ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ​យន្ត​ដឹក​ទំនិញ​សំពីង​សំពោង​នៅ​តែ​បង្ក​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ

15 ឆ្នាំ មុន

ក្រុង​ប៉ោយ​ប៉ែត​ ៖ រថ​យន្ត​ដឹក​ទំនិញ​សំពីង​សំពោង​របស់​ពួក​ឈ្មួញ​មួយ​ចំនួន​គេ​សង្កេត​ឃើញ​ធ្វើ​ចរា​ចរ​ជា​រៀង​រាល់​ថ្ងៃ​នៅ​ក្រុង​ប៉ោយ​ប៉ែត​។ ជាក់​ស្តែង​គេ​ឃើញ​រថ​យន្ត​សណ្តោង​រ៉ឺម៉ក​ និង​មាន​ម្ចាស់​២​ទៅ​៣​នាក់​​ប្រកប​របរ​ដឹក​ទំនិញ​សព្វ​សារ​ពើ​ពី​បណ្តា​ខេត្ត​ផ្សេងៗ ហើយ​យកទៅ​​ស្តុក​នៅ​ឃ្លាំង​ក្នុង​ក្រុង​ប៉ោយ​ប៉ែត​ ។ ​បន្ទាប់​មក​គេ​ឃើញ​ម្ចាស់​ទំនិញ​​នោះ​យក​រថ​យន្ត​ ​ទៅ​ផ្ទេរ​ទំនិញ​ទាំង​អស់​នេះ​អូស​ចូល​ទៅ​ចំណុច​ច្រក​ទ្វារ​ប៉ោយ​ប៉ែត​ក្នុង​គោល​បំណង​នាំ​​ឆ្ពោះ​ទៅ​ប្រទេស​សៀម​។

​តាម​ប្រភព​ព័ត៌​មាន​ឱ្យ​ដឹង​ថា ​ម្ចាស់ដឹក​ទំនិញ​តាម​រថ​យន្ត​សំពីង​សំពោង​​មាន​ទាំង​សណ្តោង​កន្ទុយ​ផង​​​នោះ គឺ​បណ្តាល​មក​ពី​​ចង់​កេង​ចំណេញ​ថ្លៃ​សេវា​បង់​លុយ​ឱ្យ​ទៅ​ស្ថាប័ន​សមត្ថ​កិច្ច​ពាក់​ព័ន្ធ​ដែល​ឈរ​ជើង​នៅ​ក្នុង​ក្រុង​ប៉ោយ​ប៉ែត​។ ការ​ដឹក​ទំនិញ​ផ្សេងៗ​អូស​ចូល​មក​តាម​ច្រក​ប៉ោយ​ប៉ែត​​ក្នុង​គោល​បំណង​នាំ​ចេញ​ទៅ​ប្រទេស​សៀមមុន​ពេល​ចូល​មាត់​ច្រក​ទី​១ ចំណុច​រង្វង់​មូល​នោះ គឺ​ត្រូវ​បង់​លុយ​ឱ្យ​សមត្ថ​កិច្ច​ចំនួន​២​កន្លែង​ ។ ​ចំពោះ​ការ​បង់​លុយ​ទាំង​អស់​នោះ គឺ​ពួក​គេ​ជា​សមត្ថ​កិច្ច​គិត​ចំនួន​ក្បាល​រថ​យន្ត គឺ​ក្នុង​១​រថ​យន្ត​តម្លៃ​ពី១.២០០​បាតដល់​១.៥០០​បាត​ គឺ​ីគិត​ជា​លុយ​បាតសុទ្ធ​​តែ​ម្តង​។ ដូច្នេះ​ហើយ​ទើប​បាន​ជា​ពួក​ឈ្មួញ​ដាក់​ទំនិញ​ក្នុង​មួយ​រថ​យន្ត​ រួម​ទាំង​សណ្តោង​រឺុម៉ក​ ធ្វើ​យ៉ាង​ណា​ឱ្យ​បាន​ច្រើន​ទើប​រក​ចំណេញ​បាន​ខ្លះ​។ ប្រភព​ដដែល​បន្ត​ថា ចំណែក​ច្រក​ទី​២​​ដោយ​សារ​​ខាង​ភាគី​សៀម​មិន​អនុ​ញ្ញាត​ឱ្យ​នាំ​ចូល​ក្នុង​ប្រទេស​គេ​ទាំង​សំពីង​សំពោង​ទើប​គេ​យកទៅ​​ទំលាក់​ចុះ​នៅ​បរិ​វេណ​កាស៊ី​ណូ​ហ្គោ​ល​ឌិន​ក្រោន​ រួច​យក​រថ​យន្ត​ផ្សេង​ទៀត​មក​ដាក់​ឱ្យ​​សម​ល្មម​ទៅ​តាម​ការ​កំណត់​របស់​ភាគី​សៀម​ទើប​ពួក​គេ​អាច​នាំ​ចូល​បាន​។

រថ​យន្ត​ដឹក​ទំនិញ​សំពីង​សំពោង​លើស​ចំណុះ​នេះ​ធ្វើ​ឱ្យ​​​ប្រជា​ពល​រដ្ឋ​រិះ​គន់​យ៉ាង​ខ្លាំង​ទៅ​ដល់​អាជ្ញា​ធរ​ និង​សមត្ថ​កិច្ច ជំនាញ​ដែល​គ្មាន​វិធាន​ការ​ និង​គិត​គូរ​ចំពោះ​បញ្ហា​សណ្តាប់​ធ្នាប់​សា​ធារណៈ និង​អាយុ​ជីវិត​ដ៏​មាន​តម្លៃរបស់​អ្នក​ដំណើរ​​ដោយ​គិត​តែ​ពី​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​ខ្លាំង​ពេក ។ ​ម្យ៉ាង​ទៀត​មាត់​ច្រក​ប៉ោយ​ប៉ែត​មាន​ភ្ញៀវ​​ទេស​ចរ​ជាតិ​ និង​អន្តរ​ជាតិ​ឆ្លង​កាត់​ច្រើន​ណាស់​ក្នុង​១​ថ្ងៃ​មិន​ក្រោម​ពី​៥០០​នាក់​ឡើយ​ នេះ​គឺ​ជាមុខ​មាត់​របស់​ថ្នាក់​ដឹក​នាំ​ធំ​ជាង​គេ​សំរាប់​ច្រក​ប៉ោយ​ប៉ែត​ ។ មន្ត្រី​សមត្ថ​កិច្ច​ពាក់​ប្រព័ន្ធ​មាន​តួនាទី​ឈរ​ជើង​ចំណុច​មាត់​ច្រក​រង្វង់​មូល​មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ឡើយ​ចំពោះ​បញ្ហា​យក​លុយ​លើ​ចំនួន​ក្បាល​រថ​យន្ត​ដែល​ដឹក​ទំនិញ​​ឆ្លង​កាត់​ ៕