ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វី​ជេ ហេ​រ៉ូ ​រិះគន់​លទ្ធផល​ជើងឯក ធន់ ក្របី និង សូ​ដា សុភាព នៅ​បាយ័ន

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ កាលពី​យប់​ថ្ងៃ​ទី​២៨ វិច្ឆិកា ឆ្នាំ​២០២១ លោក វី​ជេ ហេ​រ៉ូ ដែល​ជា​អ្នក​អត្ថាធិប្បាយ​ប្រដាល់​ល្បីឈ្មោះ បាន​ធ្វើការ​

រាជធានីភ្នំពេញ ៖ កាលពី​យប់​ថ្ងៃ​ទី​២៨ វិច្ឆិកា ឆ្នាំ​២០២១ លោក វី​ជេ ហេ​រ៉ូ ដែល​ជា​អ្នក​អត្ថាធិប្បាយ​ប្រដាល់​ល្បីឈ្មោះ បាន​ធ្វើការ​រិះគន់​យ៉ាង​ចាស់ដៃ​ចំពោះ​ការ​ប្រកួត​ប្រដាល់​ជើងឯក​នៅ​ទូរទស្សន៍​បាយ័ន ដែល​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២៧ វិច្ឆិកា ដែល​នោះ​គឺជា​ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​ជើងឯក រវាង​កីឡាករ ធន ក្របី និង បង្គោល​ខៀវ សូ​ដា សុភាព​។ ការ​រិះគន់​នោះ គឺ​បន្ទាប់​ពី​កីឡាករ​បង្គោល​ក្រហម ធន ក្របី បាន​វាយ​អោយ​បង្គោល​ខៀវ​ដួល ហើយ​ក្នុង​ពេល​បង្គោល​ខៀវ​ដួល ស្រាប់តែ​បង្គោល​ក្រហម​ថែម​មួយ​ជើង​ត្រូវ​ភ្នែក បណ្ដាល​អោយ​រាប់​ដល់​១០ ប៉ុន្តែ​អាជ្ញាកណ្ដាល និងគណៈកម្មការ​ធ្វើ​មិនឃើញ ហើយ​នៅ​តែ​កាត់ក្ដី​អោយ​អ្នក​ល្មើស​ឈ្នះ​។ វី​ដេ​អូ​ការ​ប្រកួត​នោះ កំពុង​ត្រូវ​បាន​គេ​ចែកចាយ​រិះគន់​យ៉ាង​ខ្លាំង រហូត​ធ្វើ​អោយ​វី​ជេ ហេ​រ៉ូ ឈាន​ដល់​ការ Live រិះគន់​។

លោក វី​ជេ ហេ​រ៉ូ និយាយ​ថា តើ​គណៈកម្មការ និង​អាជ្ញាកណ្ដាល​ពិតជា​មិនឃើញ ឬ​ធ្វើ​មិនឃើញ បើ​កីឡាករ​បង្គោល​ក្រហម ធន ក្របី ទាត់​ថែម​ពេល​បង្គោល​ខៀវ​កំពុង​តែ​ដួល​ទៅ​ហើយ តែ​បែរជា​នៅ​តែ​កាត់ក្ដី​អោយ​បង្គោល​ក្រហម​ឈ្នះ​ទៀត​។ លោក​ថា នេះ​គឺជា​វប្បធម៌​ធ្វើ​ស៊ី​ចំពោះ​កីឡាករ​អត់​ខ្សែ ​អត់​បណ្ដាញ ដែល​លោក​យល់​ថា កំពុង​ធ្វើ​អោយ​អ្នកគាំទ្រ​រិះគន់ និង​លែង​ចង់​គាំទ្រ​វិស័យ​គុន​ខ្មែរ​។

លោក​ថែម​ទាំង​ទទូច​អោយ​អ្នក​ចូល​មើល​លោក​ជួយស៊ែរ​អោយ​ឮ​ដល់​លោក នាង ស៊ី​វុ​ត្ថា ជា​អ្នក​រៀបចំ​ការ​ប្រកួត និង​អោយ​ដល់​អាជ្ញាកណ្ដាល ក៏​ដូច​ជា​គណកម្មការ​ដែល​ពាក់ព័ន្ធ​ការ​ប្រកួត​នោះ ដើម្បី​អោយ​ដឹង​ថា បាន​ធ្វើ​រឿង​អយុត្តិធម៌ ចំពោះ​បង្គោល​ខៀវ សូ​ដា សុភាព នោះ​ផង​។ លោក​ថា សង្វៀន​ទាំងមូល គឺ​មាន​គណៈកម្មការ​កំពុង​មើល​ច្រើន​ណាស់ គឺ​មិន​អាច​គ្មាន​អ្នក​ណា​មើលឃើញ​នោះ​ទេ ប៉ុន្តែ​អាច​បណ្ដាល​មក​ពី​គេ​មាន​ចេតនា​ចង់​យោង​បង្គោល​ក្រហម អោយ​ឈ្នះ​ប្រាក់​រង្វាន់​លេខ​១​តែ​ម្ដង​។

លោក​បន្ត​រិះគន់​ថា ក្រោយ​គេ​ផ្ញើ​វី​ដេ​អូ អោយ​លោក​មើល គឺ​លោក​ក្ដៅស្លឹកត្រចៀក​តែ​ម្ដង ដោយសារ​តែ​បង្គោល​ក្រហម បាន​ទាត់​ថែម​បណ្ដាល​អោយ​ត្រូវ​ភ្នែក​លើគោក តែ​បែរ​គណកម្មការ​គ្មាន​ការ​ព្រមាន ហើយ​ប្រកាស​អោយ​ឈ្នះ​ទាំង​ទ​ទិស​ទៅ​កើត​។ លោក​ក៏​បាន​រិះគន់​ចំពោះ​កីឡាករ ធន ក្របី ផង​ដែរ ដែល​បាន​ធ្វើ​រឿង​ល្មើស​ពិន័យ​ដើម្បី​ជ័យជម្នះ ហើយ​ញញឹម​ទទួល​ចំណាត់ថ្នាក់​លេខ​១ ទាំង​ដែល​ចំណាត់ថ្នាក់​នេះ លោក​ថា គឺ​គ្មាន​មហាជន​ណា​កោតសរសើរ​នោះ​ទេ​។

