បុរសប៉ាឡេស្ទីនម្នាក់ កាលពីព្រឹកថ្ងៃទី១២ មីនា បានសម្លាប់ជនជាតិអ៊ីស្រាអែល៥នាក់ ក្នុងនោះមានកុមារ៣នាក់ ដោយសារកាំបិតក្នុងតំបន់និគមជនជ្វីហ្វនៅស៊ីសហ្ស៊កដានី ។ នេះជាការអះអាងរបស់កងទ័ពអ៊ីស្រាអែល ។
អ្នកនាំពាក្យអ៊ីស្រាអែលម្នាក់និយាយថា នាវេលារំលងអធ្រាត្រថ្ងៃទី១២ មីនា នោះ ភេរវករម្នាក់បានចូលក្នុងផ្ទះមួយនៅតំបន់និគមជនអ៊ីតាម៉ារ ហើយបានសម្លាប់មនុស្ស៥នាក់ ក្នុងនោះមានកុមារ៣នាក់ និងឪពុកម្តាយរបស់ពួកគេ ។
លោកអេហ៊ូដ បារ៉ាក់ រដ្ឋមន្ត្រីការពារប្រទេសអ៊ីស្រាអែលបានសន្យាពីការប្រើរាល់មធ្យោបាយចាំបាច់ដើម្បីតាមចាប់ពួកអ្នកទទួលខុសត្រូវលើការសម្លាប់មនុស្សនេះ ។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោកបេនចាមីន នេតាន់យ៉ាហ៊ូ បានធ្វើអត្ថាធិប្បាយថា នេះជាអំពើយ៉ាងកំសាកមួយដែលវាយប្រហារលើគ្រួសារស្លូតត្រង់មួយ ឪពុកម្តាយ និងពួកកូនៗដែលកំពុងដេកលង់លក់ក្នុងផ្ទះ ។ លោកបន្តថា អ៊ីស្រាអែលនឹងពុំអាចនៅស្ងៀមបាន ចំពោះអំពើមនុស្សឃាតដ៏គួរឱ្យស្អប់ខ្ពើមនេះ ហើយនឹងបញ្ចេញសកម្មភាពម៉ឺងម៉ាត់នានា ដើម្បីធានាសន្តិសុខដល់ប្រជាជនស៊ីវិល ហើយដាក់ទោសពួកឃាតក។ អាជ្ញាធរប៉ាឡេស្ទីនបានជួយស្វែងរកពួកអ្នកទទួលខុសត្រូវ ៕
ចែករំលែកព័តមាននេះ