ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បារមី​ពស់​អ្នកតា​ចូល​សណ្ឋិត​បុរស​ម្នាក់​លូន​ដូច​ពស់ អ្នក​ភូមិ​ច្រើន​កុះករ​ភ្ញាក់ផ្អើល​នាំ​គ្នា​ទៅ​មើល

7 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ ប៉ុន្មាន​ថ្ងៃ ជាប់​ៗ​គ្នា​មនុស្ស​ម្នា​ភ្ញាក់ផ្អើល​ទៅ​មើល​បារមី​ពស់​អ្នកតា​ចូល​សណ្ឋិត​លើ​បុរស​ម្នាក់ ។ ហេតុការណ៍​នេះ​កើតឡើង​តាំងពី​ថ្ងៃ​ទី​២ ឧសភា ២០១៦ មក​នៅ​ទួល​អង្គ​កំណប់ ក្នុង​សង្កាត់​រកា​ធំ ក្រុង​ច្បារមន

ខេត្តកំពង់ស្ពឺ ៖ ប៉ុន្មាន​ថ្ងៃ ជាប់​ៗ​គ្នា​មនុស្ស​ម្នា​ភ្ញាក់ផ្អើល​ទៅ​មើល​បារមី​ពស់​អ្នកតា​ចូល​សណ្ឋិត​លើ​បុរស​ម្នាក់ ។ ហេតុការណ៍​នេះ​កើតឡើង​តាំងពី​ថ្ងៃ​ទី​២ ឧសភា ២០១៦ មក​នៅ​ទួល​អង្គ​កំណប់ ក្នុង​សង្កាត់​រកា​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ។ តួអង្គ​បុរស​ដែល​បារមី​ពស់​ចូល​សណ្ឋិត​នោះ​ឈ្មោះ​លី​ន អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​អង្គ​សេរី សង្កាត់​រកា​ធំ ។

បុរស​បារមី​ពស់​ចូល​សណ្ឋិត​នោះ រៀបរាប់​ថា នៅ​ពេល​គាត់​ទៅ​មើល​គោ ម្តង​ៗ តែងតែ​យក​បាយ និង​ល្ង ទុក​ហូប​ជាប់​ជា​ប្រចាំ​ហើយ​មិន​ភ្លេច​រំលែក​បន្តិច​ដាក់​សែន​ថ្វាយ​នៅ​ទួល  អង្គ​។ ការ​ធ្វើ​បែប​នេះ​ចាប់តាំងពី​អំឡុង​ឆ្នាំ២០១៥​មក​។ នៅ​ថ្ងៃ​ទី​២៩ មីនា ២០១៦ ពេល​គាត់​ដេញគោ​ទៅ​ឃ្វាល ស្រាប់តែ​ឃើញ​ពស់ថ្លាន់​ធំ​មួយ​ក្បាល​នៅ​ទួល​អង្គ​នោះ។ គាត់​និយាយ​ទៅ​កាន់​ពស់​នោះ​ថា​«​កុំ​ធ្វើបាប​កូនចៅ កុំឱ្យ​កូនចៅ​ខ្លាច​» ។  ថា​តែ​ប៉ុណ្ណឹង​ស្រាប់តែ​ពស់​នោះ​លូន​ចូល​ក្នុង​រូង​បាត់​ទៅ ។

បន្ទាប់​មក​នៅ​ថ្ងៃ​ទី​២ ឧសភា នា​ពេល​យប់ ស្រាប់តែ​បុរស​ឃ្វាលគោ​យល់សប្តិ​ឃើញ​ពស់​បារមី​នោះ​ប្រាប់​ថា «​ឃ្លាន​បបរស និង​ដំឡូងជ្វា សូម​ដាក់​ថ្វាយ​របស់​ទាំងនោះ​ដល់​បារមី​ផង » ។ ស្អែក​ឡើង​លោក​លី​ន​បាន​ដាំ​បបរស ព្រមទាំង​យក​ដំឡូងជ្វា​ស្ងោរ ទៅ​ថ្វាយ​នៅ​ទួល​អង្គ​កំណប់​ឧទ្ទិស​ដល់​បារមី​ពស់ ។ ដាក់​ថ្វាយ​រួច​ហើយ​គាត់​ក៏​ចេញ​ទៅ​ឃ្វាលគោ ។ លុះ​យប់​ឡើង​បារមី​ពស់​ប្រាប់​លោក​លី​ន​ថា «​គាត់​ជា​មនុស្ស​មាន​និស្ស័យ​ជាមួយ​គ្នា ដូច្នេះ​សូម​ទៅ​យក​កំណប់​នៅ​ទួល​អង្គ​ចុះ » តែ​គាត់​បដិសេធ​មិន​ព្រមយក​ទេ ព្រោះ​គាត់​មិនមែន​ជា​មនុស្ស​លោភលន់ ខ្លាចក្រែង​យក​ហើយ កើតក្តី​អន្តរាយ​ដល់​គ្រួសារ ។

បន្ទាប់​ពី​ជួប​រឿង​ទាំងនោះ​មក បុរស​គង្វាលគោ​បាន​យក​ភ្លេងពិណពាទ្យ​ទៅ​លេង​ថ្វាយ​ថែម​ទាំង​និមន្ត​ព្រះសង្ឃ​៧​អង្គ​សូត្រ​មន្ត និង​វេរ​ភត្តាហារ​នៅ​លើ​ទីទួល​អង្គ​ទៀត​ផង ។ គាត់​ឧទ្ទិស​កុសល​ថ្វាយ​ដល់​បារមី​ពស់ថ្លាន់ ដែល​តែងតែ​ពន្យល់​ស​ប្តិ​ដល់​គាត់ ។

