​គ្នា​ពាក់កណ្ដាល​ផ្លូវ​ខាងលើ​នេះ លោក Charlie បាន​សម្ដែង​ការ​សោកស្ដាយ និង​ខកចិត្ត​ជា​ខ្លាំង​ក្រោយ​ការ​ចាប់ផ្ដើម​មិន​បាន​ល្អ ក្នុង​ការ​ប្រកួត​លី​គ​កំពូល​កម្ពុជា ឆ្នាំ​២០២១ បន្ទាប់​ពី​លោក​បាន​ធ្វើការ​អស់​រយៈពេល ៨​ខែ និង​បាន​ដឹកនាំ​ការ​ប្រកួត​ផ្លូវការ​ចំនួន ៥​លើក​កន្លង​មក​។

គ្រូបង្វឹក​សញ្ជាតិ​អង់គ្លេស​រូប​នេះ​បាន​បញ្ជាក់​ថា «​វា​គឺជា​ការ​សម្រេចចិត្ត​ដ៏​លំបាក​មួយ​សម្រាប់​ខ្ញុំ និង​ខកចិត្ត​ជា​ខ្លាំង​ចំពោះ​លទ្ធផល​ដែល​ធ្វើ​មិន​បាន​ល្អ​»​។

គ្រូបង្វឹក​សញ្ជាតិអង់គ្លេស លោក Darren Pomroy ហៅ Charlie

២-​ក្លិប​បាល់ទាត់​វិសាខា បាន​ប្រកាស​ចែកផ្លូវ​ជាមួយ​គ្រូបង្វឹក​អៀ​ឡង់ លោក Colum Curits តាំងពី​ពេល​ដែល​ក្រុម​មួយ​នេះ ស្ថិត​ក្នុង​ការ​ប្រកួត​ខ្លាំង ក្នុង​ក្រប​ខណ្ឌ​លី​គ​កំពូល​កម្ពុជា ឆ្នាំ​២០២១ ។ ការ​ប្រកាស​ចែកផ្លូវ​គឺ​បាន​ធ្វើ​ឡើង បើ​ទោះជា​លោកគ្រូ Colum Curtis បាន​ចូលរួម​ជាមួយ​ក្រុម​វិសាខា កាលពី​ដើមរដូវ​កាល​ឆ្នាំ​២០២០ ហើយ​ជួយ​ឲ្យ​ក្រុម​ទទួល​បាន​ត្រឹម​ចំណាត់ថ្នាក់​លេខ​៥ ក្នុង​លី​គ និង​គ្រង​ជើងឯក​ពាន​សម្ដេច​តេ​ជោ ហ៊ុន សែន ថ្នាក់​ជាតិ​ជា​ប្រវត្តិសាស្ដ្រ​របស់​ខ្លួន​។

​គ្រូបង្វឹក​អៀ​ឡង់ លោក Colum Curits

៣-ក្លិប​បាល់ទាត់​ណា​ហ្គា​វើ​ល បាន​ប្រកាស​ជា​ផ្លូវការ​ថា លោក មាស ចាន់​ណា ត្រូវ​បាន​ចាក​ចេញពី​ក្លិប​កាល​ចុងខែ​តុលា ឆ្នាំ​២០២១ បន្ទាប់​ពី​កិច្ចសន្យា​របស់​លោក​ត្រូវ​បាន​ផុតកំណត់​។ ក្លិប​បាល់ទាត់​ណា​ហ្គា​វើ​ល បាន​ថ្លែងអំណរគុណ​ចំពោះ​លោក​ដែល​បាន​បំពេញការងារ​សម្រាប់​ក្លិប​កន្លង​មក ទាំង​ជា​កីឡាករ និង​ជា​គ្រូបង្វឹក​ផង​រយៈពេល​២០​ឆ្នាំ​។ ក្លិប​ក៏​បាន​ជូនពរ​ឱ្យ​គាត់​បន្ត​ទទួល​បាន​ជោគជ័យ ក្នុង​អាជីព​ជា​គ្រូបង្វឹក​នា​ពេល​អនាគត​ផង​ដែរ​។

