ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​ឧក្រិដ្ឋជន​គ្រឿងញៀ.ន​ដែល​ធ្វើ​ឲ្យ​កក្រើក​ក្រុង​ទៅ​ព្រៃ​ស

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាល​ពី​​វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី​០២ ឧសភា ២០១៦ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​បង្គាប់​សមត្ថកិច្ច​ឲ្យ​នាំ​ឧក្រិដ្ឋជន​គ្រឿងញៀ.ន​៥​នាក់​ដែល​បា.ញ់​តដៃ​គ្នា

រាជធានី​ភ្នំពេញ ៖ កាល​ពី​​វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី​០២ ឧសភា ២០១៦ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​បង្គាប់​សមត្ថកិច្ច​ឲ្យ​នាំ​ឧក្រិដ្ឋជន​គ្រឿងញៀន​៥​នាក់​ដែល​បាញ់​តដៃ​គ្នា​ជាមួយ​សមត្ថកិច្ច​កក្រើក​រាជធានី​ភ្នំពេញ​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស​ហើយ ។

កាលពី​ថ្ងៃ​ទី​០១ ឧសភា ២០១៦ តំណាង​អយ្យការ​បាន​បញ្ចប់​ការ​សួរ​ចម្លើយ​លើ​សំណុំរឿង​គ្រឿងញៀន​ដែល​បញ្ជូន​ពី​កងរាជអាវុធហត្ថ​រាជធានី​ភ្នំំ​ពេញ ហើយ​សម្រេច​បើក​ការ​ស៊ើបសួរ ដោយ​ចោទប្រកាន់​លើ​ឈ្មោះ លី វី​រៈ ពី​បទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន និង​បទ​ចូលរួម​ក្នុង​ក្រុម​ឧក្រិដ្ឋជន តាម​មាត្រា​៤០ និង​មាត្រា​៥៩ នៃ​ច្បាប់​ស្តី​ពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន និង ឈ្មោះ ទី អៀង​, ឈ្មោះ លី កុក​ហ៊ុយ​, ឈ្មោះ ស៊ុន ដា​រ៉ូ​, ឈ្មោះ លី ជូ និង​បក្សពួក​ពី​បទ ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន បទ​ចូលរួម​ក្នុង​ក្រុម​ឧក្រិដ្ឋជន និង​បទ កាន់កាប់​អាវុធ​ដោយ​ខុសច្បាប់ តាម​មាត្រា​៤០ និង​មាត្រា​៥៩ នៃ​ច្បាប់​ស្តី​ពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន និង​មាត្រា​៤៩០ ក្រមព្រហ្មទណ្ឌ និង​ឈ្មោះ ត្រាវ រិ​ទ្ធា​រ៉ា ពី​បទ ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន តាម​មាត្រា​៤០ នៃ​ច្បាប់​ស្តី​ពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន ប្រព្រឹត្ត​នៅផ្ទះ​លេខ​៣៧ ផ្លូវ​លេខ​៣៥១ សង្កាត់​បឹង​កក់ ខណ្ឌទួលគោក រាជធានី​ភ្នំំ​ពេញ កាលពី​ថ្ងៃ​ទី​២៧ មេ​សា ២០១៦ រួច​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ​ដើម្បី​បន្ត​នីតិ​វី​ធី ។

សវ​តា​ក្រុម​ឧក្រិដ្ឋជន​ទាំង​៥​នាក់

ក្រោយ​ពេល​រៀបចំ​ពិធី​បុណ្យសព​លោក​វរសេនីយ៍ត្រី ទៀន ករុណា ចប់​សព្វគ្រប់ អង្គភាព​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​ទម្លាយ​ព័ត៌មាន​លម្អិត​ស្តី​ពី​ប្រតិបត្តិការ​បង្ក្រាប​មេខ្លោង​ធំ​ជួញដូរ​គ្រឿងញៀន ព្រមទាំង​សាវតា​ជាតិ និង​សកម្មភាព​ជួញ​របស់​ជនសង្ស័យ​ដូច​មានឈ្មោះ​ខាងក្រោម​នេះ តាម​ការ​ចង្អុលបង្ហាញ​របស់​ឈ្មោះ លី វី​រៈ សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចុះ​ទៅ​បង្ក្រាប​សំបុក​មេខ្លោង​ធំ​ជួញដូរ​គ្រឿងញៀន​មួយ​កន្លែង នៅ​ផ្លូវ​លេខ​៣៥១ សង្កាត់​បឹង​កក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

