ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​នឹង​ចាប់ផ្ដើម​ចម្រាញ់​ប្រេងកាត​ដោយ​ខ្លួនឯង​នៅ​ឆ្នាំ​2018

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បើ​គ្មាន​អ្វី​ប្រែប្រួល​ទេ កម្ពុជា​នឹង​មាន​រោងចក្រ​ចម្រាញ់​ប្រេងកាត​របស់​ខ្លួន​នៅ​ចុងឆ្នាំ​២០១៨​ខាង​មុខ​នេះ ដែល​ជា​ការ​វិនិយោគ​រួម​គ្នា​រវាង​ក្រុមហ៊ុន​ខេ​ម​បូ​ឌា​ន ភេ​ត្រូ​ខេ​មី​ខ​ល ខូ​អិ​ល​ធី​ឌី (CPC)

រាជធានី​ភ្នំពេញ ៖ បើ​គ្មាន​អ្វី​ប្រែប្រួល​ទេ កម្ពុជា​នឹង​មាន​រោងចក្រ​ចម្រាញ់​ប្រេងកាត​របស់​ខ្លួន​នៅ​ចុងឆ្នាំ​២០១៨​ខាង​មុខ​នេះ ដែល​ជា​ការ​វិនិយោគ​រួម​គ្នា​រវាង​ក្រុមហ៊ុន​ខេ​ម​បូ​ឌា​ន ភេ​ត្រូ​ខេ​មី​ខ​ល ខូ​អិ​ល​ធី​ឌី (CPC) ជាមួយ​ក្រុមហ៊ុន CNPC Northeast Refining & Chemical Engineering របស់​ប្រទេស​ចិន ។

រោងចក្រ​ចម្រាញ់​ប្រេងកាត​នេះ នឹង​អនុវត្ត​នៅ​ដំណាក់កាល​ទី​១ ក្នុង​ទំហំ​ទឹកប្រាក់​៦២០​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​មាន​សមត្ថភាព​ផលិត​បាន​២​លាន​តោន​ក្នុង​១​ឆ្នាំ ស្ថិត​នៅ​ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ លើ​ផ្ទៃដី​ប្រមាណ​៤០​ហិ​កតា ក្នុង​ចំណោម​ផ្ទៃដី​សរុប​៤០០​ហិ​កតា ។

ថ្លែង​ក្នុង​ពិធី​ចុះហត្ថលេខា កាលពី​ថ្ងៃ​ទី​៤​ឧសភា ឆ្នាំ​២០១៦ លោក​ឧកញ៉ា ហាន់ ឃៀង អគ្គនាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន (CPC) បាន​មាន​ប្រសាសន៍​ថា ៖ « ក្រុមហ៊ុន​យើង​ដាក់​ទុន​វិនិយោគ​ចំនួន​៦២០​លាន​ដុល្លារ​អា​មេ​រិ​ក សម្រាប់​គម្រោង​ដំណាក់កាល​ទី​១ នៃ​ការ​សាងសង់​រោងចក្រ​ចម្រាញ់​ប្រេង​នេះ ។ បើ​គ្មាន​ការ​ប្រែប្រួល​ទេ​នោះ ការ​សាងសង់​វគ្គ​ដំបូង​នេះ​នឹង​ត្រូវ​បញ្ចប់​នៅ​ចុងឆ្នាំ​២០១៨ ជាមួយនឹង​សមត្ថភាព​ផលិត​ជា​ផលិតផល​សម្រេច​បាន​២​លាន​តោន​ក្នុង​១​ឆ្នាំ ។ នេះ​អាច​រាប់​ជា​កាលានុវត្តភាព​នៃ​ការ​អភិវឌ្ឍ និង​ឈាន​ឡើង​នៃ​វិស័យ​ឧស្សាហកម្ម​ប្រេងឥន្ធនៈ​កម្ពុជា ដើម្បី​កិត្តិនាម​រួម​របស់​កម្ពុជា និង​ជា​ពេលវេលា​ដ៏​សម​ស្រប​មួយ​សម្រាប់​កម្ពុជា ក្នុង​ការ​កសាង​កេរ្ដិ៍ឈ្មោះ​បោះ​សំឡេង​នៅ​ទូ​ទាំង​ពិភពលោក ខណៈ​ដែល​ខ្លួន​មាន​សមត្ថភាព​អាច​ផលិត​ប្រេង​សម្រាប់​ប្រើប្រាស់​ក្នុងស្រុក និង​ធ្វើការ​នាំ​ចេញ​បាន » ។

