ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​ងឿងឆ្ងល់ ពេល​ឃើញ​គេ​ដើរ​សុំ​ស្នាម​មេដៃ

7 ឆ្នាំ មុន

ខេត្តព្រៃវែង ៖ ប្រជាពលរដ្ឋ​ជា​ច្រើន​នៅ​ក្នុង​ឃុំ​ព្រែក​ខ្សាយ​(​ខ​) ស្រុក​ពាម​រក៍ ខេត្តព្រៃវែង បាន​ឲ្យ​ដឹង​ថា ២-៣​ថ្ងៃ​មកនេះ​គេ​ឃើញ​បុរស​ចម្លែក​ម្នាក់ ជិះឡាន​ហា​យ​ឡេ​ន​ឌើ

ខេត្តព្រៃវែង ៖ ប្រជាពលរដ្ឋ​ជា​ច្រើន​នៅ​ក្នុង​ឃុំ​ព្រែក​ខ្សាយ​(​ខ​) ស្រុក​ពាម​រក៍ ខេត្តព្រៃវែង បាន​ឲ្យ​ដឹង​ថា ២-៣​ថ្ងៃ​មកនេះ​គេ​ឃើញ​បុរស​ចម្លែក​ម្នាក់ ជិះឡាន​ហា​យ​ឡេ​ន​ឌើ និង​មាន​កាំភ្លើងខ្លី​សៀត​នៅ​នឹង​ចង្កេះ​ផង​នោះ បាន​ដើរ​បញ្ចុះបញ្ចូល​ឲ្យ​ប្រជាពលរដ្ឋ​ក្នុងភូមិ​៥ និង​ភូមិ​៦ ផ្តិត​មេដៃ​គាំទ្រ​ឲ្យ​គេ​ធ្វើ​ប្រ​ព​ន្ធ័​លូ​រំដោះ​ទឹក​នៅ​ភូមិ​២​។ ប្រជាពលរដ្ឋ​ទាំងនោះ​បាន​លើក​ឡើង​ថា ពួក​គាត់​មិន​ដែល​ស្គាល់​បុរស​ម្នាក់​នោះ​ទេ ប៉ុន្តែ​ឃើញ​គេ​មក​ឲ្យ​ផ្តិត​មេដៃ អ្នកខ្លះ​ស្មានថា​គេ​ធ្វើ​ឲ្យ​អត់​យក​លុយ​ក៏​ផ្តិត​ឲ្យ​គេ​ទៅ ឯ​អ្នកខ្លះ​ទៀត​មិន​ព្រម​ផ្តិត​ឲ្យ​ទេ ព្រោះ​មិន​ទាន់​ដឹង​ព័ត៌មាន​ច្បាស់ ។

​ហើយ​ខាង​អាជ្ញាធរ​ក៏​មិន​បាន​ហៅ​ប្រជាពលរដ្ឋ​ទៅ​ប្រជុំ​ផ្សព្វផ្សាយ ឲ្យ​ដឹង​ថា​គេ​ចង់​ធ្វើ​អ្វី​ដែរ​។ ចំពោះ​សកម្មភាព​ខាងលើ​នេះ ត្រូវ​បាន​លោកស្រី​ស្មៀនឃុំ ព្រែក​ខ្សាយ​(​ខ​) ប្រាប់​ឲ្យ​ដឹង​ថា អ្នក​ដែល​ដើរ​សុំ​មេដៃ​ពី​ប្រជាពលរដ្ឋ​នោះ គឺជា​តំណាង​ក្រុមហ៊ុន​ដែល​គេ​បាន​សិទ្ធិ​អនុញ្ញាត​ពី​អភិបាលស្រុក និង​ខេត្ត​រួច​ហើយ គឺ​អោយធ្វើ​ប្រ​ព​ន្ធ័​លូ​រំដោះ​ទឹក​តាម​បណ្តោយ​ផ្លូវ​ក្នុងភូមិ​២ ពី​លិចទៅ​កើត​ដែល​មាន​ប្រវែង​១៥០០​ម៉ែត្រ ។