លោក​និយាយ​ថា «ខ្ញុំ​សុំ​សួរ​បង្គោល​ក្រហម​ដូច​ឆោត តើ​ប្អូន​ខ្មាស់​គេ​ទេ ដែល​ភាគី​ម្ខាង​ទៀត ដួល​ទៅ​ហើយ បែរជា​ប្អូន​ទៅ​ធាក់​ចំ​ភ្នែក​គេ​បណ្ដាល​អោយ​គ្នា​ត្រូវ​រាប់​ដល់​១០​។ ក្នុង​នាម​ប្អូន​ជា​ខ្មែរ តើ​ប្អូន​ចង់បាន​ជ័យជម្នះ​បែប​ហ្នឹង​មែន​ទេ នេះ​ខ្ញុំ​ថា អាច​មក​ពី​ប្អូន​មាន​ខ្សែ មាន​គ្រូបង្វឹក​ដែល​មាន​ឥទ្ធិពល ប៉ុន្តែ​បើ​ប្អូន​អត់​ខ្សែ គឺ​ប្រាកដជា​ត្រូវ​គេ​ដាក់​ពិន័យ​អោយ​ចុះ​ពី​រេញ​ហើយ» ​។ លោក​ក៏​បាន​លើកទឹកចិត្ត​ចំពោះ កីឡាករ សូ​ដា សុភាព កុំអោយ​បាក់ទឹកចិត្ត និង​កុំអោយ​បោះបង់​ការ​ប្រដាល់ ដោយ​លោក​ថា ដ្បិតតែ​គណកម្មការ​បិទ​ភ្នែក​អោយ​ចាញ់ ប៉ុន្តែ​គឺ​ចាញ់​ដោយ​កិត្តិយស ហើយ​ក៏​មាន​អ្នកគាំទ្រ​មិន​តិច​ដែរ ចង​ចាំ​ប្អូន និង ស្រលាញ់​គាំទ្រ​។

លោក​ថា វប្បធម៌​មួយ​នេះ បើ​គ្មាន​ការ​លុប​បំបាត់​ទេ គុន​ខ្មែរ​គឺ​ពិតជា​លែង​មាន​អ្នក​ចង់​មើល ហើយ​វប្បធម៌​មួយ​នេះ ក៏​នឹង​លែង​មាន​កីឡាករ​ល្អ​នៅ​ចង់​ប្រកួត​ទៀត​ដែរ ជា​ពិសេស​ចំពោះ​កីឡាករ ដែល​គ្មាន​បក្សពួក​។

ករណី​ដែល​លោក វី​ជេ ហេ​រ៉ូ បាន​រិះគន់​នេះ ក៏​ធ្លាប់​កើត​មាន​ម្ដង​ដែរ ចំពោះ​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ របស់ កីឡាករ ឃី​ម បូ​រ៉ា នៅ CNC ដោយ​ប្រតិកម្ម​របស់​មហាជន​នៅ​ក្នុង​ពេល​នោះ ក៏​មាន​ប្រតិកម្ម​ដល់​សម្ដេច ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ផង​ដែរ រហូត​មានការ​ដកហូត​ពាន និង រង្វាន់​លេខ​១ យក​ទៅ​ប្រគល់​អោយ ឃី​ម បូ​រ៉ា វិញ​។ ដោយឡែក​ចំពោះ​ករណី​កីឡាករ ធន ក្របី និង សូ​ដា សុភាព នេះ ថ្វី​ត្បិត​តែ​មានការ​រិះគន់ តែ​គេ​កត់សម្គាល់​ឃើញ​ថា មិនសូវ​មាន​ភាព​ផុលផុស​ប៉ុន្មាន​ទេ​។ ពោល​គឺ​ទើបតែ​ឃើញ​មានការ Live របស់​លោក ហេ​រ៉ូ ប៉ុណ្ណោះ ទើប​ការ​រិះគន់ និង​ការ​ចាប់អារម្មណ៍​ហាក់​មាន​ភាព​កញ្ជ្រោល​។

លោក នាង ស៊ី​វុ​ត្ថា និងគណៈកម្មការ​ប៉ុស្តិ៍​បាយ័ន នៅ​មិន​ទាន់​មានការ​ពន្យល់​បកស្រាយ​យ៉ាងណា​នៅឡើយ​ទេ ក្រោយ​មាន​ប្រតិកម្ម ប៉ុន្តែ​យោង​តាម​វី​ដេ​អូ ដែល​បាន​ចែកចាយ គឺ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា កីឡាករ ធន ក្របី ពិតជា​ថែម​មួយ​ជើង​ត្រូវ​ភ្នែក​បណ្ដាល​អោយ​រាប់​ដល់​១០ ប៉ុន្តែ​លោក​អាជ្ញាកណ្ដាល​បែរជា​មិន​ចាប់កំហុស​បង្គោល​ក្រហម ហើយ​នៅ​តែ​កំណត់​អោយ បង្គោល​ខៀវ​ចាញ់ ដែល​ធ្វើ​អោយ​គេ​មើលឃើញ​ពី​ភាព​មិន​ប្រក្រតី​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