ខេត្តកណ្តាល ៖ បន្ទាប់ពីមានរឿងរ៉ាវប៉ូលិសរាត្រីរបស់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ជាប់ចោទថាបានវាយអ្នកបើករថយន្តឱ្យ រងរបួសយ៉ាងដំណំរួចយកកាបូបលុយនិង ទូរស័ព្ទកាលពីពេលថ្មីៗនេះមិនទាន់ដោះស្រាយចប់ផង ស្រាប់តែមន្ត្រីប៉ូលិសប៉ុស្តិ៍សង្កាត់ព្រែកឫស្សីម្នាក់ទៀតបានរងការចោទប្រកាន់ថាបានវាយពលរដ្ឋម្នាក់បណ្តាលឱ្យរងរបួសយ៉ាងដំណំដែរ ហើយបានចូលទៅសំរាកព្យាបាលនៅមន្ទីរពេទ្យជ័យជំនះ ដេកនៅគ្រែជាប់គ្នាទៀតផង។
ទាក់ទិននឹងករណីចោទប្រកាន់នេះ បើតាមមន្ត្រីប៉ូលិសប៉ុស្តិ៍ព្រែកឫស្សីបានបញ្ជាក់ថា មូលហេតុដែលជននេះរងរបួសគឺមកពីរូបគេស្រវឹងស្រាខ្លាំងហើយបានប្រវាយប្រតប់ជាមួយសមត្ថកិច្ចបណ្តាលឱ្យដួលផ្កាប់មុខដោយខ្លួនឯង ខណៈពេលប៉ូលិសចុះទៅដោះស្រាយរឿងគ្រោះថ្នាក់ចរាចរណ៍កាលពីវេលាម៉ោង៥និង៣០នាទី ល្ងាចថ្ងៃទី៦ មីនា នៅភូមិក្រពើហា សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ។
មន្ត្រីប៉ូលិសដែលរងការចោទប្រកាន់ឈ្មោះទឹម សាវ៉េត ភេទប្រុស អាយុជាង៣០ឆ្នាំ ។ ចំណែកជនរងគ្រោះឈ្មោះម៉ី សាត ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិដើមខ្វិត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ បានរងរបួសបែកបបូរមាត់ហើមមុខមាត់ និងរយះក្បាល កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ ។
បើតាមជនរងគ្រោះឈ្មោះម៉ី សាត វិញបានឱ្យដឹងថា មុនពេលកើតហេតុខ្លួនបានទទួលដំណឹងថា ប្អូនជីដូនមួយឈ្មោះគឹម ចាប ជួបគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបុកជាមួយកង់ ពេលនោះខ្លួនក៏បានទៅមើល។ ខណៈពេលខ្លួនទៅដល់កន្លែងកើតហេតុ ស្រាប់តែមានប៉ូលិស៦ទៅ៧នាក់នៅទីនោះ បានជេរប្រមាថខ្លួនកុំឱ្យចេះដឹងរឿងនេះ ពេលនោះខ្លួនក៏បានតមាត់ទៅវិញក៏កើតទំនាស់ជាពាក្យសំដី ហើយប៉ូលិសឈ្មោះទឹម សាវ៉េត បានវាយខ្លួន៥-៦ដៃនិងយកអាយ កូមវាយចំក្បាលខ្លួនបណ្តាលឱ្យបែកហូរឈាមហើយត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
