ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណើរ​ទស្សនកិច្ច​របស់​ប្រធាន​សេ​វេន​ដេ​យ​អាត់​វេន​ទី​ស្ទ ពិភពលោក (SDA) មក​កាន់​កម្ពុជា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ថ្ងៃ​ដ៏​មហោឡារិក និង​ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​មួយ​សម្រាប់​សមាជិក​ព្រះ​វិហារ​សេ​វេន​ដេ​យ​អាត់​វេន​ទី​ស្ទ (SDA) នៅ​ប្រទេស​កម្ពុជា ដោយ​វត្តមាន​លើក​ទី​មួយ របស់​លោក​ប្រធាន​ព្រះ​វិហារ​សេ​វេន​ដេ​យ​អាត់​វេន​ទី​ស្ទ

រាជធានី​ភ្នំពេញ ៖ ថ្ងៃ​ដ៏​មហោឡារិក និង​ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​មួយ​សម្រាប់​សមាជិក​ព្រះ​វិហារ​សេ​វេន​ដេ​យ​អាត់​វេន​ទី​ស្ទ (SDA) នៅ​ប្រទេស​កម្ពុជា ដោយ​វត្តមាន​លើក​ទី​មួយ របស់​លោក​ប្រធាន​ព្រះ​វិហារ​សេ​វេន​ដេ​យ​អាត់​វេន​ទី​ស្ទ ពិភពលោក លោក Ted N.C. Wilson បាន​មក​ទស្សនកិច្ច​ប្រទេស​កម្ពុជា ដើម្បី​ជួប​សំណេះសំណាល​នឹង​ផ្តល់​ឱវាទ​ល្អ​ៗ​ដល់​សមាជិក​ព្រះ​វិហារ​សេ​វេន​ដេ​យ​អាត់​វេន​ទី​ស្ទ​កម្ពុជា​។

ក្នុង​ដំណើរ​មក​ដល់​នៃ​លោក Ted N.C. Wilson  នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ពោធិ៍​ចិន​តុង លោក​បាន​មាន​ប្រសាសន៍​ថា «​នេះ​គឺជា​រឿង​អស្ចារ្យ​ខ្លាំង​ណាស់ ដែល​ខ្ញុំ​មាន​វត្តមាន​ជា​លើក​ដំបូង​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ជា​ប្រទេស​បាន​ផ្តល់​សិទ្ធិ​សេរីភាព​ខាង​សាសនា​» ។ ពួក​យើង​នឹង​ធ្វើ​ដំណើរ​ក្នុង​រយៈពេល​៣​ស​ប្តា​ហ៍ បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ឡាវ បន្ទាប់​មក​យើង​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​នៅ​អាហ្វ្រិក ។  ដូច្នេះ​ដំណើរ​ទស្សនកិច្ច​មាន​រយៈពេល​៧​ស​ប្តា​ហ៍ ដែល​ពួក​យើង​នឹង​ទៅ​កាន់​ព្រះ​វិហារ និង​ជួប​ជាមួយ​គ្រី​ស្ទ​បរិស័ទ​ជា​ច្រើន​ទៀត​ផង ដើម្បី​លើកទឹកចិត្ត​ពួក​គេ​ឲ្យ​ជួយ​មនុស្ស​ដទៃ​ទៀត ក្នុង​វិធីសាស្ត្រ​ដ៏​អស្ចារ្យ ។

លោក​បន្ត​ថា គោលបំណង​សំខាន់​នៃ​ដំណើរ​ទស្សនកិច្ច​នេះ គឺ​ចង់​ជួបនឹង​គ្រី​ស្ទ​បរិស័ទ​ក្នុង​ប្រទេស​កម្ពុជា និង​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ​។ ពូក​យើង​ចង់​ជួយ​មនុស្ស​ទាំងឡាយ​ឲ្យ​រស់នៅ​ប្រកបដោយ​សុខភាព​ល្អ​ទាំង​ផ្លូវ​កាយ និង​ផ្លូវចិត្ត ។ មិនតែប៉ុណ្ណោះ ខ្ញុំ​ចង់​លើក​ស្ទួយ​ឲ្យ​មនុស្ស​ចេះ​ជួយ​គ្នា​តាម​លទ្ធភាព​ដែល​ពួក​គេ​អាច​ធ្វើ​ទៅ​បាន​សម្រាប់​មិត្តភក្តិ និង​អ្នក​ដទៃ​ផង​ដែរ ។

