ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា សម្រេចជោគជ័យថ្មីទៀត ជាប្រវត្តិសាស្ត្រ ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ​៖ កម្ពុជា បានរៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប លើក​ទី​១៣ (ASEM13) ក្រោម​មូលបទ «​ការពង្រឹង​ពហុភាគី​និយម​ដើម្បី​កំណើន​រួម​»  នៅ​ថ្ងៃទី​២៥-២៦ ខែវិច្ឆិកា ឆ្នាំ​២០២១…

ភ្នំពេញ​៖ កម្ពុជា បានរៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប លើក​ទី​១៣ (ASEM13) ក្រោម​មូលបទ «​ការពង្រឹង​ពហុភាគី​និយម​ដើម្បី​កំណើន​រួម​»  នៅ​ថ្ងៃទី​២៥-២៦ ខែវិច្ឆិកា ឆ្នាំ​២០២១ តាម​ប្រព័ន្ធ​វីដេអូ​។ ការទទួល​ជា​ម្ចាស់ផ្ទះ រៀបចំ​កិច្ចប្រជុំ​កំពូល​រយៈពេល ២​ថ្ងៃនេះ កម្ពុជា​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បានសម្រេច​នូវ​ជោគជ័យ​ជា​ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀត​។​

​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ធ្វើជា​ប្រធាន​ដឹកនាំ​កិច្ចប្រជុំ​កំពូល​នេះ  ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​ប្រមុខរដ្ឋ​/ រដ្ឋាភិបាល ឬ​តំណាង​ជាន់ខ្ពស់​នៃ​បណ្តា​ប្រទេស​ដៃគូ ASEM  ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប ប្រធាន​គណៈកម្មការ​អឺរ៉ុប និង​អគ្គលេខាធិការ​អាស៊ាន​។​

​នៅក្នុង​កិច្ចប្រជុំ​កំពូល​នេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា ក្នុង​រយៈពេល ២៥​ឆ្នាំ​កន្លងមកនេះ កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប (ASEM) បាន​ក្លាយជា​វេទិកា​ដ៏​មាន​សារសំខាន់​មួយ ក្នុង​ការភ្ជាប់​ទំនាក់ទំនង​អាស៊ី និង​អឺរ៉ុប ព្រមទាំង​លើកកម្ពស់​ភាពជា​ដៃគូ​រវាង​ទ្វីប​ទាំងពីរ​។

​សម្រាប់​ដំណើរ​ឆ្ពោះទៅ​អនាគត​នាពេល ២៥​ឆ្នាំ​ខាងមុខ​ទៀត សម្តេច បាន​សង្កត់ធ្ងន់ថា ដៃគូ ASEM ចាំបាច់​ត្រូវ​ពង្រឹង​ការប្តេជ្ញាចិត្ត​ទ្វេដង​ដើម្បី​ឈានទៅ​សម្រេចបាន​ពហុភាគី​និយម​ប្រកបដោយ​ប្រសិទ្ធភាព ការស្តារ​ឡើងវិញ​ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ប្រកបដោយ​បរិ​យា​ប័ន្ន​និង​ភាព​ធន់ និង​ធ្វើឱ្យ ASEM កាន់​តែមាន​ភាពលេច​ធ្លោ និង​រឹងមាំ​នៅក្នុង​អភិបាលកិច្ច​សកល​។

​ដើម្បី​សម្រេចបាន​គោលបំណង​ខាងលើនេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​អំពាវនាវ​ឱ្យ​ពង្រឹង​កាន់តែ​ស៊ីជម្រៅ​នូវ​ការតភ្ជាប់​អន្តរ​តំបន់​សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​និង​កំណើន​រួមគ្នា ការលើកកម្ពស់​ភាពជា​ដៃគូ​អន្តរ​តំបន់​សម្រាប់​អភិបាលកិច្ច​សកល ប្រព័ន្ធ​ពហុភាគី​ផ្អែកលើ​វិធាន​ច្បាប់​កាន់តែ​មាន​ប្រសិទ្ធភាព  តម្រូវការ​ទាញ​ផលប្រយោជន៍​បន្ថែមទៀត​ពី​នវានុវត្តន៍ ការតភ្ជាប់ ឌីជីថល និង​បដិវត្តន៍​ឧស្សាហកម្ម ៤.០   ការលើកកម្ពស់​ភាពលេច​ធ្លោ​និង​ភាព​ពាក់ព័ន្ធ ASEM និង​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​ដោះស្រាយ​បញ្ហា​ពហុ​វិស័យ​នានា ជាអាទិ៍ បម្រែបម្រួល​អាកាសធាតុ  ភាពក្រីក្រ  ការលើកកម្ពស់​សិទ្ធិអំណាច​ស្ត្រី និង​បញ្ហា​ប្រឈម​ឆ្លងដែន​ផ្សេងៗ​ទៀត​។​

