ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Freetel សហការ​ជាមួយ Seatel លក់​ស្មា​ត​ហ្វូ​ន​នៅ​ទីផ្សារ​ក្នុង​ប្រទេស​កម្ពុជា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ផ្អែក​លើ​គុណភាព ការ​ច្នៃប្រឌិត និង​ជា​ផលិតផល​លំដាប់​ពិភពលោក ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ Freetel មានការ​រំពឹង​យ៉ាង​មុតមាំ​ថា ទូរស័ព្ទ Freetel ម៉ូ​ដែល Priori 3 ជំនាន់​ទី​៣

រាជធានី​ភ្នំពេញ ៖ ផ្អែក​លើ​គុណភាព ការ​ច្នៃប្រឌិត និង​ជា​ផលិតផល​លំដាប់​ពិភពលោក ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ Freetel មានការ​រំពឹង​យ៉ាង​មុតមាំ​ថា ទូរស័ព្ទ Freetel ម៉ូ​ដែល Priori 3 ជំនាន់​ទី​៣ របស់​ខ្លួន​នឹង​ក្លាយជា​ម៉ាក​សញ្ញា​ឈានមុខ​គេ​នៅ​ក្នុង​ទីផ្សារ​ទូរស័ព្ទ​នៅ​កម្ពុជា​។ 

លោក Kaoru Masuda នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Freetel បាន​ឲ្យ​ដឹង​ក្នុង​ពិធី​បើក​សម្ពោធ​ទូរស័ព្ទ​ម៉ូ​ដែល Priori 3 កាលពី​ថ្ងៃ​ទី​១៣ ឧសភា ២០១៦ នៅ​ផ្សារ​ទំនើប​អ៊ី​អន​ថា នៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា​ការ​ផ្លាស់​ប្តូរ​នឹង​កើត​មាននៅ​ក្នុង​រលកធាតុអាកាស និង​ក្នុង​អនាគត​ដ៏​ខ្លី​ខាង​មុខ​នេះ មាន​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ចំនួន​១.៥​ពាន់​លាន​គ្រឿង​បញ្ចេញ​លក់​នៅ​លើ​ទីផ្សារ​ពិភពលោក​ទាំងមូល ហើយ​មាន​តម្លៃ​ប្រមាណ​៥.០០០​លាន​ដុល្លារ និង​សម្រាប់​អ្នក​ដែល​ឈ្នះ​នា​ពេល​បច្ចុប្បន្ន វា​មិន​ប្រាកដ​ថា បន្ត​ឈ្នះ​រហូត​នោះ​ទេ វា​តែង​មាន​ម៉ាក​សញ្ញា​ថ្មី​ចូល​មក​ជំនួស​នៅ​ក្នុង​ទីផ្សារ​។

លោក​បន្ត​ថា នៅ​ក្នុង​ប្រទេស​ជប៉ុន​ទូរស័ព្ទ Freetel បាន​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ក្លាយជា​អ្នក​ផ្គត់ផ្គង់​ឈានមុខ​មួយ​លំដាប់​ពិភពលោក​ទៅ​ឲ្យ​អតិថិជន​របស់​យើង​តាម​រយៈ​ភាព​ច្នៃប្រឌិត និង​គុណភាព​ជប៉ុន​ដែល​ប្រកាន់ខ្ជាប់​នូវ​គោល​គំនិត​ផ​លិ​ផល​ជប៉ុន​។ «​ថ្ងៃនេះ យើង​មាន​មោទនភាព​ប្រកាស​នូវ​គម្រោង​ថ្មី​គឺ ទូរស័ព្ទ Freetel បាន​សហប្រតិបត្តិការ​ជាមួយ​ក្រុមហ៊ុន​បណ្តាញទូរស័ព្ទ Seatel នៅ​កម្ពុជា ហើយ​ជឿជាក់​ថា ផលិតផល​របស់​យើង​នឹង​ក្លាយជា​ជា​ម៉ាក​សញ្ញា​លេខ​១ នៅ​កម្ពុ​ជានា​ពេល​ខាង​មុខ​»​។

