ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​បើក​ឲ្យ​ប្រជាជន​ចូល​ធ្វើការ​នៅ​កម្ពុជា​វិញ តែ​ចំពោះ​ពលរដ្ឋ​មួយ​ចំនួន​(​វី​ដេ​អូ​)

2 ឆ្នាំ មុន
  • ស្វាយរៀង

ភាគី​វៀតណាម បាន​បើក​ឲ្យ​ប្រជាជន​ចូល​មក​ធ្វើការ និង​ប្រកប​មុខរបរ​រកស៊ី​នៅ​ប្រទេស​កម្ពុជា​សា​ជា​ថ្មី​វិញ​ហើយ​ក្នុង​ខែធ្នូ​នេះ ចំពោះ​ប្រជាជន​ណា​ដែល​បាន

ខេត្តស្វាយរៀង ៖ ភាគី​វៀតណាម បាន​បើក​ឲ្យ​ប្រជាជន​ចូល​មក​ធ្វើការ និង​ប្រកប​មុខរបរ​រកស៊ី​នៅ​ប្រទេស​កម្ពុជា​សា​ជា​ថ្មី​វិញ​ហើយ​ក្នុង​ខែធ្នូ​នេះ ចំពោះ​ប្រជាជន​ណា​ដែល​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​១៩ គ្រប់​ដូ​ស​។

បើ​តាម​មន្ត្រី​ច្រក​ទ្វា​ព្រំដែន​អន្តរជាតិ​បា​វិត ក្រុង​បា​វិត បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែធ្នូ ឆ្នាំ​២០២១ នេះ​ថា មាន​ប្រជាជន​វៀត​ណាម ចូល​មក​កម្ពុជា តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បា​វិត​នៅ​ដើមខែ​ធ្នូ ឆ្នាំ​២០២១​នេះ ជា​បណ្តើរ​ៗ​ហើយ បើ​គិត​ចាប់ពី​ថ្ងៃ​ទី​១ ខែធ្នូ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​៧ ខែធ្នូ​នេះ គឺ​សរុប​ជាង​១,០០០​នាក់ ក្នុង​នោះ​មាន​ទិដ្ឋាការ​តាម​រយៈ​ក្រុមហ៊ុន​ចូល​មក​ធ្វើការ​ជា​បុគ្គលិក​ក្រុមហ៊ុន និង​មាន​អ្នក​មក​ជា​ភ្ញៀវ​ទេសចរណ៍​ផង​ដែរ​។

លោក​ង៉ូ​វ សុខា មន្ត្រី​ច​ត្តា​ឡី​ស័ក​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​ប្រចាំ​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បា​វិត បាន​ឲ្យ​ដឹង​ថា ដោយ​អនុវត្ត​តាម​ប្រសាសន៍​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល បាន​ផ្តល់​អនុសាសន៍​នៅ​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២១ កន្លង​ទៅ​ថា អនុញ្ញាតិ​ឲ្យ​ភ្ញៀវ​បររទេស​ចូល​មក​ព្រះរាជាណាចក្រ​កម្ពុជា គឺ​អ្នក​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​១៩ ពេញ​លេញ «​គ្រប់​ដូ​ស​»​។ ហើយ​ចំពោះ​ជន​បររទេស ដែល​ជា​ជនជាតិ​វៀតណាម តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បា​វិត គឺ​ទី​១- បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​-១៩ ពេញលេញ​គ្រប់​ដូ​ស ។ ទី​២- មាន​លិខិត ធ្វើ​តេ​ស្តិ៍ CPR ចេញ​ដោយ​វេជ្ជបណ្ឌិត​ប្រទេស​វៀតណាម​ក្នុង​រយៈពេល​៧២​ម៉ោង​។

មន្ត្រី​ដដែល​បន្ត​ទៀត​ថា ក្រោយ​ពី​ពិនិត្យ​ឃើញ​ឯកសារ​ទាំង​២​នេះ​រួច មន្ត្រី​នគ​បាល​អន្តោប្រវេសន៍​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បា​វិត បាន​បញ្ជូន​ជនបរទេស​ទាំងនោះ មក​មន្ត្រី​ជំនាញ​ច​ត្តា​ឡី​ស័ក ដើម្បី​ពិនិត្យ​ធ្វើ​តេ​ស្តិ៍​រហ័ស​ម្តងទៀត បើ​អវិជ្ជមាន គឺ​អនុញ្ញាតិ​ឲ្យ​ធ្វើ​ដំណើរ​ចូល​ទៅ​តាម​គោលដៅ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ប៉ុន្តែ​បើ​វិជ្ជមាន​កូ​វី​-១៩​វិញ គឺ​បញ្ជូន​ទៅ​ប្រទេស​វៀតណាម​វិញ​ភ្លាម​ៗ​តែ​ម្តង​។

