ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើមឈើ​ធំ​ៗ​ជា​ព្រៃ​លិច​ទឹក​ក្នុង​តំបន់​៣ រង​ការ​កា.ប់​បំផ្លាញ​យក​ដី​ជា​កម្ម​សិទ្ធ

7 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ ថ្មី​ៗ​កន្លង​ទៅ​នេះ​មាន​ជនខិលខូច មួយ​ចំនួន​បាន​លប​លួច​ទៅ​កា.ប់​ព្រៃ​លិច​ទឹក ក្នុង​តំបន់​៣ ស្ថិត​ក្នុងភូមិ​កោះ​តា​ម៉ូ​វ និង​ភូមិ​ព្រែក​ស្ពាន ឃុំ​កំពង់ព្រះ​គគីរ

ខេត្តកំពង់ឆ្នាំង ៖ ថ្មី​ៗ​កន្លង​ទៅ​នេះ​មាន​ជនខិលខូច មួយ​ចំនួន​បាន​លប​លួច​ទៅ​កាប់​ព្រៃ​លិច​ទឹក ក្នុង​តំបន់​៣ ស្ថិត​ក្នុងភូមិ​កោះ​តា​ម៉ូ​វ និង​ភូមិ​ព្រែក​ស្ពាន ឃុំ​កំពង់ព្រះ​គគីរ  ស្រុក​បរិបូរណ៍ អស់​ប្រមាណ​ជាង​១០​ហិ​កតា ហើយ​ទើបតែ​មានការ​ភ្ញាក់ផ្អើល នៅ​ថ្ងៃ​ទី​៩ ខែឧសភា​នេះ ពេល​អាជ្ញាធរ​មូលដ្ឋាន និង​ក្រុម​អ្នក​សារព័ត៌មាន ចុះ​ទៅ​ថត​ទើប​មានការ​ភ្ញាក់ផ្អើល​ដល់​មន្ត្រី​ជំនាញ​។ នៅ​តំបន់​ព្រៃ​លិច​ទឹក​ដែល​រង​ការ​កាប់​បំផ្លាញ​ខាងលើ ក្រៅពី​ដើមឈើ​តូច​ៗ​ល្មម រាប់​ពាន់​ដើម ក៏​មាន​ដើមឈើ​ធំ​ៗ​ជា​ច្រើន​ដើម ដែល​មាន​អាយុ​ចាប់ពី​២០​ទៅ​៣០​ឆ្នាំ ក៏​ត្រូវ​បាន​គេ​លួច​កាប់​រំលំ និង​បាន ដុត​បំផ្លាញ​ចោល​ផង​ដែរ ដើម្បី​យក​ដី​ធ្វើ​កម្ម​សិទ្ធ ដោយ​មិន​ខ្លាច​ច្បាប់​អ្វី​ឡើយ ហាក់​មាន​អ្នក​បើកដៃ​ឲ្យ​ធ្វើ​ស្រេច​តែ​ចិត្ត ។

ក្នុង​ថ្ងៃ​ដដែល នៅ​ចំណុច​ព្រៃឈើ​លិច​ទឹក​ដែល​រង​ការ​កាប់​បំផ្លាញ គេ​សង្កេត​ឃើញ​លោក​មេឃុំ​កំពង់ព្រះ​គគីរ លោក​មេ​ភូមិ​ព្រែក​ស្ពាន មេ​ភូមិ​កោះ​តា​ម៉ូ​វ ប្រជា​ការពារ និង​ប្រជាពលរដ្ឋ បាន​នាំ​គ្នា​ចុះ​ទៅ​ពិនិត្យ​មើល​កន្លែង​កើតហេតុ នៅ​ចំណុច​កោះ​ស្មៅ ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ​ភូមិ​កោះ​តា​ម៉ូ​វ និង​ភូមិ​ព្រែក​ស្ពាន ឃុំ​កំពង់ព្រះ​គគីរ​។ ថ្ងៃ​នោះ​ផង​ដែរ​បន្ទាប់​ពី​មាន​សេចក្តីរាយការណ៍ ពី​ក្រុម​អាជ្ញាធរ​មូលដ្ឋាន​រួច​មក មន្ត្រី​រដ្ឋបាល​ជលផល​សង្កាត់​បរិបូរណ៍ ក៏​បាន​ចុះ​ទៅ​ត្រួតពិនិត្យ​កន្លែង​កាប់​បំផ្លាញ​ព្រៃឈើ​ផង​ដែរ និង​បាន​ឲ្យ​ដឹង​ថា ព្រៃឈើ​លិច​ទឹក​ដែល​គេ​បាន​កាប់​បំផ្លាញ​ថ្មី​ៗ​នៅ​តំបន់​ខាងលើ​នេះ​មាន​ទំហំ​តែ​ជិត​៤​ហិ​កតា​ប៉ុណ្ណោះ​ដោយ​មិន​បូក​បញ្ចូល ព្រៃឈើ​ដែល​គេ​កាប់​បំផ្លាញ​ជាប់​ៗ​គ្នា កាលពី​ឆ្នាំ​មុន​ឡើយ​។

ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​កោះ​តា​ម៉ូ​វ និង​ភូមិ​ព្រែក​ស្ពាន​ដែល​បាន​ចុះ​ទៅ​ពិនិត្យ​ព្រៃឈើ​រង​ការ​កាប់​បំផ្លាញ​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​អំឡុង​ខែមេសា ពួក​គាត់​ឃើញ​គេ​ប្រើ​រណា​យន្ត​៣​គ្រឿង​ចូល​ទៅ​អារកាត់​រំលំ​ដើមឈើ​ធំ​ៗ​នៅ​កណ្តាល​ទ្រូងព្រៃ​តែ​ម្តង បន្ទាប់​មក​នៅ​ពេល​ដើមឈើ​នោះ​ងាប់​សន្លឹក គេ​បាន​ដុត​បំផ្លាញ ហើយ​ដើមឈើ​ណា​ដែល​នៅ​សល់​មិន​ទាន់​ដួល​រលំ ត្រូវ​បាន​គេ​យក​ពូថៅ និង​រណា​យន្ត​កាប់​រំលំ​បន្ត​ទៀត​។ ព្រៃឈើ​លិច​ទឹក​ដែល​រង​ការ​កាប់​បំផ្លាញ​ថ្មី​ៗ មាន​ទំហំ​ប្រមាណ​៥​ហិ​កតា បូក​និង​ព្រៃ​លិច​ទឹក​ដែល​គេ​លួច​កាប់​ពី​ឆ្នាំ​មុន​ប្រមាណ​៥​ហិ​កតា​ទៀត​សរុប​មាន​ចំនួន​ប្រមាណ​១០​ហិ​កតា​។

ប្រជាពលរដ្ឋ​សំណូមពរ​សមត្ថកិច្ច​ជំនាញ ចាត់ការ​ជនល្មើស​ទៅ​តាម​ផ្លូវច្បាប់​ឲ្យ​បាន​ម៉ឺងម៉ាត់ មិន​ត្រូវ​គ្រាន់តែ​អប់រំ ហើយ​ដោះ​លែង​មក​វិញ​នោះ​ឡើយ បើ​ពុំ​អនុវត្ត​ច្បាប់​ទេ​នោះ គឺ​នៅ​តែ​កើត​មាន​បទល្មើស​បែប​នេះ​គ្មាន​អ្នក​ណា​ខ្លាច​ច្បាប់​ឡើយ​។ ទាក់ទង​នឹង​បទល្មើស​លួច​កាប់​បំផ្លាញ​ព្រៃ​លិច​ទឹក​នេះ លោក សោម ភិ​រុណ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង​បាន​ឲ្យ​ដឹង​នៅ​រសៀល ថ្ងៃ​ទី​១០ ខែឧសភា នេះ​ថា កំពុង​ចាត់វិធានការ​ជាក់ស្តែង​ហើយ ព្រៃ​លិច​ទឹក​រង​ការ​កាប់​បំផ្លាញ​នោះ​មាន​តែ ៣,៧​ហិ​កតា ឬថា​ត្រឹម​៤ ហិ​កតា​ទៅ​ចុះ​។ ចំណែក​មុខសញ្ញា​វិញ​យើង​ដឹង​ហើយ តែ​មិន​ទាន់​និយាយ​នាំ​ឲ្យ​បែក ពេល​នេះ​កំពុង​កសាង​សំណុំរឿង ព្រោះ​មានការ​ចង្អុលបង្ហាញ និង​មានការ​គាំទ្រ​ពី​អាជ្ញាធរ​មូលដ្ឋាន ដែល​មិន​ពេញចិត្តនិង​ទ​ង្វើ​នេះ ។ រឿង​នេះ​មិន​ទាន់​អាច​និយាយ​បាន​ទេ តែ​កាលណា​និយាយ វា​នាំ​អោយ​ខូចការ​ដល់​កិច្ចការ​ស៊ើប អង្កេត ដូច​កិច្ច​ប៉ូ​លី​ស និង​តុលាការ​ដែរ ហើយ​សំណុំរឿង​នេះ​បាន​បញ្ជូន​ទៅ​តុលាការ​ហើយ ។ ប្រជាពលរដ្ឋ​រង់ចាំ​មើល​ថា តើ​ចំណាត់ការ​របស់ ស្ថាប័ន​តុលាការ​អាច​នឹង​ផ្តន្ទាទោស ដល់​អ្នក​កាប់​បំផ្លាញ​ព្រៃឈើ​លិច​ទឹក​នេះ​ដែរ​ឬទេ ៕