លោក  Yang Liqun នាយក​គ្រប់គ្រង​ទូទៅ របស់​ក្រុមហ៊ុន Seatel មាន​ប្រសាសន៍​ថា « Freetel នឹង​ដើរតួ​សំខាន់​នៅ​ក្នុង​ទីផ្សារ​ស្មា​ត​ហ្វូ​ន​នៅ​កម្ពុ​ជានា​ពេល​អនាគត​ដ៏​ខ្លី ព្រោះ Seatel បាន​ក្លាយជា​ដៃគូរ និង Freetel នៅ​កម្ពុជា ដែល​ជា​ប្រតិបត្តិការ​ទី​១ ដែល​ផ្តល់​បណ្តាញ​សេវា 4G ឈានមុខ​គេ​នៅ​កម្ពុជា ចំណែក Freetel ជា​ក្រុមហ៊ុន​មាន​ដើម​កំណើត​នៅ​ប្រទេស​ជប៉ុន ដែល​បាន​ចែកចាយ​សេវាកម្ម និង​ផលិត​នៅ​តាម​បណ្តា​ប្រទេស​ជាង​២០​ជុំវិញ​ពិភពលោក ហើយ​ទូរស័ព្ទ​ដៃ​នេះ តំណាង​ឲ្យ​ផលិតផល​ដែល​ផលិតភាព​ច្នៃប្រឌិត​ដោយ​ជប៉ុន​»​។

លោក​លើក​ឡើង​ថា ក្រុមហ៊ុន Seatel  បានការ​ទទួលស្គាល់​ថា មានគុណ​ភាព​សេវា 4G ល្បឿន​លឿន និង​សន្សំ​សំចៃ រីឯ Freetel មានឈ្មោះ​ជា​ស្មា​ត​ហ្វូ​ន​មានគុណ​ភាព​ខ្ពស់ ជា​ហេតុ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​រវាង​ក្រុមហ៊ុន​ទាំង​ពីរ នឹង​នាំ​មក​នូវ​បទ​ពិសោធន៍​ឈានមុខ​គេ​ជូន​អ្នក​ប្រើប្រាស់​។ « Seatel និង Freetel  នឹង​ខិតខំ​ផ្តល់​ជូន​ដល់​អតិថិ​ជន​នូវ​ផលិតផល​លំដាប់​ពិភពលោក និង​សេវាកម្ម​មាន​តម្លៃ​សមរម្យ ហើយ​នៅ​ថ្ងៃ​អនាគត​ក្រុមហ៊ុន​ទាំង​ពីរ​នឹង​ធ្វើការ​កាន់តែ​ជិត​ស្និទ្ធ​បន្ថែម​ទៀត ដើម្បី​ចូលរួម​ចំណែក​នៅ​ក្នុង​ទីផ្សារ​ទូរ​គម​នាគម​ន៍​នៅ​កម្ពុជា ដោយ​យើង​រំពឹង​ថា នឹង​ទទួល​បាន​ជោគជ័យ​ទាំងអស់​គ្នា​»​។

លោក​ ​Eugene Yoshioka អ្នកគ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន Freetel បាន​លើក​ឡើង​ថា សព្វ​ថ្ងៃនេះ ប្រជាពលរដ្ឋ​កម្ពុជា មានការ​យល់​ដឹង​ច្បាស់ និង​ពេញ​និយម​ជា​ខ្លាំង​ទៅ​លើ​ការ​ប្រើប្រាស់​ប្រភេទ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន ដូច្នេះ Freetel ដែល​ជា​ទូរស័ព្ទ​ម៉ូ​ដែល​ថ្មី ទើប​នាំ​ចូល​កម្ពុជា​ពេល​នេះ វា​ជារ​បទ​ថ្មី​មួយទៀត​សម្រាប់​ពលរដ្ឋ​កម្ពុជា​ក្នុង​ការ​ជ្រើសរើស​ប្រើ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​។

