ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកទេសចរ ២៥២​នាក់ មក​ពី​បណ្តា​ប្រទេស​អាហ្វ្រិក​ខាងត្បូង ចូល​​ថៃ អវិជ្ជមាន វីរុស​អូ​មី​ក្រុង

2 ឆ្នាំ មុន

ក្រុង​បាងកក ៖ មន្ត្រី​នាយកដ្ឋាន​គ្រប់គ្រង​ជំងឺឆ្លង​របស់​ថៃ (DDC) បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​០២ធ្នូ​ ម្សិលមិញនេះថា អ្នកទេសចរ​ចំនួន ២៥២​នាក់ មក​ពី​បណ្តា​ប្រទេស​អាហ្វ្រិក​ខាងត្បូង…

ក្រុង​បាងកក ៖ មន្ត្រី​នាយកដ្ឋាន​គ្រប់គ្រង​ជំងឺឆ្លង​របស់​ថៃ (DDC) បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​០២ធ្នូ​ ម្សិលមិញនេះថា អ្នកទេសចរ​ចំនួន ២៥២​នាក់ មក​ពី​បណ្តា​ប្រទេស​អាហ្វ្រិក​ខាងត្បូង ដែល​បាន​ចូល​ប្រទេស​ថៃ ចន្លោះ​ថ្ងៃ​ទី​២៧ និង​៣០ ខែវិច្ឆិកា ត្រូវ​បាន​ចាក់​វ៉ាក់សាំង​យ៉ាង​ពេញលេញ និង​មាន​ហានិភ័យ​ទាប ក្នុង​ការ​ចម្លង​វីរុស​កូ​វី​ដ​បំប្លែង​ថ្មី អូ​មី​ក្រុង Omicron នេះ​បើ​យោង​តាម​សារព័ត៌មាន​ថៃ The Nation ។

អ្នក​ធ្វើ​ដំណើរ​ទាំង​អស់នេះ អាជ្ញាធរ​ថៃ​តម្រូវ​ឲ្យ​ដាក់​នៅ​ដាច់​ពី​គេ​រយៈពេល ១៤​ថ្ងៃ ហើយនឹង​ឆ្លងកាត់​ការ​ធ្វើតេស្ត​ម៉ាស៊ីន​ធំ RT-PCR ដើម្បី​ឲ្យ​ប្រាកដ​ថា ពួក​គេ​មិន​មាន​ឆ្លង​កូ​វី​ដ​-១៩ នោះ​ទេ ។

“​ពួក​គេ បាន​ចូល​ប្រទេស​ថៃ ក្រោម​កម្មវិធី​កោះ​ភូ​កេ​ត ហើយ​ការ​ធ្វើតេស្ត RT-PCR របស់​ពួក​គេ បាន​យក ៧២​ម៉ោង មុន​ពេល​មក​ដល់​ថៃ ហើយ​នៅ​ពេល​មក​ដល់ សុទ្ធតែ​ទទួល​បាន​លទ្ធផល អវិជ្ជមាន​” ។

ក្រសួងសុខាភិបាល​ថៃ បាន​ប្រកាស​កាលពី​ស​ប្តា​ហ៍​មុន​ថា ជើងហោះហើរ​មក​ពី​ប្រទេស​អាហ្វ្រិក​ចំនួន​០៨ នឹង​ត្រូវ​ហាមឃាត់ ចាប់ពី​ថ្ងៃ​ទី​០១ ខែធ្នូ ក្នុង​គោលបំណង​ទប់ស្កាត់ ការ​រីក​រាលដាល នៃ​កូ​វី​ដ​ប្រភេទ​ថ្មី អូ​មី​ក្រុង ។ ប្រទេស​ទាំងនោះ រួម​មាន ៖ បូត​ស្វា​ណា អេ​វ៉ា​ទី​នី ឡេ​សូ​តូ ម៉ា​ឡា​វី ម៉ូ​សំ​ប៊ិក ណា​មី​ប៊ី អាហ្វ្រិក​ខាងត្បូង និង​ហ្ស៊ី​ម​បា​វ៉េ ។

សូម​ជម្រាប​ថា អាហ្វ្រិក​ខាងត្បូង បាន​រាយការណ៍​ពី​ករណី​វីរុស​កូ​វី​ដ​បំប្លែង​ថ្មី អូ​មី​ក្រុង ទៅ​អង្គការ​សុខភាព​ពិភពលោក នៅ​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ។

មន្ត្រី DDC ក៏​បាន​និយាយ​ផង​ដែរ​ថា ករណី អូ​មី​ក្រុង ត្រូវ​បាន​រាយការណ៍ នៅ​ក្នុង​ប្រទេស​ចំនួន ៣០ រហូត​មក​ដល់​ពេល​នេះ រួម​ទាំង​អាហ្វ្រិក​ខាងត្បូង នី​ហ្សេ​រី​យ៉ា បូត​ស្វា​ណា ម៉ូ​សំ​ប៊ិក ហ្ស៊ី​ម​បា​វេ ណា​មី​ប៊ី ម៉ា​ឡា​វី អេ​វ៉ា​ទី​នី ឡេ​សូ​តូ ប្រេ​ស៊ី​ល កា​ណា​ដា ជប៉ុន អ៊ី​ស្រា​អែ​ល អូ​ទ្រី​ស កូរ៉េ​ខាងត្បូង សិង្ហ​បុរី ហុងកុង ចក្រភព​អង់គ្លេស តួ​គី អា​ល្លឺ​ម៉​ង់ អេ​ស្ប៉ា​ញ អ៊ី​តា​លី ហូ​ឡង់ សាធារណរដ្ឋ​ឆេ​ក បែ​ល​ហ្សិ​ក ស៊ុ​យ​អែ​ត ព័រ​ទុ​យ​ហ្គា​ល់ ស្វី​ស ដា​ណឺ​ម៉ាក និង​អូស្ត្រាលី ។

មន្ត្រី DDC បាន​បញ្ជាក់​ថា “​ករណី​ឆ្លង​ភាគច្រើន​នៅ​ក្នុង​ប្រទេស​ទាំង​៣០​នេះ នាំ​មក​ដោយ​អ្នកដំណើរ​អន្តរជាតិ​” ។ “​ទោះបីជា​មិន​ទាន់​មាន​ករណី អូ​មី​ក្រុង នៅ​ក្នុង​ប្រទេស​ថៃ​ក៏​ដោយ ក៏​នាយកដ្ឋាន​គ្រប់គ្រង​ជំងឺឆ្លង​របស់​ថៃ និង​ភ្នាក់ងារ​ពាក់ព័ន្ធ​ផ្សេង​ទៀត នឹង​តាមដាន​ស្ថានការណ៍​យ៉ាង​ដិត​ដល់ និង​ធ្វើ​បច្ចុប្បន្នភាព​ជា​ប្រចាំ​” ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