ខណៈ​ពេល​ប្រតិបត្តិការ ជនល្មើស​បាន​បាញ់ប្រហារ​មក​លើ​សមត្ថកិច្ច​អាវុធហត្ថ​ត្រូវ​របួស​ម្នាក់ ធ្វើ​ឲ្យ​មានការ​បន្ថែម​កម្លាំង​អាវុធហត្ថ និង​មានការ​ចូលរួម​សហការ​ពី​កម្លាំង​នគរបាល​ទៅ​ហ៊ុម​ព័ទ្ធ​កន្លែង​កើតហេតុ ។ ដោយ​មានការ​បាញ់​តបត​គ្នា​ជា​ច្រើន​គ្រាប់​កក្រើក​រាជធានី​ភ្នំពេញ ។ ជា​លទ្ធផល​បណ្តាល​ឱ្យ​អាវុធហត្ថ​ម្នាក់​ដែល​របួស​ត្រូវ​បាន​ពលី​ពេល​ទៅ​ដល់​មន្ទីរពេទ្យ និង​ត្រូវ​បាញ់​ស្លាប់​ជនល្មើស​ម្នាក់​នៅ​នឹង​កន្លែង ។ បន្ទាប់​មក​កម្លាំង​អាវុធ​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​៥​នាក់ និង​បាន​ចាប់​យក​អាវុធ​អាវុធ​ខ្លី​៥​ដើម អាវុធ​វែង​១​ដើម រថយន្ត​២​គ្រឿង ម៉ូតូ​៤​គ្រឿង ។ ខណ​:​កំពុង​មានការ​ប្រយុទ្ធ​តដៃ​គ្នា​រយ​:​ពេល​ជាង​២​ម៉ោង​នោះ ជនសង្ស័យ​បាន​ឆ្លៀតឱកាស​ចាក់​បំផ្លាញ​វត្ថុ​តាង​ថ្នាំ​ញៀន​ចោល​ចូល​ទៅ​ក្នុង​ចាន​បង្គន់ និង​ដុត​កម្ទេច​ឯកសារ​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ។

ជនល្មើស​ដែល​ស្លាប់​មានឈ្មោះ លឹ​ម តេ​ង ឈ្មោះ​ដើម លឹ​ម គឹ​ម​តេ​ង គឺជា​មេខ្លោង​ធំ​ក្នុង​ការ​ជួញដូរ​គ្រឿងញៀន និង​ធ្លាប់​ជាប់គុក​រយៈពេល​១​ឆ្នាំ​ពី​បទ​រក្សា​ទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ។ ចំណែក​៥​នាក់​ទៀត ដែល​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ឃាត់ខ្លួន​រួម​មាន ១-​ឈ្មោះ លឹ​ម កុក​ហ៊ុយ ហៅ​ប៉ា​ហ្គិ​ច ជា​ពូ​ថ្លៃ​របស់​មេខ្លោង​ធំ​ដែល​ស្លាប់​, ២-​ឈ្មោះ ទី អៀង ជា​បងថ្លៃ​របស់​មេ​ង​ខ្លោង​ធំ​, ៣-​ឈ្មោះ ស៊ុន ដា​រ៉ូ ហៅ ឈិ​ត ជា​បក្សពួក​, ៤-​ឈ្មោះ ត្រាវ រិ​ទ្ធា​រ៉ា ជា​បក្សពួក និង ៥-​ឈ្មោះ លី វី​រៈ ជា​បក្ខពួក ។ ក្រុម​ទាំង​អស់នេះ​មានមុខ​របរ​ជួញដូរ​គ្រឿងញៀន ក្រោម​រូ​ម​ភាព​ធ្វើ​ទា​ខ្វៃ ដែល​មាន​យីហោ លី កុក​ហ៊ុយ ដើម្បី​បិទ​បាំង​របរ​ជួញដូរ​គ្រឿងញៀន​របស់​ខ្លួន ។ តាម​ការ​ស្រាវជ្រាវ​របស់​សមត្ថកិច្ច សន្និដ្ឋាន​ថា ក្រុម​នេះ​អាច​មាន​ចរាចរ​គ្រឿងញៀន​ពី​កន្លែង​១​ទៅ​កន្លែង​១​តាម​រយៈ​ការ​លាក់​គ្រឿងញៀន​ក្នុង​ទា​ខ្វៃ​ផង​ដែរ ។

