ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច ស្នើ​សុំ​ឲ្យ​សាលាដំបូង តម្កល់​បណ្តឹង​បរិហារកេរ្តិ៍

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក អះ​ម៉ាត់ យ៉ះ​យ៉ា រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច ស្នើ​ឲ្យ​លោកស្រី ស៊ឺ វណ្ណ​នី ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក អះ​ម៉ាត់ យ៉ះ​យ៉ា រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច ស្នើ​ឲ្យ​លោកស្រី ស៊ឺ វណ្ណ​នី  ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ តម្កល់​បណ្តឹង​ចោទប្រកាន់​ពី​បទ​បរិហារកេរ្តិ៍ ប្តឹង​ដោយ​ឧកញ៉ា អូ​ស្មាន់ ហា​ហ្សា​ន់ រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង ជា​ប្រធាន​មូលនិធិ​អភិវឌ្ឍន៍​មូ​ស្លី​ម  តម្កល់​ទុក​មិន​ចាត់ការ ។ រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច​ស្នើ​បែប​នេះ កាលពី​ល្ងាច​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០១៦ បន្ទាប់​ពី​លោក​បាន​ចូល​បំភ្លឺ​នៅ ចំពោះ​មុខ​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​រួច​មក ។

លោក អះ​ម៉ាត់ យ៉ះ​យ៉ា ឱ្យ​បានដឹង​ថា លោក​ត្រូវ​បាន លោក អូ​ស្មាន់ ហា​ហ្សា​ន់ ប្ដឹង​ទៅ​តុលាការ​នូវ​បទ​បរិហារកេរ្តិ៍ ២​ចំណុច គឺ​ការ​ចោទប្រកាន់​ទី​១ ព្រោះ​លោក​ថា លោក អូ​ស្មាន់ ហា​ហ្សា​ន់ ជា​អ្នក​គូស​ប្លង់​ឱ្យ​សាលា​រាជធានី​ភ្នំពេញ សង់​ផ្លូវ​កាត់​វិហារ​ឥ​ស្លា​ម​នៅ​បឹង​កក់ ។ ចំណែកឯ​លោក អូ​ស្មាន់ ហា​ហ្សា​ន់ អះអាង​ថា ប្លង់​គម្រោង​ខាង​សាលា​រាជធានី​ភ្នំពេញ​ទេ​ជា​អ្នក​គូស ។ ការ​ចោទប្រកាន់​ចំណុច​ទី​២ ដោយសារ​លោក​ប្រើ​ពាក្យ​ថា ការ​ដោះ​ដូរ​ដី​នៅ​ក្រោយ​វិហារ​នោះ គឺ​បាន​ផលប្រយោជន៍ ។

លោក អះ​ម៉ាត់ យ៉ះ​យ៉ា អះអាង​ថា ពាក្យបណ្តឹង​នេះ​គឺ​ទាក់ទង​នឹង​ការ​ថ្លែង​របស់​លោក​ទៅ​កាន់​សារព័ត៌មាន​មួយ​ដែល​ថា ខ្ញុំ​បញ្ជាក់​ថា​ការ​ធ្វើ​ប្លង់​គឺ អូ​ស្មាន់ ហា​ស្សាន់ អ្នក​ធ្វើ​ប្លង់​ផ្លូវ​ឆ្លងកាត់​វិហារ ឲ្យ​គំនិត​ទៅ​សាលា​រាជធានី​។ លោក​បន្ថែម​ថា​ការ​ធ្វើ​ផ្លូវត្រង់​ក្បែរ​ព្រះ​វិហារ នឹង​រំខាន​ដល់​ការ​ថ្វាយបង្គំ​តាម​បែប​សាសនា​ឥ​ស្លា​ម ។ លោក​ថា សាលា​រាជធានី​ចង់បាន​ផ្លូវ​នោះ​ត្រង់ បើ​ធ្វើ​ត្រង់​ដី​ហ្នឹង​ត្រូវ​ពុះ​ជា​ពីរ ហើយ​ប្លង់​វា​ជិត​ពេក រំខាន​ការ​ថ្វាយបង្គំ ។ និយាយ​តាម​ត្រង់​ទៅ លោក អូ​ស្មាន់ ហា​ហ្សា​ន់​ចង់​យក​ដី​ផ្លូវ​ធ្វើ​ជា​ខុន​ដូ ។ នេះ​ជា​ការ​ផ្តល់​បទ​សម្ភាសន៍​រវាង​លោក​អា​ម៉ាត់ យ៉ះ​យ៉ា ជាមួយ​អ្នក​សារព័ត៌មាន ក្រោយ​ពី​លោក​បាន​ចេញពី​ការ​ឆ្លើយ​បំភ្លឺ​ជូន​តំណាង​អយ្យការ ៕