ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី មកដល់ភ្នំពេញ​ហើយ ដើម្បីបំពេញទស្សនកិច្ចរយៈពេល ២ថ្ងៃ នៅកម្ពុជា

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ​៖ លោកស្រី រ៉េត​ណូ ម៉ារ​ស៊ូ​ឌី រដ្ឋមន្ត្រីការបរទេស​នៃ​សាធារណរដ្ឋ​ឥណ្ឌូនេស៊ី បាន​អញ្ជើញ​មកដល់​រាជធានី​ភ្នំពេញ​ហើយ នៅ​យប់​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២១ នេះ​។…

ភ្នំពេញ​៖ លោកស្រី រ៉េត​ណូ ម៉ារ​ស៊ូ​ឌី រដ្ឋមន្ត្រីការបរទេស​នៃ​សាធារណរដ្ឋ​ឥណ្ឌូនេស៊ី បាន​អញ្ជើញ​មកដល់​រាជធានី​ភ្នំពេញ​ហើយ នៅ​យប់​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២១ នេះ​។ លោកស្រី​រដ្ឋមន្ត្រីការបរទេស​ឥណ្ឌូនេស៊ី ត្រូវបំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​កម្ពុជា រយៈពេល ២​ថ្ងៃ នា​ថ្ងៃទី​៣០​វិច្ឆិកា​នេះ និង​នៅ​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០២១​។​

​បន្ទាប់ពី​លោកស្រី​រដ្ឋមន្ត្រីការបរទេស​ឥណ្ឌូនេស៊ី អញ្ជើញ​មកដល់​ភ្នំពេញ នា​យប់​ថ្ងៃទី​៣០​វិច្ឆិកា​នេះ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស​កម្ពុជា បាន​បង្ហោះ​សារ​តាម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់លោក​ថា «​កម្ពុជា​សូម​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ដល់​លោកជំទាវ រ៉េត​ណូ អិ​ល​.​ភី​. ម៉ារ​ស៊ូ​ឌី រដ្ឋមន្ត្រីការបរទេស​នៃ​សាធារណរដ្ឋ​ឥណ្ឌូនេស៊ី និង​ជា​មិត្ត​ភក្ត្រ​របស់ខ្ញុំ ដែល​នឹង​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ដល់​ថ្ងៃទី​០១ ខែធ្នូ ឆ្នាំ​២០២១»​។

​ក្រសួងការបរទេស បានប្រកាសថា តប​តាម​ការអញ្ជើញ​របស់លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា លោកជំទាវ រ៉េត​ណូ អិ​ល​.​ភី​. ម៉ារ​ស៊ូ​ឌី រដ្ឋមន្ត្រីការបរទេស​នៃ​សាធារណរដ្ឋ​ឥណ្ឌូនេស៊ី អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ពីថ្ងៃ​ទី​៣០ ខែវិច្ឆិកា ដល់ ថ្ងៃទី​០១ ខែធ្នូ ឆ្នាំ​២០២១​។​

​ក្នុងឱកាស​នៃ​ដំណើរ​ទស្សនកិច្ច​នេះ លោកស្រី រ៉េត​ណូ អិ​ល​.​ភី​. ម៉ារ​ស៊ូ​ឌី នឹង​អញ្ជើញ​ចូលជួប​សម្តែង​ការគួរសម ចំពោះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ ព្រះរាជាណាចក្រ​កម្ពុជា ។​

​លោកជំទាវ រ៉េត​ណូ អិ​ល​.​ភី​. ម៉ារ​ស៊ូ​ឌី នឹងមាន​ជំនួប​ជាមួយ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដោយ​នឹង​ពិភាក្សា​លើ​ទិដ្ឋភាព​មួយចំនួន​នៃ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី រួមទាំង​អាទិភាព​នានា​របស់​កម្ពុជា​ពេល​ធ្វើជា​ប្រធាន​អាស៊ាន ឆ្នាំ​២០២២​។​

​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់លោក​ជំទាវ រ៉េត​ណូ អិ​ល​.​ភី​. ម៉ារ​ស៊ូ​ឌី មកកាន់​កម្ពុជា នឹង​បន្ត​ពង្រឹង និង​ធ្វើឱ្យ​ស៊ីជម្រៅ​បន្ថែម​ទៀត​នូវ​ទំនាក់ទំនង​ដ៏​យូរអង្វែង និង​កិច្ចសហប្រតិបត្តិការ​ដ៏​ជិតស្និទ្ធ រវាង​កម្ពុជា និង​ឥណ្ឌូនេស៊ី ទាំង​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី និង​ពហុភាគី សម្រាប់​ផលប្រយោជន៍​ទៅវិញទៅមក​របស់​ប្រជាជាតិ​ទាំងពីរ និង​ពិភពលោក​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