ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រដាល់​អន្តរជាតិ Black Cat ដល់​ថៃ្ង​កំណត់​បើក​រេញ​ឱ្យ​កីឡាករ​កម្ពុជា​ប៉ះ​ថៃ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​យប់​ថ្ងៃអាទិត្យ​ទី​៨ ឧសភា កម្មវិធី​ប្រកួត​ប្រដាល់​អន្តរជាតិ​ដែល​មានឈ្មោះ​ថា «​កំពូល​ជើងឯក​ស្រា​បៀរ​ប្លេ​ក​ខេត​» នឹង​ដល់​ថ្ងៃ​កំណត់​បើក​រេញ​ឱ្យ​កីឡាករ​កម្ពុជា​២​រូប និង​ថៃ​២​រូប​ប្រកួត​គ្នា​ជូន​ទស្សនិកជន

រាជធានី​ភ្នំពេញ ៖ នៅ​យប់​ថ្ងៃអាទិត្យ​ទី​៨ ឧសភា កម្មវិធី​ប្រកួត​ប្រដាល់​អន្តរជាតិ​ដែល​មានឈ្មោះ​ថា «​កំពូល​ជើងឯក​ស្រា​បៀរ​ប្លេ​ក​ខេត​» នឹង​ដល់​ថ្ងៃ​កំណត់​បើក​រេញ​ឱ្យ​កីឡាករ​កម្ពុជា​២​រូប និង​ថៃ​២​រូប​ប្រកួត​គ្នា​ជូន​ទស្សនិកជន​បាន​ទស្សនា​កម្សាន្ត​ទៀត​ហើយ ។ នៅ​ក្នុង​ព្រឹត្តិការណ៍​នោះ គេ​នៅ​មិន​ទាន់​ដឹង​ថា អ្នក​ណា​នឹង​ឈ្នះ​អ្នក​ណា​នៅឡើយ​ទេ ដោយសារ​តែ​កីឡាករ​ថៃ​ក៏​អួត​រឿង​ខ្លាំង ហើយ​កីឡាករ​កម្ពុជា​ក៏​អួត​ថា​ខ្លួន​មិន​អន់ ។

ការ​ប្រកួត​ដែល​នឹង​ធ្វើ​ឡើង​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​នោះ នឹង​ចាប់ផ្ដើម​ឡើង​នៅ​ម៉ោង​៨​យប់​តទៅ ដោយ​មានការ​រំពឹង​ថា នឹង​មាន​អ្នក​ទស្សនា​មិន​ខុស​គ្នា​ពី​ការ​ប្រកួត​អន្តរជាតិ​រៀង​រាល់​២​ស​ប្ដា​ហ៍​ម្ដងនោះ​ទេ ដោយសារ​តែ​សមាសភាព​ដែល​តម្រូវ​ឱ្យ​ប៉ះ​គ្នា​គឺ​មាន​ក្រេ​ឌី​ត​ល្អ ។ កីឡាករ​កម្ពុជា​២​រូប គឺ​ឡុ​ង សុវណ្ណ​ឌឿ​ន និង​គឿ​ម សុវណ្ណ​នឿ​ត នឹង​ក្លាយជា​គូប្រកួត​ស៊ីសាច់ហុតឈាម​ជាមួយ​កីឡាករ​ថៃ​នៅ​យប់​ថ្ងៃអាទិត្យ ដែល​នឹង​មក​ដល់​នៅ​ចុង​ស​ប្ដា​ហ៍​នេះ​។ អ្នក​រៀបចំ​ការ​ប្រកួត​បាន​អះអាង​ថា កីឡាករ​ទាំង​៤​រូប​មាន​បំណង​ប៉ះ​គ្នា​យូរហើយ​មុន​ពេល​មានការ​សម្រេច​រៀបចំ​ព្រឹត្តិការណ៍​ប្រដាល់​អន្តរជាតិ​របស់​ស្រា​បៀរប្លេ​ក​ខេត ឲ្យ​ពួក​គេ​ប្រកួត​គ្នា​នេះ ។ ក្នុង​នោះ ភាគី​កីឡាករ​កម្ពុជា​បាន​ទាំង​សុំ​សាក​កណ្ដាប់ដៃ​ជាមួយ​កីឡាករ​ថៃ​តាំងពី​មុន​មានការ​ផ្គូផ្គង​នោះ​ផង ។

