ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​នឹង​ធ្វើ​ម្ចាស់ផ្ទះរៀបចំ​វេទិកា​សេដ្ឋកិច្ចពិភពលោក​នៅ​ឆ្នាំក្រោយ​នេះ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ វេទិកា​សេដ្ឋកិច្ច​ពិភពលោក ស្ដី​ពី​អាស៊ាន គឺជា​វេទិកា​ថ្នាក់​តំបន់​ដ៏​សំខាន់​ដែល​មាន​រយៈពេល​ពីរ​ថ្ងៃ និង​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​នយោបាយ សេដ្ឋកិច្ច និង​សង្គមកិច្ច​នានា ដោយ​មាន​កិច្ច​ពិភាក្សា​សំខាន់​ៗ​

រាជធានី​ភ្នំពេញ ៖ វេទិកា​សេដ្ឋកិច្ច​ពិភពលោក ស្ដី​ពី​អាស៊ាន គឺជា​វេទិកា​ថ្នាក់​តំបន់​ដ៏​សំខាន់​ដែល​មាន​រយៈពេល​ពីរ​ថ្ងៃ និង​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​នយោបាយ សេដ្ឋកិច្ច និង​សង្គមកិច្ច​នានា ដោយ​មាន​កិច្ច​ពិភាក្សា​សំខាន់​ៗ​លើ​ប្រធានបទ​សេដ្ឋកិច្ច និង​នយោបាយ​នា​ពេល​បច្ចុប្បន្ន ដែល​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​ក្នុង​ការ​រៀបចំ​នៅ​រាជធានី​ភ្នំពេញ នា​ឆ្នាំ​ក្រោយ​នេះ ។

កាលពី​ពេល​ថ្មី​ៗ​នេះ រាជរដ្ឋាភិបាល​បាន​ប្រកាស​ថា ខ្លួន​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​នេះ បន្ទាប់​ពី​កិច្ច​ជំនួប​មួយ​រវាង​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយ​លោក​បណ្ឌិត Philipp Rösler  អគ្គនាយក​វេទិកា​សេដ្ឋកិច្ច​ពិភពលោក ។

សម្ដេច​តេ​ជោ បាន​ថ្លែង​បញ្ជាក់​ថា ៖ « តាម​រយៈ​ជំនួប​នេះ នឹង​ផ្តល់​ប្រយោជន៍​យ៉ាង​សំខាន់​សម្រាប់​ប្រទេស​កម្ពុជា ក្នុង​ការ​រៀបចំ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​នៅ​ឆ្នាំ​២០១៧ ខាង​មុខ ជា​ពិសេស តាម​រយៈ​វេទិកា​នេះ ក៏​បង្ហាញ​ឲ្យ​ឃើញ​ថា កម្ពុជា​កំពុង​មាន​សេដ្ឋកិច្ច​រីក​លូតលាស់​ជា​បន្តបន្ទាប់ » ។

ប្រទេស​កម្ពុជា​បាន​បង្កើន​វត្តមាន និង​កិត្តិនាម​របស់​ខ្លួន​នៅ​ក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក ក្នុង​រយៈកាល​៨​ឆ្នាំ​កន្លង​មកនេះ ។ ក្នុង​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន ថែម​ទាំង​បាន​អញ្ជើញ​ចូលរួម​ដោយ​ផ្ទាល់​ក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​នៅ​ឯ​ទីក្រុង​ដា​វ៉ូស ប្រទេស​ស្វ៊ី​ស និង​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌​៌ា​ក្នុង​ទីក្រុង​ហ្សា​កា​តា កាលពី​ឆ្នាំ​មុន​ផង​ដែរ ។

លោក​បណ្ឌិត Philipp Rösler បាន​មាន​ប្រសាសន៍​ដែរ​ថា ៖ « យើង​មាន​ក្តី​សោមនស្ស​រីករាយ​ដែល​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​សម្រាប់​កិច្ចប្រជុំ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក ស្ដី​ពី​អាស៊ាន​នៅ​ឆ្នាំ​២០១៧ ហើយ​នេះ​គឺជា​ព្រឹត្តិការណ៍​សំខាន់​មួយ​ក្នុង​ចំណោម​ព្រឹត្តិការណ៍​សំខាន់​ៗ​នានា​របស់​វេទិកា​សេដ្ឋកិច្ច​ពិភពលោក » ។

លោក​បន្ត​ថា ៖ « ប្រទេស​កម្ពុជា​មានរឿង​រ៉ាវ​ល្អ​ៗ​ជា​ច្រើន​ដែល​អាច​ចែករំលែក​ជុំវិញ​បញ្ហា​ប្រឈម និង​កាលានុវត្តភាព​នៃ​កិច្ច​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ដ៏​ឆាប់រហ័ស​ក្នុង​សតវត្សរ៍​ទី​២១​នេះ ។ រឿងរ៉ាវ​ទាំងនេះ នឹង​ធ្វើ​ឲ្យ​កិច្ចប្រជុំ​របស់​វេទិកា​ស្ដី​ពី​អាស៊ាន​នា​ឆ្នាំ​ក្រោយ​នេះ នឹង​មាន​លក្ខណៈ​ពិសេស​ថែម​ទៀត » ។