ប៉ុន្តែ​មុន​នឹង​ធ្វើ​ថ្នាក់លើ​តម្រូវ​ឲ្យ​ក្រុមហ៊ុន​នេះ​ចុះ​ទៅ​ជួប​ចរចារ​ជាមួយ​ប្រជាពលរដ្ឋ​សិន បើ​ពួក​គាត់​ព្រម​ទើប​អនុញ្ញាត​ឲ្យ​ធ្វើ​។ ចំណែក​ប្រជាពលរដ្ឋ​នៅ​ភូមិ​២ ដែល​មានផ្ទះ​នៅ​តាម​បណ្តោយ​ផ្លូវ​ត្រូវធ្វើ​លូ​នេះ​បាន​ឲ្យ​ដឹង​ថា រឿង​គេ​ចង់​ធ្វើ​លូ​នេះ​ពួក​គាត់​មិន​បានដឹង​ទេ ស្ងាត់​ៗ​ស្រាប់តែ​ឃើញ​គេ​ដឹក​លូ​មក​ទំលាក់​ចោល​នៅ​មុខ​ផ្ទះ​ពួក​គាត់​តែ​ម្តង លុះ​ពេល​សួរនាំ​ទើប​ដឹង​ថា​គេ​ធ្វើ​ប្រ​ព​ន្ធ័​លូ​ឲ្យ តែ​តម្រូវ​ឲ្យ​ម្ចាស់ផ្ទះ​ចេញថ្លៃ​ពលកម្ម​ឲ្យ​គេ ក្នុង​១​ម៉ែត្រ​៤៥​ដុល្លារ ប៉ុន្តែ​ពួក​គាត់​ភាគច្រើន គឺ​មិន​ព្រម​នោះ​ទេ​ព្រោះ​តម្លៃ​វា​ខ្ពស់​ខ្លាំង​ពេក​។ អ្នក​ភូមិ​ទាំងនោះ​បាន​បញ្ជាក់​ថា បាន​អាជ្ញាធរ​គិតគូរ​ជួយ​ធ្វើ​លូ​រំដោះ​ទឹក​ឲ្យ​នោះ ពួក​គាត់​ត្រេកអរ​ណាស់ ហើយ​ក៏​មិន​ខ្លាច​នឹង​ចំណាយ​លុយ​ដែរ ប៉ុន្តែ​បើ​ធ្វើ​ដាក់​លូ​មូល​នេះ​ពួក​គាត់​មិន​ព្រម​ទេ ព្រោះ​បាន​តែ​ប៉ុន្មាន​ខែ​វា នឹង​ស្ទះ​វិញ​ហើយ ហើយ​ពេល​ស្ទះ​មិន​អាច​លូន​ចូល​ទៅ​ស្តារ​បាន​ទេ​។

តែបើ​ដាក់​លូ​ប្រអប់ មាន​គំរប​គ្រប​ពីលើ​វិញ ពួក​គាត់​សុខចិត្ត​ព្រម​ធ្វើ ព្រោះ​ពេល​ស្ទះ​ពួក​គាត់​អាច​បើក​គំរប​ស្តារ​ខ្លួនឯង​បាន​។ ពាក់​ព​ន្ធ័​នឹង​រឿងរ៉ាវ​ខាងលើ​នេះ ត្រូវ​បាន​លោក ភុ​ន ស​ម្ភ​ស្ស អភិបាលស្រុក​ពាម​រក៍ ប្រាប់​ឲ្យ​ដឹង​តាម​ទូរ​សព្ទ័​ថា ក្រុមហ៊ុន​ដែល​ទទួល​បាន​សិទ្ធិ​ធ្វើ​លូ​រំដោះ​ទឹក​នៅ​ភូមិ​២​នេះ គឺជា​ក្រុមហ៊ុន​មក​ពី​ភ្នំពេញ ហើយ​តាម​លក្ខខណ្ឌ មុន​នឹង​ក្រុមហ៊ុន​អាច​ចាប់ផ្តើម​ធ្វើ​ប្រ​ព​ន្ធ័​លូ​នេះ​បាន គឺ​ត្រូវ​មានការ​ព្រមព្រៀង​ពី​ប្រជាពលរដ្ឋ​សិន ដើម្បី​ចៀសវាង​កុំអោយ​មាន​បញ្ហា​នៅ​ពេល​ធ្វើ​។

លោក ភុ​ន ស​ម្ភ​ស្ស បាន​បញ្ជាក់​ថា នៅ​ព្រឹកស្អែក​ថ្ងៃ​ទី​១៣​ឩ​សភា ក្រុមហ៊ុន​នឹង​ចាប់​បើក​ការដ្ឋាន​ធ្វើ​ប្រ​ព​ន្ធ័​លូ​នៅ​ភូមិ​២​នោះ​ហើយ ប៉ុន្តែ​បើ​នៅ​មាន​អ្នកស្រុក​មិន​ព្រម​ទេ​នោះ ល្ងាច​នេះ​លោក​នឹង​កោះហៅ​ខាង​ក្រុមហ៊ុន និង​អាជ្ញាធរ​មូលដ្ឋាន​មក​សួរនាំ ដើម្បី​រក​ដំណោះស្រាយ ធ្វើ​យ៉ាងណា​គឺ​មិន​ឲ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ នាំ​ឲ្យ​ពួក​គាត់​មានការ​ថ្នាំងថ្នាក់​នោះ​ទេ​។ ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​លើក​ឡើង​ថា បើ​ប្រជាពលរដ្ឋ​មិន​ព្រម ឯ​ក្រុមហ៊ុន​នៅ​តែ​ជំនះ​ធ្វើ​បែប​នេះ ច្បាស់​ជា​មាន​បញ្ហា​កើតឡើង​ហើយ តើ​នរណា​ជា​អ្នក​ទទួលខុសត្រូវ? ៕