ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២៤ ​របស់​ក្រុមប្រឹក្សា​ខេត្តសៀមរាប

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ នៅ​រដ្ឋបាល​សាលាខេត្ត​សៀមរាប នា​ថ្ងៃ​ទី​០៤ ខែឧសភា ឆ្នាំ​២០១៦​នេះ មាន​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២៤ របស់​ក្រុមប្រឹក្សា​ខេត្តសៀមរាប អាណត្តិ​ទី​២ ក្រោម​កិច្ច​ដឹកនាំ​ប្រជុំ​របស់​លោក…

ខេត្តសៀមរាប ៖ នៅ​រដ្ឋបាល​សាលាខេត្ត​សៀមរាប នា​ថ្ងៃ​ទី​០៤ ខែឧសភា ឆ្នាំ​២០១៦​នេះ មាន​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២៤ របស់​ក្រុមប្រឹក្សា​ខេត្តសៀមរាប អាណត្តិ​ទី​២ ក្រោម​កិច្ច​ដឹកនាំ​ប្រជុំ​របស់​លោក នូ ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក​បណ្ឌិត ឃឹម ប៊ុ​ន​សុង  អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប ដើម្បី​ពិនិត្យ ពិភាក្សា អនុម័ត​លើ​សេចក្តី​ព្រាង​កំណត់ហេតុ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២៣ របស់​ក្រុមប្រឹក្សា​ខេត្ត  និង​ពិនិត្យ ពិភាក្សា ការ​អនុម័ត​លើ​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ​២០១៦ របស់ មណ្ឌល​អភិវឌ្ឍន៍​ធនធានមនុស្ស រដ្ឋបាល​ខេត្តសៀមរាប  និង​ពិនិត្យ ពិភាក្សា អនុម័ត​លើ​សំណើសុំ​តែងតាំង​មន្ត្រីរាជការ​ស៊ី​វិល ចំនួន​០៥​រូប មក​ពី​រចនាសម្ព័ន្ធ​មន្ទីរ​ក្នុង​ខេត្ត និង​បញ្ហា​ផ្សេង​ៗ ។ 

ក្នុង​នោះ​ដែរ​ក៏​មានការ​អញ្ជើញ ចូលរួម​ពី​សំណាក់​ឯកឧត្តម លោក​ជំទាវ​ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត អាជ្ញាធរ​ជាតិ​អប្សរា និង​អស់លោក លោកស្រី ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត នាយករង​រដ្ឋបាល​សាលាខេត្ត ទីចាត់ការ​ទាំង​៦​របស់​រដ្ឋបាល​សាលាខេត្ត អាជ្ញាធរ​ក្រុង​ចូលរួម​ផង​ដែរ​។  បន្ទាប់​ពី​ការ​ពិនិត្យ​កូរ៉ុម សមាសភាព​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​រួច​មក លោក នូ ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​បាន​មាន​ប្រសាសន៍ បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២៤ អាណត្តិ​ទី​២ របស់​ក្រុមប្រឹក្សា​ខេត្ត សមាជិក​កិច្ចប្រជុំ​ក៏​បាន​ធ្វើការ​ត្រួតពិនិត្យ និង ពិភាក្សា​ទៅ​តាម​របៀបវារៈ​នៃ​កិច្ចប្រជុំ​បាន​គ្រោងទុក ។ 

បន្ទាប់​ពី​ការ​អនុម័ត​ទៅ​លើ​សេចក្តី​ព្រាង​កំណត់ហេតុ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២៣ របស់​ក្រុមប្រឹក្សា​ខេត្ត អាណត្តិ​ទី​២​រួច​មក កិច្ចប្រជុំ​បាន​ធ្វើការ​ត្រួតពិនិត្យ ពិភាក្សា លើ​សេចក្តី​ព្រាង​របាយការណ៍​ប្រចាំ​ខែមេសា ឆ្នាំ​២០១៦ ស្តី​ពី​ការ​អនុវត្ត​ការងារ​របស់​រដ្ឋបាល​ខេត្ត ក្នុង​នោះ​សមាជិក​ក្រុមប្រឹក្សា​ខេត្ត ក៏​បាន​លើក​ឡើង​នូវ​ចំណុច​មួយ​ដោយ​ផ្តោត​អំពី បញ្ហា​សន្តិសុខ​សណ្តាប់ធ្នាប់ ទៅ​លើ​ល្បែងស៊ីសង គ្រឿងញៀន អំពី​បញ្ហា​រង្វាន់​លើកទឹកចិត្ត  បញ្ហា​ទឹក​ស្អាត និង ការ​គ្រប់គ្រង​បុរាណ​ដ្ឋា​ន​ជាដើម ។ 