លោក​ឧកញ៉ា​បន្ដ​ថា​៖ « គម្រោង​នេះ​នឹង​ត្រូវ​សាងសង់​ឡើងជា​មួយ​ឧបករណ៍ ព្រមទាំង​បច្ចេកវិទ្យា​ទំនើប​ចុង​ក្រោយ​បំផុត ព្រោះ​វា​ជា​រោងចក្រ​ចម្រាញ់​ប្រេង​ទី​១​នៅ​កម្ពុជា ។ ក្រុមហ៊ុន​នឹង​បង្កើន​ការ​វិនិយោគ​បន្ថែម​នៅ​ក្នុង​គម្រោង​ចំនួន​៣​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​ទៀត ជាមួយនឹង​ការ​បង្កើន​សមត្ថភាព​ផលិត​ឲ្យ​បាន​៥​លាន​តោន​ក្នុង​១​ឆ្នាំ នៅ​ដំណាក់​កាលបន្ទាប់ » ។

លោក LI LIMIN ប្រធាន​អគ្គនាយក​ក្រុមហ៊ុន CNPC Northeast បាន​មាន​ប្រសាសន៍​ថា ៖ « CNPC Northeast ជា​សហគ្រាស​រដ្ឋ​របស់​ចិន​ក្នុង​វិស័យ​ឧស្សាហកម្ម​គីមី​ឥន្ធនៈ ហើយ​ជា​សហគ្រាស​បុត្រ​សម្ព័ន្ធ​របស់​សហគ្រាស​រដ្ឋ​ដ៏​ធំ​មួយ​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន ឈ្មោះ «​ក្រុមហ៊ុន CNPC» (​ស៊ី​.​អិន​.​ភី​.​ស៊ី​) ។ ក្រុមហ៊ុន​CNPC បាន​ចុះបញ្ជី​ផ្សារភាគហ៊ុន​នៅ​ឆ្នាំ​២០១០ ដោយ​មាន​តម្លៃ​ហ៊ុន​សរុប​ជាង​៣.០០០​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក ។

លោក​បន្ត​ថា ៖ « ក្រុមហ៊ុន CNPC Northeast ជា​ក្រុមហ៊ុន​នាំមុខ​គេ​ដែល​មាន​ជំនាញ​ខាង​រចនា​ប្លង់​សរុប​ទាំង​ការ​សាងសង់​និង​ដំឡើង​ខ្សែ​សង្វា​ក់​ផលិក​ម្ម​រោងចក្រ​ចម្រាញ់​ប្រេង ។ ក្រុមហ៊ុន​នេះ​មាន​ធនធានមនុស្ស​ជំនាញ​ផ្នែក​វិស្វកម្ម​សំណង់​ឧស្សាហកម្ម​គីមី​ឥន្ធនៈ​ប្រកបដោយ​សក្តានុពល ។ ដោយសារ «​ក្រុមហ៊ុន​ស៊ី​.​ភី​.​ស៊ី​» របស់​កម្ពុជា​ផ្តល់​នូវ​ទំនុកចិត្ត​ខ្ពស់​បំផុត​ដល់​សហគ្រាស​យើងខ្ញុំ ទើប​សម្រេច​ឲ្យ​យើង​ធ្វើ​ជា​ភាគី​អនុវត្ត​កិច្ចសន្យាការងារ​លទ្ធកម្ម និង​សាងសង់​រោងចក្រ​ចម្រាញ់​ប្រេងនេះ » ។

