ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ៣៨​ខ្សែ នៅ​ក្រុង​សៀមរាប គិត​ត្រឹម​ខែវិច្ឆិកា សម្រេច​បាន​ជិត​៩៣%

2 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ឯកឧត្ដម​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន និង​ជា​អនុប្រធាន​ប្រចាំការ នៃ​គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ៣៨​ខ្សែ…

ខេត្តសៀមរាប ៖ ឯកឧត្ដម​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន និង​ជា​អនុប្រធាន​ប្រចាំការ នៃ​គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ៣៨​ខ្សែ នៅ​ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប នៅ​ថ្ងៃ​ទី​០៧ ខែធ្នូ ឆ្នាំ​២០២១​នេះ បាន​អញ្ជើញ​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស​ចុះ​ពិនិត្យ វឌ្ឍនភាព នៃ​គម្រោង​ស្ថាបនា ដោយ​មានការ​ចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ​ក្រសួង អភិបាលខេត្ត​សៀមរាប មន្ត្រី​ជំនាញ​បច្ចេកទេស​ក្រោម​ឱវាទ​ក្រសួង និង​ភាគី​ពាក់ព័ន្ធ​ផង​ដែរ ។

ការ​ចុះ​ត្រួតពិនិត្យ​ការ​ស្ថាបនា​ផ្លូវ​នេះ ធ្វើ​ឡើង​ក្នុង​គោលបំណង ដើម្បី​ពិនិត្យ​គុណភាព នៃ​ការ​សាងសង់ ជំរុញ​ឱ្យ​អង្គភាព​សាងសង់ អនុវត្ត​តាម​លក្ខណៈ​បច្ចេកទេស សៀវភៅ​បន្ទុក​ឱ្យ​បាន​ត្រឹមត្រូវ និង​ស្តង់ដារ ដែល​អាច​ទទួលយក​បាន ពោល​គឺ ធ្វើ​ផ្លូវ​ឱ្យ​មានគុណ​ភាពរឹងមាំ អាច​ប្រើប្រាស់​ជាប់​បាន​យូរអង្វែង និង​បញ្ចប់​តាម​ផែនការ​គ្រោងទុក ។

ក្នុង​ដំណើរ​ចុះ​ពិនិត្យ​ស្ថានភាព​នៃ​ការ​សង់​សង់​នា​ពេល​នេះ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​បាន​អញ្ជើញ​ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង ដឹកនាំ​ក្រុម​ជំនាញ​បច្ចេកទេស​ពាក់ព័ន្ធ ចុះ​ពិនិត្យ​បច្ចេកទេស នៃ​ការ​អ៊ុត​កៅស៊ូ​បេតុង (AC) ការ​ដាំ​កូន​រុក្ខជាតិ​លម្អ​សោភ័ណ​ភាព នៅ​តាម​បណ្ដោយ​ទ្រូងផ្លូវ ការ​អ៊ុត​ភ្ជាប់​មុខតំណ​បេតុង​កៅស៊ូ គំនូស​សញ្ញា​ចរាចរណ៍ គំនូស​ចែក ទ្រូងផ្លូវ រង្វង់​មូល​ព្រះរាជ​ដំណាក់ ខឿន​ចិញ្ចើម​ផ្លូវ គំនូស​សញ្ញា​ចរាចរណ៍ សម្រាប់​អ្នក​ថ្មើរជើង ការ​ដាំ​ស្មៅ និង​ផ្កា​លំអ​សួន និង​ការ​ដាំ​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​សាធារណៈ ផង​ដែរ ។