​ថ្នាក់ដឹកនាំ ASEM បាន​ស្តាប់ និង​កត់សម្គាល់​អនុសា​សន៍​នានា តាមរយៈ​ការ​ថ្លែង​របាយការណ៍ លទ្ធផល​នៃ​ព្រឹត្តិការណ៍​អម​ចំនួន​០៥ ដូចជា កិច្ចប្រជុំ​ភាពជា​ដៃគូ​សភា​អាស៊ី​-​អឺរ៉ុប​លើក​ទី​១១ កិច្ចប្រជុំ​កំពូល​ថ្នាក់ដឹកនាំ​វ័យក្មេង​មូលនិធិ​អាស៊ី​-​អឺរ៉ុប​លើក​ទី​៤  វេទិកា​សេដ្ឋកិច្ច​និង​ធុរកិច្ច​អាស៊ី​-​អឺរ៉ុប  វេទិកា​អាស៊ី​-​អឺរ៉ុប ស្តីពី​ស្ត្រី សន្តិភាព និង​សន្តិសុខ និង​វេទិកា​ប្រជាជន​អាស៊ី​-​អឺរ៉ុប​។ ថ្នាក់ដឹកនាំ បាន​កោតសរសើរ​កម្ពុ​ជា ដែល​បានរៀបចំ​មហោស្រព​វប្បធម៌ ASEM ដើម្បី​បង្ហាញ​ពី​ភាព​ដ៏​សម្បូរបែប​នៃ​គំនិត​ច្នៃប្រឌិត​សិល្បៈ និង​ភាព​ចម្រុះ​សិល្បៈ នៅ​អាស៊ី​និង​អឺរ៉ុប ព្រមទាំង​ផ្តួចផ្តើម​ឱ្យមាន​វេទិកា ស្តីពី​ស្ត្រី សន្តិភាព និង​សន្តិសុខ​។​

​ក្នុងអំឡុងពេល​នៃ​កិច្ចប្រជុំ​កំពូល​រយៈពេល​ពីរ​ថ្ងៃនេះ ថ្នាក់ដឹកនាំ ASEM បាន​ផ្លាស់ប្តូរ​ទស្សនៈ ត្រង់​ទៅ​ត្រង់​មក ឥត​លាក់លៀម​ទៅលើ​បញ្ហា​ជាច្រើន​ដែលជា​ក្តីបារម្ភ និង​ផលប្រយោជន៍​រួម ដោយបាន​កត់សម្គាល់​ចំណុច​សំខាន់ៗ​ដូចតទៅ​៖

-​បញ្ជាក់​ជាថ្មី​នូវ​ការប្តេជ្ញាចិត្ត​ឆ្ពោះទៅ​កសាង​សហគមន៍ ASEM មួយ​ប្រកបដោយ​ភាពសុខដុមរមនា មាន​ភាព​ប្រកួតប្រជែង ភាព​ធន់ និង​ចីរភាព ដើម្បី​ប្រជាជន​អាស៊ី និង​អឺរ៉ុប ដោយ​ឈរលើ​គោលការណ៍​ស្នូល​របស់ ASEM គឺ​ភាពមិន​ផ្លូវការ និង​បត់បែន ស្របតាម​ស្មារតី​នៃ​កុង​សុង​ស៊ី​ស និង​ភាពជា​ដៃគូ​ស្មើភាព​។

-​គូសបញ្ជាក់​ពី​តួនាទី​ដ៏​សំខាន់​របស់​ប្រព័ន្ធ​អង្គការសហប្រជាជាតិ អង្គការ​អន្តរជាតិ និង​អង្គការ តំបន់​ផ្សេងទៀត ក្នុង​ការរក្សា​សន្តិភាព និង​សន្តិសុខ​សកល ជំរុញ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន ព្រមទាំង​ប្រកាន់ខ្ជាប់​នូវ​សិទ្ធិមនុស្ស និង​សេរី​ភាពជា​មូលដ្ឋាន​។​

-​រំលឹក​ឡើងវិញ​ពី​សារសំខាន់​នៃ​វិធាន​ការកសាង​ទំនុកចិត្ត និង​ការបង្ការ​ទំនាស់​តាមបែប​ការទូត ក៏ដូចជា​គោលការណ៍​នៃ​ការគោរព​គ្នា​ទៅវិញទៅមក ការយល់​ពីគ្នា​ទៅវិញទៅមក ផលប្រយោជន៍​ទៅវិញទៅមក និង​ការលះបង់​ចោល​នូវ​ការប្រើ​កម្លាំង និង​ការគំរាមកំហែង​ប្រើប្រាស់​កម្លាំង​នៅក្នុង​ទំនាក់ទំនង​អន្តរជាតិ​។

