ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុ​អ្វី​រដ្ឋ​ត្រូវ​គ្រប់គ្រង​តម្លៃ​តាម​សាលា​ឯកជន?

7 ឆ្នាំ មុន

ខណៈ​ដែល​ការ​អប់រំ​នៅ​សាលា​រដ្ឋ​នៅ​មាន​កម្រិត​នៅឡើយ​នោះ ឪពុក​ម្តាយ​ជា​ច្រើន​នៅ​ភ្នំពេញ បាន​សម្រេច​បញ្ជូន​កូន​ទៅ​សិក្សា​នៅ​តាម​សាលា​ឯកជន ដោយ​រំពឹង​ថា នឹង​មានគុណ​ភាព​ជាង​។

ខណៈ​ដែល​ការ​អប់រំ​នៅ​សាលា​រដ្ឋ​នៅ​មាន​កម្រិត​នៅឡើយ​នោះ ឪពុក​ម្តាយ​ជា​ច្រើន​នៅ​ភ្នំពេញ បាន​សម្រេច​បញ្ជូន​កូន​ទៅ​សិក្សា​នៅ​តាម​សាលា​ឯកជន ដោយ​រំពឹង​ថា នឹង​មានគុណ​ភាព​ជាង​។

ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​ចុះ ឪពុក​ម្តាយ​មួយ​ចំនួន​មិន​សប្បាយ​ចិត្តនឹង​សាលា​ឯកជន​ដែល​មានការ​ដំឡើង​ថ្លៃ​មិន​សមរម្យ ដោយពេល​ខ្លះ​ឪពុក​ម្តាយ​របស់​សិស្ស​ហាក់​ដូចជា​ក្លាយជា​ចំណាប់ខ្មាំង​របស់​សាលា​ឯកជន​ទាំងនោះ​។ ជា​ទូទៅ​ឪពុក​ម្តាយ​សិស្ស​កម្រ​នឹង​សម្រេចចិត្ត​ផ្លាស់​ប្តូរ​សាលារៀន​របស់​កូន​ៗ​ណាស់ នៅ​ពេល​ដែល​ពួក​គាត់​អោយ​កូន​រៀន​សាលា​ឯកជន​ណាមួយ​ហើយ​នោះ​។ សាលា​ឯកជន​មួយ​ចំនួន​យល់​ច្បាស់​អំពី​កត្តា​ចិត្តសាស្ត្រ​នេះ​របស់​ឪពុក​ម្តាយ ហើយ​ពួក​គេ​ក៏​សម្រេចចិត្ត​ដំឡើង​ថ្លៃ​សិក្សា ថ្លៃ​ដឹក​ជញ្ជូន និង​ថ្លៃ​អាហារ​តាម​ការ​នឹកឃើញ​របស់​ពួក​គេ ដើម្បី​បង្កើន​ផល​ចំណេញ​។ ពួក​គេ​អាច​លើក​ហេតុផល​ជា​ច្រើន ដើម្បី​ធ្វើការ​ដំឡើង​ថ្លៃ​នេះ ដូច​ជា​ការ​បង្កើន​ប្រាក់ខែ​សម្រាប់​​គ្រូ ឬ​ក៏​ការ​បង់ពន្ធ​ជូន​រដ្ឋ​ជាដើម​។

ឪពុក​ម្តាយ​របស់​សិស្ស​មិន​មាន​ជម្រើស​អ្វី​ក្រៅពី​យល់ព្រម​តាម​ការ​ដំឡើង​ថ្លៃ​របស់​សាលា​ឡើយ ទោះបីជា​ពួក​គេ​មានការ​លំបាក​ក្តី​។ ការ​អនុញ្ញាត​អោយ​សាលារៀន​ឯកជន​ដំឡើង​ថ្លៃ​សិក្សា ថ្លៃ​ដឹក​ជញ្ជូន និង​ថ្លៃ​អាហារ​ដោយ​គ្មាន​ការ​គ្រប់គ្រង​ត្រឹមត្រូវ​នឹង​ធ្វើ​អោយ​មានការ​មិន​សប្បាយចិត្ត​នៅ​ក្នុង​សង្គម​កាន់តែ​ខ្លាំង​។

រដ្ឋាភិបាល​នឹង​ត្រូវ​គេ​បន្ទោស​ចំពោះ​ការ​ឡើងថ្លៃ​នេះ ខណៈ​ដែល​សាលា​ឯកជន​ជា​អ្នក​ទទួលផល​ចំណេញ​កាន់តែ​ច្រើន​។

ដើម្បី​ទប់ទល់​នឹង​បញ្ហា​នេះ រដ្ឋ​ត្រូវ​មាន​យន្តការ​គ្រប់គ្រង​តម្លៃ​តាម​សាលារៀន​ឯកជន​អោយ​មាន​ប្រសិទ្ធភាព​ដោយ​មិន​ត្រូវ​អនុញ្ញាត​អោយ​សាលា​ឯកជន​ធ្វើការ​ដំឡើង​ថ្លៃ​ស្រេច​តែ​ចិត្ត​នោះ​ឡើយ​។

បើសិនជា​រដ្ឋ​បន្ត​ខកខាន​នៅ​ក្នុង​ការ​គ្រប់គ្រង​តម្លៃ​តាម​សាលារៀន​ឯកជន ឪពុក​ម្តាយ​ជា​ច្រើន​នឹង​នៅ​តែ​បន្ត​ក្លាយជា​ចំណាប់ខ្មាំង​របស់​សាលា​ឯកជន​ដែល​ដំឡើង​ថ្លៃ​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​។ វា​នឹង​ធ្វើ​អោយ​ប៉ះពាល់​ដល់​ជីវភាព​គ្រួសារ​ខ្មែរ​ជា​ច្រើន​។

ដូច្នេះ​ការ​គ្រប់គ្រង​តម្លៃ​តាម​សាលា​ឯកជន​បាន​ល្អ​នឹង​អាច​ជួយ​មួយ​ផ្នែក​ដល់​ប្រជាជន​កម្ពុជា​នៅ​ក្នុង​កាត់​បន្ថយ​ការ​ចំណាយ​ប្រចាំខែ​ទៅ​លើ​ការ​សិក្សា​របស់​កូន​។

នេះ​ជា​អ្វី​ដែល​រដ្ឋ​ត្រូវ​យកចិត្តទុកដាក់​ជា​បន្ទាន់​៕