ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្សែបម្រើ គួ​ច សុ​គុ​ម្ភៈ ឆ្លង​ផុត​ពិការ​ភាព

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត​របួស​ធ្ងន់ធ្ងរ​របស់​កីឡាករ​បាល់ទាត់​ល្បីឈ្មោះ លោក​គួ​ច សុ​គុ​ម្ភៈ ត្រូវ​បាន​ជួយ​សង្គ្រោះ​ហើយ បន្ទាប់​ពី​លោក​ត្រូវ​បាន​បញ្ជូន​ទៅ​វះកាត់​របួស​ទទួល​បាន​ជោគជ័យ​នៅ​ក្នុង​ប្រទេស​វៀតណាម​កាលពី​ថ្ងៃ​ទី​២

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត​របួស​ធ្ងន់ធ្ងរ​របស់​កីឡាករ​បាល់ទាត់​ល្បីឈ្មោះ លោក​គួ​ច សុ​គុ​ម្ភៈ ត្រូវ​បាន​ជួយ​សង្គ្រោះ​ហើយ បន្ទាប់​ពី​លោក​ត្រូវ​បាន​បញ្ជូន​ទៅ​វះកាត់​របួស​ទទួល​បាន​ជោគជ័យ​នៅ​ក្នុង​ប្រទេស​វៀតណាម​កាលពី​ថ្ងៃ​ទី​២ ឧសភា ម្សិលម្ង៉ៃ ។ អ្នកគាំទ្រ​កីឡាករ​រូប​នេះ រំពឹង​ថា លោក​នឹង​ឆាប់​បាន​វិល​ត្រឡប់​មក​កាន់​ទីលាន​បាល់ទាត់​ជា​ថ្មី ក្នុង​ពេល​ឆាប់​ៗ​នេះ ។

គ្មាន​អ្នក​ណា​មិនដឹង​នោះ​ទេ បន្ទាប់​ពី​លោក​ជួប​គ្រោះថ្នាក់​ដាច់​សរសៃ​កែងជើង​ក្នុង​ការ​ប្រកួត​ឱ្យ​ក្រុម​ណា​ហ្គា​វើ​ល​នៅ​ពេល​ប៉ះ​ជាមួយ​ក្រុម​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា​កាលពី​ចុង​ស​ប្ដា​ហ៍​កន្លង​ទៅ ។ សភាព​គ្រោះថ្នាក់​របស់​លោក​ត្រូវ​គេ​មើលឃើញ​ថា នឹង​ធ្វើ​ឱ្យ​លោក​ប្រឈម​នូវ​ពិការ​ភាព​ប្រសិនបើ​ការ​វះ​កាត់ត​សរសៃ​កែង​មិន​ទទួល​បាន​ជោគជ័យ ឬ​អាច​នឹង​ត​ភ្ជាប់​ដែរ​តែ​ស្ថិត​ក្នុង​កម្រិត​ប្រកួត​ថ្ងៃក្រោយ​លែង​កើត​ដូច​មុន ។ អ្នកគាំទ្រ​ជា​ច្រើន​បាន​បង្ហាញ​ពី​ការ​បារម្ភ​ចំពោះ​សុវត្ថិភាព​របស់ គួ​ច សុ​គុ​ម្ភៈ ក្រោយ​ពី​មានការ​បង្ហាញ​ពី​ក្ដី​បារម្ភ​របស់​គ្រូបង្វឹក និង​ក្រុម​គ្រូពេទ្យ​នៅ​ពេល​ពិនិត្យ​មើល​សភាព​របួស​របស់​កីឡាករ​រូប​នេះ ក្រោយ​ការ​ប៉ះទង្គិច​។ ក្នុង​នោះ​សូ​ម្បី​តែ​ភរិយា និង​ក្រុម​គ្រួសារ​របស់​កីឡាករ​រូប​នេះ ក៏​បង្ហាញ​ពី​ការ​ភិតភ័យ​ផង​ដែរ​ប្រសិនបើ​គេ​ពិតជា​ភ្លាត់​ព្យាបាល​មិន​បាន​ដូច​ដើម ហើយ​បណ្ដាល​ឱ្យ​បាត់បង់​អាជីព​កីឡាករ​បាល់ទាត់​ដែល​ជាទី​ពំនាក់​របស់​​គ្រួសារ ។

