ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​ធ្លាក់​មួយ​មេ​លាយឡំ​ជាមួយ​ខ្យល់​កន្ត្រាក់​នៅ​ស្រុក​កែវ​សីមា

7 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ ភ្លៀង​ធ្លាក់​មួយ​មេ​លាយឡំ​ជាមួយ​ខ្យល់​កន្ត្រាក់​បាន​វាយប្រហារ​ផ្ទះ​ប្រជាពលរដ្ឋ និង​ស្លាក​សញ្ញា​គណបក្ស ឲ្យ​រង​ការ​ខូចខាត​អស់​ចំនួន​៣៣​ខ្នង​

ខេត្តមណ្ឌលគិរី ៖ ភ្លៀង​ធ្លាក់​មួយ​មេ​លាយឡំ​ជាមួយ​ខ្យល់​កន្ត្រាក់​បាន​វាយប្រហារ​ផ្ទះ​ប្រជាពលរដ្ឋ និង​ស្លាក​សញ្ញា​គណបក្ស ឲ្យ​រង​ការ​ខូចខាត​អស់​ចំនួន​៣៣​ខ្នង​/​ស្លាក ព្រមទាំង​ធ្វើ​ឲ្យ​ដំណាំ​ម្រេច​ដែល​កំពុង​ឡើងជន្លង់​ដួល​បាក់​អស់​ជា​ច្រើន​ដើម​ផង​ដែរ​។ ហេតុ​ការ​ណ៏​នេះ​បាន​កើត​នៅ​វេលា​ម៉ោង​៣​និង​១០​នាទី​ថ្ងៃ​ទី​៥ ខែឧសភា ឆ្នាំ​២០១៦ ក្នុងភូមិ​ឃុំ​ស្រែ​ខ្ទុំ ស្រុក​កែវ​សីមា​។ ប្រភព​ព័​ត៌​បាន​និយាយ​ថា គ្រោះ​ធម្មជាតិ​ដែល​បង្ក​ឡើង​ដោយសារ​ខ្យល់​កន្ត្រាក់​ខាងលើ បាន​ធ្វើ​ឲ្យ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​២៤​ខ្នង​ប៉ើង​ដំបូង​ខ្ទេច​ស្លាក​យីហោ​ផ្សាយពាណិជ្ជកម្ម​ចំនួន​៧​ស្លាក ប៉ុស្តិ៍​នគរបាល​ស្រែ​ខ្ទុំ​ចំនួន​១​និង​ស្លាក​គណៈបក្ស​ប្រជាជន​ចំនួន​១ ដួល​បាក់​រាប​ដល់​ដី ។

លោក ស៊ុន ប៊ុ​ន​ធឿ​ន អធិការ​នគរបាល​ស្រុក​កែវ​សីមា​បាន​ឲ្យ​ដឹង​ថា ភាគច្រើន​ផ្ទះ​ដែល​រង​គ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​ខាងលើ គឺ​សាងសង់​ពី​ឈើ​ប្រក់ស​ង្ក័​សី ។ លោក​អធិការ​បាន​បន្ត​ថា ទោះបី​គ្រោះ​ធម្មជាតិ​នេះ​បង្ករ​ឲ្យ​មានការ​ខូចខាត​ផ្ទះសម្បែង​របស់​ពលរដ្ឋ​ច្រើន​ពិតមែន តែ​មិន​បាន​ធ្វើ​ឲ្យ​មាន​អ្នក​រង​របួស​ឬ​ស្លាប់​ទេ​គ្រាន់តែ​ខូច​ទ្រព្យសម្បត្តិ​ប៉ុណ្ណោះ​។ សេចក្តី​រាយ​ការ​ណ៏​បាន​ឲ្យ​ដឹង​ថា អស់​រយៈពេល​ប្រមាណ​ជាង​៤​ខែ​កន្លង​មក​ហើយ​នៅ​ស្រុក​កែវ​សីមា ពុំដែល​មាន​ភ្លៀង​ធ្លាក់​នោះ​ទេ ហើយ​ថែម​ទាំង​មាន​អាកាសធាតុ​ក្តៅ​ខុស​ពី​ប្រក្រតី​ដោយសារ​រលក​កម្តៅ​បាន​កើនឡើង​រហូត​ដល់​៤០​ទៅ​៤២​អ​សង្សា​សេ​។ ហើយ​ស្ទើរ​គ្រប់​ឃុំ​នៃ​ស្រុក​កែវ​សីមា​បាន​ប្រឈម​ការ​ខ្វះ​ទឹក​ប្រើប្រាស់​គួរ​ឲ្យ​ព្រួយបារម្ភ​។