ទាក់ទង​នឹង​សកម្មភាព​នៃ Seventh-days Adventists លោក​ប្រធាន​បាន​មាន​ប្រសាសន៍​បន្ថែម​ថា សព្វ​ថ្ងៃនេះ សកម្មភាព​របស់ Seventh-day Adventists មាន​ព្រះ​វិហារ​នៅ​២៥០​ប្រទេស​នៅ​ក្នុង​ពិភពលោក​។ ពួក​យើង​ទាំងអស់​គ្នា​ជា​គ្រី​ស្ទ​បរិស័ទ​ដែល​មាន​ជំនឿ​លើ​ព្រះ​គម្ពីរ និង​ជឿ​ថា ព្រះ​យេស៊ូ ជា​ព្រះរាជ​បុត្រា​របស់​ព្រះ  ដោយ​ទ្រង់​បាន​សុគត​ដោយសារ​តែ​អំពើ​បាប​របស់​ពួក​យើង ហើយ​ទ្រង់​បាន​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​។ ពួក​យើង​ជឿ និង​គោរព​អនុវត្ត​តាម​ការ​បង្រៀន​របស់​ព្រះ​យេស៊ូ ដោយសារ​តែ​ទ្រង់​បាន​បង្រៀន និង​អប់រំ​ទាំង​ផ្លូវចិត្ត និង​ផ្លូវ​កាយ​ដល់​មនុស្ស​ក្នុង​សង្គម​តាម​រយៈ​ព្រះ​គម្ពីរ​។ ដូច្នេះ​ហើយ​បានជា​យើង​មាន​ព្រះ​វិហារ ដើម្បី​ជួយ​ពង្រឹង​ប្រាជ្ញា ស្មារតី​ដល់​មនុស្ស​ឲ្យ​មើលឃើញ​ពិភពលោក​ពោរពេញ​ដោយ​ក្តី​សង្ឃឹម​។ សេ​វេន​ដេ​យ​អាត់​វេន​ទី​ស្ទ បាន​ជួយ​ដល់​មនុស្ស​ទាំងឡាយ​តាម​វិធី​ផ្សេង​ៗ​ពី​គ្នា​។ សព្វ​ថ្ងៃនេះ យើង​មាន​សមាជិក​ច្រើន​ជាង​១៩ លាន​នាក់ ដែល​រួម​ប​ញ្ជូ​ល​ទាំង​មនុស្ស​ចាស់ និង​យុវវ័យ​ផង​ដែរ​។

លោក​ប្រធាន​បាន​បន្ថែម​ថា ព្រះ​វិហារ​បាន​កើនឡើង​នៅ​ក្នុង​បណ្តា​ប្រទេស​ជា​ច្រើន​ក្នុង​រយៈពេល​ដ៏​ខ្លី​។ ខ្ញុំ​ទើបតែ​មក​ពី​ប្រទេស​អូស្ត្រាលី​កាលពី​ប៉ុន្មាន​ថ្ងៃមុន ហើយ​យើង​មាន​បំណង​ចង់​ជួយ​ប្រជាជន​ដែល​រស់នៅ​ក្នុង​តំបន់​នោះ​។ ព្រះ​វិហារ​សេ​វេន​ដេ​យ​អាត់​វេន​ទី​ស្ទ​ពិភពលោក ព្យាយាម​ផ្សា​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ប្រជាជន​ក្នុង​សហគមន៍ និង​ផ្តល់​ក្តី​សង្ឃឹម​ដល់​ពួក​គេ​ក្នុង​ជីវិត​។