ក្នុង​នោះ​ដែរ​លោក បណ្ឌិត ឃឹម ប៊ុ​ន​សុង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប ក៏​បាន​ធ្វើការ​បកស្រាយ​បំភ្លឺ​ដល់​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ខេត្ត ដោយ​បាន​គូសបញ្ជាក់​ថា ក្នុង​នាម​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត បាន​យកចិត្តទុកដាក់​ខ្ពស់ លើ​ការ​បង្ក្រាប​នូវ​ល្បែងស៊ីសង និង​គ្រឿងញៀន​ដូច​ភ្លៀងរលឹម ព្រមទាំង​បាន​ធ្វើការ​បង្ក្រាប​ទីតាំង​កាស៊ីណូ​ដ៏​ធំ​មួយ​នៅ​កណ្តាល​ក្រុង​សៀមរាប ហើយ​ចំពោះ​ការ​ផ្តល់​ប្រាក់​រង្វាន់​ដល់​មន្ត្រីរាជការ​សាលាខេត្ត ក៏​បាន​ធ្វើការ​បែងចែក​ជូន​ដល់​មន្ត្រីរាជការ​រួចរាល់​ផង​ដែរ ។ ក្នុង​នោះ​លោក​បណ្ឌិត​ក៏​បាន​អនុញ្ញាត​ឲ្យ​បណ្តា​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​ដែល​មានការ​ពាក់ព័ន្ធ​បាន​ធ្វើការ​បកស្រាយ បំភ្លឺ​នូវ​រាល់​បញ្ហា ដែល​បាន​លើក​ឡើង​របស់​សមាជិក​ក្រុម​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ខេត្ត ក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២៤ អាណត្តិ​ទី​២​នេះ​ផង​ដែរ ។

ឆ្លង​តាម​ការ​បកស្រាយ​របស់​អស់លោក​ជា​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​រួច​មក   មាន​មតិ​បូក​សរុប​នៃ​កិច្ចប្រជុំ​នោះ  លោក នូ ផល្លា ក៏​បាន​បញ្ជាក់​អំពី​លទ្ធផល​ដែល​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២៤ របស់​ក្រុមប្រឹក្សា​ខេត្ត អាណត្តិ​ទី​២ ដែល​បាន​អនុម័ត​ទៅ​លើ​លទ្ធផល​នៃ​កិច្ច​ពិនិត្យ ពិភាក្សា​ទៅ​តាម​របៀបវារៈ​ដែល​បាន​គ្រោងទុក ដោយ​ក្នុង​សង្កត់ធ្ងន់​ចំពោះ​មន្ទីរ​មានការ​ពាក់ព័ន្ធ ត្រូវ​មាន​វិធានការ​ធ្វើការ​ដោះស្រាយ​ប្រកប​ទៅ​ដោយ​សន្តិវិធី ។  ដោយឡែក​ចំពោះ របៀបវារៈ​មួយ​ចំណុច ស្តី​ពី​ការ​ពិនិត្យ ពិភាក្សា អនុម័ត​លើ​សំណើសុំ​តែងតាំង​មន្ត្រីរាជការ​ស៊ី​វិល ក្នុង​រចនាសម្ព័ន្ធ​មន្ទីរ​អង្គភាព​ចំនួន​០៥​រូប ដោយ​បាន​ធ្វើការ​ប្រជុំ​ជា​សម្ងាត់​ផង​ដែរ ។

ក្នុង​នោះ​លោក​ក៏​បាន​ធ្វើការ​ជម្រុញ ដល់​មន្ទីរ អង្គភាព​មាន​សមត្ថកិច្ច​ត្រូវ​បង្កើន​ការ​យកចិត្តទុកដាក់​ខ្ពស់​លើ​ការងារ​សន្តិសុខ​ទេសចរណ៍ ការ​ផ្តល់​អត្តសញ្ញាណប័ណ្ណ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បាន​ទាន់​ពេលវេលា និង​បំបាត់​នូវ​ល្បែងស៊ីសង និង​គ្រឿងញៀន នៅ​តាម​មូលដ្ឋាន​ផង​ដែរ ។ លោក ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​គណៈ​អភិបាលខេត្ត និង​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព អាជ្ញាធរ​ជាតិ​អប្សរា និង អាជ្ញាធរ​ក្រុង ដែល​បាន​ចូល​កិច្ចប្រជុំ​របស់​ក្រុមប្រឹក្សា​ខេត្ត​លើក​ទី​២៤​នេះ  ដែល​កាន់​ធ្វើ​ឲ្យ​មានការ​ប្រសើរ​ឡើង​ថែម​ទៀត ក្នុង​ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា សំដៅ​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ប្រជាពលរដ្ឋ និង​រួមចំណែក​កាត់​បន្ថយ​ភាព​ក្រីក្រ ៕