ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូ​ទ័​រ​បូមទឹក​ឆក់​មនុស្ស​៤​នាក់ សំណាង​មិន​ស្លា.ប់

7 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ សំឡេង​បាន​ស្រែក​ជួយ​ផង​មនុស្ស​ឆក់​ខ្សែភ្លើង​ហើយ ! បង្ក​ឲ្យ​មនុស្ស​ម្នា​ភ្ញាក់ផ្អើល ឮ​ទៅ​ដល់​អ្នក​ជិតខាង​បាន​រត់​ស្ទុះ ទៅ​បិទ​ឌី​ស​សង់​ទ័​រ​(​បិទ​ចរន្ត​ភ្លើង​)

ខេត្តកំពង់ចាម ៖ សំឡេង​បាន​ស្រែក​ជួយ​ផង​មនុស្ស​ឆក់​ខ្សែភ្លើង​ហើយ ! បង្ក​ឲ្យ​មនុស្ស​ម្នា​ភ្ញាក់ផ្អើល ឮ​ទៅ​ដល់​អ្នក​ជិតខាង​បាន​រត់​ស្ទុះ ទៅ​បិទ​ឌី​ស​សង់​ទ័​រ​(​បិទ​ចរន្ត​ភ្លើង​) គេ​បានឃើញ​មនុស្ស​ប្រុស​ស្រី ចំនួន​៤​នាក់​បាន​ដួល​ទៅ​លើ​ដី សំណាង​ណាស់​មិន​បាន​រងគ្រោះថ្នាក់​ដល់​អាយុជីវិត ។ ហេតុ​ការ​ណ៏​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​ជិត​៥​ល្ងាច ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០១៦ នៅ​ភូមិ​តា​មូ​ត ឃុំ​គរ ស្រុក​ព្រៃឈរ ត្រូវ​បាន​គេ​ជួយ​សង្គ្រោះ​ដោយ​កប់​ខ្សាច់ និង​បន្ត​នាំ​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​ទាំង​យប់ ។

អ្នក​រង​គ្រោះ​ឈ្មោះ ខែ​ម ចាន់​ធា ភេទ​ស្រី​អាយុ​៣៨​ឆ្នាំ​ប្រាប់​ឲ្យ​ដឹង​ថា ដំបូង​គាត់​បាន​ប្រើ​កូនស្រី​ឈ្មោះ ឈឺ​ន និ​តា អាយុ​១០​ឆ្នាំ ឲ្យ​ចេញ​ទៅ​បិទ​ម៉ូ​ទ័​រ​បូមទឹក​នៅ​ខាងក្រោយ​ផ្ទះ ក្នុង​ពេល​ដែល​ទៅ​នោះ​ស្រាប់ តែ​ឃើញ​កូនស្រី​បាន​ដួល​ហើយ​បាន​ស្រែ​កថា​ម៉ែ​ៗ រំពេច​នោះ​គាត់​នឹង​ស្មាន​តែ​កូន​ធ្វើ​លេង បន្ទាប់​មក​បាន​ស្ទុះ​ក្នុង​គោលបំណង​ទៅ​ជួយ​កូន តែ​បែ​ជា​ឆក់​ខ្សែភ្លើង ដោយ​ដៃ​តោងទៅ​បង្គោល​ដែក​ដាក់​ស៊ីទែន​ទឹក​ព្រមទាំង​បាន​ស្រែក​ជួយ​ផង​ៗ ។ អ្នក​រង​គ្រោះ​ឈ្មោះ ចាន់ ធា ប្រាប់​បន្ត​ថា ក្រោយ​បាន​ស្តាប់​ឮ​បែប​នោះ ហើយ​មាន​អ្នក​ជិតខាង​ឈ្មោះ ស្រី​និ​ច ភេទ​ស្រី អាយុ​១៥​ឆ្នាំ បាន​រត់​មក​ជួយ​ក៏​ត្រូវ​បាន​ខ្សែភ្លើង​ឆក់​បន្ត​ទៀត រហូត​ដល់​ទៅ​សន្លប់ ទាំងអស់​គ្នា​តែ​ម្តង ។