មន្ត្រី​ដដែល​បន្ត​ទៀត​ថា ក៏​ប៉ុន្តែ​ប្រសិនបើ​ភ្ញៀវ​ជនបរទេស​ណា ចង់​ស្នាក់​នៅ​ព្យាបាល​នៅ​ក្នុង​ប្រទេស​កម្ពុជា គឺ​ត្រូវ​បង់ប្រាក់​សម្រាប់​ការ​ព្យាបាល ដោយ​ក្នុង​ម្នាក់​២,៥០០​ដុល្លារ​ទៅ​៣,០០០​ដុល្លារ​សហរដ្ឋអាមេរិក​។ ចំពោះ​ជនបរទេស​ដែល​ចាក់​វ៉ា​ក់​សាំ​មិន​គ្រប់ និង​គ្មាន​លិខិតបញ្ជាក់​ការ​ធ្វើ​តេ​ស្តិ៍ CPR ពី​វេជ្ជបណ្ឌិត​ប្រទេស​វៀតណាម​នោះ​ទេ គឺ​ក្រោយ​ពី​ធ្វើ​តេ​ស្តិ៍​រហ័ស​អវិជ្ជមាន​កូ​វី​ដ​១៩ ក៏​តម្រូវ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ ទើប​អនុញ្ញាតិ​ឲ្យ​ធ្វើ​ដំណើរ​ចូល​ក្នុង​កម្ពុជា​។

លោក​ង៉ូ​វ សុខា ក៏​បាន​បញ្ជាក់​ដែរ​ថា នៅ​ថ្ងៃ​ទី​១ ខែធ្នូ ឆ្នាំ​២០២១​នេះ ជនជាតិ​វៀតណាម​បាន​ចូល​មក​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរ​ជាតិ​បា​វិត សរុប​គឺ​១៣៧​នាក់ ហើយ​បាន​ចាក់​វ៉ាក់សាំង​ពេញលេញ​ចំនួន​១៣៤​នាក់ ក្នុង​នោះ​ក្មេង​២​នាក់ និង​មន្ត្រី​ស្ថានទូត​ម្នាក់ ។ ថ្ងៃ​ទី​២ ខែធ្នូ ជនជាតិ​វៀតណាម​សរុប​ចំនួន​១១៧​នាក់ ក្នុង​នោះ​ក្មេង​ម្នាក់ ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ (​ចាក់​វ៉ាក់សាំង​មិន​គ្រប់​ដូ​ស​)​។

លោក​បន្ត​ថា ថ្ងៃ​ទី​៣ ខែធ្នូ ជនជាតិ​វៀតណាម​ចំនួន​៣១៥​នាក់ វ៉ាក់សាំង​ពេញលេញ​ចំនួន​៣១០​នាក់ ក្នុង​នោះ​ក្មេង​ចំនួន​០៣​នាក់ និង​មនុស្ស​ពេញវ័យ​ចំនួន​២​នាក់​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​។ នៅ​ថ្ងៃ​ទី​៤ ខែធ្នូ មាន​ជនជាតិ​វៀតណាម​ចំនួន​១៤៧​នាក់ វ៉ាក់សាំង​ពេញលេញ​១៤៣​នាក់ ក្នុង​នោះ​ក្មេង​ចំនួន​០៣​នាក់ និង​មនុស្ស​ពេញវ័យ​ម្នាក់​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ ។ ចំណែក​ថ្ងៃ​ទី​៥ ខែធ្នូ​វិញ ក៏​មាន​ជនជាតិ​វៀតណាម​ចំនួន​៧៤​នាក់ វ៉ាក់សាំង​ពេញលេញ​ចំនួន​៧៣​នាក់ ក្នុង​នោះ​ក្មេង​ម្នាក់​។

លោក​បន្ត​ទៀត​ថា ថ្ងៃ​ទី​៦ ខែធ្នូ ជនជាតិ​វៀតណាម សរុប​១៤២​នាក់ វ៉ាក់សាំង​ពេញលេញ​ចំនួន​១៤១​នាក់ ក្នុង​នោះ​ម្នាក់​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ (​វ៉ាក់សាំង​មិន​គ្រប់​ដូ​ស​)​។ ចំណែក​នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែធ្នូ នេះ គិត​ត្រឹម​ម៉ោង​១១​និង​៣០​នាទី​ព្រឹក មាន​ជនជាតិ​វៀត​ណាម​ចូល​មក​កម្ពុជា​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បា​វិត ក្រុង​បា​វិត សរុប​ចំនួន​៨៩​នាក់ បាន​ចាក់​វ៉ាក់សាំង​ពេញលេញ និង​មាន​លិខិតបញ្ជាក់​ថា​បាន​ពិនិត្យ​ធ្វើ​តេ​ស្តិ៍ CPR ចេញ​ដោយ​វេជ្ជបណ្ឌិត​វៀតណាម និង​បាន​ធ្វើ​តេ​ស្តិ៍​រហ័ស ដោយ​មន្ត្រី​ច​ត្តា​ឡី​ស័ក​នៃ​មន្ទីរ​សុខាភិបាល​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បា​វិត ជា​លទ្ធផល​គឺ​អវិជ្ជមាន​កូ​វី​ដ​១៩​។ ដូច្នេះ ក្នុង​រយៈពេល​៧​ថ្ងៃ ដែល​មាន​ជនបរទេស​ជនជាតិ​វៀតណាម​ចូល​មក​កម្ពុជា គឺ​មាន​ចំនួន​សរុប​១,០២១​នាក់​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