អំពី​សាវតា​ជាតិ​របស់​មេ​ក្លោ​ង​ធំ​ជួញដូរ​គ្រឿងញៀន លឹ​ម គឹ​ម​តេ​ង គឺ មុន​ឆ្នាំ​២០០៧ ឈ្មោះ លឹ​ម គឹ​ម​តេ​ង គឺជា​កូនជឹង និង​ជា​មនុស្ស​ជំនិត របស់​មេខ្លោង​ផលិត និង​ជួញដូរ​គ្រឿងញៀន​ដ៏​ធំ​ឈ្មោះ ឡាំ ប៊ុ​ន​ខេ​ង (​បច្ចុប្បន្ន​ឡាំ ប៊ុ​ន​ខេ​ង បាន​និង​កំពុង​ជាប់​ក្នុង​ពន្ធនាគារ PJ) ដោយ​ជាប់ចោទ​ពី​បទ​ផលិត និង​ជួញដូរ​គ្រឿងញៀន ហើយ​ត្រូវ​បាន​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ជា​អ្នក​បង្ក្រាប​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​៦ សីហា ២០០៧ និង​ចាប់​យក​បាន​វត្ថុ​តាង​ជា​ច្រើន រួម​មាន ម៉ាស៊ីន​ផលិត​គ្រឿងញៀន ព្រមទាំង​ថ្នាំ​ញៀន សារធាតុ​គីមី​ផ្សំ​សម្រាប់​ផលិត​គ្រឿងញៀន និង​វត្ថុ​តាង​ផ្សេង​ៗ​ជា​ច្រើន​ទៀត ។ បន្ទាប់​ពី​ឈ្មោះ​ឡាំ ប៊ុ​ន​ខេ​ង ជាប់​ពន្ធនាគារ​ទៅ គឺ​ឧក្រិដ្ឋជន លឹ​ម គឹ​ម​តេ​ង ចាប់ផ្តើម​ដើរតួ​នាទី​ជំនួស ឡាំ ប៊ុ​ន​ខេ​ង ម្តង ដោយ​ធ្វើការ​ជួញដូរ​ថ្នាំ​ញៀន​យ៉ាង​ពេញបន្ទុក​រហូត​ដល់​ថ្ងៃ​ដែល​សមត្ថកិច្ច​នគរបាល​ខណ្ឌចំការមន​ចាប់ខ្លួន​បញ្ជូន​ទៅ​ពន្ធនាគារ​ព្រៃ​ស​តាម​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២០ មេ​សា ឆ្នាំ​២០១៣ និង​ដោះ​លែង​វិញ​តាម​អំណាច​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៩ មេ​សា ឆ្នាំ​២០១៤ បន្ទាប់​ពី​អនុវត្ត​ទោស​បាន​មួយ​ឆ្នាំ ។