ចំណែក​នៅ​កន្លែង​ខ្លះ ទឹក​បឹង ត្រពាំង និង​អូរ បាន​រីង​ខះ​មិន​មានទឹក​សម្រាប់​សត្វ​ផឹក និង​ស្រោចស្រព​ដំណាំ​ឡើយ​។ សេចក្តី​រាយ​ការ​ណ៏​បាន​បន្ត​ថា គ្រាន់តែ​ឃើញ​មេឃ​ចាប់ផ្តើម​មាន​ពពក​ខ្មៅ បងប្អូន​អ្នក​ភូមិ​កើត​មាន​ក្តី​ត្រេកអរ​ជា​ខ្លាំង ដោយ​ស​ង្ឈឹ​ម​ថា​នឹង​មានទឹក​ប្រើប្រាស់​បាន​គ្រប់គ្រាន់​វិញ តែ​ជា​អកុសល​មេឃ​មិន​បាន​មេត្តា​ដល់​ប្រជាជន​ដែល​កំពុងដ​ង្ហើ​យ​រក​ទឹក​នោះ​ទេ​បែរជា​កាន់តែ​ធ្វើ​ឲ្យ​ពួក​គាត់​ជួប​ការ​លំបាក​ខ្លាំង​ជាង​មុន​ទៅ​ទៀត​។ លោក​ឡុ​ង វិបុល អភិបាលក្រុង​សែន​មនោ​រម្យ និង​ជា​អនុប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹង​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​ថា នៅ​ថ្ងៃស្អែក ទី​០៦ ខែឧសភា ឆ្នាំ​២០១៦ លោក​នឹង​ដឹកនាំ​សមាជិក​របស់​សាខា​កាកបាទក្រហម​ខេត្ត​ចុះ​ទៅ​សាកសួរ​សុខទុក្ខ​ដល់​បងប្អូន​ដែល​រង​គ្រោះ​ដោយសារ​តែ​ខ្យល់​កន្ត្រាក់​នឹង​នាំ​យក​អំណោយ​សង្គ្រោះ​បន្ទាន់​ទៅ​ជូន​ដល់​ពួក​គាត់​ដើម្បី​ដោះស្រាយ​ការ​លំបាក​មួយ​ចំនួន​។

ការ​កើនឡើង​កម្តៅ​ក្តៅ​ខ្លាំង និង​នៅ​ពេល​មាន​ភ្លៀង បែរជា​លាយឡំ​ជាមួយ​ខ្យល់ព្យុះ ក្នុង​ខេត្តមណ្ឌលគិរី​ដែល​ធ្វើ​ឲ្យ មាន​ជន​រង​គ្រោះជា​បន្តបន្ទាប់ ។ កន្លង​មក​ត្រូវ​បាន​ក្រុម​អ្នក​តាមដាន​បរិស្ថាន​និយាយ​យ៉ាង​ខ្លី​ថា បណ្តាល​មក​ពី​ព្រៃឈើ​ដែល​ជា​ជីវចម្រុះ​យ៉ាង​សំខាន់​ក្នុង​ការ​ទប់ទល់​ជាមួយ​គ្រោះ​ធម្មជាតិ​បាន​បាត់បង់​ឆាប់រហ័ស​ពេក ដូច្នេះ​ហើយ​គ្រោះ​មហន្តរាយ​នា​ពេល​នេះ គឺ​បណ្តាល​មក​មនុស្ស​ជា​អ្នក​បង្ក​ឡើង​ទាំងអស់​។ ហើយ​បើ​នៅ​តែ​មិន​មានការ​ទប់​ស្តា​ត់​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ទាន់​ពេល​ទេ​ទៅ​អនាគត​អាច​នឹង​មាន​គ្រោះ​ធម្មជាតិ​ធ្ងន់​ជាង​នេះ​ទៅ​ទៀត​៕