ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋសភា​បើកភ្លើង​ខៀវ​ដល់ CPP និង CNRP​ប្រើ​វប្បធម៌​សន្ទនា​ដោះស្រាយ​នយោបាយ​រួម

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​រដ្ឋសភា​លោក ឡេ​ង ប៉េង​ឡុ​ង បាន​សម្តែង​សុទិដ្ឋិនិយម​ចង់​ឃើញ​ក្រុម​អ្នកតំណាង​រាស្ត្រ​ភាគច្រើន​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​(CPP) និង​ក្រុម​តំណាងរាស្ត្រ​ភាគី​តិច​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​(CNRP)

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​រដ្ឋសភា​លោក ឡេ​ង ប៉េង​ឡុ​ង បាន​សម្តែង​សុទិដ្ឋិនិយម​ចង់​ឃើញ​ក្រុម​អ្នកតំណាង​រាស្ត្រ​ភាគច្រើន​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​(CPP) និង​ក្រុម​តំណាងរាស្ត្រ​ភាគី​តិច​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​(CNRP) ចូល​តុ​ពិភាក្សា​ដោះស្រាយ​បញ្ហា​នយោបាយ​រួម​គ្នា​តាម​រយៈ​វប្បធម៌​សន្ទនា ។

ការ​ចង់​ឃើញ​ជំនួប​ចរចា​ទ្វេភាគី​នេះ បន្ទាប់​ពី​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ធ្លាប់​បាន​ប្រកាស​បើកភ្លើង​ខៀវ​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ជួប​ចរចា​តាម​រយៈ​អគ្គលេខាធិការ​រដ្ឋសភា​។ ប៉ុន្តែ​បើ​តាម​អ្នកនាំពាក្យ​រដ្ឋសភា​ថា រហូត​មក​ដល់​ពេល​នេះ ខាង​គណបក្ស​សង្គ្រោះ​ជាតិ​មិន​មាន​ធ្វើ​លិខិត ក៏​ដូច​ជា​សំណើ​ណាមួយ​មក​កាន់​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​នោះ​ទេ ។

លោក ឡេ​ង ប៉េង​ឡុ​ង បាន​ប្រាប់​អ្នក​សារព័ត៌មាន​នា​ព្រឹក​ថ្ងៃ​ទី​១៩ ខែឧសភា នៅ​វិមាន​រដ្ឋសភា​ថា លោក​ចង់ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​ចរចា​គ្នា ដើម្បី​ដោះស្រាយ​បញ្ហា​នយោបាយ​រួម​គ្នា កុំ​យក​ខ្មែរ​ជាស​ត្រូវ ។

លោក​គូសបញ្ជាក់​ថា «​ខ្ញុំ​យល់​ឃើញ​ថា​ការ​ជួប​ចរចា​គ្នា​ជា​ការ​ល្អ ការ​ស្រុះស្រួល​គ្នា​ជា​ការ​ល្អ ស្រុះស្រួល​គ្នា​រវាង​ខ្មែរ​និង​ខ្មែរ​ជា​ការ​ល្អ  ហើយ​ចង់​ឲ្យ​ស្រុះស្រួល​គ្នា​ជួប​ចរចា​គ្នា​ជា​ការល្អ ។ អា​ហ្នឹ​ដើម្បី​ផលប្រយោជន​ខ្មែរ​ទាំងអស់​គ្នា​ដើម្បី​បម្រើ​ដល់​ជនជាតិ​ខ្មែរ​ទាំងអស់ »​។

ជាមួយ​គ្នា​នេះ លោក ឡេ​ង ប៉េង​ឡុ​ង បានឱ្យ​ដឹង​ថា រដ្ឋសភា​កំពុង​រង់ចាំ​សំណើ​ពី​ក្រសួងយុត្តិធម៌ ។ លោក​បញ្ជាក់​ថា «​តាម​ច្បាប់​សភា​ត្រូវ​តែ​យក​មក​ពិនិត្យ តែ​ខ្ញុំ​មិន​បាន​ចាំ​ទេ ។ ប៉ុន្តែ​ច្បាប់​ចែង​ថា ទាល់តែ​មានការ​ស្នើ​សុំ​របស់​ក្រសួងយុត្តិធម៌ ទើប​យក​មក​ពិនិត្យ​បាន​» ។

