ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ផ្តល់​ឥណទាន​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​កើនឡើង​ប្រមាណ​8% ក្នុង​ត្រីមាស​ទី​1

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មីក្រូហិរញ្ញវត្ថុ ជា​វិស័យ​មួយ​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ និង​ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ តាម​រយៈ​ការ​ផ្ដល់​កម្ចី បញ្ញើ និង​សេវាកម្ម​ផ្សេង​ៗ​ទៀត ដែល​ផ្ដោត​សំខាន់​ទៅ​លើ​កសិករ​ក្នុង​ការ​ផ្ដល់​កម្ចី​សម្រាប់​របរ​កសិកម្ម

រាជធានី​ភ្នំពេញ ៖ មីក្រូហិរញ្ញវត្ថុ ជា​វិស័យ​មួយ​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ និង​ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ តាម​រយៈ​ការ​ផ្ដល់​កម្ចី បញ្ញើ និង​សេវាកម្ម​ផ្សេង​ៗ​ទៀត ដែល​ផ្ដោត​សំខាន់​ទៅ​លើ​កសិករ​ក្នុង​ការ​ផ្ដល់​កម្ចី​សម្រាប់​របរ​កសិកម្ម ការ​ចិញ្ចឹមសត្វ និង​ការ​ដាំ​ដុះ​ដំណាំ​ផ្សេង​ៗ ។ ក្រៅពី​នោះ មីក្រូហិរញ្ញវត្ថុ​ក៏​ផ្ដល់​កម្ចី​សម្រាប់​ម្ចាស់​អាជីវកម្ម​ខ្នាត​តូច​ៗ​មួយ​ចំនួន​ផង​ដែរ ។ វិស័យ​មួយ​នេះ​បាន​និង​កំពុង​រីក​ចម្រើន​គួ​ឲ្យ​កត់សម្គាល ដែល​អាច​ឆ្លុះ​បញ្ចាំង​តាម​រយៈ​វត្តមាន​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ថ្មី​ៗ និង​ការ​ពង្រីក​បណ្តាញ​ប្រតិបត្តិការ​គ្របដណ្តប់​នៅ​ទូ​ទាំង​ប្រទេស ។

គិត​មក​ដល់​ចុង​ត្រីមាស​ទី​១ ឆ្នាំ​២០១៦​នេះ ទំហំ​នៃ​ការ​ផ្តល់​ឥណទាន​នៅ​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ មាន​ទឹកប្រាក់​ប្រមាណ​៣​ប៊ី​លាន​ដុល្លារ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៥ កើនឡើង​ប្រមាណ​៨% ហើយ​ភាគច្រើន គឺ​ផ្តល់​ឥណទាន​ខាង​វិស័យ​ពាណិជ្ជកម្ម និង SMEs » ។ នេះ​បើ​តាម​ប្រធាន​សមាគម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ។

លោក​ឧកញ៉ា ហួត អៀង​តុង ប្រធាន​សមាគម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​កម្ពុជា និង​ជា​ប្រធាន​អគ្គនាយក​គ្រឹះ​សា្ថ​ន​មីក្រូហិរញ្ញវត្ថុ​ហត្ថា​កសិករ លី​មី​ធី​ត បាន​មាន​ប្រសាសន៍​ថា ៖ «​ការ​ទទួល​បាន​នូវ​កំណើន​ប្រមាណ​៨%​នេះ ខ្ញុំ​មើលឃើញ​ថា ដោយសារ​តែ​ម៉ាក្រូសេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​នៅ​តែ​មាន​កំណើន​ល្អ ហើយ​ការ​រកស៊ី​ទទួលទាន​របស់​ប្រជាពលរដ្ឋ​នៅ​តែ​ល្អ​ធម្មតា​។ ម្យ៉ាងទៀត ស្ថានភាព​នយោបាយ​កម្ពុជា​នៅ​តែ​មាន​ស្ថិរ​ភាពល្អ​ដែល​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ និង​អ្នក​វិនិយោគ​ផ្សេង​ៗ​ប្រកប​មុខរបរ​ទទួលទាន​បាន​ងាយស្រួល » ។

ទាក់ទង​នឹង​ដំណើរ​របស់​វិស័យ​មីក្រូហិរញ្ញវត្ថុ​កម្ពុ​ជានា​បច្ចុប្បន្ន​នេះ លោក​ប្រធាន​សមាគម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​កម្ពុជា បានឱ្យ​ដឹង​ថា ហាក់ដូចជា​មាន​ភាព​ប្រសើរ​ឡើង ដោយសារ​តែ​គ្រប់​ដៃគូ​ទាំងអស់​មានការ​ពង្រឹងគុណភាព និង​សេវាកម្ម​របស់​ខ្លួន​បាន​ល្អ ។

