ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងត្បូង​ចាត់​ទុក​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ជាទី​ផ្សារ​ធំ​ទី​2

7 ឆ្នាំ មុន

ស៊េ​អូ​ល​,​កូរ៉េ​ខាងត្បូង ៖ បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​មាន​សារសំខាន់​ណាស់ ព្រោះ​ជាទី​ផ្សារ​នាំ​ចេញ​ធំ​ទី​២​របស់​កូរ៉េ​ខាងត្បូង ។ ទំហំ​ពាណិជ្ជកម្ម​កូរ៉េ​ខាងត្បូង​ជាមួយ​អាស៊ាន ស្ថិត​ក្នុង​ចំណាត់ថ្នាក់​លេខ​២

ស៊េ​អូ​ល​,​កូរ៉េ​ខាងត្បូង ៖ បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​មាន​សារសំខាន់​ណាស់ ព្រោះ​ជាទី​ផ្សារ​នាំ​ចេញ​ធំ​ទី​២​របស់​កូរ៉េ​ខាងត្បូង ។ ទំហំ​ពាណិជ្ជកម្ម​កូរ៉េ​ខាងត្បូង​ជាមួយ​អាស៊ាន ស្ថិត​ក្នុង​ចំណាត់ថ្នាក់​លេខ​២ ដែល​មាន​តម្លៃ​ទឹកប្រាក់​ប្រមាណ​ជាង​១៣០​ប៊ី​លាន​ដុល្លារ និង​ទំនាក់ទំនង​ពាណិជ្ជកម្ម​របស់​កូរ៉េ​ខាងត្បូង​ជាមួយ​អាស៊ាន​មាន​ស្ថាន​ភាពល្អ និង​ជិត​ស្និ​ទ​បំផុត​ដោយសារ​តែ​GDP របស់​អាស៊ាន​ធំ​ជាង​២​ដង​នៃ​GDP របស់​កូរ៉េ​ខាងត្បូង ។ នេះ​បើ​តាម​ការ​ប្រសាសន៍​លោក​បណ្ឌិត​សាស្ត្រាចារ្យ​ផ្នែក​សេដ្ឋកិច្ច Taeho BARK នៅ​ឯ​មជ្ឈមណ្ឌល​មូលនិធិ​កូរ៉េ​(Korea Foundation) ។

លោក​ថ្លែងប្រាប់​បែប​នេះ​នៅ​ក្នុង​កម្មវិធី « ASEAN Next-Generation Leaders Visit Korea 2016 » ដែល​មាន​មន្ត្រី​នៃ​ក្រសួង​ស្ថាប័នរដ្ឋ និង​អ្នក​សារព័ត៌មាន​សរុប​ចំនួន​២៧​រូប​មក​ពី​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ាន បាន​ទៅ​បំពេញ​ទស្សនកិច្ច​សិក្សា​ស្វែង​យល់​ពី​ការ​អភិវឌ្ឍ វប្បធម៌ ប្រពៃណី បច្ចេកវិទ្យា និង​តំបន់​សក្ដានុពល​ទេសចរណ៍​របស់​កូរ៉េ​ខាងត្បូង តាម​រយៈ​ការ​អញ្ជើញ​របស់​មូលនិធិ​កូរ៉េ​ដែល​មាន​រយៈពេល​៧​ថ្ងៃ ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​២៣ មេ​សា ឆ្នាំ​២០១៦ កន្លង​មក ។

លោក​សាស្ត្រាចារ្យ បាន​បន្ដ​ថា ៖ « ក្នុង​ឆ្នាំ​១៩៥០ កូរ៉េ​ខាងត្បូង​ជា​ប្រទេស​ក្រីក្រ​បំផុត កសិករ​មានការ​ខ្វះខាត ការ​នាំ​ចេញ​ប្រមាណ​តែ​៣%​នៃ​GDP​ប៉ុណ្ណោះ ដែល​៨៨%​គឺជា​វត្ថុធាតុដើម ហើយ​ក៏​ជា​ប្រទេស​ក្រីក្រ​ជាងគេ​មួយ​ក្នុង​ចំណោម​ប្រទេស​ក្រីក្រ​នៅ​អាស៊ី​អាគ្នេយ៍ ដែល​ប្រាក់​ចំណូល​សម្រាប់​មនុស្ស​ម្នាក់​ក្នុង​១​ឆ្នាំ គឺ​មាន​ត្រឹមតែ​៨០​ដុល្លារ​ប៉ុណ្ណោះ និង​ជា​ប្រទេស​ដែល​គ្មាន​ក្ដី​សង្ឃឹម​នៅ​ពេល​អនាគត » ។