លោក មាស ចាន់​ណា មាន​បទ​ពិសោធ​ក្នុង​វិស័យ​បាល់ទាត់​ប្រមាណ ២០​ឆ្នាំ​ជាមួយ​ណា​ហ្គា​វើ​ល (១៣​ឆ្នាំ​ជា​កីឡាករ និង​៧​ឆ្នាំ​ជា​គ្រូបង្វឹក​)​។ លោកគ្រូ​ធ្លាប់​ជា​អតីត​កីឡាករ​ឆ្នើម​មួយ​រូប​ដែល​ពាក់​ស្លាក​លេខ​៧​និង​ជា​ប្រធាន​ក្រុម​ផង​ដែរ​។ អតីត​កីឡាករ​ក្រុម NagaWorld រូប​នេះ​ពូកែ​ខាងលើ​បាល់​ចូល​ប្រអប់​គ្រោះថ្នាក់ ក៏​ដូច​ជា​ការ​លើក​បាល់​ជ្រុង​និង​ការ​ទាត់​បាល់​ហ្វ្រី​ឃី​ក​។ ក្រោយ​ការ​ប្រកាស​របស់​ក្លិប លោក មាស ចាន់​ណា បាន​សរសេរ​បែប​នេះ​នៅ​លើ​បណ្ដាញ​សង្គម​៖ «​បង​សូម​អរគុណ​ដល់​ប្អូន​ៗ​ដែល​ជា​កីឡាករ​ណា​ហ្គា​វើ​ល​ទាំ​អស់​ដែល​យើង​បាន​រួមរស់​ជាមួយ​គ្នា ហត់នឿយ​ជាមួយ​គ្នា សប្បាយ​ជាមួយ​គ្នា តែ​ពេល​នេះ​ជា​ពេលវេលា​ដែល​យើង​ត្រូវ​បែក​គ្នា បាល់ទាត់​តែ​ប៉ុណ្ណឹង សូម​ប្អូន​ៗ​បន្ត​ការ​ហ្វឹកហាត់​អោយ​បាន​ល្អ​ដើម្បី​អាជីព​បាល់ទាត់​» ។

គ្រូបង្វឹក​ លោក មាស ចាន់​ណា

៤-លោក មាស សំ​អឿ​ន គ្រូ​បង្វឹក​ក្រុម​អគ្គី​ស​នី​កម្ពុជា បាន​ប្រកាស​លាលែង​ចាក​ចេញពី​តំណែង​ពី​ក្រុម កាលពី​រសៀល​ថ្ងៃ​អង្គារ ទី ២៣ ខែ​វិច្ឆិកា ឆ្នាំ ២០២១ ដោយ​អតីត​គ្រូ​បង្វឹក​ក្រុម​បៀ​ល​ប្រាយ​យូ​ណាយ​ធី​ត វេ​ស្ទើ​ន​ភ្នំពេញ រូប​នេះ​បាន​បញ្ជាក់​ថា​ «​ពេល​នេះ ខ្ញុំ មាស សំ​អឿ​ន បាន​បញ្ចប់​កុងត្រា​ជាមួយ​ក្រុម​អគ្គី​ស​នី​កម្ពុជា ជា​ចុង​ក្រោយ ខ្ញុំ​សូម​ជូនពរ​ឱ្យ​ក្រុម​អគ្គី​ស​នី​កម្ពុជា នឹង​មាន​ការ​រីក​ចម្រើន​ទៅ​អនាគត​»​។

គ្រូ​បង្វឹក លោក មាស សំ​អឿ​ន

៥-ក្លិប​បាល់ទាត់​អង្គ​រថា​យ​ហ្គឺ​រ បាន​ប្រកាស​ចែកផ្លូវ​ជាមួយ​គ្រូបង្វឹក​សញ្ជាតិ​អេ​ស្ប៉ា​ញ​លោក Oriol Segura បន្ទាប់​ពី​ដឹកនាំ​ក្រុម​អស់​រយ​:​ពេល​៤​ឆ្នាំ ពោល​គឺ​ចាប់ពី​ឆ្នាំ​២០១៧-២០២១ សរុប​១០០​ប្រកួត​គត់​។

​គ្រូបង្វឹក​សញ្ជាតិ​អេ​ស្ប៉ា​ញ​ លោក Oriol Segur

៦-ក្លិប​បាល់ទាត់​កង​យោធពលខេមរភូមិន្ទ បាន​សម្រេច​សម្រេច​បញ្ចប់​កិច្ចសន្យា​ជាមួយ​លោក Lee Tae-hoon មុន​ពេល​កំណត់ បន្ទាប់​ពី​ដឹកនាំ​ក្រុម​បង្ហាញ​ទម្រង់​លេង​មិនសូវ​បាន​ល្អ​។

​លោក Lee Tae Hoon

គួរ​បញ្ជាក់​លោក Lee Tae Hoon ត្រូវ​បាន​ក្លិប​កង​យោធពលខេមរភូមិន្ទ ប្រកាស​តែងតាំង​ជា​គ្រូ​បង្គោល​នៅ​ថ្ងៃ​ទី​០១ ខែមិថុនា ឆ្នាំ​២០២១ ជាមួយ​កិច្ចសន្យា​រយៈពេល​២​ឆ្នាំ ខណ​:​គ្រូបង្វឹក​សញ្ជាតិ​កូរ៉េ​ខាងត្បូង​រូប​នេះ​ទើបតែ​ដឹកនាំ​ក្រុម​បាន​ត្រឹមតែ​៥​ខែ​កន្លះ​ប៉ុណ្ណោះ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