ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​បារម្ភ​ពី​ផែនការ​លក់​អង្ករ​របស់​ថៃ ប៉ះពាល់​ដល់​តម្លៃ និង​ការ​នាំ​ចេញ​របស់​ខ្លួន

7 ឆ្នាំ មុន

ប្រទេស​វៀតណាម ៖ ផែនការ​របស់​ថៃ ក្នុង​ការ​បង្កើន​ការ​លក់​អង្ករ​ក្នុង​ស្ដុក​ឲ្យ​បាន​ចំនួន​១១,៤​លាន​តោន​ត្រឹម​រយៈពេល​២​ខែ បាន​បង្ក​ឱ្យ​មាន​ក្ដី​ព្រួយបារម្ភ​ថា វា​អាច​នឹង​ប៉ះពាល់​ដល់​តម្លៃ ក៏​ដូច​ជា​ការ​នាំ​ចេញ​អង្ករ​របស់​វៀតណាម​

ប្រទេស​វៀតណាម ៖ ផែនការ​របស់​ថៃ ក្នុង​ការ​បង្កើន​ការ​លក់​អង្ករ​ក្នុង​ស្ដុក​ឲ្យ​បាន​ចំនួន​១១,៤​លាន​តោន​ត្រឹម​រយៈពេល​២​ខែ បាន​បង្ក​ឱ្យ​មាន​ក្ដី​ព្រួយបារម្ភ​ថា វា​អាច​នឹង​ប៉ះពាល់​ដល់​តម្លៃ ក៏​ដូច​ជា​ការ​នាំ​ចេញ​អង្ករ​របស់​វៀតណាម​ដែរ​ឬ​យ៉ាងណា ។ ទោះជា​យ៉ាងណា វិនិយោគិន​ក្នុង​វិស័យ​នេះ​មួយ​ចំនួន​មាន​សុទិដ្ឋិនិយម​ថា នឹង​គ្មាន​ផល​ប៉ះពាល់​អ្វី​គួរ​ឲ្យ​កត់សម្គាល់​ទេ ។

ប្រទេស​ថៃ​មាន​ផែនការ​លក់​អង្ករ​ទាំងអស់​ចំនួន​១១,៤​លាន​តោន​ពី​ស្តុក​របស់​រដ្ឋាភិបាល​នៅ​ក្នុង​ខែឧសភា និង​ខែមិថុនា ដើម្បី​បង្កើត​ប្រាក់​ចំនួន​២,៨​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​ជា​ការ​លក់​លាង​ឃ្លាំង​ដ៏​ធំ​បំផុត​មិន​ធ្លាប់​មាន​ពី​មុន​មក​របស់​ប្រទេស​នាំ​ចេញ​អង្ករ​នៅ​លើ​ពិភពលោក បន្ទាប់​ពី​ប្រទេស​ឥណ្ឌា ។

ប្រធាន​នាយកដ្ឋាន​កែ​ច្នៃ​ជលផល​កសិកម្ម និង​ផលិតកម្ម​អំបិល លោក Le Van Banh បាន​ថ្លែង​ថា ៖ « ការ​លក់​អង្ករ​ចេញពី​ស្ដុក​ដ៏​ធំ​បំផុត​របស់​ថៃ ពិតជា​មាន​ផល​ប៉ះពាល់​ទៅ​ទីផ្សារ​អង្ករ​ពិភពលោក អនុលោម​តាម​ច្បាប់​ស្តី​ពី​ការ​ផ្គត់ផ្គង់​និង​តម្រូវការ រួម​ទាំង​ទីផ្សារ​អង្ករ​របស់​វៀតណាម​ផង​ដែរ » ។

ទោះជា​យ៉ាងណា លោក​បញ្ជាក់​ថា ៖ « ចំពោះ​ផល​ប៉ះពាល់​មក​លើ​ការ​នាំ​ចេញ​អង្ករ​របស់​វៀតណាម នឹង​គ្មាន​អ្វី​គួរ​ឲ្យ​កត់សម្គាល់​ទេ គឺ​យ៉ាងច្រើន​ត្រឹមតែ​រយៈពេល​ខ្លី​ប៉ុណ្ណោះ»។

លោក​បន្ដ​ថា ៖ « គម្រោង​របស់​ថៃ ក្នុង​ការ​លក់​អង្ករ​ចំនួន​១១,៤​លាន​តោន​ក្នុង​រយៈពេល​ត្រឹមតែ​២​ខែ​នោះ គឺ​មិន​អាច​ធ្វើ​ទៅ​រួច​ទេ ។ ការ​នាំ​ចេញ​អង្ករ​ជា​មធ្យម​របស់​ថៃ​មាន​ចំនួន​៤០​ម៉ឺន​តោន ទៅ​៥០​ម៉ឺន​តោន​ក្នុង​១​ខែ ។ ដូច្នេះ គម្រោង​នេះ​ហាក់ដូចជា​មិន​សម​ហេតុផលឡើយ » ។