-​ប្តេជ្ញាចិត្ត​ធ្វើការ​រួមគ្នា​ដើម្បី​សន្តិភាព និង​សន្តិសុខ ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​កំណើន​ប្រកបដោយ​បរិ​យា​ប័ន្ន ដោយ​ផ្អែកលើ​ការគោរព​ច្បាប់​អន្តរជាតិ ក្នុងនោះ​រួមទាំង​ការលើកកម្ពស់ និង​ការការពារ​សិទ្ធិមនុស្ស អនុលោម​តាម​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ និង សេចក្តីប្រកាស​ជាស​កល​ស្តីពី​សិទ្ធិមនុស្ស​។​

-​ប្តេជ្ញាចិត្ត​អនុវត្ត​របៀបវារៈ​ឆ្នាំ​២០៣០ ស្តីពី​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​របៀបវារៈ​សកម្ម​ភាព Addis Ababa ដើម្បី​លុបបំបាត់​ភាពក្រីក្រ បញ្ចប់​ភាពអត់ឃ្លាន កាត់បន្ថយ​វិសមភាព និង​កសាង​អនាគត​មួយ​ប្រកបដោយ​បរិ​យា​ប័ន្ន និង​និរន្តរភាព សំដៅ​ធានា​ឱ្យបាន​ថា មិនមាន​នរណាម្នាក់​ត្រូវបាន​ទុកចោល​ឡើយ​។​

-​បញ្ជាក់​ពី​ការតាំង​ចិត្ត និង​ឆន្ទៈ ស្របតាម​លទ្ធផល COP26 ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​សកល ដែល​កំពុង​បន្ត​កើនឡើង​ពាក់ព័ន្ធ​នឹង​បម្រែបម្រួល​អាកាសធាតុ ព្រឹត្តិការណ៍​ធាតុអាកាស​ធ្ងន់ធ្ងរ ការបាត់បង់​ជីវចម្រុះ និង​ការបំពុល  ព្រមទាំង​បញ្ជាក់​ពី​សារសំខាន់​នៃ​ការផ្តល់​ហិរញ្ញប្បទាន និង​បច្ចេកវិទ្យា​ដើម្បី​ជួយ​សម្រួល​ដល់​ការផ្លាស់ប្តូរ និង​បាន​ប្តេជ្ញា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​សម្រាប់​គោលបំណង​នេះ​។​

-​ស្វាគមន៍​ការអនុម័ត​សេចក្តីថ្លែងការណ៍​រដ្ឋមន្ត្រី​នៃ​ប្រទេស​ម្ចាស់ផ្ទះ និង​ប្រទេស​សម្របសម្រួល តំបន់ ASEM ស្តីពី​ជំងឺ​កូ​វីដ​-១៩ កាលពី​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០២០ និង​សេចក្តីថ្លែងការណ៍​ទីក្រុង​ភ្នំពេញ ស្តីពី​ការស្តារ​សង្គម​សេដ្ឋកិច្ច​ឡើងវិញ​ក្រោយ​ជំងឺ​កូ​វីដ​-១៩ ដែល​ឯកសារ​ទាំងពីរ​នេះ​បាន​ឆ្លុះបញ្ចាំង​ពី​ការប្តេជ្ញាចិត្ត​របស់​ដៃគូ ASEM ក្នុងការ​គ្រប់គ្រង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ យ៉ាង​មាន​ប្រសិទ្ធភាព ធានា​នូវ​លទ្ធភាព​អាច​ស្វែង​រកបាន​វ៉ាក់សាំង​ក្នុងតម្លៃ​សមរម្យ និង​ការទទួលបាន​ដោយ​សមធម៌​នូវ​វ៉ាក់សាំង​ប្រកបដោយ​សុវត្ថិភាព គុណភាព និង​ប្រសិទ្ធភាព ដើម្បី​ដោះស្រាយ​វិបត្តិ​សេដ្ឋកិច្ចសង្គម​បណ្តាលមកពី​ជំងឺ​កូ​វីដ​-១៩ ។

-​គូសបញ្ជាក់​ពី​តម្រូវការ​ចំ​បាច់​ក្នុង​ការបន្ត​រក្សា​សេដ្ឋកិច្ច​សកល​បើកចំហ និង​អះអាង​សាជាថ្មី​ពី​ការប្តេជ្ញាចិត្ត​ពង្រឹង និង​ប្រកាន់​ភ្ជាប់​នូវ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី​ដែល​បើកចំហ យុត្តិធម៌ តម្លាភាព បរិ​យា​ប័ន្ន  គ្មាន​ការរើសអើង និង​ផ្អែកលើ​វិធាន​ច្បាប់ ដែលមាន​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) ជា​ស្នូល ដើម្បី​កំណើន​រយៈពេល​វែង​។