អ្វី​ដែល​ជា​ហេតុភេទ​អស្ចារ្យ​នោះ​ត្រង់​ថា នៅ​ពេល​ភ្លេងពិណពាទ្យ​កំពុង​តែ​បន្លឺ​ឡើង ស្រាប់តែ​បារមី​ពស់​ចូល​សណ្ឋិត​ក្នុង​រូប​បុរស​គង្វាលគោ ធ្វើ​ឱ្យ​គាត់​លូន​ដូច​ជា​សត្វ​ពស់​ទៅ​រកស៊ី​ធូប​ដែល​អ្នកមាន​ជំនឿ​អុជ ព្រមទាំង​លិទ្ធ​ទឹក​ទៀត​ផង ។

បុរស​បារមី​ពស់​ចូល​សណ្ឋិត មិន​បានដឹង​ខ្លួន​ទាល់តែ​សោះ រហូត​ដល់​បារមី​ចេញ​ទៅ​វិញ​ទើប​គាត់​ដឹងខ្លួន ។ មក​ដល់​ពេល​នេះ​គាត់​នៅ​ឈឺខ្លួន​នៅឡើយ ។

អ្នកស្រុក​ឱ្យ​ដឹង​ថា បុរស​ឈ្មោះ​លី​ន ជា​មនុស្ស​ស្លូតបូត សុភាព​រាបសា ស្គាល់​ចាស់ទុំ ។ ឱ្យ​តែ​មាន​ពិធីបុណ្យ​ក្នុងភូមិ លោក​លី​ន តែងតែ​ទៅ​ជួយ​ដោយ​មិន​គិត​ពី​ការ​នឿយ ហត់ និង​មិន​យក​ប្រាក់​កម្រៃ​ទេ ។

ចំពោះ​ទួល​អង្គ​កំណប់​នោះ​វិញ មាន​តាំងពី​យូរណាស់​មក​ហើយ ។ អ្នកស្រុក​ជឿ​ថា ទីទួល​នោះ​មាន​បារមី​សក្ដិ​សិទ្ធិ​ណាស់ កាលពីដើម​ឡើយ​ឱ្យ​តែ​អ្នក​ភូមិ​រៀប​ពិធីបុណ្យ ឬ​រៀប​មង្គលការ​កូនចៅ ហើយ​ខ្វះ​ចាន ឆ្នាំង​ប្រើប្រាស់ តែងតែ​ទៅ​អុជ​ធូប​បន់​សុំ​ខ្ចី​យក​ទៅ​ប្រើ ។ ក្រោយ​ពេល​បន់​មួយ​ថ្ងៃ ស្អែក​ឡើង​ទៅ​មើល​នឹង​ឃើញ​មាន​ចាន ឆ្នាំង​ពេញ​ព្រៀប​នៅ​លើ​ទួល​អង្គ ។ បន្ទាប់​ពី​ខ្ចី​យក​ទៅ​ប្រើ​ហើយ ត្រូវ​យក​ទៅ​សង​វិញ ។ ទោះជា​យ៉ាងណា​ក្តី ក្រោយ​ៗ​មក​អ្នក​ខ្ចី​យក​ទៅ​ប្រើ​មិនសូវ​យក​ទៅ​សង​វិញ​ទេ ដូច្នេះ​ហើយ​ក៏​ខ្ចី​វត្ថុ​ប្រើប្រាស់​នោះ​លែង​បាន​ទៀត ។ រហូត​ដល់​សព្វថ្ងៃ អ្នកស្រុក​នៅ​តែ​មាន​ជំនឿ​ថា ទួល​អង្គ​កំណប់​មាន​បារមី​ស័ក្ដិសិទ្ធិ​នៅឡើយ ។ 

អ្នក​ភូមិ​ដែល​ទៅ​ចោមរោម​មើល​មាន​ជំនឿ​ថា ពស់ថ្លាន់​ដែល​ប្រាកដ​ខ្លួន​ឱ្យ​ឃើញ​នោះ គឺជា​ពស់​អ្នកតា​មាន​បារមី​នៅ​យាម​កំណប់​នៅ​ទួល   អង្គ ។ អ្វី​ដែល​អ្នក​ភូមិ​ធ្លាប់​ជួប​ប្រទះ​កន្លង​មក គឺ​បើ​បាត់គោ​ក្របី ឬ​របស់​អ្វីមួយ​នោះ គ្រាន់តែ​ទៅ​អុជ​ធូប​បន់ ប្រាកដជា​រក​ឃើញ​វិញ ។ ពិសេស​ជាង​នេះ​ទៅ​ទៀត អ្នក​ណា​សុំ​លេខ​ឆ្នោត​ច្បាស់​ជា​ចាក់​ត្រូវ​មិន​ខាន ។ ជាក់ស្ដែង​នៅ​ពេល​បុរស​ឈ្មោះ​លី​ន កំពុង​តែ​បួងសួង​សុំ​ឱ្យ​បារមី​ពស់​បង្ហាញខ្លួន ស្រាប់តែ​ឃើញ​ពស់​តូច​មួយ​នៅ​លើ​ដើមឈើ ។ ពស់​នោះ​ត្រូវ​បុរស​ឈ្មោះ​លី​ន អះ​អាង​ថា​«​ជា​បារមី​សម្ដែង​ឱ្យ​ខ្លួន​តូច កុំឱ្យ​កូនចៅ​ខ្លាច ។ បើ​សម្ដែង​ឱ្យ​ធំ​ប៉ុន​ដើម​ត្នោត​ក៏​បាន តែ​បារមី​មិន​ធ្វើ​ដូច្នេះ​ទេ​» ៕