ចំណែកមន្ត្រីប៉ូលិសប៉ុស្តិ៍ព្រែកឫស្សីឈ្មោះទឹម សាវ៉េត ដែលរងការចោទប្រកាន់នេះបានឱ្យដឹងថា ឈ្មោះម៉ី សាត មិនត្រូវបានប៉ូលិសណាម្នាក់វាយឱ្យរងរបួសនោះទេ គឺជននេះបានដួលដោយខ្លួនឯង ខណៈប្រវាយប្រតប់ជាមួយសមត្ថកិច្ចដែលចុះទៅពិនិត្យនៅកន្លែងកើតគ្រោះថ្នាក់ចរាចរណ៍ ។ មុនពេលកើតហេតុមានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងលើផ្លូវជាតិលេខ២ ក្នុងភូមិក្រពើហា សង្កាត់ព្រែកឫស្សី គឺម៉ូតូបុកជាមួយកង់ ។ ពេលនោះប៉ូលិសជំនាញបានចុះទៅវាស់វែងនៅកន្លែងកើតហេតុ ខណៈនោះឈ្មោះម៉ី សាត បានទៅដល់ ហើយបានឃាត់ប៉ូលិសជំនាញមិនឱ្យយកវត្ថុតាងមានកង់និងម៉ូតូទៅកន្លែងទេ និងបានជេរប្រមាថដល់សមត្ថកិច្ច ព្រមទាំងឃាត់មិនឱ្យយកជនរងគ្រោះទៅមន្ទីរពេទ្យទៀតផង ។ ខណៈនោះ ខ្លួនក៏បានទៅជួយធ្វើអន្តរាគមន៍ ដើម្បីឱ្យសមត្ថកិច្ចជំនាញធ្វើការងារនេះ ប៉ុន្តែឈ្មោះម៉ី សាត ដែលមានសភាពស្រវឹងជោកជាំផងមិនព្រមឱ្យប៉ូលិសធ្វើការងារនេះទេ ដោយសំអាងថា អ្នករងគ្រោះគឺជាប្អូនជីដូនមួយរបស់ខ្លួន ។ ឃើញបែបនេះខ្លួនក៏បានព្យាយាមឃាត់ឈ្មោះម៉ី សាត ប៉ុន្តែត្រូវឈ្មោះម៉ី សាត ស្ទុះមកដាល់ខ្លួនជាច្រើនដៃ ប៉ុន្តែខ្លួនគេចទាន់់បណ្តាលឱ្យគេដួលផ្កាប់មុខបែកមាត់ បន្ទាប់មកឈ្មោះនេះបានព្យាយាមស្ទុះមកវាយប៉ូលិសផ្សេងៗទៀតទើបមានការក៏ប្រវាយប្រតប់គ្នា បណ្តាលឱ្យឈ្មោះម៉ី សាត រងរបួសបែបនេះទៅ ។ ក្រោយពេលកើតហេតុឈ្មោះម៉ី សាត ត្រូវបានប៉ូលិសបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យជ័យជំនះក្រុងតាខ្មៅ និងបានហៅសមត្ថកិច្ចជំនាញទៅវាស់ជាតិអាល់កុលឃើញថា មានរហូតដល់០,៦១មីល្លីក្រាម ក្នុងមួយលីត្រខ្យល់ ។
បច្ចុប្បន្នឈ្មោះម៉ី សាត កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យជ័យជំនះក្រុងតាខ្មៅ គឺនៅសំរាកជាប់គ្រែគ្នាជាមួយឈ្មោះឆិល ចាន់ថុល ជាអ្នកបើកបររថយន្តដែលបានចោទប្រកាន់ប៉ូលិសរាត្រីរបស់អធិការដ្ឋាននគរបាលក្រុងតាខ្មៅថាបានវាយខ្លួនឱ្យរងរបួសយាងដំណំរួចយកកាបូបលុយនិងទូរស័ព្ទកាលពីវេលាម៉ោង៤និង៣០នាទីនៅម្តុំរោងចក្រយ៉ុងវ៉ាចាស់ ស្ថិតក្នុងភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។ រហូតមកដល់ពេលនេះ បើតាមសម្តីរបស់ជនរងគ្រោះឈ្មោះឆិល ចាន់ថុល ឱ្យដឹងថា សមត្ថកិច្ចមិនទាន់រកយុត្តិធម៌ឱ្យខ្លួនទេ ហើយរបួសខ្លួនក៏មិនទាន់ជាសះស្បើយនៅឡើយដែរ ៕
ចែករំលែកព័តមាននេះ