ទោះបីជា​មាន​សំណួរ​ថា តើ​បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា​មាន​ចំណុច​ណាមួយ​អាច​ឱ្យ​រដ្ឋសភា​ព្យួរ ឬ​ឱ្យ​តុលាការ​នាំ​ខ្លួន​សមាជិក​សភា​ក្នុង​ការ​គេចវេះ​មិន​ចូល​តុលាការ? លោក ឡេ​ង ប៉េង​ឡុ​ង ថ្លែង​ថា បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា​ធ្វើ​ឡើង​ដើម្បី​ដំណើរការ​រដ្ឋសភា ។ ចំពោះ​ដំណើររឿង​ក្តី​មានច្បាប់​ផ្សេង​ៗ​ដូច​ជា ច្បាប់រដ្ឋធម្មនុញ្ញ ច្បាប់ព្រហ្មទណ្ឌ ជាដើម ។

លោក ឡេ​ង ប៉េង​ឡុ​ង លើក​ឡើង​ទៀត​ថា ប្រសិនបើ​មាន​សំណើ​ពី​ក្រសួងយុត្តិធម៌​នោះ រដ្ឋសភា​នឹង​ពិនិត្យ ហើយ​ពេល​នេះ​រដ្ឋសភា​កំពុង​រង់ចាំ​លិខិត​ជា​ផ្លូវការ​របស់​ក្រសួងយុត្តិធម៌​ដាក់​ជូន​រដ្ឋសភា​ក្នុង​ការ​សម្រេច​ថា ដក ឬ​ព្យួរ​អភ័យឯកសិទ្ធិ​លោក កឹ​ម សុខា  សមាជិក​សភា  និង​ជា​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​នោះ ។

ទោះបីជា​ភាគី​គណបក្ស​ប្រជាជន​កម្ពុជា​ធ្លាប់​បាន​ប្រកាស​ថា បើកទ្វារ​ចំហ​សម្រាប់​ការ​ចរចា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ពេល​ថ្មី​ៗ​នេះ​យ៉ាងណា​ក្តី ក៏​លោក ឡេ​ង ប៉េង​ឡុ​ង អ្នកនាំពាក្យ​រដ្ឋសភា​ថ្លែង​ថា រហូត​មក​ដល់​ពេល​នេះ​មិនឃើញ​គណបក្ស​សង្គ្រោះ​ជាតិ​ទាក់ទង ឬ​ធ្វើការ​ចរចា​ជាមួយ​គណបក្ស​ប្រជាជន​នៅឡើយ​ទេ ។

មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ធ្លាប់​បាន​លើក​ឡើង​ថា គណបក្ស​មិន​ទាន់​ដាក់​សំណើ​ដើម្បី​ពិភាក្សា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​ទេ ។ ប៉ុន្តែ​បើ​មានការ​ចរចា​មែន​នោះ មាន​ករណី​ការ​ចាប់ខ្លួន ការ​ឃុំខ្លួន​របស់​ស្ថាប័ន​តុលាការ​លើ​សមាជិក​សភា​ទាំង​រំលោភច្បាប់ គឺ​នៅ​មាន​អភ័យ​សិទ្ធិ ។

ការ​ចង់ឱ្យ​មាន​ជំនួប​ចរចា​រវាង​តំណាង​ក្រុម​ភាគច្រើន​និង​ភាគតិច​ក្នុង​សភា គឺ​បន្ទាប់​ពី​អ្នកវិភាគ​មួយ​ចំនួន​យល់​ឃើញ​ថា ស្ថានភាព​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​កំពុង​តែ​ឡើងក​ម្តៅ​។ ពិសេស​នោះ ការ​ឃុំខ្លួន​សមាជិក​សភា​គណបក្សប្រឆាំង និង​ការ​ចាប់ខ្លួន​មន្ត្រី​អង្គការ​សង្គម​ស៊ី​វិល​នា​ពេល​កន្លង​មក ៕