ខេត្តពោធិ៍សាត់ ៖ បុគ្គលិកក្រុមហ៊ុនទូរស័ព្ទHello ពីរនាក់បានជិះម៉ូតូឌុបគ្នាទៅបុកគូទរថយន្តដែលចតស្ងៀមលើចិញ្ចើមថ្នល់បណ្តាលឱ្យអ្នកបើកស្លាប់ភ្លាមៗ ឯនារីដែលរួមដំណើររងរបួសធ្ងន់ត្រូវគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងលើផ្លូវជាតិលេខ៥ត្រង់ចំណុចមុខទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្ថិតក្នុងភូមិសាលាគំរូ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ កាលពីវេលាម៉ោង៤ និង៣០នាទីរសៀល ថ្ងៃទី១០ មីនា ២០១១។
ប៉ូលិសចរាចរក្រុងពោធិ៍សាត់ឱ្យដឹងថា រថយន្តនោះជារថយន្តកង់៦ចំណុះពីរតោនកន្លះពណ៌ផ្ទៃមេឃ ពាក់ស្លាកលេខទ០០៨៥ភព៣។ ចំណែកជនរងគ្រោះ២នាក់នោះម្នាក់ឈ្មោះម៉ឹង នៅ ភេទប្រុស អាយុ២០ឆ្នាំ ជាអ្នកបើកម៉ូតូបានស្លាប់នៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតរួមដំណើរជាមួយឈ្មោះឈាន មករា ភេទស្រី អាយុ២០ឆ្នាំ បានផុងមុខនឹងដែកទ្រុងរថយន្តចេញឈាមគួរឱ្យរន្ធត់ត្រូវគេបញ្ជូនទៅកាន់មន្ទីរពេទ្យ តែសង្ឃឹមរស់តិចបំផុត។ ទាំងពីរនាក់នេះរស់នៅភូមិបេង ឃុំស្នាអន្សា ស្រុកក្រគរ ជាបុគ្គលិកបំរើការងារឱ្យក្រុមហ៊ុន Hello ជិះម៉ូតូសេ១២៥ ស៊េរី២០០៤ ពណ៌ខ្មៅ ពាក់ស្លាកលេខពោធិ៍សាត់១A៧១៧៣។
តាមសាក្សីនៅកន្លែងកើតហេតុនិយាយថា គេឃើញរថយន្តនោះធ្វើដំណើរពីកើតទៅលិច ហើយឈប់នៅពីមុខទីស្នាក់ការគណបក្សតាំងពីម៉ោងប្រហែល១០ទៅ១១ព្រឹក។ ពេលនោះមានមនុស្ស២នាក់ទំនងជាអ្នកបើកបរ និងព្រូបានជួសជុលរហូតដល់ម៉ោងប្រហែល២ទៅ៣រសៀលទើបចេញទៅបាត់ទុករថយន្តនៅទីនោះ។ លុះក្រោយមកកើតមានគ្រោះថ្នាក់នៅទីនោះតែម្តង។
ទោះបីពុំមានអ្នកឃើញហេតុការណ៍ច្បាស់លាស់ក៏ដោយ ប៉ុន្តែតាមការពិនិត្យជាក់ស្តែងសមត្ថកិច្ចសន្និដ្ឋានថា អ្នកបើកម៉ូតូអាចចាំងពន្លឺថ្ងៃមើលរថយន្តចតពីមុខមិនឃើញ ខណៈគេបើកក្នុងល្បឿនលឿនហួសកំណត់ ហើយមិនពាក់មួកសុវត្ថិភាព ។ ម្យ៉ាងទៀតពេលជនរងគ្រោះជិះម៉ូតូទៅដល់ចំណុចនោះអាចមានរថយន្តតូច-ធំមកពីមុខ ហើយមិនអាចគេចទៅណាបានក៏ងាកចង្កូតមកវិញបុករថយន្តដែលចតខាងស្តាំដៃនោះពេញទំហឹងតែម្តង។
សមត្ថកិច្ចឱ្យដឹងថា នៅមុននោះប្រហែលកន្លះម៉ោង នៅចំណុចខាងកើតកន្លែងកើតហេតុនោះចំងាយប្រហែល២០០ម៉ែត្រមានអ្នកជិះម៉ូតូឌុបគ្នា៣នាក់ជិះទៅបុកគល់ឈើបណ្តាលឱ្យសន្លប់ទាំងអស់គ្នា ។ បន្ទាប់ពីគេនាំយកជនរងគ្រោះមិនទាន់ដល់មន្ទីរពេទ្យស្រួលបួលផងស្រាប់តែមានគ្រោះថ្នាក់កើតឡើងមួយករណីទៀត ។ ប្រភពព័ត៌មានឱ្យដឹងថា រថយន្តដែលចតស្ងៀមលើចិញ្ចើមថ្នល់នោះជារថយន្តដឹកទឹកកកនៅក្រវាត់ក្រុងត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ដើម្បីដោះស្រាយទៅតាមនីតិវិធី ៕



ចែករំលែកព័តមាននេះ