លោក ញាណ សុធី អ្នក​រៀបចំ​កម្មវិធី​ប្រកួត​ប្រដាល់​ប្រចាំ​ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍​បាន​ថ្លែង​ថា កីឡាករ​ឡុ​ង សុវណ្ណ​ឌឿ​ន មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ ភេ​ច អា​រុណ ក្នុង​នាម​ជា​គូ​ឯក​សម្រាប់​ព្រឹត្តិការណ៍​ប្រដាល់​អន្តរជាតិ​នៅ​យប់​ថ្ងៃអាទិត្យ​នោះ ។ លោក​ថា ជំនួប​រវាង​ពួក​គេ​មិនមែន​ជា​រឿង​ចៃដន្យ​នោះ​ទេ ដោយ​លោក​ឡុ​ង សាល​វ័​ន្ដ បាន​ស្នើ​ឱ្យ​កូនសិស្ស​របស់​ខ្លួន​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​រូប​នេះ​តែ​ម្ដង ដោយសារ​តែ ភេ​ច អា​រុណ ជាប់​ឈ្មោះ​ជា​ជើង​ខ្លាំង ហើយ​ពិបាក​ស្វែងរក​កីឡាករ​ទម្ងន់​៦៩​គីឡូក្រាម​ប៉ះ​ជាមួយ ។ លោក​ថា គ្រូបង្វឹក​ប្រចាំ​ក្លិប​សាល​វ័​ន្ដ​កីឡា ចង់ឱ្យ​កូនសិស្ស​របស់​ខ្លួន​ជួប​ប្រកួត​ដើម្បី​ដក​បទ​ពិសោធន៍​សមត្ថភាព និង​ចង់ឱ្យ​លេចធ្លោ​តាម​រយៈ​ការ​វាយបំបាក់​កីឡាករ​ថៃ​រូប​នេះ​ឱ្យ​ដួល​បាក់ស្បាត​នៅ​លើ​សង្វៀន​នោះ​ផង ។

លោក​ជឿជាក់​ទៅ​លើ​សមត្ថភាព​ពូកែ​គេច និង​ពូកែ​វាយ​សន្ធាប់​របស់​កីឡាករ​កម្ពុជា ទើប​ទទួលយក​ពាក្យ​ស្នើ​សុំ​របស់​លោក​ឡុ​ង សាល​វ័​ន្ត ហើយ​ដាក់​ឲ្យ​កីឡាករ​ដែល​ជា​ពិធីករ​កីឡា​ប្រចាំ​នៅ​ទូរទស្សន៍​CTN រូប​នេះ ឱ្យ​ឡើង​ប្រកួត​ជាមួយ​ជើង​ខ្លាំង ភេ​ច អា​រុណ  ។ លោក​និយាយ​ថា ៖«​សម្រាប់​គូ​នេះ កីឡាករ​ថៃ​ខ្លាំង ប៉ុន្តែ​មក​ពី​ខ្ញុំ​ទុកចិត្ត​លើ​ឡុ​ង សុវណ្ណ​ឌឿ​ន និង​បាន​សួរ​ទៅ​កាន់​លោក​ឡុ​ង សាល​វ័​ន្ដ ថា ឡុ​ង សុវណ្ណ​ឌឿ​ន ហ៊ាន​ឡើង​វៃ​៉​ជាមួយ​អត់ ហើយ​គាត់​ឆ្លើយ​ថា​កំពុង​រកមុខ​យូរហើយ ទើប​យើង​សម្រេច​ឱ្យ​ប៉ះ​គ្នា​តែ​ម្ដង​នៅ​យប់​ថ្ងៃអាទិត្យ​ហ្នឹង​នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​Black Cat»​។ លោក​ថា កីឡាករ​ថៃ ភេ​ច អា​រុណ ធ្លាប់​ប្រកួត​៨៥​លើក ឈ្នះ​៧៤​លើក និង​ចាញ់​១១​លើក ក្នុង​ពេល​ដែល​កីឡាករ​កម្ពុជា​គូ​នេះ ធ្លាប់​ប្រកួត​៨៨​លើក ឈ្នះ​៧៥​លើក ចាញ់​១០​លើក និង​ស្មើ​៣​លើក ។

