ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈប់សម្រាក ៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក រតនគិរី ទទួលភ្ញៀវទេសចរជាង ២ម៉ឺននាក់

2 ឆ្នាំ មុន
  • រតនគិរី

រតនគិរី៖ ក្នុងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៨-១៩-២០ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលជាថ្ងៃឈប់សម្រាកក្នុងព្រះរាជពិធីបុណ្យ​អុំទូកបណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ មានភ្ញៀវទេសចរ…

រតនគិរី៖ ក្នុងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៨-១៩-២០ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលជាថ្ងៃឈប់សម្រាកក្នុងព្រះរាជពិធីបុណ្យ​អុំទូកបណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ មានភ្ញៀវទេសចរ ចូល​មកលេងកម្សាន្ត នៅខេត្តរតនគិរី ចំនួន ២៤ ៥៩៦នាក់ ដែលភាគច្រើន ជាភ្ញៀវទេសចរ ក្នុងស្រុក ប្រមាណ ២៤ ៥៣៥នាក់។ នេះបើតាមលោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ ខេត្តរតនគិរី។

លោកប្រធានមន្ទីរ បន្តថា ចំនួនអ្នកទេសចរ ដែលចូលមកលេងកម្សាន្តក្នុងខេត្តរតនគិរី ក្នុងឱកាសបុណ្យអុំទូកឆ្នាំនេះ បាន​កើនឡើង ២៥២.៥៣% ហើយក្នុងនោះ ភ្ញៀវជាតិ កើនឡើង ២៥៣.២៨% និង​ភ្ញៀវអន្តរជាតិ មានចំនួនតែ ៦១នាក់ គឺកើនឡើង ៩០.៦៣% បើធៀបនឹង​ពិធីបុណ្យអុំទូក កាលពីឆ្នាំ២០២០។ ឆ្នាំ២០២០ មានភ្ញៀវទេសចរ សរុបចំនួន ៦ ៩៧៧នាក់តែប៉ុណ្ណោះ។

លោក ង៉ែត ពិទូ បន្តថា មានកត្តា ៤យ៉ាង ដែលចំនួនភ្ញៀវ ​កើនឡើងនៅខេត្តរតនគិរី គឺ៖ ទី១. បណ្តាលមកពីប្រទេសកម្ពុជា បើកដំណើរការអោយភ្ញៀវទេសចរធ្វើដំណើរចល័តបានពីកន្លែងមួយ ទៅកន្លែងមួយផ្សេងទៀតក្នុងប្រទេស។ ទី២. ផ្ទៃមេឃស្រលះល្អ បង្កភាពងាយស្រួលដល់ភ្ញៀវទេសចរជាតិ និង អន្តរជាតិ ធ្វើដំណើរកំសាន្ត ទៅតាមតំបន់រមណីយ​ដ្ឋាននានា​ក្នុងខេត្ត​។ ទី៣. សន្តិសុខ និងសុវត្ថិភាព មានភាពល្អប្រសើរ។ ទី៤.ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ពីទីរួមខេត្ត ទៅតាមតំបន់រមណីយដ្ឋាន មានលក្ខណៈងាយស្រួល ក្នុងការធ្វើដំណើរ។

ជាពិសេស លោកប្រធានមន្ទីរទេសចរណ៍ លើកឡើងថា ក្រោមការដឹកនាំ និងរៀបចំដោយលោក ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្ត តែងតែយកចិត្តទុកដាក់ខ្ពស់ និងបំពាក់អំពូល LED តាមដងផ្លូវ សម្រាប់ប្រជាពលរដ្ឋ​នៅក្នុងខេត្តរតនគិរី ក៏ដូចជាភ្ញៀវទេសចរ ដែលបានមកលេងទស្សនាកំសាន្ត​នូវទិដ្ឋភាពក្រុងបានលុង នាពេលរាត្រី ជាដើមផង។

​លោកប្រធានមន្ទីរ ក៏បានបន្តថា នៅថ្ងៃទី២ នៃព្រះរាជពិធីបុណ្យ តាមវត្តអារាមនានា ក្នុងខេត្ត ក៏បានរៀបចំពិធីអកអំបុក សំពះព្រះខែ និងមានការបង្ហោះគោម ជាដើម ដើម្បីអបអរសាទរក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក និងមានការបណ្ដែតប្រទីប នៅបឹងកន្សែង ក្នុងក្រុងបានលុងផងដែរ។

ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី បន្ថែមថា រយៈពេល ៣ថ្ងៃនេះ មន្ទីរ បានរៀបចំសេវាកម្មសំខាន់ៗដូចជា ផ្ទះសំណាក់ សណ្ឋាគារ ភោជនីយដ្ឋាន សំរាប់ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងល្អប្រសើរ និងបានសហការជាមួយកង​កំលាំងប្រដាប់អាវុធ បានរៀបចំការពារសន្តិសុខ សុវត្ថិភាព ដើម្បីផ្តល់ភាពកក់ក្តៅ ជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

លោក បន្ថែមថា ភ្ញៀវទេសចរ ក៏ដូចជាប្រជាពលរដ្ឋទូទៅ ក្នុងខេត្ត បានគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល​រួមគ្នាថែរក្សាអនាម័យ សំអាតបរិស្ថាន បានល្អជាប់ជាប្រចាំ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាតត្បាតជំងឺកូវីដ-១៩ បើទោះបីជំងឺដ៏កាចសាហាវនេះ មានការថមថយក្នុងប្រទេសយ៉ាងណាក៏​ដោយ៕​  ផង់ វិន​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