ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គម​ខ្មែរ​ត្រូវ​ផ្លាស់​ប្តូរ​ពី​ឡាន​ថ្លៃ​មនុស្ស​ថោក ​ទៅ​ជា​ឡាន​ថ្លៃ​មនុស្ស​ថ្លៃ

7 ឆ្នាំ មុន

នៅ​​តាម​ដងផ្លូវ​ មានការ​រអ៊ូររទាំ​ខ្លាំង ​​កើត​មាន​ទាក់ទង​នឹង​អ្នក​បើក​ឡាន​ថ្លៃ​ ប៉ុន្តែ​អន់​ចរិត ​។ ដោយ​អាង​ខ្លួនមាន​ឡាន​ថ្លៃ​បើក អ្នក​បើក​បរ​ខ្លះ​​ចុច​ស៊ី​ផ្លេ​ ឬ​ក៏​បើក​រញ៉េរញ៉ៃ​ ដោយ​មិន​ខ្លាច​ច្បាប់​ឡើយ​ ។

នៅ​​តាម​ដងផ្លូវ​ មានការ​រអ៊ូររទាំ​ខ្លាំង ​​កើត​មាន​ទាក់ទង​នឹង​អ្នក​បើក​ឡាន​ថ្លៃ​ ប៉ុន្តែ​អន់​ចរិត ​។ ដោយ​អាង​ខ្លួនមាន​ឡាន​ថ្លៃ​បើក អ្នក​បើក​បរ​ខ្លះ​​ចុច​ស៊ី​ផ្លេ​ ឬ​ក៏​បើក​រញ៉េរញ៉ៃ​ ដោយ​មិន​ខ្លាច​ច្បាប់​ឡើយ​ ។

អ្នក​ធ្វើ​ដំណើរ​​តាម​ដងផ្លូវ​ ពិសេស​​អ្នក​ជិះ​ម៉ូតូ​ មានការ​ខឹងសម្បារ​ចំពោះ​អ្នក​បើកឡាន​ថ្លៃ​ខ្លះ​ ដែល​អួត​ក្អេងក្អាង​ចុច​​ស៊ី​ផ្លេ​យ៉ាង​កង​រំពង និង​បើកបរ​មិន​គោរព​ច្បាប់​ ។ នេះ​ជា​អ្វី​ដែល​អ្នក​បើកឡាន​ថ្លៃ​ ត្រូវ​កែប្រែ​ដើម្បី​ចៀសវាង​​ទំនាស់​នៅ​តាម​ដងផ្លូវ​ ​និង​ទទួល​បាន​ការ​​គោរព​ពី​មនុស្ស​ម្នា​ ។

អ្នក​​បើកឡាន​ថ្លៃ​ ត្រូវ​ប្រកាន់​យក​អត្ត​ចរិត​​ថ្លៃថ្នូរ​​គោរព​ដល់​មនុស្ស​ផង​ទាំងពួង ​ដែល​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​សាធារណ​: ​។ ចំណែក​នគរបាល​​ត្រូវ​មាន​សេចក្តី​ក្លាហាន​ ធ្វើការ​ផាកពិន័យ​ដល់​អ្នក​បើកឡាន​ថ្លៃ​ទាំងឡាយ​ណា​ ដែល​មិន​គោរព​តាម​ច្បាប់​ចរាចរណ៍​ ។ មិន​ថា​​ឡាន​ថ្លៃ​ ឬ​ឡាន​ថោក ឬ​ម៉ូតូ​ឡើយ ត្រូវ​តែ​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់​គ្នា ​។

បើសិនជា​ដងផ្លូវ​ភ្នំពេញ​ នៅ​តែ​សំបូរ​ដោយ​រថយន្ត​ថ្លៃ ​ប៉ុន្តែ​អ្នក​បើកបរ​​មិន​ថ្លៃថ្នូរ​​នោះ សង្គម​កម្ពុជា​នឹង​​នៅ​តែ​មាន​ភាព​រញ៉េរញ៉ៃ​ដោយ​​នាំ​ឱ្យ​មនុស្ស​ឈ្លោះ​ទាស់ទែង​គ្នា​​ឥតប្រយោជន៍​នៅ​តាម​ដងផ្លូវ​ ។

ដូច្នេះ វា​ចាំបាច់​ណាស់​ ដែល​អ្នក​បើកឡាន​ថ្លៃ​ទាំងអស់​ ត្រូវ​ប្រកាន់​អត្ត​ចរិត​ថ្លៃថ្នូរ​​នៅ​តាម​ដងផ្លូវ ​។ នៅ​ពេល​ដែល​សង្គម​កម្ពុជា ​មាន​ឡាន​ថ្លៃ​តាម​ដងផ្លូវ​ជាមួយ​នឹង​អ្នកបើកបរ​ ដែល​មាន​ចរិត​ថ្លៃថ្នូរ​ហើយ​នោះ វា​នឹង​បង្ហាញ​ថា ​កម្ពុជា​គឺជា​សង្គម​ថ្លៃថ្នូរ​មួយ​​ដែល​មនុស្ស​គ្រប់​គ្នា​យល់​អំពី​តម្លៃ​មនុស្ស និង​មានការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក ​ដោយ​មិន​ថា​ ជា​អ្នកមាន ​ឬ​អ្នកក្រ​ឡើយ​ ។

សូមឱ្យ​​កម្ពុជា​​កាន់តែ​មានការ​រីក​ចម្រើន ​ហើយ​មាន​ឡាន​ថ្លៃ​កាន់តែ​ច្រើន​នៅ​តាម​​ដងផ្លូវ​ ។ ប៉ុន្តែ​សំខាន់​ជាង​នេះ​ គឺ​មនុស្ស​កាន់តែ​មាន​​ចរិត​ថ្លៃថ្នូរ ​ពិសេស​អ្នកបើកបរ​ឡាន​​ថ្លៃ​នៅ​តាម​ដងផ្លូវ​ ៕