ក្នុងអំឡុងពេល​ជាប់​ពន្ធនាគារ​ពី​បទឧក្រិដ្ឋ​ជន លឹ​ម គឹ​ម​តេ​ង មានការ​ទំនាក់ទំនង​គ្នា​យ៉ាង​ជិត​ស្និទ្ធ​ជាមួយនឹង ឡាំ គឹ​ម​លាង ជនជាតិ​វៀតណាម​ជា​ទណ្ឌិត ដែល​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ស្រាវជ្រាវ​ឃើញ​ថា ជា​ក្រុម​មេខ្លោង​ជាមួយ​ជនជាតិ​នី​ហ្សេ​រី​យ៉ា ក្នុង​ការ​ចាត់ចែង​បញ្ជា​លក់​ទិញ​ថ្នាំ​ញៀន​ពី​ក្នុង​ពន្ធនាគារ​មក​ខាងក្រៅ ។

តាម​ចម្លើយ​របស់ លី វី​រៈ ក៏​ធ្លាប់​ជាប់​ពន្ធនាគារ​ពី​បទ​ឆក់​ខ្សែ​ក ដែល​ត្រូវ​បាន​សមត្ត​កិច្ច​ឃុំខ្លួន​នៅ​ថ្ងៃ​ទី​១០ កក្កដា ឆ្នាំ​២០១៣ នៅ​ក្នុង​បន្ទប់​ឃុំខ្លួន​អាគារ​A៤​ជាមួយ លឹ​ម គឹ​ម​តេ​ង និង​បាន​ស្គាល់គ្នា​ជិត​ស្និត ។ លី វី​រៈ ត្រូវ​បាន​ដោះ​លែង​ចេញពី​ពន្ធនាគារ​នៅ​ថ្ងៃ​ទី​៩ កក្កដា ២០១៥ ។ ក្រោយ​ពេល​ចេញពី​ពន្ធនាគារ លី វី​រៈ​បាន​ស្កាត់​ទៅ​ជួប​ឧក្រិដ្ឋជន លឹ​ម គឹ​ម​តេ​ង ដើម្បី​សុំ​ធ្វើការ​ជាមួយ ។ ឧក្រិដ្ឋជន លឹ​ម គឹ​ម​តេ​ង បាន​បន្ត​មុខរបរ​ចាស់​របស់​ខ្លួន គឺ​ជួញដូរ​គ្រឿងញៀន​ដដែល ហើយ​ធ្វើ​រឹតតែ​ធំ​ជាង​មុន និង​ឆ្លាត​ជាង​មុន សូ​ម្បី​តែ​សំបុក​របស់​គេ​មាន​របង​បិទ​ជិត​កំពស់​ជិត​៤​ម៉ែត្រ ចិញ្ចឹម​ឆ្កែ​ប៊ែ​ក​សេ​ដាក់​ទ្រុង​នៅ​មុខ​ផ្ទះ​ក្រៅរបង ចាប់​កាមេរ៉ា​សុវត្ថិភាព​ជុំវិញ​ផ្ទះ និង​យក​របរ​ខ្វៃ​ជ្រូក​លក់ ដើម្បី​បំភាន់​ភ្នែក​មហាជន​ក៏​ដូច​ជា​សមត្ថកិច្ច តែ​ជាក់ស្តែង​ក្រុម​ធ្វើ​ជ្រូក​ខ្វៃ ទា​ខ្វៃ ត្រឹមតែ​១០​ទៅ​១៤​ក្បាល​ប៉ុណ្ណោះ​ក្នុង​១​ថ្ងៃ ។

នេះ​ហើយ​ជា​សាវតា​ជាតិ របស់​ក្រុម​ជួញដូរ​គ្រឿងញៀន ជាប់ពន្ធ​គារ​យ៉ាងណា​ក្តី ចេញ​មក​វិញ​នៅ​តែ​ប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន​ដដែល និង​កាន់តែ​ទ្រង់ទ្រាយ​ធំ​សាហាវ​ជាង​មុន​ទៀត ៕