ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិក្ខា​សាលា​​ស្តីពី​បរិស្ថាន​​​ កសិកម្ម​ និង​អភិវឌ្ឍន៍ ៖ តើ​កម្ពុជាជ្រើស​យកជម្រើស​ណា?

15 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ នៅ​ថ្ងៃ​ទី​៣០ ខែមីនា  លោក​ ច័ន្ទ សា​រុន រដ្ឋមន្ដ្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់​ និង​នេសាទ និងលោក គ្រី​ស្យ​ង់ កូណ​ង់ ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​កម្ពុជា បាន​អញ្ជើញ​បើក​សិក្ខាសាលា​មួយ​ស្ដី​ពី​កាលានុវត្ដ​ភាពនៃ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា «បរិស្ថាន កសិកម្ម និង​អភិវឌ្ឍន៍ ៖ តើ​កម្ពុជា​ជ្រើស​យក​ជម្រើស​ណា?» ក្នុង​ក្របខណ្ឌ​នៃ​ការ​រៀបចំ​កិច្ច​ពិភាក្សា​មួយ​ចំនួន​លើ​ប្រធានបទ​ផ្សេង​ៗ ។ សិក្ខា​សាលា​នេះ​នឹង​ផ្ដោត​លើ​ការ​ជជែក​ពិភាក្សាអំពី​វិស័យ​ផ្សេង​ៗ​នៃ​សេដ្ឋកិច្ច​កម្ពុជា ការ​ផលិត​ស្រូវ ការ​អភិវឌ្ឍន៍​ចីរភាព​ក្នុង​ផ្នែក​កសិកម្ម​និង​ព្រៃឈើ អគ្គិសនី​កម្ម ការ​ផ្គត់ផ្គង់​ទឹក​នៅ​តំបន់​ជនបទ ការ​ចិញ្ចឹមសត្វ និង​ការ​គ្រប់គ្រង​ហានិ​ភ័យ​ផ្នែក​សុខ​ភាព ។

វិស័យ​ទាំងនេះ ដែល​ជា​មុខព្រួញ​សកម្មភាព​អាទិភាព​របស់​រាជរដ្ឋាភិបាល​កម្ពុជា អាច​នាំ​ទៅ​ដល់​ភាព​ជា​ដៃគូ​ថ្មី​ៗ​ថែម​ទៀត ដោយ​មានការ​រួម​សហការ​គ្នា​រវាង​អ្នកជំនាញ​បារាំង និង​ផ្នែក​ឯក​ជន​បារាំង និង​កម្ពុជា ។ ក្នុង​កិច្ច​ពិភាក្សា​ខាង​លើ​នេះ ក៏មាន​បង្ហាញ​ផង​ដែរ​ពី​លទ្ធផល​នៃ​ការ​សិក្សា​​ស្រាវជ្រាវ​លើ​ដំណាំ​ស្រូវ​នៅ​កម្ពុជា ដែល​បាន​ធ្វើ​ឡើង​ដោយ​ឧត្ដម​ក្រុមប្រឹក្សាសេដ្ឋ​កិច្ច​​ជាតិ​កម្ពុជា​ ក្រោមជំនួយ​ហិរញ្ញប្បទាន​របស់​​ទីភ្នាក់​ងារ​​អភិវឌ្ឍន៍​បារាំង​ (AFD) ។​
វាគ្មិន​ដែលឡើង​ធ្វើ​បទ​អន្ដរាគមន៍​ក្នុង​សិក្ខា​សាលា ដែល​រៀបចំ​ឡើង​រួម​គ្នា​ដោយ​ការិយា​ល័យ​សេដ្ឋកិច្ច​ប្រចាំ​ស្ថានទូតបារាំង ​រួម​ជាមួយ​ទីភ្នាក់ងារAFD នេះ រួម​មាន លោក​ ហង់​ជួន ណា​រ៉ុ​ន រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថុ លោក ឡត រស្មី អគ្គលេខាធិការ​នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ព្រមទាំង​លោក ទុន លាន អគ្គនាយក​នៃអគ្គនាយ​ក​ដ្ឋា​ន​ថាមពល​នៃ​ក្រសួង​ឧស្សាហកម្ម​ រ៉ែ និង​ថាមពល។ ក្នុង​ចំណោម​តំណាង​ផ្នែក​ឯកជន គេ​សង្កេត​ឃើញ​​ផងដែរ​នូវ​វត្ដមាន​របស់​អ្នកឧកញ៉ាម៉ុង ឫទ្ធី ព្រឹទ្ធ​សមាជិក​កម្ពុជា ។ រីឯ​ខាង​ភាគី​បារាំង​មាន​អ្នកជំនាញ​មក​ពី​ក្រសួងកសិកម្ម ក្រុមហ៊ុន Agreenium និង​ទីភ្នាក់ងារ AFD ព្រមទាំង​តំណាង​ក្រុមហ៊ុន​មួយ​ចំនួន​ដូច​ជា ក្រុមហ៊ុន Marbour, Clause និង Asvelis បាន​អញ្ជើញ​មក​ចូលរួម​ជា​ពិសេស ដើម្បី​បង្ហាញ​ពី​ចំណេះធ្វើ​របស់​ខ្លួន​ក្នុង​វិស័យ​អភិវឌ្ឍន៍​កសិកម្ម និង​ការ​គ្រប់​គ្រង​ហានិភ័យ​ផ្នែក​សុខភាព​ក្នុង​ក្របខណ្ឌ​ផ្នែក​ចិញ្ចឹមសត្វ ។ អ្នកគ្រប់គ្រង​អង្គការក្រៅ​រដ្ឋាភិបាល​បារាំង​ដែល​មានវត្ដ​មាននៅ​កម្ពុជាដូច​ជា អង្គការ CIRAD (​មាន​ជំនាញ​ខាង​ស្រាវ​ជ្រាវ​កសិកម្ម​) អង្គការ GRET (​ក្រុម​ស្រាវជ្រាវ និង​ផ្លាស់​ប្ដូរ​បច្ចេកវិទ្យា​) ក៏បាន​ចូលរួម​ផង​ដែរ​ក្នុង​សិក្ខាសាលា​នេះ ។ ម្ចាស់​ជំនួយ​ដែល​ធ្វើ​សកម្ម​ភាព​ក្នុង​វិស័យ​ទាំងនេះបានផ្ដល់​វិភាគទាន​ក្នុង​កិច្ច​ពិភាក្សា​ខាងលើ​នេះដែរ​ ។

