ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទះលក់​មាស​-​ប្តូរប្រាក់​​​នៅ​ផ្សារ​កោះ​ទាវ​ ត្រូវ​ចោរ​ចូល​​ប្លន់​យក​​អស់ជាង​​៤០តម្លឹង​​​ និង​ជាង៤ម៉ឺនដុល្លារ

15 ឆ្នាំ មុន

​ខេត្តកណ្តាល​ ៖ ​​ផ្ទះ​លក់​មាស​-ប្តូរប្រាក់​នៅ​ផ្សារ​​កោះទាវ ភូមិ​លេខ​​២ ឃុំសំពៅលូន ស្រុក​កោះធំ ​ត្រូវចោរ​​ប្រដាប់អាវុធ​​​គាស់​ទ្វារ​ចូល​​ភ្ជង់​ប្លន់​​​ម្ចាស់​ផ្ទះ​​យកអស់ជាង​​​៤០​តម្លឹង ​និងលុយ​ខ្មែរ​​, ​វៀតណាត, អាេមរិក​ សរុបជាង​​៤ម៉ឺន​ដុល្លារ ​ហើយ​គេច​ខ្លួនបាត់​ដោយសុវត្ថិភាព កាល​ពី​​វេលាម៉ោង​​​២​និង​​១៥​នាទីរំលង​អធ្រាត្រ​​ឈានចូលថ្ងៃទី​​២៧ មីនា ២០១១ ។​

បុរសម្ចាស់ផ្ទះ​ឈ្មោះ​ហុង គយ អាយុ​​៦៧​ឆ្នាំ ​បាន​ឱ្យ​ដឹង​ថា ​នៅវេលាកើតហេតុ​​នោះ ពួក​ចោរ​​មានគ្នា​​២នាក់​ ប្រដាប់​​​ដោយ​កាំភ្លើង​​​ខ្លី​​២ដើម ​បាន​ប្រើ​​​ដែក​ដូយ​​​រថយន្ត​គាស់​​ទ្វារ​ខាង​ក្រោយ​ផ្ទះ​​មិន​​មាន​ឮ​​សំរឹប​អ្វីទេ ​​រួចហើយ​​​ចូលមក​ក្នុង​ផ្ទះ​ភ្ជង់​មនុស្ស​​​ទាំងអស់​​​​ឱ្យ​នៅស្ងៀម ​និង​គំរាមបាញ់​សម្លាប់​​ ព្រមទាំង​​មិន​ឱ្យបើក​ភ្លើង​​ភ្លឺ ​ពេលនោះ​​មានការ​​ប្រកែក​​ជាមួយ​រូបគាត់ជា​ម្ចាស់​ផ្ទះ​ខ្លះៗ ​ទើបពួក​វា​​វាយក្បាល​​គាត់​មួយស្នាប់​​កាំភ្លើង​ខ្លី ​​បណ្តាល​ឱ្យ​បែកហូរ​​ឈាមផងដែរ ​បន្ទាប់មក​ពួក​ចោរ​​ក៏​ប្រមូល​​គ្រឿង​អលង្ការ​​​មាស​-ប្លាទីន​សរុប​ជាង​​​៤០​តម្លឹង​​ និង​លុយ​ខ្មែរ​,​ វៀតណាម, អាមេ​រិក​សរុបជាង​​៤ម៉ឺន​ដុល្លារ គេចខ្លួនបាត់​ស្រមោល។

បុរស​ម្ចាស់​ផ្ទះ​​ឱ្យ​​ដឹង​ទៀត​ថា បន្ទាប់ពី​​ពួក​ចោរ​​គេចខ្លួន​បាត់ទៅ ​ទើបគាត់ហ៊ានទូរស័ព្ទ​​ទៅ​ប្តឹង​​សមត្ថកិច្ច​​​ ហើយសមត្ថ​កិច្ច​​បានមក​ដល់​​​​និង​​រាយ​អន្ទាក់​​ដេញ​តាម​​ចោរ​ផងដែរ ​តែតាម​មិន​ទាន់ទេ ។ ព័ត៌មានលម្អិត​នឹង​ផ្សាយជូននៅ​ពេ​ល​ក្រោយ និង​នៅលើទំព័រកាសែតកោះសន្តិភាព.