សមាគម​ស្បៀងអាហារ​វៀតណាម​បានឱ្យ​ដឹង​ថា ផល​ប៉ះពាល់​ទៅ​លើ​ការ​នាំ​ចេញ​អង្ករ​នឹង​គ្មាន​ទំហំ​ធំ​ទេ​នៅ​ក្នុង​ត្រីមាស​ទី​២ និង​ទី​៣ ស្រប​ពេល​ដែល​កិច្ចសន្យា​ភាគច្រើន​ត្រូវ​បាន​ចុះហត្ថលេខា​នៅ​ចុង​ត្រីមាស ឆ្នាំ​២០១៥ ហើយ​មានការ​ប៉ាន់​ប្រមាណ​ថា អង្ករ​ចំនួន​១,៤​លាន​តោន​នឹង​ត្រូវ​បាន​ដឹក​ជញ្ជូន​ទៅ​ក្រៅប្រទេស យោង​តាម​កិច្ចសន្យា​ដែល​បាន​ចុះហត្ថលេខា​ស្រាប់ ។

លោក Le Van Banh បញ្ជាក់​ថា ៖ « ការ​លក់​អង្ករ​លាង​ឃ្លាំង​នេះ ពិតជា​មានគុណ​ភាព​ក្រោម​ស្តង់ដា ដែល​រដ្ឋាភិបាល​ថៃ​បាន​ទិញ​បន្ទាប់​ពី​គម្រោង​ឥណទាន​ស្រូវ​ឆ្នាំ​២០១២-២០១៣ ហើយ​ថៃ​នឹង​កំណត់​គោលដៅ​ទីផ្សារ​ដែល​គ្មាន​ការ​ទាមទារ​ដូច​នៅ​ទ្វីបអាហ្វ្រិក » ។

ចាប់តាំងពី​ខែឧសភា ឆ្នាំ​២០១៤ ថៃ​បាន​ដាក់​ដេញថ្លៃ​អង្ករ​ចំនួន​៥,០៥​លាន​តោន ក្នុង​តម្លៃ​១,៥​ប៊ី​លាន​បាត ។ រដ្ឋាភិបាល​ថៃ​បាន​និយាយ​កាលពី​ពេល​មុន​ថា ខ្លួន​មាន​បំណង​សម្អាត​ស្តុក​នៅ​ចុងឆ្នាំ​២០១៧ ។

ទន្ទឹម​គ្នា​នេះ​ដែរ ទីផ្សារ​នាំ​ចូល​អង្ករ​ចម្បង​របស់​វៀតណាម​គឺ ប្រទេស​ចិន ហ្វ៊ី​លី​ពី​ន និង​ឥណ្ឌូ​ណេ​ស៊ី ខណៈ​ប្រទេស​ទាំងនេះ​ពេញចិត្ត​លើ​ស្តង់ដា​គុណភាព​អង្ករ​របស់​វៀត​ណាម​​ដែល​ទើប​ប្រមូល​ផល​ថ្មី​ៗ​នេះ ។ ដូច្នេះ ការ​នាំ​ចេញ​អង្ករ​របស់​វៀតណាម នឹង​គ្មាន​ផល​ប៉ះពាល់​គួរ​ឲ្យ​កត់សម្គាល់​ដោយសារ​តែ​ការ​លក់​ចេញ​អង្ករ​របស់​ថៃ ក្នុង​ខែ​ខាង​មុខ​នេះ​ឡើយ ។

យោង​តាម​ប្រធាន​នាយកដ្ឋាន​ដាំ​ដុះ ចំណុះ​ក្រោម​ក្រសួងកសិកម្ម និង​អភិវឌ្ឍន៍ជនបទ Ma QuangTrung បាន​ថ្លែង​ថា ៖ « ការ​នាំ​ចេញ​អង្ករ​របស់​វៀតណាម​ក្នុង​រយៈពេល​៤​ខែ​ដំបូង​ឆ្នាំ​នេះ បាន​ឈាន​ដល់​២,០៦​លាន​តោន ដែល​មាន​តម្លៃ​៩១៦​លាន​ដុល្លារ​អា​មេ​រិ​ក កើនឡើង​១១,៨%​ក្នុង​បរិមាណ និង​១៣,៨%​ក្នុង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ។ រីឯ​តម្លៃ​នាំ​ចេញ​អង្ករ​ជា​មធ្យម ស្មើនឹង​៤៣៨​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​តោន កើនឡើង​០,៣២% ក្នុង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ។ ចិន គឺជា​ប្រទេស​ដែល​នាំ​ចូល​អង្ករ​ពី​វៀតណាម​ធំ​បំផុត ស្មើនឹង​ជាង​៣០% នៃ​ការ​នាំ​ចេញ​អង្ករ​សរុប​របស់​វៀតណាម » ។

ឆ្នាំ​មុន វៀតណាម គឺជា​ប្រទេស​នាំ​ចេញ​អង្ករ​ធំ​ជាងគេ​ទី​៣​ក្នុង​ពិភពលោក ដែល​បរិមាណ​នាំ​ចេញ​ស្មើនឹង​៦,៤​លាន​តោន ៕