លោក​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា ៖ « យើង​ដូច​ជា​មើល​មិនឃើញ​នូវ​ហានិភ័យ​អ្វី​ធ្ងន់ធ្ងរ​ទេ ទោះបី​ការ​ប្រកួតប្រជែង​កាន់តែ​ច្រើន​ក្តី ប៉ុន្តែ​ការ​ប្រកួតប្រជែង​កើត​មាន វា​មិនមែន​ជា​រឿង​ហានិភ័យ​ទៅ​ដល់​វិស័យ​នេះ​ទេ ។ ការ​ប្រកួតប្រជែង​កើតឡើង រឹតតែ​ធ្វើ​ឲ្យ​វិស័យ​មីក្រូហិរញ្ញវត្ថុ​កាន់តែ​ល្អ​ប្រសើរ​ឡើង ពីព្រោះ​គ្រប់​គ្រឹះស្ថាន​ទាំងអស់ គាត់​នឹង​ពង្រឹងគុណភាព​សេវាកម្ម និង​ខិតខំ​ថែរក្សា​អតិថិជន​របស់​គាត់ ហើយ​ការ​ប្រកួតប្រជែង​គ្នា​នេះ គឺ​វា​ជា​រឿង​ល្អ​សម្រាប់​អ្នក​ប្រើប្រាស់​សេវាកម្ម » ។

លោក​ឧកញ៉ា​បន្ថែម​ទៀត​ថា ៖ « ដោយសារ​តែ​ការ​ប្រកួតប្រជែង​នេះ​កាន់តែ​ខ្លាំង​ឡើង​ៗ អុ​ី​ចឹ​ង​ហើយ​យើង​ឃើញ​ថា អត្រា​ការ​ប្រាក់​មាន​ភាពល្អ​មែនទែន ។ ខ្ញុំ​យល់​ឃើញ​ថា អត្រា​ការ​ប្រាក់​បាន​ថយ​ចុះ​រហូត​ដល់​ខ្ទង់​១,១% ឬ​១,២%​ក្នុង​មួយ​ខែ ហើយ​វិស័យ​មីក្រូហិរញ្ញវត្ថុ​របស់​យើង​កាន់តែ​មានកា​រវិ​វត្ត​ល្អ ។ ដោយឡែក ការ​ផ្តល់​ឥណទាន​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅ​ក្នុង​ត្រីមាស​ទី​២​ខាង​មុខ​នេះ ខ្ញុំ​គិត​ថា វា​នឹង​នៅ​តែ​កើនឡើង​បន្ត​ទៀត ដោយសារ​តែ​កត្តា​សន្តិភាព​របស់​ប្រទេស​កម្ពុជា​យើង​ល្អ ហើយ​ឱកាស​នៃ​ការ​ធ្វើ​អាជីវកម្ម​នៅ​តែ​ល្អ​ដដែល » ។

យោង​តាម​របាយការណ៍​ប្រចាំឆ្នាំ​របស់​ធនាគារជាតិ​នៃ​កម្ពុជា គិ​ត្រឹម​ថ្ងៃ​ទី​៣១ ធ្នូ ឆ្នាំ​២០១៥ បង្ហាញ​ថា គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា ក្នុង​ឆ្នាំ​២០១៥​កន្លង​ទៅ មាន​ចំនួន​សរុប​៥៨ ក្នុង​នោះ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ចំនួន​៨ មាន​សិទ្ធិ​ទទួល​ប្រាក់​បញ្ញើ​ពី​អតិថិជន ។ ធនាគារពាណិជ្ជ​មាន​ចំនួន​៣៦, ធនាគារ​ឯកទេស​មាន​១២ និង​ការិយាល័យ​តំណាង​ចំនួន​៨ ។ ដោយឡែក​ក្រុមហ៊ុន​ភតិសន្យា​ហិរញ្ញវត្ថុ​មាន​ចំនួន​៩ ។ រីឯ​អង្គការ និង​សមាគម​មិនមែន​រដ្ឋាភិបាល​ដែល​ជា​ប្រតិបត្តិ​ករ​ឥណទាន​មាន​ចំនួន​១០៩ ៕