ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​នាំ​ចេញ​របស់​ចិន​កើនឡើង​យឺត ខណៈ​ការ​នាំ​ចូល​ធ្លាក់​ចុះ

7 ឆ្នាំ មុន

ប្រទេស​ចិន ៖ ការ​នាំ​ចេញ​របស់​ចិន​មាន​កំណើន​យឺត ខណៈ​ការ​នាំ​ចូល​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​នៅ​ក្នុង​ខែមេសា គ្រា​ដែល​ការ​រើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​មួយ​នេះ​នៅ​ទន់ខ្សោយ ។

ប្រទេស​ចិន ៖ ការ​នាំ​ចេញ​របស់​ចិន​មាន​កំណើន​យឺត ខណៈ​ការ​នាំ​ចូល​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​នៅ​ក្នុង​ខែមេសា គ្រា​ដែល​ការ​រើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​មួយ​នេះ​នៅ​ទន់ខ្សោយ ។

ការ​នាំ​ចេញ​បាន​កើនឡើង​៤,១%​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​កាលពី​ខែ​មុន ក្នុង​ទំហំ​ទឹកប្រាក់​១,១៣​ទ្រី​លាន​យន់ ស្មើនឹង​ប្រមាណ​១៧៤​លាន​ដុល្លារ​អា​មេ​រិ​ក យឺត​ជាង​១៨,៧% បើ​ធៀប​នឹង​ខែមីនា ។ នេះ​បើ​យោង​តាម​ទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​គយ ដែល​បាន​បង្ហាញ​កាលពី​ថ្ងៃ​ទី​៨ ឧសភា កន្លង​មក ។

ចំណែក​ការ​នាំ​ចូល​បាន​ធ្លាក់​ចុះ​៥,៧% ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ក្នុង​ទំហំ​ទឹកប្រាក់​៨២៧,៥​ប៊ី​លាន​យន់​ដែល​ជា​ការ​ធ្លាក់​ចុះ​១៨​ខែ​ជាប់​ៗ ហើយ​នៅ​ក្នុង​ខែមីនា បាន​ធ្លាក់​ចុះ​១,៧%។ ប៉ុន្តែ​ផល​លើស​ពាណិជ្ជកម្ម​របស់​ប្រទេស​ចិន បាន​កើនឡើង​២៩៨​ប៊ី​លាន​យន់​នៅ​ក្នុង​ខែមេសា កើន​ពី​១៩៤,៦​ប៊ី​លាន​យន់​ក្នុង​ខែមីនា ។

ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ទំហំ​ពាណិជ្ជកម្ម​បរទេស​បាន​ធ្លាក់​ចុះ​១,៩៥​ទ្រី​លាន​យន់ កាលពី​ខែ​មុន និង​ធ្លាក់​ចុះ​៤,៤% ពី​៧,១៧​ទ្រី​លាន​យន់​ក្នុង​រយៈពេល​៤​ខែ​ដំបូង​ឆ្នាំ​នេះ ។

ក្រុមហ៊ុន China International Capital Corp បាន​កត់​សម្គាល់ថា ៖ «​ទិន្នន័យ​នៃ​ការ​នាំ​ចេញ​ក្នុង​ខែមេសា​ធ្លាក់​ចុះ ដែល​បាន​បង្ហាញ​សញ្ញា​តាំងពី​ខែមីនា​មក​ម្ល៉េះ ប៉ុន្តែ​វា​បាន​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នៅ​ក្នុង​ត្រីមាស​ដំបូង ។ ការ​នាំ​ចូល​បន្ដ​ធ្លាក់​ចុះ​យ៉ាង​លឿន ដែល​ឆ្លុះ​បញ្ចាំង​ពី​តម្រូវការ​ក្នុងស្រុក​ធ្លាក់​ចុះ និង​ភាព​ទន់ខ្សោយ​ដែល​អាច​បន្ដ​ទៅ​ថ្ងៃ​អនាគត» ។

ក្រុមហ៊ុន​បាន​បន្ថែម​ថា ៖ « ក្នុង​រយៈពេល​មធ្យម ការ​ងើបឡើង​វិញ​នៃ​បណ្ដា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​ៗ​នឹង​នៅ​តែ​ទន់ខ្សោយ ក៏​ដូច​ជា​ពាណិជ្ជកម្ម​ពិភពលោក​ផង​ដែរ » ។

ការ​នាំ​ចេញ​ទៅ​កាន់​សហគមន៍​អឺរ៉ុប ដែល​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​ជាងគេ​របស់​ចិន បាន​កើនឡើង​១,៣% ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ក្នុង​រយៈពេល​៤​ខែ​ដំបូង ខណៈ​ដែល​ការ​នាំ​ចេញ​ទៅ​សហរដ្ឋអាមេរិក និង​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ដែល​ជា​ដៃគូ​ពាណិជ្ជកម្ម​ទី​២ និង​ទី​៣ របស់​ចិន បាន​ធ្លាក់​ចុះ​៣,៥%​ដូច​គ្នា ។ នេះ​បើ​យោង​តាម​ទិន្នន័យ​ដែល​បាន​បង្ហាញ ។

ទោះបីជា​យ៉ាងណា កំណើន​នៃ​ការ​នាំ​ចេញ​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​កើនឡើង​ក្នុង​ខែឧសភា​នេះ ខណៈ​ការ​នាំ​ចូល​អាច​កើនឡើង​ផង​ដែរ ដោយ​ផ្អែក​ទៅ​លើ​ទីផ្សារ​រូបិយប័ណ្ណ​ក្នុងស្រុក និង​គោលនយោបាយ​សារពើពន្ធ ។ នេះ​បើ​យោង​តាម​ការ​វិភាគ​របស់​ធនាគារ Bank of Communcation បាន​លើក​ឡើង​នៅ​ក្នុង​របាយការណ៍ ។

យោង​តាម​របាយការណ៍​ពាណិជ្ជកម្ម​ចុង​ក្រោយ​បង្ហាញ​ថា ភាព​ទន់ខ្សោយ​នៃ​ផលិតកម្ម និង​សកម្មភាព​សេវាកម្ម ជា​ការ​ចង្អុលបង្ហាញ​ពី​សេដ្ឋកិច្ច​ងើបឡើង​វិញ​យឺត​របស់​ប្រទេស​ចិន ។

យោង​តាម​ទិន្នន័យ​ផ្លូវការ​បាន​បង្ហាញ​ថា សេដ្ឋកិច្ច​ចិន​បាន​កើនឡើង​៦,៧%​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ក្នុង​ត្រីមាស​ដំបូង ដែល​ជា​ការ​កើនឡើង​យឺត​បំផុត​ក្នុង​រយៈពេល​៧​ឆ្នាំ​មកនេះ៕