អ៊ីចឹង​ហើយ​ទើប​ក្រោយ​ពី​កីឡាករ​ជម្រើសជាតិ​ល្បីឈ្មោះ​រូប​នេះ ប្រកាស​ឱ្យ​ដឹង​ថា ខ្លួន​ឆ្លង​ផុត​ពី​ពិការ​ភាព និង​អាច​ត្រឡប់​មក​កាន់​ទីលាន​បាល់ទាត់​បាន​ដូច​ដើម​វិញ ហាក់​ធ្វើ​ឱ្យ​អ្នកគាំទ្រ​សាទរ ខណៈ​ដែល​ក្លិប​ណា​ហ្គា​វើ​ល​ដែល​លោក​ជ្រកកោន ក៏​បង្ហាញ​ពី​ការ​ត្រឡប់​មក​វិញ​នូវ​ខ្សែបម្រើ​ដ៏​ខ្លាំង​រូប​នេះ ដើម្បី​ឱ្យ​ក្រុម​នៅ​តែ​ល្អ​នៅ​ពេល​ប៉ះ​ប្រកួត​ជាមួយ​គូប្រជែង ។

កីឡាករ​គួ​ច សុ​គុ​ម្ភៈ បាន​ប្រកាស​នៅ​លើ​ហ្វេ​ស​ប៊ុ​កថា​៖«​សួស្តី​អ្នក​ទាំងអស់​គ្នា ឥឡូវនេះ ការ​វះកាត់​(​កែងជើង​)​របស់ខ្ញុំ​បាន​ជោគជ័យ​ហើយ ! ជាដំបូង ខ្ញុំ​សូម​អរគុណ​ដល់​លោកគ្រូ​ពេទ្យ​ទាំងអស់​ដែល​ខំប្រឹង​វះកាត់​ជើង​របស់ខ្ញុំ​រយៈពេល​ជាង​២​ម៉ោង​រហូត​ទទួល​បាន​ជោគជ័យ ហើយ​ខ្ញុំ​សូម​អរគុណ​ដល់​គ្រួសារ​ខ្ញុំ​ដែល​បារម្ភ​និង​មើលថែ​ខ្ញុំ​រហូត​មក។ ខ្ញុំ​ក៏​សូម​អរគុណ​ដល់​ថ្នាក់ដឹកនាំ និង​ក្រុម​គ្រួសារ​បាល់ទាត់​ណា​ហ្គា​វើ​ល​ដែល​បាន​យកចិត្តទុកដាក់​ចំពោះ​បញ្ហា​របួស​របស់ខ្ញុំ​គ្រប់ពេល និង​ជា​ពិសេស​សូម​អរគុណ​ដល់​មហា​គ្រួសារ​បាល់ទាត់​កម្ពុជា​យើង ដែល​ពួក​គាត់​តែងតែ​គាំទ្រ គោរព និង​ស្រលាញ់​រូប​ខ្ញុំ​រហូត​មក ដោយ​ពួក​គាត់​បាន​បង្ហាញ​ពី​ក្តី​បារម្ភ និង​លើកទឹកចិត្ត​ដល់​រូប​ខ្ញុំ​តាម​រយៈ​ការ​ផ្ញើ​សារ​និង​ទូរស័ព្ទ​ជាដើម​!» ។ លោក​ថា ជោគជ័យ​ដែល​លោក​បាន​ទទួល​ក្នុង​ការ​វះកាត់ គឺ​កើត​ចេញពី​ក្ដី​បារម្ភ និង​ការ​ចូលរួម​លើកទឹកចិត្ត​យ៉ាង​ខ្លាំងក្លា​ពី​សំណាក់​អ្នកគាំទ្រ​ដែល​លោក​យល់​ថា បើ​គ្មាន​ការ​ឈឺឆ្អាល​ក្នុង​ពេល​ដែល​លោក​មាន​គ្រោះថ្នាក់​នោះ​ទេ ក៏​ប្រហែលជា​ធ្វើ​ឱ្យ​លោក​មិន​មាន​សង្ឃឹម​គ្រប់គ្រាន់​ក្រោយ​ការ​វះកាត់​នោះ​ដែរ ។