ការ​ចូលរួម​កាន់តែ​ញឹកញាប់​របស់​កម្ពុជា ក្នុង​កម្មវិធី​នានា​របស់​វេទិកា​សេដ្ឋកិច្ច​ពិភពលោក បាន​ទទួល​ការ​គាំទ្រ​កាន់តែ​ខ្លាំង​ឡើង​ពី​សភាពាណិជ្ជកម្ម​អន្តរជាតិ​នៃ​កម្ពុជា (IBC) ដែល​តែង​បាន​ជួយ​ដល់​រាជរដ្ឋាភិបាល និង​ប្រតិភូ​ពាណិជ្ជកម្ម​របស់​កម្ពុជា ក្នុង​ការ​រៀបចំ​ឲ្យ​មានការ​ចូលរួម​ក្នុង​កម្មវិធី​នានា​ទូ​ទាំង​ពិភពលោក​របស់​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​នេះ ។

ប្រធាន​សភាពាណិជ្ជកម្ម IBC លោក Bretton Sciaroni បាន​មាន​ប្រសាសន៍​ថា ៖ « នេះ​ក៏​ជា​ដំណឹង​ល្អ​សម្រាប់​កម្ពុជា ពីព្រោះ​វា​នឹង​ជួយ​ពង្រឹង​កិត្តិនាម​របស់​កម្ពុជា​បន្ថែម​ទៀត ក្នុង​នាម​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​សំខាន់​ក្នុង​តំបន់​អាស៊ាន ហើយ​ក៏​ជា​គោលដៅ​សម្រាប់​ទទួល​ជោគជ័យ​លើ​ការ​ធ្វើ​ពាណិជ្ជកម្ម​ផង​ដែរ » ។

លោក​បញ្ជាក់​ថា ៖ « នេះ​ជា​សមិទ្ធិ​ផល​ដ៏​អស្ចារ្យ​កើត​ចេញពី​កិច្ច​ខិតខំ​ប្រឹងប្រែង​រយៈកាល​៨​ឆ្នាំ​របស់ IBC ដែល​បាន​ព្យាយាម​កសាង​ស្ពាន​ដ៏​រឹង​មាំ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក ជា​ពិសេស គឺ​តាម​រយៈ​សមាជិក​ក្រុមប្រឹក្សានាយក​របស់​យើង គឺ​លោក Pierre Tami ដែល​ជា​សហគ្រិន​សង្គម​របស់​វេទិកា​សេដ្ឋកិច្ច​ពិភព​លោក ឈានមុខ​គេ ហើយ​ដែល​តែងតែ​ខិតខំ​ក្នុង​ការ​ជំរុញ​ឲ្យ​មាន​ទំនាក់ទំនង​រវាង​រដ្ឋាភិបាល និង​វេទិកា​នេះ » ។

កិច្ចប្រជុំ​កំពូល​នេះ គ្រោង​នឹង​រៀបចំ​នៅ ពាក់កណ្ដាល​ខែឧសភា ឆ្នាំ​២០១៧ ប៉ុន្តែ​ពេលវេលា និង​ទីកន្លែង​នៅ​មិន​ទាន់​បាន បង្ហាញ​ឲ្យ​ជាក់ច្បាស់​នៅឡើយ​ទេ ។ ជា​ធម្មតា ព្រឹត្តិការណ៍​បែប​នេះ​បាន​ទាក់ទាញ​ប្រតិភូ​ឲ្យ​ចូលរួម​ប្រមាណ​ជា​៧០០​នាក់ ក្នុង​នោះ​មួយ​ចំនួន​ធំ គឺ​ធ្វើ​ដំណើរ​មក​ជាមួយនឹង​ស្វាមី ឬ​ភរិយា ។

គួរ​បញ្ជាក់​ថា ព្រឹត្តិការណ៍​នេះ​ក៏​ជា​ឱកាស​មាស​សម្រាប់​អាជីវកម្ម​នៅ​កម្ពុជា​ផង​ដែរ ដោយនៅ​ពេល​នោះ រាជធានី​ភ្នំពេញ​នឹង​ស្វាគមន៍​ទទួលភ្ញៀវ​សំខាន់​ៗ​ជា​ច្រើន បើ​ទោះបីជា​ពេល​នោះ​ជា​រដូវ​ភ្ញៀវ​ទេសចរ​មាន​តិច​ក្តី ។

GrowAsia នឹង​រៀបចំ​វេទិកា​ដំបូង​របស់​ខ្លួន​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី​១០ ឧសភា ហើយ​នេះ​ជា​សញ្ញា​មួយទៀត​បង្ហាញ​ពី​ចំណងទាក់ទង​កាន់តែ​រឹង​មាំ​រវាង​កម្ពុជា ជាមួយ​ស្ថាប័ន​អន្តរជាតិ​សំខាន់​ៗ ។ នៅ​ក្នុង​កិច្ចប្រជុំ IBC កាលពី​ឆ្នាំ​មុន GrowAsia បាន​ប្រកាស​ថា ខ្លួន​នឹង​បើក​លេខាធិការដ្ឋាន​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ដើម្បី​ជួយ​គាំទ្រ​ដល់​វិស័យ​កសិកម្ម​កម្ពុជា ៕