រាជធានីភ្នំពេញ ៖ រថយន្តកាមរីឆ្លាមមួយគ្រឿងដែលគេស្គាល់ជារថយន្តតាក់ស៊ីរត់ពីភ្នំពេញ ទៅប៉ោយប៉ែត ត្រូវរថយន្តឡង់គ្រីស្ស័រពាក់ស្លាកលេខរដ្ឋ បោះពួយបុកចំពីមុខកាលពីវេលាម៉ោង៣និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២ កុម្ភៈ ២០១១ នៅចំណុចកែងមហាវិថីព្រះមុនីវង្ស និងមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។ គ្រោះថ្នាក់ចរាចរណ៍នេះ មិនមានមនុស្សណាម្នាក់រងរបួសនោះទេ គ្រាន់តែរថយន្តកាមរីឆ្លាមខូចខាតផ្នែកខាងមុខធ្ងន់ ហើយរថយន្តបង្កបានបើកគេចខ្លួនទៅបាត់ ខណៈពេលសមត្ថកិច្ចឃាត់បានមួយរយៈខ្លី តែទោះជាយ៉ាងណា គេស្គាល់អត្តសញ្ញាណរថយន្តនោះច្បាស់ហើយ ។
សាក្សីបាននិយាយឱ្យសមត្ថកិច្ចដឹងថា មុនពេលកើតហេតុ រថយន្តម៉ាកកាមរីឆ្លាម ពណ៌ស ពាក់ស្លាកលេខ ប.មានជ័យ 2A-2966 បានបើកលើកំណាត់មហាវិថីព្រះមុនីវង្ស ឆ្ពោះទៅទិសខាងត្បូង លុះមកដល់កែងមហាវិថីសហព័ន្ធរុស្ស៊ី (ភ្លើងស្តុបបេ កា សេ) ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ស្រាប់តែរថយន្តឡង់គ្រីស្ស័រ មួយគ្រឿង ពាក់ស្លាកលេខ (រដ្ឋ ១០) ២.០០៨៥ បើកតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ទៅទិសខាងកើត លុះដល់ភ្លើងស្តុបខាងលើក៏បត់ឆ្វេងបញ្ច្រាសទិសបានបុករថយន្តកាមរីឆ្លាមចំពីមុខទាំងកំរោលលាន់គ្រាំង ។ ខណៈពេលបុក កាមរីឆ្លាមខ្ទេចមុខហើយនោះ ម្ចាស់រថយន្តឡង់គ្រីស្ស័រមិនបានចេញពីក្នុងរថយន្តទេ ព្យាយាមចាក់សោពីខាងក្នុងថែមទៀតដោយឫកពាស្រវឹងធ្លាក់ភ្នែកដល់.កតែម្តង ក៏ប៉ុន្តែនៅពេលដែលនគរបាលមូលដ្ឋានជាប់រវល់ពិនិត្យមើលរថយន្តដែលរងគ្រោះក្រែងមានមនុស្សរបួស ស្រាប់តែរថយន្តបង្កឡង់គ្រីស្ស័រនោះបើកគេចខ្លួនទៅបាត់ដោយសុវត្ថិភាពតែម្តង ។
នគរបាលមូលដ្ឋានដែលនៅចំណុចកើតហេតុបានឱ្យដឹងថា ម្ចាស់រថយន្តកាមរីឆ្លាមដែលរងគ្រោះមានឈ្មោះជីម សុខគ្រី ភេទប្រុស អាយុ២៩ឆ្នាំ មុខរបររត់តាក់ស៊ី ភ្នំពេញ-ប៉ោយប៉ែត មានទីលំនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រីឯភាគីខាងរថយន្តឡង់គ្រីស្ស័រ មិនស្គាល់អត្តសញ្ញាណទេ តែគេស្គាល់ស្លាកលេខរថយន្តហើយដូច្នេះវាមិនពិបាករកនោះទេ ហើយនេះក៏ជាមេរៀនមួយដល់សមត្ថកិច្ចដែលមើលស្រាលការងារមិនព្រមធ្វើការឃាត់ខ្លួនជនបង្ក និងរថយន្ត ៕


ចែករំលែកព័តមាននេះ