ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វីរុសបំលែងថ្មី អូមីក្រុង ៖ ថៃបិទការធ្វើដំណើរមកពីប្រទេសចំនួន ៨ នៅតំបន់អាហ្រ្វិច​

2 ឆ្នាំ មុន

ថៃ ៖ ប្រទេសថៃនឹងហាមប្រាមអ្នកដំណើរមកពីប្រទេសចំនួន ៨ នៅតំបន់អាហ្រ្វិចខាងត្បូងដែលជាប្រភពនៃវីរុសបំលែងថ្មីឈ្មោះ អូមីក្រុង (Omicron) ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតថៃ បាងកកប៉ុស្តិ៍…

ថៃ ៖ ប្រទេសថៃនឹងហាមប្រាមអ្នកដំណើរមកពីប្រទេសចំនួន ៨ នៅតំបន់អាហ្រ្វិចខាងត្បូងដែលជាប្រភពនៃវីរុសបំលែងថ្មីឈ្មោះ អូមីក្រុង (Omicron) ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតថៃ បាងកកប៉ុស្តិ៍ នាថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ។

រហូតមកដល់ពេលនេះ មិនទាន់មានករណីវីរុសបំលែងថ្មីត្រូវបានរកឃើញនៅក្នុងប្រទេសថៃនៅឡើយទេ។ ចាប់តាំងពីបើកប្រទេសកាលពីដើមខែវិច្ឆការនេះមក ថៃទទួលអ្នកដំណើរចំនួន ១.០០៧នាក់មកពីតំបន់អាហ្រ្វិច ប៉ុន្តែគ្មាននរណាម្នាក់ធ្វើតេស្តរកឃើញវីរុសឡើយ។

វីរុសបំប្លែងថ្មី អូមីក្រុង ត្រូវបានគេរកឃើញនៅហុងកុង បែលហ្សិក អ៊ីស្រាអ៊ែល និងហូឡង់ បណ្តាលឲ្យមានការព្រួយបារម្ភជាសកល ដោយសារតែអ្នកវិទ្យាសាស្ត្រ និងអង្គការសុខភាពពិភពលោក (WHO) បង្ហាញក្តីកង្វល់ដោយសារតែវីរុសបំប្លែងថ្មីនេះ មានលក្ខណៈកាច និងឆ្លងខ្លាំងជាងប្រភេទ ដែលតា (Delta) ទៅទៀត ។

កាលពីថ្ងៃសៅរ៍កន្លងទៅនេះ នាយករដ្ឋានគ្រប់គ្រងជំងឺថៃ បានប្រកាសហាមប្រាមអ្នកដំណើរមកពីប្រទេស​អាហ្រ្វិចខាងត្បូង បូតស្វាណា (Botswana) ហ្សីមបាវ៉េ (Zimbabwe) ណាមីប៊ី (Namibia) ឡេសូថូ (Lesotho) អេសវ៉ាធីនី (Eswatini) ម៉ូសំប៊ិក (Mozambique) និងប្រទេសម៉ាឡាវី (Malawi)។

លោកវេជ្ជបណ្ឌិត Opas Karnkawinpong ប្រធាននាយករដ្ឋានគ្រប់គ្រងជំងឺ បានឲ្យដឹងថា បម្រាមនឹងត្រូវចូលជាធរមានចាប់ពីថ្ងៃទី ១​ ខែធ្នូ។ គិតត្រឹមថ្ងៃសៅរ៍ អ្នកដំណើរទាំងនោះមិនអាចចុះឈ្មោះសម្រាប់ចូលក្នុងប្រទេសបានឡើយ។ សម្រាប់អ្នកដំណើរដែលបានមកដល់ ត្រូវធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ។

អ្នកដំណើរមកពីប្រទេសក្នុងតំបន់អាហ្រ្វិចមិនអាចចូលរួមកម្មវិធី Test & Go និង Sandbox បានទេ។ ពួកគេត្រូវធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ និងត្រូវធ្វើតេស្តរកវីរុសកូវីដ ១៩ចំនួន ៣ដង អំឡុងការធ្វើចត្តាឡីស័ក។

នាយករដ្ឋមន្រ្តីថៃ លោក Prayut Chan-o-cha បានផ្តល់ការធានាថា រដ្ឋាភិបាលកំពុងតាមដានយ៉ាងដិតដល់នូវបច្ចុប្បន្នជុំវិញពិភពលោកអំពីវីរុសបំលែងថ្មី និងផ្លាស់ប្តូរការរឹតបន្តឹងការធ្វើដំណើរប្រសិនចាំបាច់។

សូមរម្លឹកថា ចាប់តាំងពីមានការផ្ទុះវីរុសកូរ៉ូណាកាលពីចុងឆ្នាំ ២០១៩ រហូតមកដល់បច្ចុប្បន្ននេះ ថៃមានអ្នកឆ្លងសរុបជាង ២,១លាននាក់ និងករណីស្លា.ប់ជាង ២០.០០០នាក់៕ (យោងតាមប្រភព៖ Bangkok Post)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