ជាមួយ​គ្នា​នេះ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ក៏​បាន​សំណូមពរ​ផង​ដែរ​ឱ្យ​ក្រុមការងារ​ជំនាញ​បច្ចេកទេស​ពាក់ព័ន្ធ​ពិនិត្យ​លទ្ធភាព​ដាំ​ផ្កា​មុខ​ផ្លូវ​ចូល​ទៅ​កាន់​ប្រាសាទអង្គរវត្ត ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ​-​អន្តរជាតិ ស័ក្តិ​សមជា​មជ្ឈមណ្ឌល​វប្បធម៌ ប្រវត្តិសាស្ត្រ ក៏​ដូច​ជា​ជួយ​បង្កើន​សោភ័ណ​ភាព​ថែម​មួយ​កម្រិត​ទៀត និង​ត្រូវ​យកចិត្តទុកដាក់​លើ​ការ​ដឹក​ជញ្ជូន​កៅស៊ូ​ស្រោច​ផ្លូវ​ឱ្យ​បាន​ហ្មត់ចត់​ទៅ​កាន់​ការដ្ឋាន ជៀសវាង​កុំឱ្យ​ស្រក់​នៅ​តាម​ដងផ្លូវ ធ្វើ​ឱ្យ​បាត់បង់​សោភ័ណ​ភាព​ផ្លូវ ដែល​បាន​ស្ថាបនា​រួច ។ ហើយ​ក្រុមការងារ​ជំនាញ​បច្ចេកទេស​របស់​អង្គភាព​សាងសង់​ទាំងអស់ ត្រូវ​ជិះ​កង់ ឬ​ដើរ​ត្រួតពិនិត្យ​គុណភាព​ផ្លូវ ដែល​បាន​អ៊ុត​កៅស៊ូ​រួច ដើម្បី​ធានា​បាន​នូវ​គុណ​ភាពរឹងមាំ​ប្រើប្រាស់​ជាប់​បាន​យូរអង្វែង ។

បន្ថែម​ពីលើ​នេះ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ក៏​បាន​អញ្ជើញ​ចុះ​ពិនិត្យ​មើល​ស្ពាន ដែល​បាន​សាងសង់​ឆ្លងកាត់​ដងស្ទឹង​សៀមរាប ផង​ដែរ និង​បាន​ស្នើ​ឱ្យ​អ្នកជំនាញ​បច្ចេកទេស​ក្រោម​ឱវាទ​លាបថ្នាំ​ពណ៌​ដូច​គ្នា​លើ​តួ​ស្ពាន និង​បង្កាន់ដៃស្ពាន​ចំនួន​ប្រាំ​កន្លែង ។

ជា​លទ្ធផល​នៃ​ការ​ត្រួតពិនិត្យ ទាក់ទង​នឹង​ការ​អ៊ុត​បេតុង​កៅស៊ូ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី បាន​ពិនិត្យ​ឃើញ​បញ្ហា​កំហុស​បច្ចេកទេស​បន្តិចបន្តួច ក្នុងអំឡុងពេល​ធ្វើការ​អ៊ុត​កៅស៊ូ និង​បាន​ណែនាំ​ឱ្យ​ក្រុមការងារ​បច្ចេកទេស​របស់​អង្គភាព​សាងសង់ ក៏​ដូច​ជា​អ្នកជំនាញ​បច្ចេកទេស​ពាក់ព័ន្ធ​ធ្វើការ​កែតម្រូវ​ឱ្យ​បាន​សម​ស្រប​ទៅ​នឹង​ស្តង់ដា​បច្ចេកទេស នៃ​ការ​សាងសង់ ។

សូម​ជម្រាប​ជូន​ថា យោង​តាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​បច្ចេកទេស នៃ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បានឱ្យ​ដឹង​ថា វឌ្ឍនភាព​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ចំនួន ៣៨​ខ្សែ នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប​នេះ គិត​ត្រឹម​ខែវិច្ឆិកា ឆ្នាំ​២០២១ សម្រេច​បាន ៩២,៧២% នៃ​ទំហំ​ការងារ​សរុប ។

គួរ​រម្លឹក​ថា គម្រោង​កែ​លម្អ ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប ចំនួន ៣៨​ខ្សែ​នេះ មាន​ប្រវែង​សរុប ១០៦,៤២ គីឡូម៉ែត្រ ប្រើប្រាស់​ថវិកាជាតិ សរុប​ប្រមាណ​ជាង ១៤៩,២១៦,៥៩៥ ដុល្លារ​អា​មេ​រិ​ក ដោយ​ក្នុង​នោះ ចំនួន ៩​លាន​ដុល្លារ​អា​មេ​រិ​ក ចំណាយ​លើ​ការងារ​ចាំបាច់ ក្នុង​ការ​រៀបចំ ស្ថាបនា​ប្រព័ន្ធ​បង្ហូរ​ទឹកភ្លៀង និង​ទឹក​កខ្វក់ ស្ថិត​ក្រៅ​គម្រោង​សាងសង់​ខ្សែ​ផ្លូវ​ទាំង​៣៨​នេះ ចំណាយ ពេល​សាងសង់​ចំនួន​១៣​ខែ គ្រោង​នឹង​បញ្ចប់​នៅ​ចុងឆ្នាំ​២០២១ ត្រូវ​បាន​សម្ពោធ​បើក​ការដ្ឋាន​សាងសង់ កាលពី​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