លោក​បន្ត​ថា «​នៅ​ថ្ងៃ​អនាគត យើង​បង្កើត​ឲ្យ​មានការ​យល់​ដឹង​កាន់តែ​ច្រើន​អំពី​ទូរស័ព្ទ​នេះ ទៅ​ដល់​អតិថិជន មាន​ន័យ​ថា ក្រុមហ៊ុន​នឹង​ធ្វើការ​បង្ហាញ​ជូន​នូវ​គុណសម្បត្តិ និង​តម្លៃបន្ថែម​ពី​របៀប​ប្រើប្រាស់​ជូន​ដល់​អតិថិជន ហើយ​ក្រុមហ៊ុន​ជឿជាក់​ថា ការ​លក់​ទូរស័ព្ទ Freetel នឹង​មានការ​លក់ដាច់​ឈានមុខ​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា​»​។

បើ​យោង​តាម​ប្រសាសន៍​របស់​លោក​រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​នា​ពេល​ថ្មី​ៗ​នេះ​បាន​គូសបញ្ជាក់​ថា គិត​ត្រឹម​ដើមឆ្នាំ​២០១៦ ចំនួន​អ្នក​ជាវ​សេវា​ទូរស័ព្ទ​មាន​ប្រមាណ​២១​លាន​នាក់ គឺ​ស្មើនឹង​១៣៩% នៃ​ចំនួន​ប្រជាពលរដ្ឋ​សរុប ។  ចំនួន​អ្នក​ជាវ​សេវា​អ៊ី​ន​ធើ​រ​ណេ​ត​ក៏​មានការ​កើនឡើង​រហូត​ដល់​ប្រមាណ​៦,៧​លាន​នាក់ ស្មើនឹង​៤៥% នៃ​ប្រជាពលរដ្ឋ​សរុប ដែល​ញ៉ាំង​ឲ្យ​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ​២ នៅ​ក្នុង​ចំណោម​ប្រទេស​សមាជិក​អាស៊ាន ។

លោក ត្រាំ អ៊ី​វ​តឹក មាន​ប្រសាសន៍​បន្ថែម​ថា « កម្ពុជា​ស្ថិត​នៅ​ក្នុង​ស្ថានភាព​មួយ​ដែល​មាន​ភាព​ប្រកួតប្រជែង​រវាង​ប្រតិបត្តិ​ករ​ដទៃ​ទៀត​កាន់តែ​មាន​ភាព​តានតឹង​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ជា​ពិសេស​នៅ​ពេល​ដែល​កម្ពុជា​បាន​ផ្ដើម​ចូល​ជា​សមាជិកសមាគម​សេដ្ឋកិច្ច​អាស៊ាន​នៅ​ដើមឆ្នាំ​២០១៦ នេះ ការ​ប្រកួតប្រជែង​វា​ជា​បញ្ហា ប៉ុន្តែ​វា​ក៏​ជា​ឱកាស​សម្រាប់​​ក្រុមហ៊ុន​ផង​ដែរ ។ ការ​វិនិយោគ និង​ការ​រៀបចំ​ដំណើរការ​នូវ​បច្ចេកវិទ្យា​ថ្មី 4G/LTE នេះ មិន​ត្រឹមតែ​ផ្តល់​នូវ​ឧត្តមភាព​ប្រកួតប្រជែង​ដល់​ក្រុមហ៊ុន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​អាច​បង្កើន​នូវ​ទំនុកចិត្ត​ដល់​អ្នក​ប្រើប្រាស់​ដែល​មាន​ភាព​បត់បែន​តាម​សភាពការណ៍​នៃ​ការ​រីក​ចម្រើន​របស់​សង្គម​នា​ពេល​បច្ចុប្បន្ន និង​នាំ​មក​នូវ​កំណើន​ចំណូល​សម្រាប់​ក្រុមហ៊ុន​ផង​ដែរ » ៕