ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ភូមិ​បះបោរ​ជំទាស់ ការ​ឃុបឃិត​ចេញ​កម្មសិទ្ធិ លើ​ផ្ទៃដី​បឹង​ធារាសាស្ត្រ

7 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ ទំនាស់​ដី​បឹង​ធារាសាស្ត្រ​មួយ​កន្លែង​កំពុង​ផ្ទុះ​រឿង​តវ៉ា ដោយសារ​ភាគី​ម្ខាង​អះអាង​ថា មាន​លិខិត​កាន់កា.ប់​ស្របច្បាប់ ចំណែក​ភាគី​ម្ខាង​ទៀត ដែល​មាន​ពលរដ្ឋ​មួយ​ភូមិ​បាន​អះអាង​ថា ជា​បឹង​រួម​តាំងពី​ដើម​

ខេត្តកំពង់ស្ពឺ ៖ ទំនាស់​ដី​បឹង​ធារាសាស្ត្រ​មួយ​កន្លែង​កំពុង​ផ្ទុះ​រឿង​តវ៉ា ដោយសារ​ភាគី​ម្ខាង​អះអាង​ថា មាន​លិខិត​កាន់កាប់​ស្របច្បាប់ ចំណែក​ភាគី​ម្ខាង​ទៀត ដែល​មាន​ពលរដ្ឋ​មួយ​ភូមិ​បាន​អះអាង​ថា ជា​បឹង​រួម​តាំងពី​ដើម​មកមិន​គួរ​ណា​វាស់​ពុះ​កាត់​ឱ្យ​ឯកជន​កាន់កាប់​ធ្វើ​ជា កម្មសិទ្ធិ​ឡើយ ទីតាំង​បឹង​ធារាសាស្ត្រ​នេះ ស្ថិត​ក្នុង​ឃុំ​ព្រៃ​វិហារ ស្រុក​គងពិសី ។ ការ​ស្នើ​សុំ​មិន​ឱ្យ​ចេញ​ប្លង់​នេះ​ធ្វើ​ឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​១១ ឧសភា បន្ទាប់​ពី​អ្នក​ភូមិ​ទាំងអស់​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១២ ឧសភា ២០១៦​នេះ ក្រុម​មន្ត្រី​ជំនាញ​បាន​ចុះ​ទៅ​កាន់​កន្លែង​ទំនាស់​នោះ ។