-​បង្ហាញ​ពី​ចំណាប់អារម្មណ៍​រួម​របស់​ដៃគូ ASEM ក្នុងការ​លើកកម្ពស់​កា​រត​ភ្ជាប់​អាស៊ី​-​អឺរ៉ុប ដែល​មិន​ត្រឹមតែ​ជា​ការតភ្ជាប់​ទិដ្ឋភាព​នយោបាយ និង​សេដ្ឋកិច្ច​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ត​ភ្ជាប់​ទំនាក់ទំនង​សង្គម​-​វប្បធម៌ និង​ទំនាក់ទំនង​ប្រជាជន និង​ប្រជាជន ផងដែរ​។

-​ចាត់ទុក​វិស័យ​ទេសចរណ៍​ប្រកបដោយ​ចីរភាព និង​សេដ្ឋកិច្ច​ប្រកបដោយ​ភាព​ច្នៃប្រឌិត ជា កាតាលីករ ក្នុងការ​ជំរុញ​ការតភ្ជាប់​រវាង​ប្រជាជន​និង​ប្រជាជន កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ការបង្កើត​ការងារ​ប្រកបដោយ​គុណភាព ព្រមទាំង​គូសបញ្ជាក់​ពី​ភាពចាំបាច់ ក្នុងការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទាំងអស់នេះ ដែល​បាន​រង​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ បណ្តាលមកពី​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។

-​ប្តេជ្ញាចិត្ត​ធានាឱ្យមាន​ការចូលរួម​ប្រកបដោយ​អត្ថន័យ​របស់​យុវជន នៅក្នុង​គ្រប់​វិស័យ និង​នៅក្នុង​ជីវិត​សាធារណៈ និង​នយោបាយ នៅ​គ្រប់​កម្រិត ព្រមទាំង​លើកទឹកចិត្ត​ឱ្យមាន​ការពង្រីក​កិច្ចសហប្រតិបត្តិការ និង​ការផ្លាស់ប្តូរ​កម្មវិធី​អប់រំ ក្នុងចំណោម​ដៃគូ ASEM តាមរយៈ​យុទ្ធសាស្ត្រ ASEM ដើម្បី​ចែករំលែក​ឧ​ត្ត​មា​នុ​វត្ត​ន៍​នៃ​វិធីសាស្ត្រ​ដោះស្រាយ​បញ្ហា​សកល​រួម​។​

​          ​

​នៅ​ចុងបញ្ចប់​នៃ​កិច្ចប្រជុំ​កំពូល  ថ្នាក់ដឹកនាំ ASEM បានអនុម័ត​ឯកសារ​លទ្ធផល​សំខាន់ៗ​ចំនួន​៣​នៃ​កិច្ចប្រជុំ​កំពូល ASEM13 គឺ​៖ (១) សេចក្តីថ្លែងការណ៍​ប្រធាន​អង្គប្រជុំ ASEM13 (២) សេចក្តីថ្លែងការណ៍​ទីក្រុង​ភ្នំពេញ ស្តីពី​ការស្តារ​សង្គម​-​សេដ្ឋកិច្ច​ឡើងវិញ​ក្រោយ​ជំងឺ​កូ​វីដ​-១៩ និង (៣) ឯកសារ​សកម្មភាព​អនាគត ស្តីពី​ការតភ្ជាប់ ASEM​។

​          ​

​ថ្នាក់ដឹកនាំ ASEM បាន​សម្តែង​ការកោតសរសើរ​ខ្ពស់​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បានរៀបចំ​កិច្ចប្រជុំ​កំពូល​នេះ​បាន​យ៉ាង​ល្អឥតខ្ចោះ និង​បាន​អបអរ​សារ​ទរ​ដ៏​ស្មោះស្ម័គ្រ​ជូន សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ចំពោះ​ការដឹកនាំ​កិច្ចប្រជុំ​កំពូល​នេះ​យ៉ាង​ជោគជ័យ ដែល​បាន​ចូលរួមចំណែក​ដល់​ការពង្រឹង​ពហុភាគី​និយម​ការធ្វើឱ្យ​ដំណើរការ ASEM កាន់តែ​រឹងមាំ និង​ប្រកបដោយ​ភាព​ធន់ បរិ​យា​ប័ន្ន និង​ចីរភាព ក្រោយ​សម័យកាល ជំងឺ​កូ​វីដ​-១៩​។ ថ្នាក់ដឹកនាំ​រង់ចាំ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​លើក​ទី​១៤ នៅ​អឺរ៉ុប ក្នុង​ឆ្នាំ​២០២៣៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