យោង​តាម​ការ​បញ្ជាក់​ពី​មិត្ត​រួម​ក្រុម គួ​ច សុ​គុ​ម្ភៈ នឹង​មាន​សភាព​ដូច​ដើម​ក្នុង​ពេល​ឆាប់​ៗ ប៉ុន្តែ​លោក​ក៏​ត្រូវការ​ពេលវេលា​មើលថែ​កន្លែង​ភ្ជាប់​សរសៃ និង​ត្រូវ​ហ្វឹកហាត់​មួយ​រយៈពេល​ផង​ដែរ ទើប​អាច​ត្រឡប់​មក​កាន់​វិស័យ​បាល់ទាត់​បាន​ដូច​ដើម ។ នេះ​មិនមែន​ជា​គ្រោះថ្នាក់​លើក​ដំបូង​របស់​គេ​នោះ​ទេ ដោយពេល​កន្លង​មក​លោក​ក៏​ធ្លាប់​មាន​របួស​បាក់ជើង និង​ត្រូវ​ផ្អាក​ការ​ប្រកួត​អស់​ជា​ច្រើន​ខែ​ផង​ដែរ​ដោយសារ​ការ​ប៉ះទង្គិច​ធ្ងន់ធ្ងរ​ក្នុង​ពេល​ប្រកួត​លើ​ទីលាន ។ បើ​ទោះជា​មាន​គ្រោះថ្នាក់​ម្ដង​ហើយ​ម្ដងទៀត​បែប​នេះ​ក្ដី ក៏​គួ​ច សុ​គុ​ម្ភៈ នៅ​តែ​បង្ហាញ​ជំហរ​មុតមាំ​ថា​មិន​បោះបង់​វិស័យ​បាល់ទាត់ ដោយសារ​តែ​ក្នុង​អាជីព​នេះ ក្រៅពី​ជួយ​ឱ្យ​លោក​មាន​ប្រាក់​ចំណូល​មិន​ចាញ់​អាជីព​ផ្សេង ក៏​ជួយ​ឱ្យ​លោក​ទទួល​បាន​កិត្តិយស​បន្ទាប់​ពី​បាន​ក្លាយ​ខ្លួន​ជា​តួអង្គ​សំខាន់​ក្នុង​ក្រុម​ដែល​លេង​ខ្សែបម្រើ​បាន​ល្អ​នៅ​ក្នុង​ពិភព​បាល់ទាត់​ផង​ដែរ ។ ក្រោយ​ត្រឡប់​មក​ពី​ប្រទេស​វៀតណាម គួ​ច សុ​គុ​ម្ភៈ នឹង​ត្រូវ​ឡើង​ចុះ​ទៅ​មើល​សរសៃ​ដែល​បាន​ត​ភ្ជាប់​យ៉ាង​ហោច​ម្ដង ឬ​២​ដង​បន្ថែម​ទៀត ដើម្បី​ឱ្យ​ប្រាកដ​ថា សរសៃ​កែង​ដែល​ទើប​ត​ភ្ជាប់​គឺ​គ្មាន​បញ្ហា និង​មាន​សុវត្ថិភាព​១០០​​ភាគរយ មុន​ពេល​ត្រឡប់​មក​កាន់ការ​ប្រកួត​នៅ​លើ​ទីលាន​វិញ​។ យ៉ាងណា​ក៏​ដោយ ដំណឹង​វះកាត់​ជោគជ័យ​ក៏​ត្រូវ​គេ​ចាប់អារម្មណ៍​ថា បាន​ធ្វើ​ឱ្យ​អ្នក​ស្នេហាកីឡា​បាល់​ទាត់​ភាគច្រើន​អស់ចិត្ត​ផង​ដែរ បន្ទាប់​ពី​មានការ​អន្ទះសា​ចង់​ដឹង​លទ្ធផល​ថា តើ​កីឡាករ​រូប​នេះ​នឹង​អាច​ត្រឡប់​មក​ប្រកួត​បាន​ទៀត​ឬ​មិន​បាន​ក្រោយ​ដាច់​សរសៃ​កែងជើង​ធ្ងន់ធ្ងរ​បែប​នេះនោះ ៕