គាត់​ថា​ចំពោះ​ខ្សែភ្លើង​គឺ​ខ្លាច​ណាស់​រឿង​ឆក់ តែងតែ​មានការ​ប្រុង​ប្រយ័ត្ន​ព្រោះ ប្រាប់​ទៅ​កូន​ៗ​ពេល​ណា​ដែល​មាន​ដៃ​សើម មិន​ត្រូវ​ទៅ​កាន់​កុងតាក់​បិទ​ម៉ូ​ទ័​រ​បូមទឹក​ឡើយ ។ សម្រាប់​ភ្លើង​ត​ផ្ទះ​គាត់​បាន​ហៅ​ជាងភ្លើង​មក​ពី​ភ្នំពេញ​ត​ឲ្យ ចំពោះ​មូលហេតុ​ដែល​ឆក់​អាច​មក​ពី​នៅ​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០១៦ មេឃ​បាន​បង្អុរ​ភ្លៀក​ធ្លាក់​ចុះ​មក មាន​សំណើម​នៅ​កុងតាក់​ម៉ូ​ទ័​រ​ទើប​ជា​ហេតុ​បណ្តាល​ឲ្យ​ឆ្លង​ចរន្ត​ឆក់​យ៉ាង​ដូច្នេះ ។

បុរស​ជា​ប្តី​ឈ្មោះ ឈុ​ន នី អាយុ​៤០​ឆ្នាំ បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា ស្រប​ពេល​ដែល​រូប​គាត់​កំពុង​តែ​ស្ថិត នៅ​ខាង​មុខ​ផ្ទះ​ស្រាប់តែ​ឮ​សូរ​សំលេង ដូច​ជា​របៀប​មនុស្ស​ឈ្លោះ​គ្នា ក៏​បាន​រត់​មក​មើល​ខាងក្រោយ ផ្ទះ​ឃើញ​ប្រពន្ធ​គាត់​តោង​បង្គោល​ដែក​ដាក់​ធុង​ទឹក ដោយ​ក្បាល​ងើយ​ទៅ​ខាងលើ ក្រែងតែ​ប្រពន្ធ​ខ្យល់​ក៏​ស្ទុះ​ទៅ​ទប់​។ ក្នុង​ពេល​នោះ​ជា​ហេតុ​បណ្តាល​ឲ្យ​ឆក់​ទាំង​រូប​លោក​ទៀត ដួល​មក​ត្រូវ​មុត​ដែក​ត្រង់ ចង្កេះ​តែ​ប្រឹង​ទប់​ស្មារតី ស្រែកហៅ​ឲ្យ​អ្នក​ជិតខាង​ជួយ​ខ្សែភ្លើង​ឆក់​ហើយ រួច​បាន​ដួល​ទៅ​លើ​ដី​ដែរ​។ បន្តិច​ក្រោយមក​បាន​អ្នក​ភូមិ​ផង​របង​ជាមួយ​បាន រត់​ទៅ​បិទ​ឌី​ស​សង់​ទ័​រ នៅ​នឹង​បង្គោល​ភ្លើង​ដើម្បី​កុំ​ឲ្យ​មាន​ចរន្ត​អគ្គី​ស​នី​ឆ្លង​មក​ទៀត ។

គ្រាន់តែ​បិទ​ភ្លើង​ភ្លាម​រូប​លោក​ក៏​បាន​ស្ទុះ​ងើបឡើង​វិញ ហើយ​ក៏​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ជិតខាង និង​សាច់ញាតិ​មក​ជួយ​នាំ​គ្នា​មក​លើក​ប្រពន្ធ​កូន និង​អ្នក​ជិតខាង​ម្នាក់​ដែល​សន្លប់ សែង​មក​ខាង​មុខ​ផ្ទះ​យក​ខ្សាច់​កប់​និង​ប្រឹងប្រែង​ធ្វើ​ចលនា រហូត​ដឹងខ្លួន ពេល​ធូរស្រាល​ក៏​ប្រញាប់​ដឹក​មក​ស​ង្គ្រោ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក និង​នាំ​បន្ត​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត ផុត​ពី​គ្រោះថ្នាក់​ដល់​អាយុជីវិត​ទាំងអស់​គ្នា ៕