ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​1-3​ម៉ា​ឡេ​ស៊ី ថ្ងៃ​បើក​ឆាក​ពូ​ល B ពានរង្វាន់ AFF Suzuki Cup 2020 

2 ឆ្នាំ មុន

សិង្ហ​បុរី ៖ ក្រុមបាល់ទាត់​ជម្រើសជាតិកម្ពុជា បាន​ប្រកួត​ចាញ់​ក្រុមបាល់ទាត់​ជម្រើសជាតិ​ម៉ា​ឡេ​ស៊ី ១-៣ ក្នុង​ថ្ងៃ​បើក​ឆាក​ពូ​ល B

សិង្ហ​បុរី ៖ ក្រុមបាល់ទាត់​ជម្រើសជាតិកម្ពុជា បាន​ប្រកួត​ចាញ់​ក្រុមបាល់ទាត់​ជម្រើសជាតិ​ម៉ា​ឡេ​ស៊ី ១-៣ ក្នុង​ថ្ងៃ​បើក​ឆាក​ពូ​ល B នៃ​ពានរង្វាន់​បាល់ទាត់ AFF Suzuki Cup 2020 កាលពី​ល្ងាច​ថ្ងៃ​ទី​៦ ខែធ្នូ ឆ្នាំ​២០២១ លើ​ទីលាន​កីឡដ្ឋាន Bisan Stadium ប្រទេស​សិង្ហ​បុរី​។

គ្រាប់​បាល់​ជ័យជម្នះ​របស់​ក្រុម​ជម្រើសជាតិ​ម៉ា​ឡេ​ស៊ី រកបាន​ដោយ​កីឡាករ Safawi Rasid តាម​រយៈ​ការ​ទាត់​បាល់​ពិន័យ​១១​ម៉ែត្រ​នៅ​នាទី​ទី​២៣ បន្ទាប់​ពី​កីឡាករ​កម្ពុជា​ធ្វើ​ឱ្យ​មាន​កំហុសក្នុង​តំបន់​គ្រោះថ្នាក់​របស់​ខ្លួន ។ ចូល​ដល់​តង់​ទី​២នៅ​នាទី​ទី​៦១ កីឡាករ Akhyar Abdul Rashid របស់​ម៉ា​ឡេ​ស៊ី​រកបាន​គ្រាប់​បាល់​ទី​២ និង​កីឡាករ M. Kogileswaran Raj រកបាន​គ្រាប់​បាល់​ទី​៣​នៅ​នាទី​ទី​៧៨ ។ ចំណែក​១​គ្រាប់​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា រកបាន​ដោយ​កីឡាករ​បម្រុង សាត រ៉ូ​ស៊ីប នៅ​នាទី​ទី​៩០+១​ដោយ​ការ​ទាត់​បាល់​ពិន័យ​១១ម៉ែត្រ​។

លោក Tan Cheng Hoe គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ម៉ា​ឡេ​ស៊ី​ បាន​ហៅ​ការ​ឈ្នះ​នេះ​ជា​ការ​ចាប់ផ្ដើម​ជា​វិជ្ជមាន ប៉ុន្តែ​នៅ​មាន​ចំ​ណុច​មួយ​ចំនួនដែល​ត្រូវ​ដោះស្រាយ ។ ទោះបី​យ៉ាងណា លោកTan Cheng Hoe និយាយ​ថា​៖«​ខ្ញុំ​ពិតជា​រីករាយជាមួយ​ការ​ប្រកួត​មួយ​នេះ ទោះបីជា​អ្នក​អាចមើលឃើញ​ថា យើង​បាន​តស៊ូ​ដំបូង​ជាមួយនឹង​សន្ទុះ និង​វិធី​ដែល​យើង​ចង់​លេង ប៉ុន្តែប្រាកដ​ណាស់​ថា យើង​ត្រូវ​តែ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ក្នុង​ផ្នែក​ជាក់លាក់​។​»

ចំណែក​លោក Ryu Hirose គ្រូបង្វឹក​ក្រុមជម្រើសជាតិ​កម្ពុជា បាន​ហៅ​ការ​ចាញ់​នេះ​ថា​ជា​លទ្ធផល​ខកចិត្ត​មួយ ប៉ុន្តែ​ជា​ចំណុច​វិជ្ជមាន​ដែលអាច​ទទួលយក​បាន ។ លោក Ryu Hiroseនិយាយ​ថា​៖«​វា​ជា​ការ​ចាញ់​ដ៏​ខកចិត្ត​មួយ ប៉ុន្តែខ្ញុំ​គិត​ថា យើង​លេង​បាន​ល្អ ហើយ​អាច​រក្សា​បាល់បាន​យ៉ាង​ល្អជា​មួយគូ​ប្រជែង​ខ្លាំង​ដូច​ជាម៉ា​ឡេ​ស៊ី​ ។ ជាក់ស្ដែង យើង​នឹង​មិន​ចុះចាញ់ឡើយ ហើយ​យើង​បានឃើញ​ចំណុច​ល្អជា​ច្រើនក្នុងអំឡុងពេល​ការ​ប្រកួត ដែល​យើង​អាច​រក្សា​គោលការណ៍​ជា​មូលដ្ឋាន​របស់​យើង​ក្នុង​ការ​រក្សា​ការ​កាន់កាប់​ដែល​ជា​អ្វីមួយ​ដែល​យើង​មិន​អាចធ្វើ​បាន​ពី​មុន​មក​។​»

គួរ​ឱ្យ​ដឹងផង​ដែរ​ថា សម្រាប់​ប្រកួត​បន្ទាប់ ក្រុម​ជម្រើសជាតិ​កម្ពុជា ត្រូវ​ជួប​ក្រុម​ជម្រើសជាតិ​ឥណ្ឌូ​ណេ​ស៊ី នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​៩ ខែធ្នូ ឆ្នាំ​២០២១ ហើយ​ត្រូវ​ជួប​ក្រុម​ឡាវ នៅ​វេលា​ម៉ោង​៤​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​១៥ ខែធ្នូ និង​ចុង​ក្រោយ​ត្រូវ​ជួប​ក្រុម​វៀតណាម នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០២១ លើ​ទីលាន​កីឡដ្ឋាន​ជាមួយ​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