លោក ជុំ សុ​ថុ​ល មេ​ភូមិ​ព្រៃ​កេស​បានឱ្យ​ដឹង​ថា ក្រុម​ប្រជាពលរដ្ឋ​ក្នុងភូមិ​មាន​ចំនួន​សរុប​១០៨​គ្រួសារ ដែល​បាន​មក​ជួបជុំ​គ្នា​នេះ​ក្នុង​គោលបំណង​ស្នើ​ឱ្យ​ជំនាញ និង​អាជ្ញាធរ​កុំ​ចេញ​ប្លង់​កម្មសិទ្ធិ​ដី​បឹង​ធារាសាស្ត្រ​នេះ​ទៅ​ឱ្យ​ឯកជន​កាន់កាប់ ។ ការ​ដែល​មិន​ឲ្យ​ចេញ​ប្លង់​កម្មសិទ្ធិ​នេះ គឺ​ពលរដ្ឋ​ទាំងអស់​មាន​បំណង​រក្សា​ទុក​ដី​បឹង​ធារាសាស្ត្រ​នេះ​ប្រើប្រាស់​ជា​ប្រយោជន៍​រួម​។ ការ​ដែល​ពួក​គាត់​តវ៉ា​នេះ​សំអាង​ថា តាំងពី​ឆ្នាំ​១៩៧៩​មក គឺ​ប្រជាពលរដ្ឋ​បាន​អាស្រ័យ​ផល​ពី​បឹង​មួយ​នេះ​គ្រប់​ក្រុម​គ្រួសារ មិន​ថា​គ្រួសារ​ណា​ជា​គ្រួសារ​ណា​ទេ ស្រាប់តែ​នៅ​ពេល​ថ្មី​ៗ​នេះ​បែរជា​មន្ត្រី​ជំនាញ​សុរិយោដី និង​មន្ត្រី​ធនធាន​ទឹកបាន​ចុះ​មក​បាញ់​ប្លង់​(​ចុច​ជី​ភី​អេស​)​ដើម្បី​ចេញ​ប្លង់​កម្មសិទ្ធិ​ទៅ​ឱ្យ​បុគ្គល​ឯកជន​កាន់កាប់ ទៅ​វិញ​ទើប​ផ្ទុះ​ការ​តវ៉ា​ឡើង ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ដែរ​លោក ដួង សយ​មេឃុំ​ព្រៃ​វិហារ​បានឱ្យ​ដឹង​ថា ដី​ដែល​មាន​បញ្ហា​នេះ​ជា​ដី​ដែល​មាន​ប័ណ្ណកម្មសិទ្ធិ​របស់​គេ​ត្រឹមត្រូវ​ចេញ​ដោយ​អាជ្ញាធរ​ឃុំ​តាំងពី​ឆ្នាំ​១៩៩៤​មក​ម្ល៉េះ ។ តែ​លោក​មេឃុំ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ដី​ដែល​កំពុង​មាន​បញ្ហា​នេះ គឺជា​ដី​ទំនប់​ធារាសាស្ត្រ​ពិតមែន ចំណែក​អ្នកកាន់កាប់​មិនមែន​អ្នក​ភូមិ​ព្រៃ​កេស​នេះ​ទេ គឺ​មក​ពី​ភូមិ​ទួល​ត្បែង​និង​ភូមិ​ដំរី​ស្លាប់​(​ភូមិ​ទាំង​២​ស្ថិត​នៅ​ក្នុង​ឃុំ​ព្រៃ​វិហារ​) ។ នៅ​ពេល​ថ្មី​ៗ​នេះ អ្នក​ដែល​កាន់កាប់​ដី​បឹង​បាន​ស្នើ​សុំ​ធ្វើ​ប័ណ្ណកម្មសិទ្ធិ​ក៏​ត្រូវ​ប្រជាពលរដ្ឋ​នៅ​ភូមិ​ព្រៃ​កេស​ប្រឆាំង​តវ៉ា​មិន​ឱ្យ​ជំនាញ​ចេញ​ប្លង់​ឡើយ ។

ទាក់ទិន​នឹង​រឿង​នេះ​ដែរ លោក ញា​៉​ញ់ ជាប​ហ៊​ង ប្រធាន​មន្ទីរ​ធនធានទឹក​ខេត្តកំពង់ស្ពឺ​ដែល​ធ្លាប់​ចុះ​ទៅ​ដល់​កន្លែង​ទំនាស់​នោះ​បានឱ្យ​ដឹង​ថា ពេល​នេះ​លោក​កំពុង​រក​ដំណោះស្រាយ​ណាមួយ​ដែល​សម​ស្រប​ដើម្បី​កុំឱ្យ​ស្ថានការណ៍​កាន់តែ​តឹងតែង​ខ្លាំង ។ ទោះជា​យ៉ាងណា លោក​បាន​បញ្ជាក់​ថា ជា​ធម្មតា​ដី​ទំនប់​បឹង​ធារាសាស្ត្រ គឺ​មិន​មាន​ជំនាញ​ណាមួយ​អាច​ចេញ​ប្លង់​ឱ្យ​កាន់កាប់​ជា​កម្មសិទ្ធិឯកជន​បាន​ឡើយ ។

បើ​តាម​ព្រឹទ្ធាចារ្យ​មួយ​រូប​បាន​ប្រាប់​ថា ទំនប់​ធារាសាស្ត្រ​នេះ កសាង​ឡើង​ក្នុង​កំឡុង​របប​ប៉ុ​ល​ពត ៣​ឆ្នាំ​៨​ខែ​និង​២០​ថ្ងៃ ដែល​ប្រើ​កម្លាំង​មនុស្ស​រាប់រយ​នាក់ ហើយ​ក៏​មាន​អ្នក​បាត់បង់​ជីវិត​មិន​តិច​ដែរ​ក្នុង​ការ​សាងសង់​ទំនប់​ធារាសាស្ត្រ​មួយ​នេះ ។ ហេតុ​អ្វី​បានជា​អស់លោក​ជំនាញ​ប្រុង​ចេញ​ប្លង់​ឱ្យ​ក្លាយទៅជា​កម្មសិទ្ធិឯកជន​ទៅ​វិញ ៕