គួរ​រំលឹក​ថា នៅ​ក្នុង​សាសនា​គ្រី​ស្ទ មាន​បែងចែក​ជា​ច្រើន​និកាយ​ទៀត ដូច​ជា​កាតូលិក ប្រូ​តេស្ត​ង់​ជាដើម ហើយ​ក្នុង​នោះ​ដែរ សេ​វេន​ដេ​យ​អាត់​វេន​ទី​ស្ទ (SDA) ក៏​ជា​អ្នក​ជឿ​ទៅ​លើ​ព្រះ​យេស៊ូ​ដែរ​។ លោក Ted N.C. Wilson  បញ្ជាក់​ថា សេ​វេន​ដេ​យ​អាត់​វេន​ទី​ស្ទ (SDA) មាន​ភាព​អស្ចារ្យ​ខ្លាំង​ណាស់ ដោយ​ពួក​យើង​គោរព​តាម​ព្រះ​គម្ពីរ​ដែល​ជា​ព្រះ​បន្ទូល​របស់​ព្រះ  ហើយ​ព្រះ​គម្ពីរ​បាន​សម្តែង​ថា ព្រះ​បាន​បង្កើត​ផែនដី​ក្នុង​រយៈពេល​៦​ថ្ងៃ ហើយ​ថ្ងៃ​ទី​៧ នៃ​ស​ប្តា​ហ៍ គឺជា​ថ្ងៃ​បរិសុទ្ធ សូ​ម្បី​តែ​ក្រឹត្យ​វិន័យ​ទាំង​១០​ប្រការ គឺ​ត្រូវ​ឱ្យ​យើង​រក្សា​ថ្ងៃ​បរិសុទ្ធ​។ ដូច្នេះ​ហើយ​ក្រុម​ជំនុំ​សេ​វេន​ដេ​យ​អាត់​វេន​ទី​ស្ទ ថ្វាយបង្គំ​ថ្ងៃ​បរិសុទ្ធ​ដែល​ត្រូវជា​ថ្ងៃ​សៅរ៍ ។ សេ​វេន​ដេ​យ​អាត់​វេន​ទី​ស្ទ (SDA) ជឿជាក់​យ៉ាង​មុតមាំ​ថា ព្រះ​យេស៊ូ​នឹង​យាង​មក​វិញ​ជា​លើក​ទី​ពីរ ហើយ​ពួក​យើង​នឹង​លែង​មានទុក្ខ​កង្វល់ និង​អំពើ​បាប​តទៅ​ទៀត​ឡើយ​។ នេះ​ជា​ក្តី​សង្ឃឹម​ដ៏​អស្ចារ្យ​ដែល​យើង​អាច​ចែករំលែក​ជាមួយ​នឹង​អ្នក​ដទៃ​ទៀត ហើយ​ពួក​យើង​អាច​រស់នៅ​យ៉ាង​សប្បាយចិត្ត និង​សុខភាព​ល្អ ដោយសារ​តែ​អំណាច​នៃ​ព្រះ​។ ពួក​យើង​ជឿ​ថា នៅ​ពេល​ដែល​មនុស្ស​ស្លាប់ ពួក​គេ​មិនដឹង​អ្វី​ទៀត​ឡើយ ។ ព្រះ​គម្ពីរ​បាន​សរសេរ​ថា ការ​ស្លាប់ គឺជា​ការ​សម្រាក​។ សម្រាប់​អ្នក​ជឿ​ដល់​ព្រះ ពួក​គេ​រង់ចាំ​ដល់​ព្រះ​យាង​មក ដើម្បី​ឱ្យ​ពួក​គេ​មានជីវិត​ជា​ថ្មី​ឡើង​វិញ​។

តាម​រយៈ​អំណាច​ព្រះ​យេស៊ូ និង​ការ​បន្ទាប​ចិត្ត​កាយ​លើ​ព្រះ​យេស៊ូ ដោយ​ការ​អាន​គម្ពីរ អធិស្ឋាន និង ចំណាយពេល​ជា​មូ​យ​នឹង​ព្រះ​នោះ យើង​នឹង​អាច​រស់នៅ​ប្រកបដោយ​ក្តី​សុខសាន្ត​។ គួរ​បញ្ជាក់​ថា សេ​វេន​ដេ​យ​អាត់​វេន​ទី​ស្ទ (SDA) ជា​ក្រុម​ដែល​អនុវត្ត និង​លើក​ត​ម្តើ​ង​ការ​ថែទាំ​សុខភាព​ជា​ចម្បង ដោយ​ផ្តោត​លើ​ការ​បរិភោគ​អាហារ​មិន​ប៉ះពាល់​ដល់​សុខភាព ហើយ​ជៀសវាង​ឱ្យ​ផុត​ពី​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង និង​គ្រឿងញៀន​៕