ដោយសារ​តែ​ការ​អនុវត្ត​តាម​គោលនយោបាយ​ជំរុញ​កំណើនសេដ្ឋកិច្ច​របស់​រដ្ឋាភិបាល បាន​បណ្តុះបណ្តាល​ធនធានមនុស្ស បង្កើន​ការ​ផ្សព្វផ្សាយ និង​ជំរុញ​ការ​នាំ​ចេញ​ផលិត​ផល​សម្រេច​នៅ​កាន់​ពិភពលោក ព្រមទាំង​បើកចំហ​ទីផ្សារ និង​ចាប់ផ្ដើម​ទទួល​ការ​វិនិយោគ​ពី​បរទេស ធ្វើ​ឲ្យ​ប្រទេស​កូរ៉េ​មានការ​អភិវឌ្ឍ​គួរ​ឲ្យ​កត់​សម្គ​ល់ ។ ជាក់ស្ដែង​គិត​មក​ដល់​ឆ្នាំ​២០១៤ កំណើន​អត្រា​ប្រជាជន​កើនឡើង​ដល់​៥០​លាន​នាក់ ផលិតផល​ក្នុងស្រុក​មាន​ចំនួន​១,៤​ទ្រី​លាន​ដុល្លារ ប្រាក់​ចំណូល​សម្រាប់​ប្រជាជន​កូរ៉េ​ខាងត្បូង​ម្នាក់​មាន​ចំនួន​២,៧​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ដែល​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​ទី​២៦ នៅ​លើ​ពិភពលោក​។ ចំណែក​ទំហំ​ពាណិជ្ជកម្ម​បាន​ឈាន​ឡើង​ដល់​១,០១​ទ្រី​លាន​ដុល្លារ​អា​មេ​រិ​ក និង​ស្ថិត​នៅ​ចំណាត់ថ្នាក់​ទី​៩ នៅ​លើ​ពិភពលោក ។ នេះ​បើ​តាម​លោក​សាស្ត្រាចារ្យ Taeho BARK ។

យោង​តាម​របាយការណ៍​ពី​ក្រសួង​សន្ដិសុខ និង​រដ្ឋបាល​សាធារណៈ​បាន​បង្ហាញ​ថា គិត​ត្រឹម​ខែមករា ឆ្នាំ​២០១៥ កូរ៉េ​ខាងត្បូង​មាន​ប្រជាជន​ចំនួន​៥១​លាន​នាក់ ស្ថិត​នៅ​លំដាប់​ទី​២៧​លើ​ពិភពលោក ដែល​មាន​ដង់ស៊ីតេ​ប្រជាជន​ចំនួន​៤៩៩​នាក់​ក្នុង​១​គីឡូ​ម៉ែត្រការ៉េ ។

ផលិតផល​ក្នុងស្រុក​សរុប​របស់​ប្រទេស​នេះ​មាន​ចំនួន​ជាង​១,៤​ទ្រី​លាន​ដុល្លារ ដែល​ស្ថិត​នៅ​លំដាប់ថ្នាក់​ទី​១៣ នៅ​លើ​ពិភពលោក ។ ចំណែក​ផលិតផល​ក្នុងស្រុក​សរុប​សម្រាប់​មនុស្ស​ម្នាក់​មាន​ចំនួន​២៨.៧៣៨​ដុល្លារ​អា​មេ​រិ​ក ។ រីឯ​ផលិតផល​សំខាន់​ៗ​សម្រាប់​នាំ​ចេញ​មាន​ដូច​ជា ប្រេង សឺ​មី​កុង​ឌុ​ច​ទ័​រ រថយន្ត នាវា និង​អេ​ក្រង់ ជាដើម ។ នេះ​បើ​យោង​តាម​ប្រភព​ពី​ក្រសួង​ពន្ធដារ ។

គួរ​បញ្ជាក់​ថា កម្មវិធី « ASEAN Next-Generation Leaders Visit Korea 2016 » រៀបចំ​ឡើង​ក្នុង​គោលបំណង​រឹតចំណង​មិត្តភាព​រវាង​ប្រទេស​កូរ៉េ​ខាងត្បូង និង​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ឲ្យ​កាន់តែ​រឹង​មាំ​ថែម​ទៀត តាម​រយៈ​យុវជន​ជំនាន់​ក្រោយ និង​ស្វែង​យល់​ពី​គ្នា​ទៅ​វិញ​ទៅ​មក ធ្វើ​យ៉ាងណា​ឲ្យ​ទំនាក់ទំនង​រវាង​កូរ៉េ​ខាងត្បូង និង​អាស៊ាន កាន់តែ​ជិត​ស្និទ្ធ ៕