ថ្លែង​នា​ឱកាស​នោះ លោក ស៊ុ​យ សែ​ម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល ក៏​បាន​សម្ដែង​នូវ​ការ​ស្វាគមន៍​ចំពោះ​គម្រោង​នេះ​ផង​ដែរ ។

លោក​រដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​ថា ៖ « ការ​វិនិយោគ​នេះ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ពី​ទំនុកចិត្ត​របស់​បណ្ដា​វិនិយោគិន​ទៅ​លើ​ស្ថិរភាព​ន​យោ បាយ និង​បរិយាកាស​សេដ្ឋកិច្ច​នៅ​កម្ពុជា ។ គម្រោង​នេះ មិន​ត្រឹមតែ​ផ្ដល់​នូវ​គុណសម្បត្តិ​ដ៏​មហាសាល​ដល់​កម្ពុជា​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បាន​ចូលរួម​ចំណែក​ក្នុង​ការ​រឹតចំណង​មិត្តភាព និង​កិច្ច​សហ​ប្រតិ​បត្តិការ​ដ៏​ជិត​ស្និទ្ធ​របស់​កម្ពុជា និង​ចិន​ផង​ដែរ » ។ លោក​រដ្ឋមន្ត្រី ក៏​បាន​សម្តែង​នូវ​ការ​អរគុណ​យ៉ាង​ស្មោះ​ចំពោះ​រដ្ឋាភិបាល​ចិន ដែល​បាន​ជំរុញ​វិនិយោគិន​ឱ្យមក​វិនិយោគ​នៅ​កម្ពុជា ។

គួរ​បញ្ជាក់​ថា ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ភេ​ត្រូ​ខេ​មី​ខ​ល ខូ​អិ​ល​ធី​ឌី «C.P.C» គឺជា​ក្រុមហ៊ុន​មួយ​មាន​ម្ចាស់​ភាគហ៊ុន​ជា​ពាណិជ្ជករ​ក្នុងស្រុក​និង​បរទេស ដែល​បាន​ចុះ​បញ្ជិការ​ពាណិជ្ជ​កម្ម​នៅ​កម្ពុជា កាលពី​ឆ្នាំ​២០១០ ។ កន្លង​មក ក្រុមហ៊ុន​នេះ​បាន​ទទួល​អាជ្ញាប័ណ្ណ​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ឲ្យ​ធ្វើការ​វិនិយោគ​សាងសង់​រោងចក្រ​ចម្រាញ់​ប្រេងកាត​យ៉ាង​ធំ​មួយ​នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្ត​ព្រះ​សីហ​នុ ។ រោងចក្រ​ចម្រាញ់​ប្រេងកាត​នេះ ជា​គម្រោង​វិនិយោគ​លើ​វិស័យ​ប្រេងឥន្ធនៈ​ប្រកបដោយ​មហិច្ឆតា​តែ​មួយ​គត់ មិន​ធ្លាប់​មាន​ពី​មុន​នៅ​កម្ពុជា​គិត​មក​ដល់​ពេល​នេះ នឹង​ត្រូវ​ប្រើ​ទឹកប្រាក់​បណ្តាក់ទុន​ប្រមាណ​៣​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ។ នៅ​ពេល​សាងសង់​រួច​ជា​ស្ថាពរ​ហើយ​ដំណើរការ​ពេញ​សមត្ថភាព រោង​ចក្រ​នេះ​អាច​ផលិត​ប្រេង​បាន​៥​លាន​តោន​ក្នុង​១​ឆ្នាំ ។

បច្ចុប្បន្ន​នេះ កម្ពុជា​បាន​នាំ​ចូល​នូវ​ប្រេងឥន្ធនៈ​ទាំងស្រុង​ពី​ប្រទេស​វៀតណាម សិង្ហ​បុរី និង​ថៃ ខណៈ​ដែល​ប្រេង​និង​ឧស្ម័ន​នៅ​បាតសមុទ្រ និង​ក្រោម​ដី​របស់​ខ្លួន មិន​ទាន់​អាច​ធ្វើ​អាជីវកម្ម​បាន ៕