សម្រាប់​កីឡាករ គឿ​ម សុវណ្ណ​នឿ​ត វិញ លោក​ញាណ សុធី បញ្ជាក់​ថា ថ្វី​ដ្បិតតែ​គេ​នៅ​ក្មេង និង​មាន​ស្នាដៃ​ឡើង​ប្រកួត​អន្តរជាតិ​មិន​ច្រើន តែ​គេ​ក៏​មាន​បច្ចេកទេស និង​ថ្វីដៃ​មិនធម្មតា​នោះ​ទេ ទើប​នាំ​ឱ្យ​លោក​សម្រេចចិត្ត​ផ្គូផ្គង​ឱ្យ​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ជើង​ខ្លាំង​របស់​ថៃ​ឈ្មោះ ថៃ អ៊ូ​ឡេ​ក នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​អន្តរជាតិ​របស់​ស្រា​បៀរ​Black Cat នៅ​យប់​ថ្ងៃអាទិត្យ​នោះ​ដែរ ។ លោក​ថា ការ​ប្រកួត​របស់​គូ​នេះ នៅ​មិន​ទាន់​ដឹង​ថា​អ្នក​ណា​ល្អ​ជាង​អ្នក​ណា​នោះ​ទេ ប៉ុន្តែ​ការ​ប្រកួត​ទាំងមូល​ទំនងជា​នឹង​ស្វិតស្វាញ ដោយ​សារ​តែ​កីឡាករ​កម្ពុជា​ក៏​ត្រូវការ​ឈ្នះ ហើយ​កីឡាករ​ថៃ​ក៏​ជា​ជើង​ខ្លាំង​ដែល​មិន​ងាយ​ទៅ​រួច ។ លោក​ថា កីឡាករ​ថៃ​ធ្លាប់​ប្រកួត​៥១​លើក ឈ្នះ​៤០​លើក ចាញ់​១០​លើក និង​ស្មើ​១​លើក រីឯ​កីឡាករ​កម្ពុជា​ធ្លាប់​ប្រកួត​៤៥​លើក ឈ្នះ​៣៥​លើក ចាញ់​៨​លើក និង​ស្មើ​២​លើក​។

នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ពេល​ព្រឹក​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ថ្ងៃអាទិត្យ​នោះ​ក៏​មានការ​ប្រកួត​អន្តរជាតិ​២​គូ​ផង​ដែរ ដូច​ជា កីឡាករ​កម្ពុជា សេក ចាន់​រាជ្យ ធ្លាប់​ប្រកួត​៤៩​លើក ឈ្នះ​៤១​លើក ចាញ់​៥​លើក ស្មើ​៣​លើក ប៉ះ​គ្នា​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ កាំ​ឡៃ យោគ  ដែល​ធ្លាប់​ប្រកួត​៧១​លើក ឈ្នះ​៥៨​លើក ចាញ់​១៣​លើក និង​មួយគូ​ទៀត​គឺ​កីឡាករ សា​រឿ​ន ច័ន្ទ ធ្លាប់​ប្រកួត​៨០​លើក ឈ្នះ​៦៨​លើក ចាញ់​១១​លើក និង​ស្មើ​១​លើក ឡើង​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ ប្រា​វីត ដែល​ធ្លាប់​ប្រកួត​៩២​លើក ឈ្នះ​៧៩​លើក ចាញ់​១១​លើក និង​ស្មើ​២​លើក ៕