ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណុំរឿងលោក ឈួរ ច័ន្ទឌឿន រំលោ.ភដីព្រៃលិច​ទឹក​បឹងទន្លេសាប ទៅដល់ដៃ ACU ហើយ

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ​៖ ទីបំផុត​ទៅ រាជរដ្ឋាភិបាល បានសម្រេច​បញ្ជូន​សំណុំរឿង​លោក ឈួ​រ ច័ន្ទ​ឌឿ​ន អតីត​អភិបាលខេត្ត​កំពង់ឆ្នាំង ដែល​សព្វ​ថ្ងៃជា​អនុរដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ ទៅកាន់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ACU…

ភ្នំពេញ​៖ ទីបំផុត​ទៅ រាជរដ្ឋាភិបាល បានសម្រេច​បញ្ជូន​សំណុំរឿង​លោក ឈួ​រ ច័ន្ទ​ឌឿ​ន អតីត​អភិបាលខេត្ត​កំពង់ឆ្នាំង ដែល​សព្វ​ថ្ងៃជា​អនុរដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ ទៅកាន់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ACU ធ្វើការ​អង្កេត ស្រាវជ្រាវ និង​ចាត់វិធានការ​ច្បាប់​។ លោក ឈួ​រ ច័​ន្ធ​ឌឿ​ន ពាក់ព័ន្ធ​នឹង​ការទន្ទ្រាន​ដីព្រៃ​លិច​ទឹក នៅ​បឹង​ទន្លេសាប ជាង ២​ពាន់​ហិកតា​។​

​ចំណាត់ការ​នេះ ត្រូវបាន​បង្ហាញ ក្នុង​លិខិត​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី ចុះ​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០២១ ក្នុង​កម្មវត្ថុ​អំពី ករណី​របាយការណ៍ ស្តីពី លទ្ធផល​នៃ​ការចុះ​ត្រួតពិនិត្យ និង​ចាត់​វិធាន​បង្ក្រាប​ការទន្ទ្រាន​ដី​រដ្ឋ ក្នុង​ដែន​ព្រៃ​លិច​ទឹក​នៃ​តំបន់​បឹង​ទន្លេសាប ស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ឆ្នាំង និង​ខេត្តកំពង់ធំ​។ ចំណាត់ការ លើ​អតីត​អភិបាលខេត្ត​កំពង់ឆ្នាំង លោក ឈួ​រ ច័ន្ទ​ឌឿ​ន ក៏​ធ្វើឡើង​ដោយ​យោងតាម​ចំណារ​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ស​ម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះ​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២១​។​

​តាម​លិខិត​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី រាជរដ្ឋាភិបាល​សម្រេច​ប្រគល់​ភារកិច្ច​ជូន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ធ្វើការ​អង្កេត ស្រាវជ្រាវ និង​ចាត់វិធានការ​ច្បាប់​ចំពោះ​បុគ្គល ឈ្មោះ ឈួ​រ ច័ន្ទ​ឌឿ​ន អតីត​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង​។​

​ក្នុងនោះ រាជរដ្ឋាភិបាល ក៏បាន​សម្រេច​ដកហូត​ដី​រដ្ឋ ទំហំ ២១០០,៦៦ ហិកតា ដែល​ស្ថិតក្នុង​ដែន​ព្រៃ​លិច​ទឹក ដូច​មានកំណត់​ក្នុង​អនុក្រឹត្យ​លេខ ១៩៧ អប​ក្រ​.​បក ចុះ​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១១ ដែល​ត្រូវបាន​ទន្ទ្រាន​កាន់កាប់​ដោយ​ខុសច្បាប់ ស្ថិតនៅ​ឃុំ​ច្រ​ណូ​ក និង​ឃុំ​ដារ ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង​។ ដីព្រៃ​លិច​ទឹក នៅ​បឹង​ទន្លេសាប​នេះ ជា​ដី​ដែល​លោក ឈួ​រ ច័ន្ទ​ឌឿ​ន រំលោភ​យក​ជា​កម្មសិទ្ធិ ហើយ​ត្រូវបាន​សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាស​ក្នុង​សារ​ជា​សំឡេង កាលពី​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២១​។​

សូមរម្លឹកថា កាលពី​រសៀល​ថ្ងៃអាទិត្យ ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២១ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញ​សារ​ជា​សំឡេង ដោយ​បញ្ជា​ឲ្យ​អភិបាលខេត្ត ជាប់​បឹង​ទន្លេសាប រួមមាន​៖ ខេត្តកំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និង​ខេត្តកំពង់ធំ រួមទាំង​គណៈកម្មការ​សូ​រិ​យោ​ដី​ថ្នាក់ជាតិ ដឹកនាំ​ដោយ​លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​ស្ថាប័ន​ពាក់ព័ន្ធ​ថ្នាក់ជាតិ​ដទៃទៀត ត្រូវធ្វើ​សកម្មភាព​ជាបន្ទាន់ ដើម្បី​ទប់ស្កាត់​ការកាប់​រាន​ព្រៃ​លិច​ទឹក ដើម្បី​យក​ដី​ធ្វើ​កម្មសិទ្ធិ នៅ​តំបន់​បឹង​ទន្លេសាប​។

​ចំពោះមុខ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​បញ្ជា​ឲ្យ​ដកហូត​នូវ​ដីព្រៃ​លិច​ទឹក នៅ​បឹង​ទន្លេសាប ដែល​អតីត​អភិបាលខេត្ត​កំពង់ឆ្នាំង លោក ឈួ​រ ច័ន្ទ​ឈឿន រំលោភ​យក​ជាង ២០០០​ហិកតា ផងដែរ​។​

​បន្ថែម​លើ​បទបញ្ជា​ឲ្យ​អភិបាលខេត្ត​ជាប់​បឹង​ទន្លេសាប និង​អាជ្ញាធរ​សមត្ថកិច្ច​ពាក់​ព័ន្ធ ត្រូវ​ចាត់វិធានការ​ជាបន្ទាន់ ដើម្បី​ទប់ស្កាត់​បទល្មើស​កាប់​រា​ន​ដីព្រៃ​លិច​ទឹក នៅ​តំបន់​បឹង​ទន្លេសាប សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ប្រកាស​ព្រមាន​ឲ្យ​មន្ត្រី​ខិលខូច​ទាំងអស់ ចេញ​សារភាព​ជាបន្ទាន់ បើ​មិន​ដូច្នោះ​ទេ មន្ត្រី និង​អ្នកពាក់ព័ន្ធ​ទាំងនោះ នឹងត្រូវ​ដកហូត រឹបអូស​ទ្រព្យ ព្រមទាំង​ចាប់ខ្លួន បើសិនជា​ពាក់ព័ន្ធ​នឹង​បទល្មើស កាប់​រាន​ព្រៃ យក​ដី​តំបន់​លិច​ទឹក​បឹង​ទន្លេសាប ធ្វើ​កម្មសិទ្ធិ​។​

​សូមជម្រាបជូន​ថា លោក ឈួ​រ ច័ន្ទ​ឌឿ​ន ត្រូវបាន​ដកតំណែង​ពី​អភិបាលខេត្ត​កំពង់ឆ្នាំង កាលពី​ខែមិថុនា ឆ្នាំ​២០២១​។ នៅ​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០២១ ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី បានចេញ​ព្រះរាជក្រឹត្យ ត្រាស់​បង្គាប់​តែងតាំង លោក ឈួ​រ ច័ន្ទ​ឌឿ​ន ជា​អនុរដ្ឋលេខាធិការ ក្រសួង​អភិវឌ្ឍន៍ជនបទ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