នៅ​ចុងបញ្ចប់​នៃ​សិក្ខាសាលា ឯកអគ្គរដ្ឋទូត​បារាំង​​បាន​ប្រគល់​ជា​ផ្លូវការ​នូវ​ផែនការ​អគ្គិសនី​កម្ម​ជនបទ​ជូនលោកអ៊ិត ប្រាំង រដ្ឋលេខា​ធិការ​​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល ។ ការ​សិក្សា​ស្រាវជ្រាវ​នេះ ដែល​ធ្វើ​ឡើង​ដោយ​ក្រុម​ហ៊ុន​​ផ្ដល់​ប្រឹក្សា និង​វិស្វកម្មIED (​នវានុវត្ដន៍ ថាមពល អភិវឌ្ឍន៍​) និង​ឧបត្ថម្ភ​ថវិកា​ដោយ​មូលនិធិ​បារាំង FASEP បង្ហាញ​យ៉ាង​លម្អិតអំពី​គម្រោង​នៃ​ការ​ធ្វើ​អគ្គិសនី​កម្ម​នៅ​ក្នុង​ខេត្ដ​ទាំង​២៣​នៅ​ក្នុង​ប្រទេស​កម្ពុជា លើកលែងតែ​រាជ ធានី​ភ្នំពេញ ។ ជា​ពិសេស ការ​សិក្សា​នេះ​បាន​លើក​​ឡើង​អំពី​លទ្ធភាព​ក្នុង​ការ​ផ្ដល់​ជំនួយ​ដល់​ការ​បង្កើត​ថាមពល​កកើត​ឡើង​វិញ ដែល​អាច​បើកផ្លូវ​ដល់ការ​អនុវត្ដន៍​គម្រោង​ថ្មី​ៗ​មួយ​ចំនួន​ទៀត​ក្នុង​វិស័យ​នេះ ដោយ​សហការ​គ្នា​រវាង​ទីភ្នាក់ងារ AFD និង​ផ្នែក​ឯកជន​កម្ពុជា ៕​