ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខេត្ត​យក​អំណោយ ចែក​ជូន​អាជីវករ​រង​គ្រោះ​ដោយ​អគ្គី​ភ័យ

7 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ អាជីវករ​លក់ដូរ នៅ​មាត់កំពង់​ផែ​ផ្សារ​ក្រោម ដែល​បាន​រង​គ្រោះ​ដោយ​អគ្គី​ភ័យ ឆេះ​អស់តូប​លក់ដូរ ចំនួន​១៤​កន្លែង កាលពី​ទាប​ភ្លឺ​ថ្ងៃ​ទី​០៧ ខែឧសភា កន្លង​ទៅ​នេះ

ខេត្តកំពង់ឆ្នាំង ៖ អាជីវករ​លក់ដូរ នៅ​មាត់កំពង់​ផែ​ផ្សារ​ក្រោម ដែល​បាន​រង​គ្រោះ​ដោយ​អគ្គី​ភ័យ ឆេះ​អស់តូប​លក់ដូរ ចំនួន​១៤​កន្លែង កាលពី​ទាប​ភ្លឺ​ថ្ងៃ​ទី​០៧ ខែឧសភា កន្លង​ទៅ​នេះ ។ នៅ​ព្រឹក​ថ្ងៃ​ទី​៨ គ ក្រោយ​កើតហេតុ​១​ថ្ងៃ ត្រូវ​បាន​ឯកឧត្តម ឈួ​រ ច​ន្ទ័​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង​ដឹកនាំ​មន្ត្រី​សាខា​កាកបាទ ក្រហម​ខេត្ត នាំ​យក​អំណោយ​របស់​សាខា និង​សប្បុរសជន ទៅ​ផ្តល់​ជូន​គ្រួសារ​អាជីវករ​រង​គ្រោះ ដល់​មាត់កំពុង​ផែ​ផ្សារ​ក្រោម ស្ថិត​ក្នុងភូមិ​ផ្សារឆ្នាំង សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ។

ឯកឧត្តម ឈួ​រ ច​ន្ទ័​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង​បាន​ចូលរួម​សោកស្តាយ នូវ​ការ​បាត់បង់​ទ្រ​ព​សម្បត្តិ​បងប្អូន​រង​គ្រោះ​ទាំង​១៤  គ្រួសារ ដែល​ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​គ្មាន​សល់ កាលពី​ម៉ោង​៣​ទាប​ភ្លឺ​ថ្ងៃ​ពី​ម្សិលមិញ​នេះ ។ ក្នុង​នាម អាជ្ញាធរ​ខេត្ត ក៏​សូម​ពាំនាំ​នូវ​ការ​ចូលរួម​សោកស្តាយ ពី​សំណាក់​ប្រមុខ​រាជ​រា​ដ្ឋា​ភិ​បាល​មាន សម្តេច ហេង សំ​រិ​ន សម្តេច​ហ៊ុន សែន និង​សម្តេច​កិតិ​ព្រឹ​ត្ត​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ដែល​ជា​និច្ចកាល តែង​នឹករលឹក និង​សោកស្តាយ​ដល់​បងប្អូន​រង​គ្រោះ ដោយ​ធម្មជាតិ ទឹកជំនន់  គ្រោះ​រាំង​ស្ងួត និង​គ្រោះ​អគ្គី​ភ័យ​ជាដើម ។

ចំពោះ​អំណោយ របស់​សាខា​កាកបាទក្រហម​ខេត្ត ដែល​បាន​យក​មក ចែក​ជូន​បងប្អូន​នៅ​ពេល​នេះ ក្នុង​មួយ​គ្រួសារ​ទទួល​បាន អង្ករ​៣០​គីឡូក្រាម មី​១​កេះ តង់​១ ត្រីខ​១០​កំប៉ុង ឃី​ត​១​កញ្ចប់​ក្នុង​នោះ​មាន មុង​១ ភួយ​១ ក្រមា​១ និង​សារុង​១ រួម​នឹង​ថវិកា​១០​ម៉ឺន​រៀល ។ ក្រៅពី​នោះ​មាន​ថវិកា​បាន​មក​ពី​សប្បុរ​ជន​នានា ក្នុង​មួយ​គ្រួសារ​ទទួល​បាន​ថវិកា ៤៩​ម៉ឺន​រៀល​បន្ថែម​ទៀត​។ ទោះ​ថវិកា និង​របស់របរ​ទាំងនេះ​វា​មិន​ច្រើន សាក​សម ទៅ​នឹង​ទំហំ​ការ​ខួច​ខាត​របស់​បងប្អូន​ក៏​ពិតមែន តែ​ក៏​អាច​ជួយ​សម្រាល ទុក្ខ​លំបាក​បងប្អូន​បាន​មួយ​គ្រា​ដែរ ។ ហើយ​ក៏​សូម​បងប្អូន​ទាំងអស់ ចូលរួម​ប្រុង​ប្រ​យ​ត្ន័​ឲ្យ​បាន​ខ្ពស់ ចំពោះ​ការ​ដាំ​ស្ល ចរន្ត​អគ្គី​ស​នី និង​ការ​ចោល​កន្ទុយបារី​ជាដើម ដែល​វា​អាច​បង្ករ​ឲ្យ​អគ្គី​ភ័យ​ឆាបឆេះ​បាន ។

សូម​រំលឹក​ថា  អគ្គី​ភ័យ​ឆាបឆេះ​ខាងលើ​បាន​កើតឡើង​នៅ វេលា​ម៉ោង​៣​ទាប​ភ្លឺ ថ្ងៃ​ទី​៧ ខែឧសភា ឆ្នាំ​២០១៦ នៅ​មាត់កំពុង​ផែ​ផ្សារ​ក្រោម បណ្តាល​ឲ្យ​តូប​លក់ដូរ​របស់​បងប្អូន​ដែល​ភាគច្រើន​លក់​គ្រឿងទេស និង​លក់​អង្ករ បាន​ឆេះ​ខ្ទេច​ទាំងស្រុង​ចំនួន​១៤​តូប ដែល​តាម​ប្រមាណ ការ​ខាតបង់​សរុប​ជាង​១០​ម៉ឺន​ដុល្លា  ចំពោះ​មូលហេតុ​នៅ​មិន​ទាន់​ច្បាស់​នៅឡើយ​ទេ តែ​សមត្ថកិច្ច​ដាក់​ការ​សង្ស័យ​លើ ទុ​ស្សេ​ចរន្ត​អគ្គី​ស​នី  ហើយ​នេះ​ក៏​ជា​ការ​ឆេះ​ទ្រង់ទ្រាយ​ធំ​លើក​ទី​២ ហើយ​នៅ​ក្នុង​សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង បន្ទាប់​ពី​ឆេះ​លើក​ទី​១ កាលពី​ថ្ងៃ​ទី​២០ ខែមេសា បណ្តាល​ឲ្យ​ផ្ទះ​១៥​ខ្នង បាន​ឆេះ​ខ្ទេច​ទាំងស្រុង ៕