រាជធានីភ្នំពេញ ៖ យោងតាមសេចក្តីប្រកាសព័ត៌មានថ្ងៃទី៥ មីនា ២០១១ ដែលកោះសន្តិភាពទទួលបានឱ្យដឹងថា ដោយមានការឧបត្ថម្ភពីប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជាក្លឹបអ្នកកាសែតកម្ពុជានឹងរៀបចំវេទិកាពិភាក្សាក្រោមប្រធានបទ (សារព័ត៌មាន និងតួនាទីក្នុងការលើកកម្ពស់សិទ្ធិមនុស្ស) គ្រោងនឹងធ្វើនៅថ្ងៃទី១០ មីនា ២០១១ នៅសណ្ឋគារឡឺរ៉ូយ៉ាល់ ដើម្បីឱ្យអ្នកសារព័ត៌ មានបានយល់ដឹង និងពិភាក្សាបន្ថែមលើស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ព្រមទាំងតួនាទីរបស់អ្នកសារព័ត៌មានក្នុងការលើកកម្ពស់សិទ្ធិមនុស្ស ជាពិសេសសិទ្ធិស្ត្រី សិទ្ធិកុមារជាដើម ។
ក្លឹបអ្នកកាសែតកម្ពុជាបន្តថា វេទិកានេះ នឹងមានការអញ្ជើញចូលរួមពីវាគ្មិនសំខាន់ៗដូចជា លោករ៉ា ហ្វែល ដូចូវ ម៉ូរឺណូ (Rafael Dochao Moreno) ភារៈធារីប្រតិភូសហភាពអឺរ៉ុបប្រចាំនៅព្រះរាជាណាចក្រកម្ពុជា មន្ត្រីរាជរដ្ឋាភិបាល និងមន្ត្រីជំនាញផ្នែកសិទ្ធិមនុស្សមកពីអង្គការមិនមែនរដ្ឋាភិបាលនានា ។
នៅក្នុងគម្រោងនេះមានអ្នកកាសែត៥០នាក់ ដោយរួមទាំងអ្នកកាសែតមកពីបណ្តាខេត្តចំនួន២០នាក់ផង នឹងទទួលបានការបណ្តុះបណ្តាលដោយអ្នកច្បាប់ អ្នកឯកទេសខាងសិទ្ធិមនុស្ស និងអ្នកកាសែតកម្ពុជាដែលមានបទពិសោធន៍លើផ្នែកនេះ ៕
ចែករំលែកព័តមាននេះ